ប្រភេទ  |  October

ការសុំជំនួយ

មាន​ពេល​មួយ​មិត្ត​ភក្តិ​របស់​ខ្ញុំ​បាន​ផ្ញើ​អ៊ីមែល​មក​ខ្ញុំ នៅ​ពេល​យប់​ជ្រៅ។ តាម​ពិត ថ្ងៃ​នោះ ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​ថែម​ម៉ោង ដើម្បី​ជួយ​សមាជិក​គ្រួសារ​ម្នាក់ ដែល​កំពុង​មាន​ឈឺ​ធ្ងន់។ ដូច​នេះ ខ្ញុំ​មិន​មាន​ពេល សម្រាប់​ការ​រំខាន​ក្នុង​បណ្តាញ​សង្គម​នោះ​ឡើយ។​ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ នៅ​ពេល​ព្រឹក​បន្ទាប់ ខ្ញុំ​ក៏​បាន​បើក​មើល​សារ​របស់​មិត្ត​ភក្តិ​ខ្ញុំ ហើយ​ក៏​បាន​ឃើញ​សំណួរ​របស់​គាត់។ គាត់​បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​មាន​អ្វី ដែល​អាច​ឲ្យ​គាត់​ជួយ​ដែរ​ឬ​ទេ? ខ្ញុំ​ក៏​មាន​អារម្មណ៍​ខ្មាសអៀន​ ហើយ​ចង់​ឆ្លើយ​ប្រាប់​គាត់​ថា ខ្ញុំ​មិន​មាន​អ្វី ឲ្យ​គាត់​ជួយ​ទេ ពេល​នេះ។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ដក​ដង្ហើម​ធំ ហើយ​ក៏​បាន​កត់​សំគាល់​ឃើញថា​ ខ្ញុំ​ដូច​ជា​ធ្លាប់​ឮ​សំណួរ​ដូច​នេះ កាល​ពី​មុន​មក។

ព្រះយេស៊ូវ​ក៏​ធ្លាប់​សួរ​សំណួរ​នេះ កាល​ទ្រង់​កំពុង​បំពេញ​ព្រះ​រាជ​កិច្ច​នៅ​លើ​ផែន​ដី។ កាល​ទ្រង់​កំពុង​យាង​តាម​ផ្លូវ ទៅ​កុ្រង​យេរីខូ ទ្រង់​ក៏​បាន​ឮ​បុរស​ពិការ​ភ្នែក​ម្នាក់ ឈ្មោះ​បារទីមេ ស្រែក​ហៅ​ឲ្យ​ទ្រង់​ជួយ។​ ទ្រង់​ក៏​បាន​ឈប់ ហើយ​សួរ​គាត់ នូវ​សំណួរ​ស្រដៀង​នឹង​សំណួរ​របស់​មិត្ត​ភក្តិ​ខ្ញុំ​ថា “តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?” (ម៉ាកុស ១០:៥១)។

សំណួរ​នេះ គឺ​គួរ​ឲ្យ​រំភើប​ចិត្ត​ណាស់។ សំណួរ​នេះ​បាន​បង្ហាញ​ថា ព្រះ​យេស៊ូវ ​ដ៏​ជា​ព្រះ​ដ៏​ប្រោស​ឲ្យ​ជា សព្វ​ព្រះ​ទ័យ​នឹង​ជួយ​យើង។ ប៉ុន្តែ ជំហាន​ដំបូង យើង​ត្រូវ​ទទួល​ស្គាល់​ថា យើង​ត្រូវ​ការ​ទ្រង់ ដែល​នេះ​ជា​ការ​បន្ទាប​ខ្លួន ដើម្បី​ទទួល​ជំនួយ​ពី​ទ្រង់។ លោក​បារទីមេ រស់​ដោយ​សារ​ការ​សុំ​ទាន។ គាត់​ទាល់​ក្រ​ឯក​កោ ហើយ​ក៏​ប្រហែល​ជា​កំពុង​តែ​ឃ្លាន​អាហារ ហើយ​អស់​សង្ឃឹម​ផង។ ប៉ុន្តែ គាត់​ចង់​បាន​ជីវិត​ថ្មី បាន​ជា​គាត់​ទូល​សូម​ឲ្យ​ព្រះ​យេស៊ូវ…

កន្ទុយឱស ដែលទ្រង់បានកញ្ឆក់ចេញពីភ្លើង

ខណៈ​ពេល​ដែល​ផ្ទះ​កំពុង​តែ​ត្រូវ​ភ្លើង​ឆាប​ឆេះ ស្រ្តី​ដែល​ជា​អ្នក​បម្រើ​ក្នុង​ផ្ទះ ក៏​បាន​ប្រញាប់​រត់​ចេញ​មក​ក្រៅ ទាំង​ភ័យ​ស្លន់​ស្លោ។ នាង​បាន​រត់ ដោយ​ស្រែក​ហៅ​ឈ្មោះ​ជែកគី(Jacky) ដែល​ជា​ក្មេង​អាយុ​៤​ឆ្នាំ។​

ប៉ុន្តែ ជែកគី​មិន​បាន​រត់​តាម​គាត់​ទេ។ មនុស្ស​ម្នាក់​ដែល​បាន​ឈរ​មើល​ហេតុការណ៍​នេះ នៅ​ក្រៅ​ផ្ទះ ក៏​មាន​ប្រតិ​កម្ម​ឆ្លើយ​តប​ភ្លាម​ៗ ដោយ​ឡើង​ឈរ​ពី​លើ​ស្មា​របស់​មិត្ត​ភក្តិ​របស់​គាត់។ គាត់​ក៏​បាន​ឈោង​ទៅ​រក​បង្អួច នៅ​ជាន់​លើ ហើយ​ក៏​បាន​ទាញ​ជែកគី​ចុះ​មក​ក្រោម ដោយ​សុវត្ថិ​ភាព។ គ្រាន់​តែ​បាន​ជួយ​សង្រ្គោះ​ជែកគី​ភ្លាម ដំបូល​ផ្ទះ​ក៏​បាន​បាក់​ចុះ​មក​ក្រោម។​ ម្តាយ​របស់​ក្មេង​តូច​ជែកគី ក៏​បាន​និយាយ​ថា ជែក​គី គឺ​ជា “កន្ទុយ​ឧស ដែល​បាន​កញ្ឆក់​យក​ចេញ​ពី​ភ្លើង​”។ តើ​អ្នក​ដឹង​ទេ​ថា ក្មេង​តូច​ដែល​ជា​កន្ទុយ​ឧស​នោះ គឺ​ជា​លោក​ចន វេសលី(ឆ្នាំ១៧០៣-១៧៩១) ដែល​ជា​បេសក​ជន ដ៏​ល្បី​ល្បាញ។

ត្រង់​ចំណុច​នេះ អ្នក​ស្រី​ស៊ូសានណា វេសលី(Susanna Wesly) ដែល​ជា​ម្តាយ​របស់​គាត់ កំពុង​តែ​ដក​ស្រង់​ពាក្យ​សម្តី​របស់​លោក​សាការី ជា​ហោរា ដែល​បាន​ផ្តល់​ឲ្យ​នូវ​ការ​បក​ស្រាយ​ដ៏​មាន​តម្លៃ អំពី​ចរិត​លក្ខណៈ​របស់​ព្រះ​ជា​ម្ចាស់។ ហោរា​សាការី​បាន​បក​ស្រាយ អំពី​ការ​បើក​សម្តែង​ដែល​ខ្លួន​បាន​ទទួល យ៉ាង​ដូច​នេះ​ថា អារក្ស​សាតាំង​បាន​ឈរ​នៅ​ខាង​ស្តាំ​លោកយេស៊ួ ដែល​ជា​សម្តេច​សង្ឃ ដើម្បី​ចោទ​ប្រកាន់​លោក(៣:១)។ នោះ​ព្រះអម្ចាស់​ក៏​បាន​ស្តី​បន្ទោស​សាតាំង​ថា តើ​លោក​យេសួរ​មិន​មែន​ជា​កន្ទុយ​ឧស ដែល​បាន​កញ្ឆក់​យក​ចេញ​ពី​ភ្លើង​ទេ​ឬ?(ខ.២)។ ព្រះ​អម្ចាស់​ក៏​បាន​ប្រាប់​លោក​យេសួរ​ថា “អញ​បាន​លើក​ចោល​អំពើ​ទុច្ចរិត​ពី​ឯង​ចេញ​ហើយ អញ​នឹង​ប្រដាប់​ខ្លួន​ឯង ដោយ​សំលៀក​បំពាក់​ដ៏​រុង​រឿង​វិញ” (ខ.៤)។​ បន្ទាប់​មក ព្រះ​អម្ចាស់​ក៏​ប្រទាន​នូវ​ការ​ជំរុញ​ចិត្ត និង​ឱកាស​ដល់​គាត់ ដោយ​បន្ទូល​ថា “បើ​ឯង​នឹង​ដើរ​តាម​ផ្លូវ​របស់​អញ ហើយ​រក្សា​បញ្ញើរ​របស់​អញ…

ស្រឡាញ់លើសខ្លួនឯង

នៅ​ក្នុង​រឿង​ប្រលោម​លោក ដែល​អ្នក​ស្រី​អេមីលី ប្រុនតេ(Emily Bronte) បាន​និពន្ធ លោក​វូធើរីង ហាយ(Wuthering Heights)  ជា​បុរស​ម្នាក់ ដែល​បាន​ដក​ស្រង់​ខគម្ពីរ​ជា​ញឹក​ញាប់ ដើម្បី​រិះ​គន់​អ្នក​ដទៃ ហើយ​គេ​ក៏​បាន​ហៅ​គាត់​ថា “ពួក​ផារិស៊ី​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់ ដែល​តាំង​ខ្លួន​ជា​អ្នក​សុចរិត ដែល​ប្រើ​ព្រះ​គម្ពីរ​ក្នុង​ផ្លូវ​ខុស ដើម្បី​កោស​យកព្រះ​បន្ទូល​សន្យា​សម្រាប់​តែ​ខ្លួន​ឯង ហើយ​ថ្លែង​នូវ​ពាក្យ​បណ្តាសារ​ដាក់​អ្នក​ជិត​ខាង​របស់​ខ្លួន”។

រឿង​នេះ​អាច​នាំ​ឲ្យ​យើង​នឹក​ចាំ អំពី​មនុស្ស​ម្នាក់​ដែល​យើង​ស្គាល់។ ប៉ុន្តែ តើ​យើង​រាល់​គ្នា មាន​លក្ខណៈ​ដូច​គាត់​ដែរ​ឬ​ទេ? តើ​យើង​ងាយ​នឹង​រិះ​គន់​អ្នក​ដទៃ ចំពោះ​បរាជ័យ​របស់​ពួក​គេ តែ​ដល់​ពេល​ដែល​ខ្លួន​ឯង​បរាជ័យ យើង​ក៏​បាន​ធ្វើការ​ដោះសារ​ឬ?

ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ មាន​អ្នក​ខ្លះ​បាន​ធ្វើ​ផ្ទុយ​ពី​នេះ។ ពួក​គេ​សុខ​ចិត្ត​លះ​បង់​ការ​សន្យា ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​ពួក​គេ ហើយ​ថែម​ទាំង​សុខ​ចិត្ត​ត្រូវ​បណ្តា​សារ ឲ្យ​តែ​អ្នក​ដទៃ​បាន​ទទួល​សេចក្តី​សង្រ្គោះ។ សូម​យើង​ពិចារណា​អំពី​លោក​ម៉ូសេ​ចុះ។ គាត់​បាន​ទូល​ដល់​ព្រះ​ជា​ម្ចាស់​ថា គាត់​សុខ​ចិត្ត​ឲ្យ​ព្រះ​ទ្រង់​លុប​ឈ្មោះ​គាត់ ចេញ​ពី​បញ្ជី​របស់​ទ្រង់ ឲ្យ​តែ​ទ្រង់​អត់​ទោស​ឲ្យ​ពួក​អ៊ីស្រាអែល​(និក្ខមនំ ៣២:៣២)។ ពុំ​នោះ​ទេ យើង​អាច​មើល​គំរូ​របស់​សាវ័ក​ប៉ុល ដែល​សុខ​ចិត្ត ឲ្យ “ខ្លួនគាត់​ដាច់​ចេញ​ពី​ព្រះ​គ្រីស្ទ” ឲ្យ​តែ​រាស្រ្ត​របស់​ទ្រង់ ទទួល​ជឿ​ទ្រង់(រ៉ូម ៩:៣)។

ការ​តាំង​ខ្លួន​ជា​មនុស្ស​សុចរិត គឺ​ជា​រឿង​ដែល​តែង​តែ​កើត​មាន​ជា​ធម្មតា ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ចែង​អំពី​អ្នក ដែល​បាន​ស្រឡាញ់​អ្នក​ដទៃ លើស​ខ្លួន​ឯង។ ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ​នៃ​សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ។ ទ្រង់​បាន​បង្រៀន​ថា “គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ”(យ៉ូហាន ១៥:១៣)។ ព្រះយេស៊ូវ​បានស្រឡាញ់​យើង តាំង​ពី​មុន​ពេល​យើង​ស្គាល់​ទ្រង់…

ត្រូវ​ជួសជុស ឬ​​ផ្លាស់​ប្ដូរ

មាន​ពេល​មួយ ខ្ញុំ​ត្រូវ​ជួស​ជុស​រឹម​បង្អួច​ផ្ទះ​របស់​ខ្ញុំ។ ខ្ញុំ​បាន​កោស រួច​ខាត់​ថ្នាំ​របស់​រឹម​បង្អួច​ទាំង​នោះ ហើយ​បៀក​កាវ​លាយ​ជា​មួយ​កំទេច​ឈើ នៅ​ត្រង់​ស្នាម​ប្រេះ មុន​នឹង​ចាប់​ផ្តើម​លាប​ថ្នាំ​ថ្មី​ពី​លើ។ ​ខ្ញុំ​បាន​ខិត​ខំ​ធ្វើ​អស់​ពី​លទ្ធ​ភាព ដោយ​លាប​ថ្នាំ​ទ្រនាប់ ហើយ​លាប​ថ្នាំ​ថ្លៃ​ៗ​ពី​លើរឹម​ទាំង​អស់​នោះហើយ ឃើញ​ថា រឹម​បង្អួច​នោះ ហាក់​ដូច​ជា​ស្អាត​គួរ​សម​ដែរ។ ប៉ុន្តែ វា​មើល​ទៅ​មិន​​ស្អាត​ដូច​ថ្មី​ទេ។ មាន​វិធី​មួយ ដើម្បី​ធ្វើ​ឲ្យ​រឹម​បង្អួច​មើល​ទៅ​ដូច​ថ្មី គឺ​ត្រូវ​ផ្លាស់​ប្ដូរ​រឹម​ចាស់​ៗ​ចោល។

រឹម​បង្អួច​ដែល​បាន​ខូច​ដោយ​សារ​អាកាស​ធាតុ អាច​ប្រែ​ជា​មាន​សម្រស់ “ស្អាត​គួរ​សម” ដោយ​សារ​ការ​ជួស​ជុល ដូច​នេះ ខ្ញុំ​មិន​ចាំ​បាច់​ផ្លាស់​រឹម​ចាស់​ចោល​ក៏​បាន។ ប៉ុន្តែ បើ​ចិត្ត​គំនិត​របស់​យើង​ ដែល​ត្រូវ​បាន​បំផ្លាញ ដោយ​សារ​អំពើ​បាប​ហើយ នោះ​ការ​ខិត​ខំ​ជួស​ជុល​ចិត្ត​នោះ​ឡើង​វិញ​តែ​ម្យ៉ាង គឺ​មិន​គ្រប់​គ្រាន់​ឡើយ។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ  ​ឲ្យ​យើង​បាន​កើត​ជា​ថ្មី​តែ​ម្តង ដើម្បី​ឲ្យ​អ្វី​ៗ​ទាំង​អស់​បាន​ប្រែ​ជា​ថ្មី​ឡើង(២កូរិនថូស ៥:១៧)។

នោះ​ហើយ​ជា លក្ខណៈ​ពិសេស​នៃ​សេចក្តី​សង្រ្គោះ ​ដែល​មនុស្ស​អាច​ទទួល​បាន​ដោយ​សេចក្តី​ជំនឿ​ លើ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ទ្រង់​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ធ្វើជា​យញ្ញបូជា ជំនួសអំពើបាបរបស់​យើង ហើយ​បាន​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ ​ដើម្បី​សម្តែង​ឲ្យ​ឃើញ​ព្រះ​ចេស្ដា​របស់​ទ្រង់ ដែល​បាន​ឈ្នះ​អំពើ​បាប និង​សេចក្តី​ស្លាប់។ ព្រះ​ទ្រង់​បាន​ទត​មក​ឃើញ​ថា យើង​បាន“កើត​ជា​ថ្មី” បន្ទាប់​ពី​យើង​បាន​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះ​គ្រីស្ទ(២កូរិនថូស ៥:១៧) ហើយ​ជីវិត​ចាស់​របស់​យើង ត្រូវ​បាន​ជំនួស​ដោយ “ជីវិតថ្មី” (កិច្ចការ ៥:២០)។ ដូច​នេះ ដោយ​សារ​ព្រះ​យេស៊ូវ និង​ព្រះ​រាជ​កិច្ច​ដែល​ទ្រង់​បាន​បំពេញ​នៅ​លើ​ឈើ​ឆ្កាង នោះ​ព្រះ​វរបិតា​នៃ​យើង​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​សួគ៌​ ក៏​ទត​ឃើញ​អ្នក…

ព្យុះ​នៃជីវិត

ព្រះគម្ពីរ​ម៉ាកុស បាន​ចែង​អំពី​ព្យុះ​កំណាច​មួយ។ មាន​ពេល​មួយ ពួក​សិស្ស​បាន​ជិះ​ទូកជា​មួយ​ព្រះយេស៊ូវ​ ​ឆ្លង​សមុទ្រ​កាលីឡេ​ទៅ​ត្រើយ​ម្ខាង។ ស្រាប់​តែ​មាន “ខ្យល់​ព្យុះ​បក់​ខ្លាំង” ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច​បាត់​បង់​ជីវិត ទោះ​ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ខ្លះ​ជា​អ្នក​នេសាទ​ត្រី​ក៏​ដោយ(ម៉ាកុស ៤:៣៧-៣៨)។ តើ​ព្រះ​មិន​ខ្វល់​អំពី​គ្រោះ​ភ័យ​របស់​ពួក​គេ​ទេ​ឬ? តើ​ពួក​គេ​មិន​មែន​ជា​សិស្ស​ដែល​ទ្រង់​បាន​ជ្រើស​រើស​ដោយ​ផ្ទាល់​ដៃ​ទេ​ឬ? តើ​ពួក​គេ​មិន​បាន​ស្តាប់​បង្គាប់​តាម​ទ្រង់ ដោយ​ធ្វើ​ដំណើរ​ជា​មួយ​ទ្រង់​ទៅ​ត្រើយ​ម្ខាង​ហើយ​ទេ​ឬ?(ខ.៣៥) ចុះ​តើ​ហេតុ​អ្វី ​បាន​ជា​ពួក​គេ​ត្រូវ​ជួប​ខ្យល់​ព្យុះ​ដ៏​កំណាច​នេះ?

គ្មាន​អ្នក​ណា​អាច​ជៀស​ផុត​ពី​ខ្យល់​ព្យុះ​នៃ​ជីវិត​ឡើយ។ ពី​ដំបូង​ពួក​សិស្ស​មាន​ការ​ភ័យ​ខ្លាច​ខ្យល់​ព្យុះ ក្រោយ​មក ពួក​គេ​មានការ​កោត​ខ្លាច​ព្រះ​យេស៊ូវ​ជាង​ខ្យល់​ព្យុះ ដូច្នេះ ព្យុះ​ដែល​យើង​ជួប​ប្រទះ ក៏​អាច​នាំ​ឲ្យ​យើង​ស្គាល់​ព្រះ​កាន់​តែ​ជ្រាល​ជ្រៅ​ថែម​ទៀត​ផង​ដែរ។ ពួក​សិស្ស​ក៏​បាន​ឆ្ងល់​ថា តើ​លោក​ជា​នរណា បាន​ជា​សូម្បី​តែខ្យល់​ព្យុះ និង​ទឹក​រលក​ក៏​ស្ដាប់​បង្គាប់​លោក​ដែរ!(ម៉ាកុស ៤:៤១)។ តាម​រយៈ​ទុក្ខ​លំបាក​របស់​យើង យើង​អាច​រៀន​បាន​ថា គ្មាន​ខ្យល់​ព្យុះ​ណា​ដែល​ធំ រហូត​អាច​រារាំង​ព្រះ មិន​ឲ្យ​សម្រេច​បំណង​ព្រះ​ហឫ​ទ័យ​របស់​ទ្រង់​បាន​ឡើយ(៥:១)។

យើង​ប្រហែល​ជា​មិន​យល់ ពី​មូល​ហេតុ​ដែល​ព្រះ​អនុញ្ញាត​ ឲ្យ​មាន​ទុក្ខ​លំបាក​ចូល​មក​ក្នុង​ជីវិត​របស់​យើង​ទេ ប៉ុន្តែ ​យើង​អរ​ព្រះគុណ​ទ្រង់ ដែល​ការ​លំបាក​ទាំង​នោះ អាច​ធ្វើ​ឲ្យ​យើង​ស្គាល់​ទ្រង់​កាន់​តែ​ច្បាស់​ ថា​ទ្រង់​ជា​នរណា។ យើង​រស់​នៅ​ដើម្បី​បម្រើ​ព្រះ ព្រោះ​ទ្រង់​បាន​ការពារ​ជីវិត​​របស់​យើង។-ALBERT LEE

កុំប៉ះពាល់​របងនោះ​ឲ្យ​សោះ

កាល​នៅ​ពី​ក្មេង ខ្ញុំ​បាន​ទៅ​លេង​យាយ​ទួត​របស់​ខ្ញុំ ​ជា​មួយ​ឪពុក​ម្ដាយ​ខ្ញុំ។ គាត់​រស់​នៅ​ក្បែរ​​ចម្ការ​មួយ។ ទីធ្លា​ផ្ទះ​គាត់ ​មាន​ព័ទ្ធ​ទៅ​ដោយ​របង ដែល​មាន​ដាក់​ខ្សែ​ភ្លើង ដែល​បង្កា​កុំ​ឲ្យ​សត្វ​គោ​ចូល​មក​ស៊ីស្មៅ​នៅ​ក្នុង​ទីធ្លា​ផ្ទះ​គាត់។ នៅ​ពេល​ខ្ញុំ​សុំ​ឪពុក​ម្ដាយ​ទៅ​លេង​នៅ​ខាង​ក្រៅ ពួក​គាត់​ក៏​បាន​យល់​ព្រម ប៉ុន្តែ បាន​ហាម​ខ្ញុំ កុំ​ឲ្យ​ប៉ះពាល់​ខ្សែ​ភ្លើង​នៅ​តាម​របង​ផ្ទះ​ ប្រយ័ត្ន​ឆក់។

គួរ​ឲ្យ​សោក​ស្ដាយ ខ្ញុំ​មិន​បាន​ខ្វល់​អំពី​បម្រាម​របស់​ពួក​គាត់​ឡើយ ហើយ​ខ្ញុំ​បាន​យក​ម្រាម​ដៃទៅ​ប៉ះ​ខ្សែ​ភ្លើង​នៅ​លើ​របង​នោះ ហើយ​ក៏​ត្រូវ​ចរន្ត​អគី្គ​សនី​ឆក់ ដោយ​កម្លាំង​ល្មម​នឹង​ផ្ដល់​មេរៀន ​ឲ្យ​​សត្វ​គោ​រាង​ចាល​បាន​ ហើយ​ខ្ញុំ​ក៏​រាង​ចាល​ដែរ។ ពេល​នោះ​ទើប​ខ្ញុំដឹង​ថា ឪពុក​ម្ដាយ​ខ្ញុំ​បាន​ហាម​ខ្ញុំ គឺព្រោះ​តែ​ពួក​គាត់​ស្រឡាញ់​ខ្ញុំ ហើយ​ក៏​មិន​ចង់​ឲ្យ​ខ្ញុំ​ទទួល​ការ​ឈឺ​ចាប់​ឡើយ។

នៅ​ពេល​ដែល​ព្រះ​ទត​ឃើញ​ពួក​អ៊ីស្រាអែល​នៅ​ក្នុង​ទីក្រុង​យេរូសាឡិម កាល​ពី​សម័យ​បុរាណ​សូន​ឆ្លាក់​រូប​ព្រះ ហើយ​នាំ​គ្នា​ថ្វាយ​បង្គំ​រូប​ទាំង​នោះ ព្រះ​អង្គ “បាន​ផ្ញើ​ព្រះ​រាជ​សារ​របស់​ទ្រង់​ទៅ​ឯ​គេ ម្ដង​ជា​ពីរ​ដង ពីព្រោះ​ព្រះ​អង្គ​មាន​សេចក្តី​អាណិត​អាសូរ​ដល់​រាស្រ្ត​របស់​ទ្រង់" (២របាក្សត្រ ៣៦:១៥)។ ព្រះ​ទ្រង់​មាន​បន្ទូល​​តាម​រយៈ​លោក​ហោរា​យេរេមា ប៉ុន្តែ ​ពួក​បណ្ដាជន​បាន​តប​ទៅ​វិញថា “យើង​នឹង​នៅតែបន្តធ្វើ​តាម​ផែនការ​របស់​យើងដដែល" (យេរេមា ១៨:១២)។ ដោយ​ព្រោះ​តែ​ការ​នេះ ទើប​ព្រះ​ទ្រង់​បាន​បណ្ដោយ​ឲ្យ​ស្ដេច​នេប៊ូក្នេ​សារ បំផ្លាញ​ទី​ក្រុង​យេរូសាឡិម ហើយ​ចាប់​យក​មនុស្ស​ជា​ច្រើន​ទៅ​ធ្វើ​ជា​ឈ្លើយ​សឹក។

ប្រហែល​នៅ​ថ្ងៃ​នេះ ទ្រង់​កំពុង​ដាស់​តឿន​អ្នក ​អំពី​អំពើ​បាប​មួយ​ចំនួន​ នៅ​ក្នុង​ជីវិត​របស់​អ្នក។ បើសិន​ជា​ដូច្នោះ​មែន នោះ​ចូរ​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​នោះ។ នេះ​ជា​ភស្ដុ​តាង​ដែល​បង្ហាញ​ពី​ការ​អាណិត ដែល​ទ្រង់​មាន​ចំពោះ​យើង (ហេព្រើរ ១២:៥-៦)។ ទ្រង់​ទត​ឃើញ​អ្វី​ដែល​នៅ​ខាង​មុខ ​ហើយ​ចង់​ឲ្យ​យើង​ចៀស​ផុត ​ពី​បញ្ហា​ដែល​នឹង​កើត​មាន។-JENNIFER BENSON SCHULD

តើខ្ញុំផ្ចង់​ចិត្តលើអ្វី?

កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១១ ភ្លើយ​ឆេះ​ព្រៃ​ដ៏​សាហាវ​មួយ ​បាន​បំផ្លាញ​ផ្ទះ​សម្បែង​អស់​៦០០​ខ្នង នៅ​ក្នុង​ទីក្រុង​បាសស្ត្រុប (Bastrop) និង​តំបន់​ជិត​ខាង​ ក្នុង​ភូមិ​ភាគ​កណ្តាល​នៃ​រដ្ឋ​តិច​សាស់។ ពីរ​បី​សប្តាហ៍​ក្រោយ​មក ការសែត អាមើរីខិន ស្តេត​ស៍មិន នៃ​ទី​ក្រុង​អូស្ទីន ​បាន​ចេញ​ផ្សាយ​ពត៌​មាន ក្រោម​ចំណង​ជើង​ទំព័រ​មុខ​ថា “មនុស្ស​ដែល​បាន​បាត់​បង់​ច្រើន​ជាង​គេ​​បំផុត បែរ​ជា​ផ្ដោត​សំខាន់​លើ​អ្វី​ដែល​មិន​បាន​បាត់​បង់”។ អត្ថ​បទ​នេះ​បាន​ពណ៌​នា​ អំពី​អំណោយ​សប្បុរស​ធម៌​ដែល​សហគមន៍​​បាន​ឧបត្ថម្ភ ព្រម​ទាំង​បាន​រៀប​រាប់​ថា អ្នក​ទទួល​ជំនួយ​ទាំង​នោះ បាន​ដឹង​ថា អ្នក​ជិត​ខាង មិត្ត​ភក្តិ និង​សហគមន៍ មាន​តម្លៃ​ខ្ពស់​ជាង​របស់​របរ​ដែល​ពួក​គេ​បាន​បាត់​បង់​ឆ្ងាយ​ណាស់។

អ្នក​និពន្ធ​ព្រះគម្ពីរ​ហេព្រើរ ​បាន​រំឭក​ដល់​ពួក​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ នៅ​សតវត្សរ៍​ទី​មួយ ឲ្យ​នឹក​ចាំ​អំពី​ការ​រង​ទុក្ខ​លំបាក ដោយ​​សារ​ការ​បៀត​បៀន​  ក្នុង​ជីវិត​នៃ​សេចក្តី​ជំនឿ​របស់​ពួក​គេ​  កាល​ពី​ដើម។ ពួក​គេ​បាន​ឈរ​យ៉ាង​មាំ​មួន ​នៅ​ចំពោះ​មុខ​នៃ​ការ​ប្រមាថ​មាក់​ងាយ និង​ការ​គៀប​សង្កត់ ប៉ុន្តែ នៅ​តែ​បាន​ឈរ​ប្រកៀក​ស្មា​គ្នា​ ជា​មួយ​នឹង​អ្នក​ជឿ​ឯទៀត​យ៉ាង​ក្លាហាន(ហេព្រើរ ១០:៣២-៣៣)។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ដ្បិត​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិត​អា​សូរ ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង ក៏​ទ្រាំ​ឲ្យ​មនុស្ស​ប្លន់​យក​របស់​ទ្រព្យ​ខ្លួន​ដោយ​អំណរ ដោយ​ដឹង​ថា ខ្លួន​មាន​ទ្រព្យ​សម្បត្តិ ដែល​ប្រសើរ​ជាង ហើយ​ក៏​នៅ​ជាប់​លាប់​ផង នៅ​ឯ​ស្ថាន​សួគ៌” (ខ.៣៤)។ ពួក​គេ​មិន​បាន​ផ្ចង់​ចិត្ត​លើ​អ្វី​ដែល​ពួកគេ​បាន​បាត់​បង់​នោះ​ឡើយ តែបាន​ផ្តោត​ទៅ​លើ​របស់​ទ្រព្យ​ដ៏​អស់​កល្ប​ជា​និច្ច ដែល​គ្មានអ្នក​ណា​អាច​នឹង​ដក​យក​ពី​ពួក​គេ​បាន​ឡើយ​។

ព្រះ​យេស៊ូវ​បាន​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់​ថា “ពី​ព្រោះ​សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ” (ម៉ាថាយ ៦:២១)។ នៅ​ពេល​ដែល​យើង​ផ្ចង់​ចិត្ត​ចំពោះ​ព្រះ​អម្ចាស់ និង​ចំពោះ​របស់​ទាំង​អស់​ដែល​យើង​មាន​នៅ​ក្នុង​ទ្រង់…

អ្នកបានអស់ឱកាសហើយ

ថ្ងៃ​មួយ ខ្ញុំ​បាន​ស្តាប់​ឮ​ការ​ជជែក​គ្នា ដ៏​គួរ​ឲ្យ​សោក​ស្តាយ។ មាន​មនុស្ស​ពីរ​នាក់​ដែល​ជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ កំពុង​ជជែក​តទល់​គ្នា​អំពី​រឿង​មួយ ដែល​ពួក​គេ​មាន​ការ​ខ្វែង​គំនិត​គ្នា។ ម្នាក់​ដែល​មាន​វ័យ​ចាស់​ជាង​ ​ហាក់​ដូច​ជា​អួត​ក្អេង​ក្អាង ខណៈ​ដែល​គាត់​ប្រើ​បទ​គម្ពីរ​ជា​អាវុធ ដើម្បី​កាប់​កញ្ច្រាំ​អ្វី​ដែល​គាត់​យល់​ថា  ជា​ចំណុច​ខុស  នៅ​ក្នុង​ជីវិត​របស់​បុរស​ម្នាក់​ទៀត  ដែល​មាន​វ័យ​ក្មេង​ជាង។ បុរស​ដែល​ក្មេង​ជាង​ហាក់​ដូច​ជា​នឿយ​ណាយ​ ចំពោះ​ការ​បង្រៀន​បែប​នេះ ហើយ​ក៏​នឿយ​ណាយ​ចំពោះ​បុរស​វ័យ​ចាស់​ជាង ព្រម​ទាំង​មាន​ការ​ធ្លាក់​ទឹក​ចិត្ត​ផង​ដែរ។

​នៅ​ពេល​ដែល​ការ​ជជែក​គ្នា​ឈាន​ដល់​ទី​បញ្ចប់ បុរស​មាន​វ័យ​ចាស់​ជាង​បាន​បញ្ចេញ​មតិ​​ អំពី​ឫក​ពា​របស់​បុរស​វ័យ​ក្មេង​ជាង ​ដែល​ហាក់​ដូច​ជា​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ណែ​នាំ​របស់​គាត់។ គាត់​ចាប់​ផ្ដើម​និយាយ​ថា “ពី​ដើម ឯង​ធ្លាប់​តែ​ចូល​ចិត្ត​ទទួល​ការ​ណែ​នាំ​ណាស់។ តែ​ពេល​នេះ​ ខ្ញុំ​មិន​ដឹង​ថា​ឯង​ចង់​យ៉ាង​ម៉េច​ទៅ​វិញ​ទេ។”

បុរស​ក្មេង​ជាង​បាន​តប​វិញ​ថា “អ្នក​មិន​បាន​ស្វែង​រក​ឱកាស​បង្ហាញ​សេចក្តី​ស្រឡាញ់ ចំពោះ​ខ្ញុំ​ទេ។ ចាប់​តាំង​ពី​ពេល​ដែល​អ្នក​បាន​ស្គាល់​ខ្ញុំ​មក អ្នក​គិត​តែ​ពី​ប្រាប់​ខ្ញុំ​ពី​កំហុស​របស់​ខ្ញុំ។ អ្នក​សួរ​ថា ​តើ​ខ្ញុំ​ចង់​យ៉ាង​ម៉េច? គឺ​ខ្ញុំ​ចង់​ឃើញ​ព្រះយេស៊ូវ​នៅ​ក្នុង​អ្នក  និង​តាម​រយៈ​អ្នក។”

ខ្ញុំ​ក៏​បាន​គិត​ថា បើ​ពាក្យ​នេះ​ត្រូវ​បាន​គេ​និយាយ​មក​កាន់​ខ្ញុំ​វិញ នោះ​ខ្ញុំ​ច្បាស់​ជា​បាក់​មុខ រក​និយាយ​អ្វី​មិន​ចេញ​ទេ។ ខណៈ​ពេល​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​កំពុង​ប្រាប់​ខ្ញុំ​ថា មាន​មនុស្ស​ជា​ច្រើន ដែល​ខ្ញុំ​មិន​បាន​ប្រើ​ឱកាស ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ពួក​គេ​ទេ។ ហើយ​ខ្ញុំ​បាន​ដឹង​ថា កាល​ពី​មុន មាន​មនុស្ស​ជា​ច្រើន​ដែល​មិន​បាន​មើល​ឃើញ​ព្រះ​យេស៊ូវ​គង់​នៅ​ក្នុង​ខ្ញុំ។

សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​ថា យើង​ត្រូវ​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង ដោយ​សារ​សេចក្តី​ស្រឡាញ់​ជំរុញ​ចិត្ត​យើង(១កូរិនថូស ១៣:១-៤)។ នៅ​ពេល​ក្រោយ សូម​យើង​កុំ​ភ្លេច​ឆក់​ឱកាស បង្ហាញ​សេចក្តី​​ស្រឡាញ់​ដល់​អ្នក​ដទៃ​ឡើយ។-RANDY KILGORE

កត់ទុក​ក្នុងចិត្ត​របស់​ខ្ញុំ

ខ្ញុំមានទម្លាប់​អានទស្សនាវដ្ដីឌីជីថល តាមទូរស័ព្ទ ឬកំព្យូទ័រ ហើយខ្ញុំ​មាន​អារម្មណ៍ល្អ ដោយដឹងថា ខ្ញុំបានចូលរួមការកាត់បន្ថយការកាប់ដើមឈើរដើម្បីផលិតក្រដាស។ លើសពីនោះទៅទៀត ខ្ញុំ​មិនចាំបាច់​រង់ចាំ​គេយកសៀវភៅទស្សនាវដ្ដី មកដាក់ប្រអប់សំបុត្រមុខផ្ទះខ្ញុំទៀតទេ។ ទោះបីជា​យ៉ាង​ណាក៏ដោយ ខ្ញុំ​ពិតជា​នឹកទស្សនាវដ្ដី​ដែលផលិតពីក្រដាស់ ព្រោះ​ខ្ញុំចូលចិត្ត​បើកសន្លឹករបស់វាដោយដៃខ្ញុំផ្ទាល់ ហើយខ្ញុំ​អាចយកកន្ត្រៃមកកាត់យកសន្លឹក ដែលមានរូបមន្ត​ធ្វើម្ហូបដែល​ខ្ញុំចូលចិត្ត។

ខ្ញុំក៏មាន​ព្រះគម្ពីរ​ឌីជីថល នៅក្នុងទូរស័ព្ទរបស់ខ្ញុំផងដែរ​។ ប៉ុន្តែ ខ្ញុំ​នៅតែ​មាន​ព្រះគម្ពីរ​បោះពុម្ព​ពី​ក្រដាស ដែលខ្ញុំចូលចិត្ត គឺព្រះគម្ពីរ​មួយក្បាល​ដែល​ខ្ញុំ​បានគូសពណ៌ចំណាំនៅលើទំព័រ និង​បានអាន​ច្រើន​លើក​ច្រើន​សារមកហើយ។ យើង​មិនដឹងថា តើអនាគត​នៃ​ព្រះគម្ពីរ​​ដែលបោះពុម្ភពីក្រដាស នឹងទៅជាយ៉ាងណាទេ តែមានការមួយ​ដែលយើងអាចដឹងច្បាស់នោះគឺថា កន្លែង​ល្អបំផុត​សម្រាប់​ដាក់​ព្រះបន្ទូល​របស់​ព្រះ​ មិនមែននៅលើ​ទូរស័ព្ទ​ដៃរបស់​យើង ឬនៅលើម៉ាស៊ីន​អេឡិចត្រូនិចសម្រាប់អាន ឬក៏នៅក្នុងក្រដាស់សៀវភៅ​នោះឡើយ។

បទគម្ពីរទំនុកដំកើង ជំពូក ១១៩ បានចែងអំពី ការទុកដាក់ព្រះបន្ទូលព្រះ​នៅ​ក្នុងចិត្តរបស់​យើង។ គឺដូចមានសេចក្តីចែងថា​ “ទូល​បង្គំ​បាន​កំណត់​ចាំ​ព្រះ​បន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្ត”(ទំនុកដំកើង ១១៩:១១)។ គ្មាន​អ្វី​អាចប្រៀបស្មើ​នឹង​ការពិចារណា​ព្រះបន្ទូល​របស់​ព្រះ និង​ការរៀន​ឲ្យ​ស្គាល់ទ្រង់​កាន់តែច្បាស់ ព្រមទាំង​ការ​យក​ព្រះបន្ទូល​របស់ព្រះមកអនុវត្ត​នៅក្នុងជីវិត​ប្រចាំថ្ងៃ​របស់​យើង​នោះឡើយ។ កន្លែង​ល្អបំផុត​សម្រាប់​ព្រះបន្ទូល​របស់ទ្រង់ គឺស្ថិត​នៅ​ក្នុង​ជម្រៅ​ដួងចិត្តរបស់យើង។

យើង​ប្រហែលជា​មានការដោះសារ​ជាច្រើន  សម្រាប់​ការ​​ខកខាន​មិន​បានអាន​ព្រះគម្ពីរ  និងជញ្ជឹងគិត ឬ ទន្ទេញឲ្យចាំមាត់ ប៉ុន្តែ យើង​ត្រូវការ​ព្រះបន្ទូល​របស់ព្រះ។ ខ្ញុំសូមអធិស្ឋាន ​សូម​ព្រះអង្គជួយ​យើង ​​ឲ្យអាច​រក្សាទុក​ព្រះបន្ទូល​ទ្រង់​ នៅ​ក្នុង​កន្លែង​ដែល​ល្អបំផុត គឺ​នៅ​ក្នុងចិត្ត​របស់​យើង។-KEILA OCHOA

នៅពីក្រោយឆាក

មាន​ពេល​មួយ ព្រះ​វិហារ​របស់​ខ្ញុំ បាន​ធ្វើ​កម្ម​វិធី​ឈោង​ចាប់​ទ្រង់​ទ្រាយ​ធំ  ក្នុង​គោល​ដៅ​ផ្សាយ​ដំណឹង​ល្អ​ឲ្យ​បាន​ឮ​សុះ​សាយ​ក្នុង​ទីក្រុង។ ក្រុម​ការងារ​របស់​យើង​ដែល​បាន​រៀប​ចំ ​និង​ដឹក​នាំ​ព្រឹត្តិ​ការណ៍​ឈោង​ចាប់​នោះ​ រួម​មាន​ ក្រុម​តន្រ្តី​យុវជន​របស់​យើង ក្រុម​ប្រឹក្សា​យោបល់​ផ្លូវ​ចិត្ត និង​អ្នក​ដឹក​នាំ​ព្រះ​វិហារ។ នៅ​ចុង​បញ្ចប់​នៃ​កម្ម​វិធី ពេល​ដែល​ពួក​គេ​ឡើង​មក​ឈរ​តម្រៀប​គ្នា ​ នៅ​លើ​ឆាក យើង​ក៏​បាន​ទះ​ដៃ​អប​អរ​សាទរ​ពួក​គេ ដោយ​ចិត្ត​រំភើប​រីក​រាយ និង​ថ្លែង​អំណរ​គុណ​ពួក​គេ សម្រាប់​ការ​ប្រឹង​ប្រែង​ធ្វើ​ការ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ក្រុម​ការងារ​នោះ មាន​បុរស​ម្នាក់​ ដែល​មិន​សូវ​មាន​គេ​កត់​សម្គាល់​ប៉ុន្មាន​ទេ ប៉ុន្តែ​អ្នក​នោះ​គឺ​ជា​​ប្រធាន​ក្រុម។ នៅ​ពេល​ខ្ញុំ​បាន​ឃើញ​គាត់​ ប្រហែល​ជា​ពីរ​បី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​ក៏​បាន​អរ​គុណ និង​អប​អរ​សាទរ​គាត់ ​សម្រាប់​ការងារ​​របស់​គាត់ ហើយ​ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា “យើង​មិន​សូវ​ឃើញ​អ្នក​​សោះ​ ក្នុង​អំឡុង​ពេល​កម្ម​វិធី កំពុង​ដំណើរ​ការ។”

គាត់​ក៏​បាន​ឆ្លើយ​ថា “ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ការ​នៅ​ពី​ក្រោយ​ឆាក”។ គាត់​មិន​ខ្វល់​ពី​ការ​ស្វែង​រក​មុខ​មាត់ សម្រាប់​ខ្លួន​ឯង​ឡើយ ទោះ​គាត់​បាន​ខិត​ខំ​ធ្វើ​ការ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ។ គាត់​ចង់​ឲ្យ​អ្នក​ផ្សេង​បាន​ទទួល​ការ​សរសើរ សម្រាប់​កិច្ចការ​ដែល​ពួក​គេ​បាន​ខិត​ខំ​ធ្វើ។

ភាព​ស្ងាត់​ស្ងៀម​របស់​គាត់ បាន​បង្រៀន​ខ្ញុំ​ជា​ច្រើន។ ការ​នេះ​បាន​រំឭក​ខ្ញុំ​ថា ពេល​ខ្ញុំ​កំពុង​ធ្វើ​ការ​បម្រើ​ព្រះ​អម្ចាស់ នោះ​ខ្ញុំ​មិន​ត្រូវ​ស្វែង​រក​មុខ​មាត់​ ឬ​ចង់​ឲ្យ​គេ​ទទួល​ស្គាល់​នោះ​ឡើយ។ ខ្ញុំ​នៅ​តែ​អាច​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ ទោះ​គេ​សរសើរ​ខ្ញុំ​ដោយ​បើក​ចំហរ ឬ​មិន​សរសើរ​ក៏​ដោយ។ ចិត្ត​ដែល​យក​ព្រះ​គ្រីស្ទ​ជា​ទី​មួយ អាច​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ការ​ច្រណែន​ខុស​ទំនង ឬ​ការ​ប្រកួត​ប្រជែង​​ដែល​គ្មាន​ប្រយោជន៍។

ព្រះយេស៊ូវ​ដែល​ “ខ្ពស់​លើស​ទាំង​អស់” (យ៉ូហាន ៣:៣១) “ទ្រង់​ត្រូវ​ចំរើន​ឡើង ហើយ​ខ្ញុំ​ត្រូវ​បន្ទាប​​ចុះវិញ” (ខ.៣០)។ នៅ​ពេល​យើង​មាន​អាកប្ប​កិរិយា​បែប​នេះ យើង​នឹង​ស្វែង​រក​ការ​រីកចម្រើន​…