ប្រភេទ  |  នំម៉ាណាប្រចាំថ្ងៃ

ចម្លងយើងកាត់ខ្យល់ព្យុះ

ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ​លើក​ទី​មួយ របស់​បេសកជន​ស្កត់ឡង់ ឈ្មោះ អាឡេស៊ែនឌ័រ ដាហ្វ(Alexander Duff) ទៅ​កាន់​ប្រទាន​ឥណ្ឌា នៅ​ឆ្នាំ​១៨៣០ សំពៅ​គាត់​បាន​លិច ពេល​មាន​ខ្យល់​ព្យុះ​នៅ​ក្បែរ​តំបន់​ឆ្នេរ​នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ គាត់ និង​អ្នក​រួម​ដំណើរ​ជា​មួយ​គាត់​បាន​ទៅ​ដល់​កោះ​តូច​មួយ ដែល​នៅ​ដាច់​ស្រយាល ហើយ​បន្តិច​ក្រោយ​មក ក្នុង​ចំណោម​ពួក​នាវិក មាន​ម្នាក់​បាន​រក​ឃើញ​ព្រះ​គម្ពីរ​ប៊ីប​របស់​លោក​ដាហ្វ ដែល​បាន​អណ្តែត​មក​ទើរ​លើ​ឆ្នេរ។ ពេល​ព្រះ​គម្ពីរ​នោះ​ស្ងួត លោក​ដាហ្វ​ក៏​បាន​អាន​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១០៧ ទៅ​កាន់​អ្នក​ដែល​បាន​រួច​ជីវិត​ជា​មួយ​គាត់ ហើយ​ពួក​គេ​ក៏​មាន​ចិត្ត​ក្លាហាន​ឡើង។ ទី​បំផុត បន្ទាប់​ពី​គេ​បាន​ជួយ​សង្រ្គោះ ហើយ​លោក​ដាហ្វ​បាន​លិច​សំពៅ​ម្តង​ទៀត គាត់​ក៏​បាន​មក​ដល់​ប្រទេស​ឥណ្ឌា​ដោយ​សុវត្ថិភាព។

បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១០៧ បាន​ចែង​អំពី​វិធី​ដែល​ព្រះ​ទ្រង់​ជួយ​រំដោះ​ប្រជាជន​អ៊ីស្រាអែល។ បទ​គម្ពីរ​នេះ​ពិត​ជា​ត្រូវ​នឹង​រឿង​របស់​លោក​ដាហ្វ និង​មិត្ត​រួម​នាវា​របស់​គាត់​បាន​ជួប​ប្រទះ បាន​ជា​ពួក​គេ​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​សារ​សេចក្តី​ដែល​បាន​ចែង​ថា “ទ្រង់​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​បាន​ស្ងាត់​ឈឹង​ទៅ​វិញ ហើយ​ឲ្យ​រលក​ស្ងប់ស្ងៀម​ដែរ នោះ​គេ​មាន​សេចក្តី​អំណរ​ដោយ​ព្រោះ​ស្ងប់​ច្រៀប​ហើយ ទ្រង់​ក៏​នាំ​គេ​ទៅ​ដល់​ទ្វារ​សមុទ្រ ដែល​គេ​ប្រាថ្នា​ចង់​ទៅ”(ខ.២៩-៣០)។ ហើយ​ពួក​គេ​ក៏​បាន អរ​ព្រះគុណ​ព្រះ​អម្ចាស់ ដូច​ពួក​អ៊ីស្រាអែល "សម្រាប់​សេចក្តី​ស្រឡាញ់​ដែល​មិន​ប្រែ​ប្រួល​របស់​ព្រះ និង​ការ​ដ៏​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ប្រោស​ដល់​មនុស្ស​ជាតិ”(ខ.៣១)។

សេចក្តី​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ១០៧:២៨-៣០ ក៏​ស្រប​នឹង​សេចក្តី​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ​សញ្ញាថ្មី​ផង​ដែរ​(ម៉ាថាយ ៨:២៣-២៧ ម៉ាកុស ៤:៣៥-៤១)។ ខ្យល់​ព្យុះ​បាន​ចាប់​ផ្តើម​បក់​បោក​មក ពេល​ដែល​ព្រះ​យេស៊ូវ និង​ពួក​សាវ័ក​របស់​ព្រះ​អង្គ​កំពុង​គង់​នៅ​ក្នុង​ទូក។ ពួក​សិស្ស​ព្រះអង្គ​ក៏​បាន​ស្រែក​ឡើង ដោយ​ការ​ភ័យ​ខ្លាច ហើយ​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​ដែល​បាន​ប្រសូត​ជា​មនុស្ស ក៏​បាន​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់។ យើង​ក៏​អាច​មាន​ចិត្ត​ក្លាហាន​ឡើង​ផង​ដែរ! ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្រ្គោះ​ដ៏​មាន​អំណាច​ចេស្តា​នៃ​យើង…

សន្តិភាព ក្នុងភាពវឹកវរ

មាន​សម្លេង​មួយ​បាន​លាន់​ឡើង ដូច​សម្លេង​ផាវផ្ទុះ ធ្វើ​ឲ្យ​អ្នក​ស្រី​យ៉ូអាន(Joanne)​ភ្ញាក់​ពី​ដំណេក។ កញ្ចប់​បង្អួច​ផ្ទះ​នាង​បាន​បែក។  ពេល​នោះ​នាង​មិន​ចង់​រស់​ម្នាក់​ឯង​ទៀត​ទេ ហើយ​នាង​ក៏​បាន​ក្រោក​ពី​គេង ដើម្បី រក​មើល​អ្វី​ដែល​កំពុង​កើត​ឡើង។ ផ្លូវ​នៅ​ក្រៅ​ផ្ទះ​ងងឹត មិន​ឃើញ​មាន​អ្វី​ទេ ហើយ​ផ្ទះ​របស់​នាង​ហាក់​ដូច​ជា​មិន​មាន​បញ្ហា​អ្វី​ដែរ​ តែ​បន្ទាប់​មក គាត់​ក៏​បាន​ឃើញ​កញ្ចក់​ឆ្លុះ​មុខ​បែក។

អ្នក​ស៊ើបអង្កេត​ក៏​បាន​រក​ឃើញ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់ ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង​១​សង់ទីម៉ែត្រ​ពី​ទុយោ​ហ្កាស់។ បើ​សិន​ជា​គ្រាប់​នោះ​បាន​បាញ់​ត្រូវ​ទុយោ​នោះ នាង​ប្រហែល​ជា​មិន​រស់​ទេ។ ក្រោយ​មក គេ​ក៏​បាន​រក​ឃើញ​ថា គ្រាប់​កាំភ្លើង​នោះ បាន​ហើរ​មក​អគារ​ខ្ពស់​ៗ​នៅ​ក្បែរ​នោះ ប៉ុន្តែ អ្នក​ស្រី​យ៉ូអាន​មិន​ហ៊ាន​នៅ​ផ្ទះ​ទៀត​ទេ។ នាង​ក៏​បាន​អធិស្ឋាន​សូម​ព្រះ​ប្រទាន​សន្តិភាព​ក្នុង​ចិត្ត ហើយ​ពេល​ដែល​នាង​បាន​សម្អាត​បំណែក​កញ្ចក់​នោះ ចិត្ត​របស់​នាង​ក៏​បាន​ស្ងប់។​

បទ​គម្ពីរ​ទំនុក​ដំកើង ១២១ បាន​ក្រើន​រំឭក​យើង ឲ្យ​ងាក​ទៅ​រក​ព្រះ ពេល​ណា​យើង​មាន​បញ្ហា។ ត្រង់​ចំណុច​នេះ យើង​ឃើញ​ថា យើង​អាច​មាន​សន្តិភាព និង​ចិត្ត​ស្ងប់ ព្រោះ “សេចក្តី​ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី”(ខ.២)។ ព្រះ​ដែល​បាន​បង្កើត​ចក្រ​វាល​មក ព្រះ​អង្គ​ជួយ និង​ថែរក្សា​យើង​(ខ.៣) ហើយ​ពេល​យើង​កំពុង​គេង​លក់ ព្រះ​អង្គ​មិន​បាន​ផ្ទុំ​ឡើយ(ខ.៤)។ ព្រះ​អង្គ​ថែរក្សា​យើង​រៀង​រាល់​យប់​ថ្ងៃ​(ខ.៦) ពេល​នេះ និង​ជា​រៀង​រហូត​(ខ.៨)។

ទោះ​យើង​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ ព្រះ​អង្គ​តែង​តែ​ទត​មើល​យើង។ យើង​ព្រះអង្គ​កំពុង​រង់​ចាំ​យើង​ងាក​បែរ​មក​រក​ព្រះ​អង្គ។  ពេល​ណា​យើង​ងាក​បែរ​មក​រក​ព្រះ​អង្គ កាលៈទេសៈ​យើង​ប្រហែល​មិន​ផ្លាស់​ប្តូរ​ភ្លាម​ៗ តែ​ព្រះអង្គ​បាន​សន្យា​ប្រទាន​សន្តិ​ភាព ក្នុង​ពេល​ដ៏​ពិបាក​នោះ។​—Julie Schwab

ការនឹកចាំ និងការប្រារព្ធ

នៅ​ថ្ងៃ​ទី​៦ ធ្នូ ឆ្នាំ​១៩០៧ មាន​បន្ទុះ​ដ៏​ធំ​បាន​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​សហគមន៍​តូច​មួយ ក្នុង​រដ្ឋ​វើជីនា ខាង​លិច នៃ​សហរដ្ឋ​អាមេរិក ដោយ​បណ្តាល​ឲ្យ​មាន​សោកនាដ​កម្ម​ដ៏​អាក្រក់​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ឧស្សាហកម្ម​រ៉ែ​ធ្យូង​ថ្ម។ គ្រោះ​ថ្នាក់​នោះ​បាន​ឆក់​យក​ជីវិត​កម្មករ​អណ្តូង​រ៉ែ​៣៦០​នាក់ ហើយ​គេ​បាន​ប៉ាន់​ប្រមាណ​ឃើញ​ថា សោកនាដកម្ម​ដ៏​រន្ធត់​នេះ​បាន​បន្សល់​ទុក​នូវ​ស្រ្តី​មេម៉ាយ​២៥០​នាក់ និង​បណ្តាល​ឲ្យ​ក្មេង​ៗ​ប្រហែល​១​ពាន់​នាក់​កំព្រា​ឪពុក។ អ្នក​ប្រវត្តិសាស្រ្ត​ជឿ​ថា កម្មវិធី​រំឭក​មរណភាព​របស់​ពួក​គេ បាន​ក្លាយ​ជា​ប្រភព​នៃ​ទិវា​ឪពុក នៅ​សហរដ្ឋ​អាមេរិក។ ការ​នឹក​ចាំ​នេះ​បាន​កើត​ចេញ​ពី​ការ​បាត់​បង់​ដ៏​ធំ ហើយ​ទី​បំផុត​ក្លាយ​ជា​ការ​ប្រារព្ធ​ទិវា​ឪពុក។

សោកនាដកម្ម​ធំ​បំផុត​ក្នុង​ប្រវត្តិ​សាស្រ្ត​បាន​កើត​ឡើង ពេល​ដែល​មនុស្ស​ជាតិ​បាន​ឆ្កាង​ព្រះ ដែល​បាន​បង្កើត​ពួក​គេ។ ប៉ុន្តែ ពេល​ដ៏​ខ្មៅ​ងងឹត​នោះ​ក៏​បាន​បង្កើត​ឲ្យ​មាន​ការ​នឹក​ចាំ និង​ការ​ប្រារព្ធ​ពិធី​ផង​ដែរ។ នៅ​ពេល​យប់ មុន​ពេល​ព្រះយេស៊ូវ​យាង​ទៅ​ឈើ​ឆ្កាង ព្រះ​អង្គ​បាន​ប្រើ​ធាតុ​ផ្សំ​នៃ​ពិធី​បុណ្យ​រំលង របស់​សាសន៍​អ៊ីស្រាអែល ដើម្បី​បង្កើត​ពិធី​រំឭក​អំពី​ការសុគត​របស់​ព្រះ​អង្គ។​ កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​លូកា​បាន​ពិពណ៌នា អំពី​រឿង​នេះ​យ៉ាង​ដូច​នេះ​ថា "​ទ្រង់​ក៏​យក​នំបុ័ង​មក​អរ​ព្រះគុណ ហើយ​កាច់​ប្រទាន​ទៅ​គេ ដោយ​ព្រះបន្ទូល​ថា នេះ​ហើយ​ជា​រូបកាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សំរាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ"(លូកា ២២:១៩)។

រហូត​មក​ដល់​ពេល​សព្វ​ថ្ងៃ​ កាល​ណា​យើង​ប្រារព្ធ​ពិធី​លៀង​ព្រះអម្ចាស់ យើង​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​អង្គ រំឭក​អំពី​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ ដែល​ព្រះ​អង្គ​មាន​សម្រាប់​យើង ដោយ​នឹក​ចាំ អំពី​ការ​លះ​បង់​របស់​ព្រះ​អង្គ ដើម្បី​សង្រ្គោះ​យើង និង​អបអរ​អំណោយ​នៃ​ជីវិត ដែល​ការ​លះបង់​របស់​ព្រះ​អង្គ​បាន​ប្រទាន។ ក្នុង​បទ​ចម្រៀង​ទំនុក​ដំកើង ដែល​លោក​ឆាល វេសលី(Charles Wesley) បាន​និពន្ធ គាត់​បាន​សរសេរ​ថា “ឱ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ! តើ​ហេតុអ្វី​បាន​ជា​ព្រះ​អង្គ​សុគត​ជំនួស​ទូល​បង្គំ?”—Bill Crowder

ព្រះទ្រង់ជ្រាបអំពីរឿងរបស់អ្នក

ខណៈ​ពេល​ដែល​ខ្ញុំ​បើក​ឡាន​ត្រឡប់​មក​ផ្ទះ​វិញ បន្ទាប់​ពី​បាន​ញាំ​អាហារ​ថ្ងៃ​ត្រង់​ជា​មួយ​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​ខ្ញុំ ខ្ញុំ​ក៏​បាន​ពោល​ពាក្យ​អរ​ព្រះ​គុណ​ព្រះ ដែល​បាន​ធ្វើ​ការ​ក្នុង​ជីវិត​នាង។ នាង​ស្គាល់​ខ្ញុំ និង​ស្រឡាញ់​ខ្ញុំ ទោះ​ខ្ញុំ​មាន​ចំណុច​ដែល​សូម្បី​តែ​ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​ចូល​ចិត្ត​ក៏​ដោយ។ នាង​ស្ថិត​ក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម​តូច ដែល​ទទួល​ស្វាគមន៍​ខ្ញុំ ដោយ​មិន​ប្រកាន់ បុគ្គលិក​លក្ខណៈ ទម្លាប់ និង​ចំណុច​ខ្វះ​ខាត​របស់​ខ្ញុំ។ តែ​នៅ​មាន​ផ្នែក​ខ្លះ​នៃ​រឿង​របស់​ខ្ញុំ ដែល​ខ្ញុំ​មិន​ចង់​ចែក​ចាយ​ដល់​នាង និង​អ្នក​ដទៃ​ទៀត​ដែល​ខ្ញុំ​ស្រឡាញ់ គឺ​ត្រង់​ផ្នែក​ដែល​ខ្ញុំ​ពិត​ជា​មិន​បាន​ជួយ​ពួក​គេ ខ្ញុំ​ចូល​ចិត្ត​វិនិច្ឆ័យ​គេ មិន​សប្បុរស ឬ​ខ្វះ​ក្តី​ស្រឡាញ់។​

ប៉ុន្តែ ព្រះ​ទ្រង់​ពិត​ជា​បាន​ជ្រាប​អំពី​រឿង​របស់​ខ្ញុំ​ទាំង​មូល។​ ខ្ញុំ​អាច​និយាយ​ទៅ​កាន់​ព្រះ​អង្គ អំពី​រឿង​ខ្ញុំ ដោយ​សេរី ទោះ​ខ្ញុំ​មាន​ការ​ស្ទាក់​ស្ទើរ​នៅ​ក្នុង​ការ​និយាយ​ទៅ​កាន់​អ្នក​ដទៃ​ក៏​ដោយ។​

បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១៣៩ បាន​ពិពណ៌នា អំពី​ការ​ប្រកប​ស្និទ្ធស្នាល​ដែល​យើង​អាច​មាន ដោយ​អំណរ​ជា​មួយ​ព្រះ​ដ៏​ជា​ស្តេច។ ព្រះ​អង្គ​ស្គាល់​យើង​គ្មាន​កន្លែង​ចន្លោះ(ខ.១)។ ព្រះ​អង្គ​ស្គាល់​ផ្លូវ​ទាំង​អស់​របស់​យើង​(ខ.៣)។ ព្រះ​អង្គ​ត្រាស់​ហៅ​យើង ឲ្យ​ចូល​មក​រក​ព្រះ​អង្គ ពេល​យើង​មាន​ការ​ភ័ន្ត​ភាំង ​មាន​ចិត្ត​ថប់​បារម្ភ និង​​តយុទ្ធ​នឹង​ការ​ល្បួង។ ពេល​ណា​យើង​ព្រម​ចុះ​ចូល​ព្រះ​អង្គ​ទាំង​ស្រុង ព្រះ​អង្គ​ឈោង​មក​រក​យើង ដើម្បី​ស្តា​យើង​ឡើង​វិញ ហើយ​សរសេរ​រឿង​របស់​យើង​ជា​ថ្មី នៅ​ត្រង់​ផ្នែក​ដែល​បាន​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត ដោយសារ​យើង​បាន​វង្វេង​ចេញ​ពី​ព្រះ​អង្គ។​

ព្រះ​ទ្រង់​ស្គាល់​យើង លើស​ពី​លទ្ធភាព​ដែល​គេ​អាច​ស្គាល់​យើង ហើយ​ព្រះអង្គ​នៅ​តែ​ស្រឡាញ់​យើង! ពេល​ណា​យើង​ចុះ​ចូល​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ ហើយ​ព្យាយាម​ស្គាល់​ព្រះ​អង្គ​កាន់​តែ​ច្បាស់ ព្រះ​អង្គ​អាច​កែ​ប្រែ​រឿង​របស់​យើង ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ​អង្គ។ ព្រះ​អង្គ​ជា​អ្នក​និពន្ធ ដែល​កំពុងតែ​បន្ត​សរសេរ​រឿង​នៃ​ជីវិត​យើង។​—Cindy Hess Kasper

ការទុកចិត្តព្រះគម្ពីរប៊ីប

លោក​ប៊ីលី ក្រហាំ(Billy Graham) ដែល​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​អាមេរិក​ដ៏​ល្បី​ល្បាញ ធ្លាប់​បាន​រៀប​រាប់​ថា កាល​ពី​មុន គាត់​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ទទួល​ស្គាល់​ថា អ្វី​ៗ​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​ប៊ីប សុទ្ធ​តែ​ជា​សេចក្តី​ពិត។ នៅ​យប់​មួយ​នោះ គាត់​បាន​ដើរ​ម្នាក់​ឯង ក្រោម​ពន្លឺ​ដួង​ច័ន្ទ នៅ​ក្នុង​មជ្ឈ​មណ្ឌល​វិស្សម​កាល​មួយ ក្នុង​តំបន់​ភ្នំ​សាន បឺណាឌីណូ។ គាត់​ក៏​បាន​លត់​ជង្គង់​ចុះ ហើយ​ក៏​បាន​ដាក់​ព្រះ​គម្ពីរ​ប៊ីប​របស់​គាត់ នៅ​លើ​គល់ឈើ​មួយ ហើយ​ពោល​ពាក្យ​អធិស្ឋាន​យ៉ាង​ខ្លី​ថា “ព្រះ​អង្គ​អើយ មាន​សេចក្តី​ជាច្រើន​ក្នុង​សៀវភៅ​នេះ ដែល​ទូល​បង្គំ​មើល​មិន​យល់”។

គាត់​ក៏​បាន​សារភាព អំពី​ការ​ភាន់​ច្រឡំ​របស់​គាត់ ហើយ​ទី​បំផុត ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​បណ្តាល​ចិត្ត​គាត់​ឲ្យ​និយាយ​ថា “ព្រះវរបិតា ទូល​បង្គំ​សូម​ទទួល​ស្គាល់ ដោយ​ជំនឿ​ថា ព្រះ​គម្ពីរ​ប៊ីប​ជា​ព្រះ​បន្ទូល​ព្រះ​អង្គ!” ពេល​ដែល​គាត់​ក្រោក​ឈរ​ឡើង​វិញ គាត់​នៅ​មាន​សំណួរ តែ​គាត់​និយាយ​ថា “ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​តយុទ្ធ​នឹង​សង្រ្គាម​ខាង​វិញ្ញាណ ក្នុង​ព្រលឹង​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ឈ្នះ​ហើយ”។​

ហោរា​វ័យ​ក្មេង ឈ្មោះ​យេរេមា ក៏​បាន​តយុទ្ធ​នឹង​សង្រ្គាម​ខាង​វិញ្ញាណ​ផង​ដែរ។ តែ​គាត់​តែង​តែ​ស្វែង​រក​ចម្លើយ នៅ​ក្នុង​ព្រះ​គម្ពីរ។ គឺ​ដូច​ដែល​គាត់​បាន​អធិស្ឋាន​ថា “ទូលបង្គំ​បាន​ឃើញ​ព្រះបន្ទូល​ទ្រង់ ទូលបង្គំ​ក៏​បាន​ទទួល​ទាន​លេប​ចូល​អស់​ហើយ ព្រះបន្ទូល​របស់​ទ្រង់​ជា​សេចក្តី​អំណរ ហើយ​ជា​ទី​រីករាយ​ចិត្ត​ដល់​ទូលបង្គំ”(យេរេមា ១៥:១៦)។ ហើយ​គាត់​បាន​ប្រកាស​ថា ព្រះ​បន្ទូល​ព្រះ​អម្ចាស់ នៅ​ក្នុង​ចិត្ត​គាត់ ដូច​ជា​ភ្លើង​ឆេះ ដែល​កប់​ក្នុង​ឆ្អឹង​របស់​គាត់(២០:៨-៩)។ លោក​ឆាល ស្ពើជិន(Charles Spurgeon) ដែល​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ នៅ​សតវត្សរ៍​ទី​១៩ បាន​សរសេរ​ថា…

ជំនឿដែលសកម្ម

ឪពុក​របស់​លោក​ស៊ែម(Sam) ត្រូវ​រត់​គេច ឲ្យ​រួច​ផុត​ពី​សេចក្តី​ស្លាប់ ក្នុង​អំឡុង​ពេល​រដ្ឋ​ប្រហារ​ដោយ​ពួក​យោធា។​ ភ្លាម​ៗ​នោះ ក្រុម​គ្រួសារ​គាត់​បាន​បាត់​បង់​ប្រាក់​ចំណូល ហើយ​លែង​មាន​លទ្ធភាព​បង់​ថ្លៃ​ថ្នាំ​ពេទ្យ ដើម្បី​ឲ្យ​ប្អូន​ប្រុស​របស់​លោក​ស៊ែម​បន្ត​មាន​ជីវិត​រស់​។ លោក​ស៊ែម​ក៏​បាន​ខឹង​នឹង​ព្រះ ដោយ​គិត​ថា តើ​យើង​បាន​ធ្វើ​អ្វី​ខុស បាន​ជា​យើង​ត្រូវ​ជួប​រឿង​នេះ?

មាន​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​ម្នាក់​បាន​ដឹង អំពី​ទុក្ខ​លំបាក​របស់​គ្រួសារ​មួយ​នេះ។ គាត់​មាន​ប្រាក់​គ្រប់​គ្រាន់ ដើម្បី​បង់​ថ្លៃ​ថ្នាំ​ពេទ្យ ដូច​នេះ គាត់​ក៏​បាន​ទិញ​ថ្នាំពេទ្យ​ឲ្យ​ពួក​គេ។ អំណោយ​ដែល​បាន​ជួយ​សង្រ្គោះ​ជីវិត ពី​មនុស្ស​ដែល​ពួក​គេ​មិន​ស្គាល់​នេះ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ពួក​គេ។ ម្តាយ​របស់​ស៊ែម​ក៏​បាន​និយាយ​ថា “នៅ​អាទិត្យ​នេះ យើង​នឹង​ទៅ​ព្រះវិហារ​របស់​បុរស​នោះ”។ កំហឹង​របស់​លោក​ស៊ែម​ក៏​បាន​ចាប់​ផ្តើម​ថយ​ចុះ។ ហើយ​ទី​បំផុត សមាជិក​គ្រួសារ​នេះ​បាន​ទទួល​ជឿ​ព្រះយេស៊ូវ ម្តង​ម្នាក់​ៗ។

សាវ័ក​យ៉ាកុប​បង្រៀន​ថា សេចក្តី​ជំនឿ​ដែល​រស់​ត្រូវ​មាន​ការ​ប្រព្រឹត្ត ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ​ជាដើម។ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ថា “ចុះ​បើ​មាន​បង​ប្អូន​ប្រុស​ស្រី​ណា​នៅ​អាក្រាត ព្រម​ទាំង​ខ្វះ​អាហារ​បរិភោគ​រាល់​ថ្ងៃ ហើយ​អ្នក​រាល់​គ្នា​ណា​មួយ​និយាយ​ទៅ​អ្នក​នោះ​ថា អញ្ជើញ​ទៅ​ឲ្យ​សុខ​សាន្ត សូម​ឲ្យ​បាន​កក់ក្តៅ ហើយ​ឆ្អែត​ចុះ តែ​គ្មាន​ឲ្យ​អ្វី​ដល់​អ្នក​ដែល​ត្រូវ​ការ​ខាង​រូប​សាច់​នោះ​សោះ នោះ​តើ​មាន​ប្រយោជន៍​អ្វី”(២:១៥-១៦)។

ការ​ប្រព្រឹត្ត​របស់​យើង ជា​ភស្តុតាង​បង្ហាញ អំពី​ភាព​ពិត​ប្រាកដ នៃ​សេចក្តី​ជំនឿ​របស់​យើង។ ការ​ប្រព្រឹត្ត​ទាំង​នោះ​អាច​ជះ​ឥទ្ធិពល​មក​លើ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ដទៃ ដោយ​នាំ​ឲ្យ​ពួក​គេ​ទទួល​ជឿ​ព្រះ​អង្គ​ផង​ដែរ។ ក្នុង​ករណី​របស់​លោក​ស៊ែម ដោយសារ​ការ​ប្រព្រឹត្ត​ល្អ​របស់​អ្នក​ជឿ​ព្រះ​ម្នាក់​នោះ គាត់​ក៏​បាន​ក្លាយ​ជា​គ្រូ​គង្វាល និង​អ្នក​បង្កើត​ពួក​ជំនុំ។ ទី​បំផុត អ្នក​ដែល​បាន​ជួយ​គ្រួសារ​គាត់ បាន​ក្លាយ​ជា​ឪពុក​ខាង​វិញ្ញាណ ដែល​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ ដល់​ពួក​គេ។—Tim Gustafson

ចែកផ្សាយព្រះគុណដល់អ្នកដទៃ

កូន​ប្រុស​របស់​ខ្ញុំ​បាន​រស់​នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ជីវិត​របស់​គាត់ មុន​ពេល​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ទទួល​ចិញ្ចឹម​គាត់។ មុន​ពេល​យើង​ចាក​ចេញ​ពី​អគារ​ដែល​សង់​ពី​ឥដ្ឋ​ស៊ីម៉ង់ ជា​មួយ​គាត់ យើង​ក៏​បាន​ប្រាប់​គាត់ ឲ្យ​ប្រមូល​របស់​របរ​របស់​គាត់។ តែ​អ្វី​ក៏​គាត់​គ្មាន​ដែរ។ ពិត​ជា​គួរ​ឲ្យ​អាណិត​គាត់​ណាស់។ យើង​ក៏​បាន​ឲ្យ​គាត់​ស្លៀក​ពាក់​ខោអាវ​ថ្មី ដែល​យើង​បាន​យក​មក​ឲ្យ​គាត់ ហើយ​ក៏​បាន​ទុក​ខោអាវ​មួយ​ចំនួន ឲ្យ​ក្មេង​ដទៃ​ទៀត។ ខ្ញុំ​មាន​អារម្មណ៍​សោកសៅ​ចំពោះ​ភាព​ទុរគត​របស់​គាត់ តែ​ខ្ញុំ​អរសប្បាយ ដែល​យើង​អាច​បំពេញ​តម្រូវ​ការ​ខាង​វិញ្ញាណ​ និង​រូបកាយ​របស់​គាត់។

ពីរបី​ឆ្នាំ​ក្រោយ​មក យើង​បាន​ឃើញ​មនុស្ស​ម្នាក់​សុំ​ជំនួយ សម្រាប់​ក្រុម​គ្រួសារ​ក្រីក្រ។ ពេល​នោះ កូន​ប្រុស​ខ្ញុំ​មាន​ចិត្ត​អន្ទះសា​ចង់​បរិច្ចាគ​តុក្កតា និង​ប្រាក់​កាក់​បន្តិច​បន្តួច​ដែល​គាត់​មាន ដើម្បី​ជួយ​ពួក​គេ។ ដោយ​សារ​គាត់​ធ្លាប់​រស់​នៅ​ក្នុង​ភាព​ក្រីក្រ នោះ​គេ​ប្រហែល​ជា​យល់​ថា គាត់​មាន​ការ​ឱប​ក្រសោប​របស់​កម្ម​សិទ្ធិ​ខ្លួន​ឯង ខ្លាំង​ជាង​អ្នក​ដទៃ។

ខ្ញុំ​ចូល​ចិត្ត​គិត​ថា គាត់​បាន​ឆ្លើយ​តប​ដោយ​ចិត្ត​សប្បុរស ដោយសារ​មូល​ហេតុ មិន​ខុស​ពី​ពួក​ជំនុំ​សម័យ​ដើម។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ពួក​សាវ័ក​ក៏​ធ្វើ​បន្ទាល់ ដោយ​ព្រះចេស្តា​ដ៏​ធំ ពី​ដំណើរ​ដែល​ព្រះអម្ចាស់​យេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​មាន​ព្រះគុណ​ជា​ធំ សណ្ឋិត​លើ​គេ​ទាំង​អស់​គ្នា​ដែរ នៅ​ក្នុង​ពួក​គេ​គ្មាន​អ្នក​ណា​ខ្វះ​ខាត​អ្វី​សោះ”(កិច្ចការ ៤:៣៣-៣៤)។ ពួកជំនុំ​នៅ​សម័យ​នោះ បាន​ស្ម័គ្រ​ចិត្ត​លក់​របស់​ទ្រព្យ ដើម្បី​បំពេញ​តម្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក។​

ពេល​ណា​យើង​ដឹង​ថា អ្នក​ដទៃ​មាន​ការ​ខ្វះ​ខាត ទោះ​ជា​ខាង​សាច់​ឈាម ឬ​ព្រលឹង​វិញ្ញាណ​ក្តី សូម​ព្រះ​គុណ​ព្រះ​ ធ្វើ​ការ​ដោយ​អំណាច​ចេស្តា ក្នុង​ជីវិត​យើង ដើម្បី​ឲ្យ​យើង​ឆ្លើយ​តប ដូច​ពួក​ជំនុំ​ដំបូង​ ដោយ​ស្ម័គ្រ​ចិត្ត​លះ​បង់ ស្មោះ​អស់​ពី​ចិត្ត ដល់​អ្នក​ខ្វះ​ខាត។ ការ​នេះ​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​ភាជនៈ​នៃ​ព្រះគុណ ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ដោយ “មាន​ចិត្ត​គំនិត​តែ​មួយ”(ខ.៣២)។—Kirsten Holmberg

ពេលណាយើងមិនយល់ផែនការព្រះ

យុវជន​ម្នាក់​មាន​ក្តី​ស្រមៃ​ចង់​ជោគជ័យ ក្នុង​អាជីព​ជា​កីឡាករ។ ពេល​ដែល​ក្តី​ស្រមៃ​នោះ​ ជួប​ការ​ខកខាន​ជា​បណ្តោះ​អាសន្ន គាត់​ក៏​បាន​ផ្ញើ​សារ​ទៅ​ម្តាយ​របស់​គាត់​ថា “កូន​មិន​យល់​ផែនការ​របស់​ព្រះ​អង្គ​ទេ។ កូន​បាន​ថ្វាយ​ជីវិត​ដាច់​ដល់​ព្រះ​អង្គ​ហើយ។ ហេតុ​អ្វី​រឿង​នេះ​បាន​កើត​ឡើង​ចំពោះ​កូន?” ក្នុង​ចំណោម​យើង តើ​មាន​នរណា​ខ្លះ​ដែល​បាន​ជួប​រឿង​ខក​ចិត្ត ខុស​ពី​ការ​រំពឹង​គិត ធ្វើ​ឲ្យ​គំនិត​យើង​ជោរជន់​ទៅ​ដោយ​ការ​រអ៊ូរទាំ ឬ​សំណួរ? ឧទាហរណ៍ សមាជិក​គ្រួសារ​បាន​កាត់​ផ្តាច់​ទំនាក់​ទំនង ដោយ​គ្មាន​មូល​ហេតុ សុខភាព​ស្រាប់​តែ​ចុះ​ខ្សោយ​វិញ​ភ្លាម​ៗ ការ​បាត់​បង់​ការងារ ឬ​គ្រោះ​ថ្នាក់​ដែល​បាន​ផ្លាស់​ប្តូរ​ការ​រស់​នៅ។​

បទ​គម្ពីរ​យ៉ូប ១-២ បាន​ចែង​អំពី​សោកនាដកម្ម និង​ភាព​អន់​ថយ​ដែល​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ ក្នុង​ជីវិត​លោក​យ៉ូប។ តាម​ស្តង់​ដារ​របស់​មនុស្ស មុន​ពេល​ដែល​ជីវិត​គាត់​ធ្លាក់​ចុះ ជីវិត​របស់​លោក​យ៉ូប​ហាក់​ដូច​ជា​មិន​មាន​បញ្ហា​អ្វី​ទេ។ លោក​យ៉ូប “ជា​អ្នក​គ្រប់​លក្ខណ៍ ហើយ​ទៀង​ត្រង់ ដែល​គោរព​កោតខ្លាច​ដល់​ព្រះ ក៏​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់”(យ៉ូប ១:១)។ ប៉ុន្តែ​ ជីវិត​មនុស្ស​មិន​តែង​តែ​មាន​ដំណើរ​ការ ដូច​អ្វី​ដែល​យើង​ចង់​បាន គឺ​មិន​ខុស​ពី​ជីវិត​របស់​លោក​យ៉ូប​ឡើយ។ ពេល​ដែល​ភរិយា​គាត់​ប្រាប់​គាត់​ឲ្យ “ប្រមាថ​ដល់​ព្រះ ហើយ​ស្លាប់”(២:៩) លោក​យ៉ូប​ក៏​បាន​ឆ្លើយ​តប​ចំពោះ​នាង ដោយ​ពាក្យ​សម្តី​ប្រកប​ដោយ​ប្រាជ្ញា និង​ការ​ប្រៀន​ប្រដៅ ហើយ​សក្តិសម​នឹង​ឲ្យ​យើង​យក​គំរូ​តាម។ បាន​ជា​ពេល​ណា​រឿង​ហេតុ​កើត​ឡើង ទោះ​តូច​ឬ​ធំ​ក្តី ដែល​យើង​មិន​ចង់​ជួប ចូរ​យើង​ពោល​ថា “យើង​ទទួល​សេចក្តី​ល្អ​មក​ពី​ព្រះ តើ​មិន​ត្រូវ​ទទួល​សេចក្តី​អាក្រក់​ដែរ​ទេ​ឬ?” គ្រប់​ទាំង​សេចក្តី​ទាំង​នោះ យ៉ូប​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ដោយ​បបូរ​មាត់​ទេ(ខ.១០)។

ដោយ​ពឹង​អាង​កម្លាំង​របស់​ព្រះ ចូរ​យើង​នៅ​តែ​ទុក​ចិត្ត និង​គោរព​កោត​ខ្លាច​ព្រះ​អង្គ សូម្បី​តែ​នៅ​ពេល​ដែល​យើង​មិន​អាច​យល់ អំពី​របៀប​ដែល​ព្រះអង្គ​កំពុង​ធ្វើ​ការ ក្នុង​អំឡុង​ពេល​ដ៏​ពិបាក​នៃ​ជីវិត។​—Arthur Jackson

លក្ខណៈពិតប្រាកដនៃសេចក្តីស្រឡាញ់

ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់​ទីក្រុង ដោយសារ​ជំងឺ​រាត​ត្បាត លោក​ជើរី(Jerry) បាន​បង្ខំ​ចិត្ត​បិទ​កន្លែង​ហាត់​ប្រាណ​របស់​គាត់ ហើយ​ក៏​បាត់​បង់​ប្រាក់​ចំណូល​អស់​ជា​ច្រើន​ខែ។ ថ្ងៃ​មួយ គាត់​បាន​ទទួល​សារ​ក្នុង​ទូរស័ព្ទ ពី​មិត្ត​ភក្តិ​ម្នាក់ ដែល​សុំ​ជួប​គាត់ នៅ​កន្លែង​ហាត់​ប្រាណ​របស់​គាត់ នៅ​ម៉ោង​៦​ល្ងាច។ លោក​ជើរី​មិន​បាន​ដឹង​អំពី​គោល​បំណង​នៃ​ការ​ជួប​នោះ​ទេ តែ​គាត់​ក៏​បាន​សម្រេច​ចិត្ត​ទៅ​ជួប​គេ។ មិន​យូរ​ប៉ុន្មាន មាន​ឡាន​ជា​ច្រើន​គ្រឿង​បាន​ចាប់​ផ្តើម​បើក​ចូល​ក្នុង​ចំណត​រថយន្ត។ អ្នក​បើក​បរ​ឡាន​ទី​មួយ ក៏​បាន​ដាក់​កញ្ច្រែង​មួយ នៅ​លើ​ចិញ្ចើម​ផ្លូវ នៅ​ក្បែរ​អគារ​នោះ។ បន្ទាប់​មក ឡាន​ក៏​បាន​បើក​កាត់​តាម​នោះ​ម្តង​មួយ​ៗ​(ប្រហែល​៥០​គ្រឿង)។ មនុស្ស​នៅ​ក្នុង​រថយន្ត​ទាំង​នោះ​បាន​គ្រវី​ដៃ​ដាក់​លោក​ជើរី ឬ​និយាយ​ពាក្យ​សួស្តី ទៅ​កាន់​គាត់ ហើយ​ឈប់​ឡាន​នៅ​ក្បែរ​កញ្ច្រែង​នោះ ដើម្បី​ទម្លាក់​កាត ឬ​ក្រដាស​ប្រាក់​ចូល​ក្នុង​កញ្ច្រែង​នោះ។ អ្នក​ខ្លះ​បាន​លះ​បង់​ប្រាក់​របស់​ខ្លួន តែ​ពួក​គេ​សុទ្ធ​តែ​បាន​ចំណាយ​ពេល​លើក​ទឹក​ចិត្ត​គាត់។

សេចក្តី​ស្រឡាញ់​ពិត​ប្រាកដ​មាន​ការ​លះ​បង់ នេះ​បើ​យោង​តាម​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល។ គាត់​បាន​ពន្យល់​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​ថា ពួកជំនុំ​នៅ​ទីក្រុង​ម៉ាសេដូន​បាន “ស្ម័គ្រ​ចិត្ត​តាម​កំឡាំង​ ហើយ​ហួស​កំឡាំង​ផង” ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ពួក​សាវ័ក និង​អ្នក​ដទៃ​(២កូរិនថូស ៨:៣)។ ពួកគេ​ថែម​ទាំង​ទទូច​សុំ​សាវ័ក​ប៉ុល ឲ្យ​ផ្តល់​ឱកាស ឲ្យ​ពួក​គេ​ដាក់​ដង្វាយ​ដល់​ពួក​សាវ័ក និង​ដល់​រាស្រ្ត​របស់​ព្រះ។ ការ​លះ​បង់​របស់​ពួក​គេ គឺ​បាន​យក​គំរូ​តាម​ព្រះ​ទ័យ​របស់​ព្រះ​យេស៊ូវ ដែល​មាន​ការ​លះបង់។​ ព្រះអង្គ​បាន​បោះ​បង់​ចោល​ភាព​មាន​បាន នៅ​នគរ​ស្ថាន​សួគ៌ ដើម្បី​យាង​ចុះ​មក​ផែន​ដី ធ្វើ​ជា​អ្នក​បម្រើ ហើយ​លះបង់​ព្រះ​ជន្ម​ព្រះ​អង្គ។​ “​ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏​ដោយ គង់​តែ​ទ្រង់​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា”(ខ.៩)។

ចូរ​យើង​ទូល​អង្វរ​ដល់​ព្រះ​ផង​ដែរ ដើម្បី​ឲ្យ​យើង “​បាន​ធ្វើ​គុណ​នេះ​រឹត​តែ​ច្រើន​ឡើង”(ខ.៧) ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដទៃ។​—Anne Cetas

ការស្តាប់មានសារៈសំខាន់ណាស់

“សូម​មក​ជា​បន្ទាន់។ នាវា​យើង​បាន​បុក​ផ្ទាំង​ទឹកកក​ហើយ”។ នេះ​ជា​ពាក្យ​សម្តី​ទីមួយ ដែល​លោក​ហារល ខូថាម(Harold Cottam) ដែល​ជា​អ្នក​កាន់​វិទ្យុ​ទាក់ទង​នៅ​លើ​នាវា RMS ខាផាធា បាន​ទទួល​ពី​នាវា​ទីតានិច ដែល​កំពុង​លិច ​នៅ​ម៉ោង​១២:២៥ យប់ ថ្ងៃ១៥ ខែ​មេសា ឆ្នាំ​១៩១២។ នាវា​ខាផាធា​គឺ​ជា​នាវា​ទីមួយ ដែល​បាន​ទៅ​ដល់​កន្លែង​ដែល​មាន​គ្រោះ​មហន្ត​រាយ​នោះ​មុន​គេ ដោយ​បាន​សង្រ្គោះ​ជីវិត​មនុស្ស​បាន​៧០៦​នាក់។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក នៅ​ចំពោះ​មុខ​ព្រឹទ្ធសភា​អាមេរិក លោក​កាពីទែន អាធ័រ រ៉ូស្រ្តុន(Arthur Rostron) បាន​បក​ស្រាយ​ថា “រឿង​នេះ​ទាំង​មូល គឺ​ពិត​ជា​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ… កាល​នោះ អ្នក​កាន់​វិទ្យុ​ទាក់ទង ​កំពុង​តែ​នៅ​ក្នុង​កាប៊ីន​របស់​គាត់ គឺ​មិន​ស្ថិត​ក្នុង​ពេល​បំពេញ​ភារកិច្ច​ឡើយ តែ​គាត់​គ្រាន់​តែ​ស្តាប់​វិទ្យុ​ទាក់​ទង​ដែល​បាន​បើក​ចោល ខណៈ​ពេល​ដែល​គាត់​កំពុង​ផ្លាស់​សំលៀក​បំពាក់…  ហើយ​បើ​គាត់​ចូល​គេង ក្នុង​រយៈ​ពេល​១០​នាទី​ទៀត នោះ​យើង​ក៏​មិន​បាន​ទទួល​សារ​ពី​នាវា​ទីតានិច​ដែរ”។​

ការ​ស្តាប់​មាន​សារៈ​សំខាន់ ជា​ពិសេស​ការ​ស្តាប់​ព្រះ​សូរ​សៀង​ព្រះ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៨៥ ដែល​ជា​កូន​ៗ​របស់​លោក​កូរេ​បាន​ជំរុញ​ឲ្យ​មាន​ការ​ស្តាប់​បង្គាប់​ព្រះ ដោយ​យក​ចិត្ត​ទុក​ដាក់។ គឺ​ដូច​ដែល​ពួក​គេ​បាន​សរសេរ​ថា “ខ្ញុំ​នឹង​ស្តាប់​សេចក្តី​ដែល​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ ទ្រង់​នឹង​មាន​ព្រះបន្ទូល​មក ដ្បិត​ទ្រង់​នឹង​មាន​ព្រះបន្ទូល​ពី​សេចក្តី​សុខ​ដល់​រាស្ត្រ​ទ្រង់ និង​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ កុំ​ឲ្យ​តែ​គេ​វិល​ត្រឡប់​ទៅ​ឯ​សេចក្តី​ចំកួត​ទៀត​ឡើយ ពិត​ប្រាកដ​ជា​សេចក្តី​សង្គ្រោះ​របស់​ទ្រង់ នៅ​ជិត​នឹង​អស់​អ្នក​ដែល​កោតខ្លាច​ដល់​ទ្រង់”(ខ.៨-៩)។ ការ​ដាស់​តឿន​របស់​ពួក​គេ សំខាន់​ណាស់ ព្រោះ​បុព្វបុរស​របស់​ពួកគេ​បាន​បះបោរ​ទាស់​នឹង​ព្រះ ហើយ​ក៏​បាន​វិនាស​នៅ​វាល​រហោស្ថាន​(ជនគណនា ១៦:១-៣៥)។

នៅ​យប់​ដែល​នាវា​ទីតានិច​លិច មាន​នាវា​មួយ​ទៀត ដែល​ស្ថិត​នៅ​ចម្ងាយ​ជិត​ជាង ប៉ុន្តែ…