យើងជាធូលីដី
មានពេលមួយ ឪពុកវ័យក្មេងម្នាក់កំពុងតែបាត់បង់ភាពអត់ធ្មត់។ កូនរបស់គាត់ដែលចេះដើរតេសតាស់ចេះតែស្រែកថា “ការ៉េម! ការ៉េម!” គាត់ក៏បានបាត់បង់ការគ្រប់គ្រងកូន នៅក្នុងកណ្តាលចំណោមហ្វូងមនុស្ស នៅក្នុងផ្សារទំនើប។ គាត់ក៏បានប្រាប់កូនគាត់ថា គាត់នឹងទិញការ៉េមឲ្យវាញាំ តែគាត់ត្រូវធ្វើអ្វីមួយ សម្រាប់ម្តាយរបស់វាសិន។ វាក៏ស្រែកទៀតថា “អត់ទេ! ទិញការ៉េម”។ បន្ទាប់មក រឿងនេះក៏បានទាក់ទាញចំណាប់អារម្មណ៍របស់ស្រ្តីម្នាក់ មានមាឌតូច មានសំលៀកបំពាក់ស្អាតបាត ដោយមានស្បែកជើង ដែលសមនឹងការបូបយួរដៃរបស់ខ្លួន។ នាងក៏បានចូលមកជិតពួកគេ។ ឪពុករបស់ក្មេងក៏បានប្រាប់នាងថា “កូននេះទម្រើសណាស់”។ ស្ត្រីនោះក៏បានញញឹម ហើយតបថា “ក្មេងនេះនៅតូចណាស់។ វាត្រូវការឲ្យអ្នកមានចិត្តអត់ធ្មត់ នឹងមានភាពជិតស្និទ្ធចំពោះវា”។ រឿងនេះមិនបានបញ្ចប់ភ្លាមៗទេ តែពាក្យលើកទឹកចិត្តរបស់ស្រ្តីនោះ គឺជាអ្វីដែលឪពុកនឹងកូននោះត្រូវការក្នុងពេលនោះ។
ពាក្យសម្តីរបស់ស្រ្តីនោះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរទំនុកដំកើង ជំពូក១០៣។ ក្នុងបទគម្ពីរនេះ សេ្តចដាវីឌបានពិពណ៌នា អំពីព្រះអម្ចាស់ ដែល “មានសេចក្តីមេត្តាករុណា ហើយនឹងអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរសដ៏បរិបូរ”(ខ.៨)។ បន្ទាប់មក ទ្រង់ក៏បានមានបន្ទូលប្រៀបប្រដូចថា ព្រះអង្គ “មានព្រះទ័យអាណិតដល់អស់អ្នកដែលកោតខ្លាចទ្រង់ ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ”(ខ.១៣)។ ព្រះដ៏ជាព្រះវរបិតានៃយើង “ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ”(ខ.១៤)។ ព្រះអង្គជ្រាបថា យើងតូច ហើយផុយស្រួយ។
យើងច្រើនតែជួបបរាជ័យ ហើយងាយនឹងមានអារម្មណ៍ថាពិបាកពេក ដោយសារការអ្វីដែលពិភពលោកដ៏ធំនេះបានផ្តល់ឲ្យយើង។ តែយើងអាចដឹងច្បាស់ថា ព្រះវរបិតានៃយើងមានព្រះទ័យអត់ធ្មត់…
នាំការសរសើរ ទៅដល់ចុងបំផុតនៃផែនដី
សព្វថ្ងៃនេះ ការប្រើប្រាស់ផែនទីកាន់តែមានការពេញនិយម។ ជាទូទៅ យើងអាចដឹង អំពីទីកន្លែងដែលគេគូផែនទីនីមួយៗ ដោយមើលទៅចំណុចកណ្តាលនៃផែនទីនោះ។ ជាញឹកញាប់ យើងច្រើនតែគិតថា ផ្ទះរបស់យើងស្ថិតនៅក្នុងចំណុចកណ្តាលនៃពិភពលោក ដូចនេះ យើងក៏បានគូសចំណាំទីតាំងផ្ទះរបស់យើងនៅលើផែនទី ដោយគូសចំណុចមូលខ្មៅតូចមួយពីលើវា ហើយគូសខ្សែ ឬបន្ទាត់ចេញពីចំណុចខ្មៅនោះ។ ក្រុងដែលនៅក្បែរតំបន់យើងរស់នៅ ប្រហែលជានៅខាងជើង ចម្ងាយតែ៥០គីឡូម៉ែត្រ ឬស្ថិតនៅចម្ងាយផ្លូវដែលត្រូវបើកបររយៈពេលមួយម៉ោង ប៉ុន្តែ យើងពិពណ៌នាអំពីទីតាំងទាំងនោះ ដោយធៀបនឹងទីតាំងដែលយើងកំពុងតែស្ថិតនៅ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរទំនុកដំកើង ដែលបានគូស “ផែនទី” ដោយផ្អែកទៅលើទីតាំងរបស់ព្រះវិហាររបស់ព្រះអម្ចាស់ ក្នុងសម័យសញ្ញាចាស់ ហេតុនេះហើយ គេបានយកទីតាំងរបស់ទីក្រុងយេរូសាឡិម ជាចំណុចកណ្តាលនៃផែនទីភូមិសាស្រ្តនៃព្រះគម្ពីរ។
បទគម្ពីរទំនុកដំកើង ជំពូក៤៨ ស្ថិតក្នុងចំណោមបទគម្ពីរទំនុកដំកើងជាច្រើន ដែលពោលសរសើរទីក្រុងយេរូសាឡិម។ គឺដូចមានសេចក្តីចែងថា “ក្នុងទីក្រុងរបស់ព្រះនៃយើងខ្ញុំ គឺនៅលើភ្នំបរិសុទ្ធនៃទ្រង់ ឯភ្នំស៊ីយ៉ូននៅទិសខាងជើង នោះមានលំអរ ដោយនៅលើទីខ្ពស់ ជាទីរីករាយចិត្តដល់ផែនដីទាំងមូល គឺជាទីក្រុងនៃមហាក្សត្រដ៏ធំ”(ខ.១-២)។ ដោយសារ “ទ្រង់ជាទីពឹងនៅក្នុង ព្រះរាជវាំងនៃក្រុងនោះ នោះ ព្រះអង្គនឹងតាំងទីក្រុងនោះ ឲ្យនៅជាប់ជារៀងរាបដរាបទៅ(ខ.៣,៨)។ ព្រះកិត្តនាមរបស់ព្រះអង្គបានចាប់ផ្តើមឮសុះសាយ ពីព្រះវិហារនៃទីក្រុងយេរូសាឡិម ទៅដល់ចុងបំផុតនៃផែនដី(ខ.៩-១០)។
ផ្ទះរបស់យើងមិនស្ថិតនៅក្នុងចំណុចកណ្តាល នៃផែនទីរបស់ព្រះគម្ពីរឡើយ បើសិនជាផ្ទះរបស់អ្នកមិនស្ថិតនៅក្នុងទីក្រុងយេរូសាឡិមទេនោះ។ តែតំបន់ដែលអ្នកកំពុងតែរស់នៅ ក៏សំខាន់ដូចតំបន់ដទៃទៀតផងដែរ ព្រោះព្រះជាម្ចាស់ នៅតែបន្តត្រាស់ហៅយើង ឲ្យនាំការសរសើរព្រះនាមព្រះអង្គ ទៅដល់ចុងបំផុតនៃផែនដី(ខ.១០)។…
តើកិច្ចការដែលយើងធ្វើសំខាន់ឬទេ?
មានពេលមួយ ខ្ញុំបាននិយាយ ទាំងដកដង្ហើមធំថា ខ្ញុំមិនដឹងថា ខ្ញុំត្រូវធ្វើដូចម្តេចទេ បើកិច្ចការច្រើនយ៉ាងនេះ។ សម្លេងរបស់មិត្តភក្តិខ្ញុំបានបន្លឺឡើង ចេញពីទូរស័ព្ទថា ខ្ញុំត្រូវឲ្យតម្លៃខ្លួនឯង ព្រោះខ្ញុំបានសម្រេចនូវកិច្ចការជាច្រើន។ បន្ទាប់មក គាត់ក៏បានរៀបរាប់ អំពីកិច្ចការជាច្រើនដែលខ្ញុំអាចធ្វើបាន ដែលមានដូចជា ការថែទាំសុខភាពបានល្អ ការសម្រេចការងារ ការបញ្ចប់ការសិក្សាបាននិទេ្ទសល្អ ការនិពន្ធសៀវភៅ និងការទៅរៀននៅសាលាព្រះគម្ពីរជាដើម។ ខ្ញុំចង់ធ្វើកិច្ចការទាំងអស់នេះ ថ្វាយព្រះ ប៉ុន្តែ ផ្ទុយទៅវិញ ខ្ញុំបែរជាផ្តោតទៅលើព្រះ តិចជាងកិច្ចការអ្វីដែលខ្ញុំកំពុងធ្វើ ឬខ្ញុំប្រហែលជាកំពុងតែព្យាយាមធ្វើកិច្ចការច្រើនពេក។
សាវ័កប៉ុលបានរំឭកពួកជំនុំនៅក្រុងកូល៉ុសថា ពួកគេត្រូវរស់នៅ ក្នុងជីវិតដែលថ្វាយសិរីល្អដល់ព្រះ។ ការអ្វីដែលពួកគេធ្វើជារៀងរាល់ថ្ងៃ មិនសូវសំខាន់ដូចរបៀបដែលពួកគេធ្វើការទាំងអស់នោះឡើយ។ ពួកគេត្រូវធ្វើកិច្ចការ ដោយ “ក្តីអាណិត ចិត្តសប្បុរស ការបន្ទាបខ្លួន សេចក្តីសំឡូត និងចិត្តអត់ធ្មត់”(កូល៉ុស ៣:១២) ដោយការអត់ឱនទោស និងសំខាន់បំផុត គឺត្រូវមានក្តីស្រឡាញ់(ខ.១៣-១៤) ហើយ “ត្រូវធ្វើការគ្រប់យ៉ាង ដោយនូវព្រះនាមព្រះយេស៊ូវ”(ខ.១៧)។ ការប្រព្រឹត្តរបស់ពួកគេ មិនត្រូវឃ្លាតចាកពីការរស់នៅ តាមគំរូព្រះគ្រីស្ទនោះឡើយ។
ការអ្វីដែលយើងធ្វើ គឺសំខាន់ តែរបៀបដែលយើងធ្វើ មូលហេតុ និងអ្នកដែលយើងធ្វើសម្រាប់ គឺកាន់តែសំខាន់។ ជារៀងរាល់ថ្ងៃ តើយើងចង់សម្រេចចិត្តធ្វើការ ដោយចិត្តតប់ប្រម៉ល់ ឬចង់ធ្វើការតាមរបៀប ដែលថ្វាយព្រះកិត្តនាមដល់ព្រះអង្គ ហើយស្វែងរកអត្ថន័យ…
ពាក្យទំនួញរបស់ម័រស៊ី
ឪពុករបស់ម័រស៊ី(Mercy) អះអាងថា គាត់មានជំងឺ ដោយសារត្រូវអំពើអាបធ្មប់។ តែតាមពិត គាត់កើតជម្ងឺអេដស៍។ ពេលគាត់ស្លាប់ ម័រស៊ីដែលជាក្មេងស្រីអាយុ១០ឆ្នាំ កាន់តែមានភាពជិតស្និទ្ធជាមួយម្តាយរបស់នាង។ ប៉ុន្តែ ម្តាយរបស់នាងក៏មានជម្ងឺផងដែរ ហើយបីឆ្នាំក្រោយមក គាត់ក៏បានលាចាកលោក។ ចាប់តាំងពីពេលនោះមក បងស្រីរបស់ម័រស៊ីក៏បានចិញ្ចឹមបងប្អូនបង្កើតទាំង៥នាក់។ គឺនៅពេលនោះហើយ ដែលម័រស៊ីបានចាប់ផ្តើមសរសេរកំណត់ហេតុ អំពីការឈឺចាប់ដ៏ជ្រៅរបស់នាង។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីរឿងរបស់ហោរាយេរេមា ដែលបានសរសេរកំណត់ហេតុ អំពីការឈឺចាប់របស់ខ្លួនផងដែរ។ នៅក្នុងកណ្ឌគម្ពីរបរិទេវ គាត់បានកត់ទុកនូវអំពើឃោរឃៅដែលកងទ័ពរបស់ចក្រភពបាប៊ីឡូន បានធ្វើមកលើជនជាតិយូដា។ ចិត្តរបស់លោកយេរេមាក៏បានសោកសង្រេង ចំពោះជនរងគ្រោះ ដែលនៅក្មេងជាងគេផងដែរ។ គឺដូចដែលគាត់បានពោលថា “ភ្នែកខ្ញុំរលាយទៅដោយហូររហាម ចិត្តខ្ញុំក៏ទុរន់ទុរា ហើយត្រូវស្រលុងចុះដល់ដីផង ដោយព្រោះការបំផ្លាញកូនស្រីនៃសាសន៍ខ្ញុំ ហើយដោយព្រោះ កូនតូចនឹងកូនដែលនៅបៅ វាសន្លប់ទៅនៅតាមផ្លូវទីក្រុង”(២:១១)។ ប្រជាជនយូដាធ្លាប់មានប្រវត្តិបះបោរ និងមិនអើរពើរចំពោះព្រះជាម្ចាស់ ប៉ុន្តែ កូនៗរបស់ពួកគេក៏បានទទួលផលវិបាកផងដែរ។ ត្រង់ចំណុចនេះ លោកយេរេមាបានសរសេរថា “វាសួរដល់ម្តាយថា តើអង្ករនឹងស្រាទំពាំងបាយជូរនៅឯណាក៏វាសន្លប់ទៅតាមផ្លូវនៃទីក្រុង ដូចជាមនុស្សរបួស វាដាច់ខ្យល់នៅលើទ្រូងម្តាយ”(ខ.១២)។
គេប្រហែលជាឆ្ងល់ថា ហេតុអ្វីលោកយេរេមាមិនបដិសេធព្រះជាម្ចាស់ នៅពេលដែលគាត់រងទុក្ខវេទនា? គាត់មិនបានបដិសេធព្រះអង្គឡើយ ផ្ទុយទៅវិញ គាត់បានជំរុញអ្នកដែលនៅរស់ថា “ចូរក្រោកឡើងទាំងយប់ ហើយស្រែកនៅពេលដើរយាមចុះ ត្រូវឲ្យចាក់ចិត្តនាងចេញ ដូចជាទឹកនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ចូរប្រទូលដៃឡើងទៅឯទ្រង់ ដើម្បីអង្វរឲ្យបានជីវិតនៃក្មេងតូចៗរបស់នាង”(ខ.១៩)។
ពេលដែលយើងមានការឈឺចាប់ យើងចាំបាច់ត្រូវចាក់បង្ហូរចិត្តរបស់យើង…
បន្តរត់តាមផ្លូវត្រូវ
លោកដាវីឌ ប្រោន(David Brown) ជាកីឡាករជនពិការរបស់អាមេរិក ដែលបានចូលរួមការប្រកួតកីឡាអូឡាំពិក។ គាត់បានក្លាយជាកីឡាកររត់ប្រណាំងពិការភ្នែក ដែលរត់លឿនជាងគេ ហើយក៏បានប្រកាស់ថា គាត់បានទទួលជ័យជម្នះនៅក្នុងការប្រកួត ដោយសារព្រះជាម្ចាស់ ការលើកទឹកចិត្តរបស់ម្តាយគាត់(កុំឲ្យអង្គុយមួយកន្លែង) និងអ្នករត់នាំផ្លូវគាត់ គឺលោកយេរ៉ូម អេវើរី(Jerome Avery) ដែលជាអតីតៈកីឡាកររត់ប្រណាំង។ អ្នកទាំងពីរបានរត់ទន្ទឹមគ្នា ដោយមានខ្សែតូចមួយចងភ្ជាប់ម្រាមដៃរបស់លោកប្រោន ជាមួយនឹងម្រាមដៃរបស់លោកយេរ៉ូម ហើយលោកយេរ៉ូមក៏បាននាំផ្លូវលោកប្រោន រហូតដល់បានទទួលជ័យជម្នះ ដោយប្រើពាក្យសម្តី និងការប៉ះដៃ។
លោកប្រោនបាននិយាយថា កិច្ចការសំខាន់បំផុតដែលគាត់ត្រូវធ្វើ គឺត្រូវស្តាប់សម្លេងរបស់លោកយេរ៉ូម ពុំនោះទេ គាត់មុខជារត់ចេញពីផ្លូវកោង ដែលមានចម្ងាយ២០០ម៉ែត្រនោះ ដោយមិនដឹងខ្លួន។ លោកប្រោនបាននិយាយទៀតថា ជារៀងរាល់ថ្ងៃ អ្នកទាំងពីរបានសាកល្បងយុទ្ធសាស្រ្តរត់ប្រណាំងជាច្រើន ដោយទំនាក់ទំនងគ្នា តាមរយៈការនិយាយ និងការប៉ះគ្នា។
ក្នុងនាមយើងជាអ្នកជឿព្រះ យើងក៏កំពុងតែរត់ប្រណាំងផងដែរ ដោយយើងមានពរណាស់ ដែលមានព្រះជាម្ចាស់ ធ្វើជាអ្នកនាំផ្លូវយើង។ ព្រះវិញ្ញាណបរិសុទ្ធ ដែលជាព្រះជំនួយរបស់យើង ដឹកនាំយើងគ្រប់ជំហាន ពេលដែលយើងអនុញ្ញាតឲ្យព្រះអង្គនាំផ្លូវយើង។ បទគម្ពីរ ១យ៉ូហាន ២:២៦-២៧ បានចែងថា “ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីដំណើរនៃពួកអ្នកដែលនាំអ្នករាល់គ្នាឲ្យវង្វេង។ រីឯដំណើរដែលទ្រង់ចាក់លាបឲ្យ នោះក៏នៅជាប់នឹងអ្នករាល់គ្នាពិត ហើយអ្នករាល់គ្នាមិនត្រូវការ ឲ្យអ្នកណាបង្រៀនពីការអ្វីទេ ប៉ុន្តែដូចជាដំណើរចាក់លាបនោះ បានបង្រៀនពីគ្រប់ការទាំងអស់ ហើយមិនមែនជាសេចក្តីកំភូតទេ គឺជាសេចក្តីពិតវិញ នោះត្រូវឲ្យអ្នករាល់គ្នានៅជាប់ក្នុងទ្រង់ចុះ…
សេចក្តីស្រឡាញ់ដែលនាំមកនូវការផ្លាស់ប្តូរ
មានពេលមួយ ខ្ញុំបានទៅមើលតំបន់ក្រីក្រ នៅទីក្រុងសាន់តូ ដូមីហ្គោ ក្នុងសាធារណៈរដ្ឋដូមីនីខិន។ ខ្ញុំបានឃើញផ្ទះដែលគេបានសង់ពីសន្លឹកស័ង្កសី ដោយមានខ្សែភ្លើងរណេងរណោងនៅពីលើ។ នៅទីនោះ ខ្ញុំមានឯកសិទ្ធិនៅក្នុងការសម្ភាសក្រុមគ្រួសារទាំងឡាយ ហើយក៏បានឮពួកគេប្រាប់ខ្ញុំថា មានព្រះវិហារគ្រីស្ទបរិស័ទជាច្រើនកំពុងតែជួយប្រយុទ្ធប្រឆាំងនឹងភាពអត់ការងារធ្វើ ការប្រើប្រាស់ថ្នាំញៀន និងអំពើឧក្រិដ្ឋ។
នៅតាមផ្លូវដ៏តូចចង្អៀតមួយ ខ្ញុំក៏បានឡើងតាមជណ្តើរដែលទ្រេតទ្រោត ចូលទៅក្នុងបន្ទប់តូចមួយ ដើម្បីសម្ភាសស្រ្តីម្នាក់ និងកូនប្រុសរបស់គាត់។ ប៉ុន្តែ មួយសន្ទុះក្រោយមក មានមនុស្សម្នាក់បានឡើងមករកយើងទាំងប្រញាប់ប្រញាល់ ហើយប្រាប់យើងឲ្យឆាប់ចាកចេញពីតំបន់នេះ ជាបន្ទាន់។ គេជឿថា មេជើងកាងម្នាក់ដែលចូលចិត្តដើរកាន់កាំបិតផ្គាក់ កំពុងតែប្រមូលជើងកាងមួយក្រុម ដើម្បីចាំវាយឆ្មក់យើង។
យើងក៏បានទៅមើលតំបន់ក្រីក្រមួយទៀត តែនៅទីនោះ យើងមិនមានរឿងអ្វីទេ។ ក្រោយមក ខ្ញុំក៏បានដឹងពីមូលហេតុ។ តាមពិត ពេលដែលខ្ញុំទៅសួរសុខទុក្ខតាមផ្ទះនីមួយៗ អ្នកដឹកនាំក្រុមជើងកាងបានឈរនៅខាងក្រៅ ដើម្បីការពារយើង។ ព្រះវិហារក្នុងតំបន់នោះ បានផ្តល់អាហារ និងការអប់រំដល់កូនស្រីគាត់ ហើយដោយសារគ្រីស្ទបរិស័ទបានជួយទំនុកបម្រុងនាង នោះគាត់ក៏បានឈរការពារយើងផងដែរ។
នៅក្នុងការអធិប្បាយព្រះបន្ទូលរបស់ព្រះយេស៊ូវ នៅលើភ្នំ ព្រះអង្គបានបង្ហាញឲ្យគេស្គាល់ស្តង់ដានៃសេចក្តីស្រឡាញ់ ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន។ សេចក្តីស្រឡាញ់ប្រភេទនេះ បានឱបក្រសោបយកមនុស្សល្អ ក៏ដូចជាមនុស្សអាក្រក់(ម៉ាថាយ ៥:៤៣-៤៥) ដោយឈោងទៅរកអ្នកដែលនៅក្រៅវង្វង់គ្រួសារ និងមិត្តភាព គឺអ្នកដែលមិនស្រឡាញ់យើង(ខ.៤៦-៤៧)។ នេះជាប្រភេទនៃក្តីស្រឡាញ់របស់ព្រះ(ខ.៤៨) គឺប្រភេទនៃក្តីស្រឡាញ់ដែលនាំមកនូវព្រះពរដល់មនុស្សម្នាក់ៗ។
ខណៈពេលដែលអ្នកជឿព្រះនៅទីក្រុងសាន់តូ ដូមីហ្គោ បានបង្ហាញចេញនូវសេចក្តីស្រឡាញ់នេះ តំបន់ក្រីក្រទំាងនោះ ក៏បានចាប់ផ្តើមមានការផ្លាស់ប្តូរ។ មនុស្សជាច្រើនមានជីវិតផ្លាស់ប្រែ។…
ភ្លើងដែលបរិសុទ្ធ
បន្ទាប់ពីមានភាពរាំងស្ងួតអស់រយៈពេលជាច្រើនឆ្នាំ ភ្លើងឆេះព្រៃបានកើតឡើង នៅរដ្ឋកាលីហ្វូញ៉ាខាងត្បូង ហើយបានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនគិតថា ព្រះបានបណ្តាលឲ្យគ្រោះមហន្តរាយនេះកើតឡើង។ ទស្សនៈដ៏រំខាននេះ កាន់តែមានភាពធ្ងន់ធ្ងរ ពេលដែលប្រភពពត៌មានខ្លះ បានចាប់ផ្តើមហៅភ្លើងឆេះព្រៃថា ភ្លើងបរិសុទ្ធ។ អ្នកដែលមិនសូវស្គាល់តំបន់នោះ មិនបានដឹងទេថា តាមពិតគេបានប្រើពាក្យនេះ សំដៅទៅលើតំបន់មួយ ដែលមានឈ្មោះថា ជ្រលងភ្នំជីមដ៏បរិសុទ្ធ។ ប៉ុន្តែ ជីមដ៏បរិសុទ្ធ ជាឈ្មោះរបស់នរណា? យោងតាមប្រវត្តិសាស្រ្តប្រចាំតំបន់នេះ បានឲ្យដឹងថា គាត់គឺជាអ្នកចិញ្ចឹមឃ្មុំនៅសតវត្សរ៍ទី១៩។ គាត់មានការទាស់ប្រឆាំងនឹងជំនឿសាសនាខ្លាំងណាស់ ហើយក៏ចូលចិត្តរអ៊ូរទាំច្រើនផង បានជាអ្នកជិតខាងគាត់បានដាក់រហ័សនាមឲ្យគាត់ថា “ជីមដ៏បរិសុទ្ធ” ក្នុងន័យចម្អកឲ្យគាត់។
ក្នុងព្រះគម្ពីរលូកា ជំពូក៣ យើងឃើញថា លោកយ៉ូហាន បាទីស្ទបានលើកឡើង អំពីពីធីបុណ្យជ្រមុជដោយ “ព្រះវិញ្ញាណបរិសុទ្ធ និងភ្លើង”។ ត្រង់ចំណុចនេះ គាត់ក៏មានមូលហេតុរបស់គាត់ផងដែរ(លូកា ៣:១៦)។ គាត់ប្រហែលជានឹកចាំ អំពីបទទំនាយរបស់ហោរាម៉ាឡាគី ដែលបានចែង អំពីព្រះមែស៊ី និងភ្លើងឆេះបន្សុទ្ធ(៣:១-៣ ៤:១)។ ប៉ុន្តែ ទាល់តែព្រះវិញ្ញាណនៃព្រះបានយាងចុះមក ដូចជាខ្យល់ និងភ្លើង មកលើអ្នកដើរតាមព្រះយេស៊ូវហើយ ទើបបទទំនាយរបស់លោកម៉ាឡាគី និងលោកយ៉ូហានបានសម្រេច(កិច្ចការ ២:១-៤)។
ភ្លើងនៅក្នុងបទទំនាយ របស់លោកយ៉ូហាន មិនមែនជាអ្វីដែលគេបានរំពឹងគិតនោះទេ។ ភ្លើងនោះចេញមកពីព្រះជាម្ចាស់ ហើយនាំឲ្យគេមានចិត្តក្លាហាន នៅក្នុងការប្រកាស់ អំពីព្រះមែស៊ី និងភ្លើងដ៏បរិសុទ្ធ។…
ពេលដែលមានភាពស្រស់ស្អាត
នៅពេលព្រឹកថ្ងៃមួយ ក្នុងខែមករា ខ្ញុំបានក្រោកឡើង ដោយចិត្តរំពឹងថា ខ្ញុំនឹងបានឃើញទេសភាពដែលគួរឲ្យធុញទ្រាន់ នៅក្នុងពាក់កណ្តាលនៃរដូវរងា ដែលបានស្វាគមន៍ខ្ញុំអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។ មើលទៅទេសភាពនោះ ខ្ញុំមិនឃើញអ្វីក្រៅពីស្មៅពណ៌ត្នោតខ្ចី ដែលផុសឡើងពីស្រទាប់ព្រឹល និងផ្ទៃមេឃពណ៌ប្រផេះ ព្រមទាំងដើមឈើដែលរុះស្លឹកអស់។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំក៏បានសង្កេតឃើញចំណុចដែលខុសប្លែក ដែលកើតមានថ្មីៗ ផងដែរ។ អាកាសធាតុដែលចុះត្រជាក់ខ្លាំង បានធ្វើឲ្យដើមឈើ និងស្មៅ ត្រូវបានគ្របដណ្តប់ដោយទឹកកកតូចល្អិតស្រួចៗ ដូចគ្រីស្តាល់។ ទេសភាពដ៏សោះកក្រោះ និងគួរឲ្យធុញទ្រាន់នោះ ក៏បានប្រែក្លាយជាទេសភាពដ៏ស្រស់ស្អាត ដោយពន្លឺដែលចាំងផ្លេកៗ នៅពេលថ្ងៃ គួរឲ្យទស្សនា ដោយចិត្តស្ងប់ស្ងែង។
ជួនកាល យើងមើលទៅបញ្ហារបស់យើង ដោយមិនបានប្រើសេចក្តីជំនឿ។ យើងមើលឃើញតែការឈឺចាប់ ការភ័យខ្លាច និងភាពអស់សង្ឃឹម ដែលស្វាគមន៍យើងរៀងរាល់ពេលព្រឹក ប៉ុន្តែ យើងបានមើលរំលងលទ្ធភាព ដែលយើងអាចមើលឃើញរឿងផ្សេងពីនេះ។ ពេលនោះ យើងមើលមិនឃើញភាពធូរស្បើយ ការលូតលាស់ ឬជ័យជម្នះ តាមរយៈអំណាចចេស្តារបស់ព្រះនោះទេ។ តែព្រះគម្ពីរបានប្រាប់យើងថា មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចជួយចម្លងយើង ឲ្យផុតពេលដ៏ពិបាកនោះបាន។ ព្រះអង្គជួសជុលចិត្តដែលខ្ទេចខ្ទាំ និងរំដោះមនុស្សឲ្យរួចពីចំណង។ ព្រះអង្គកម្សាន្តចិត្តមនុស្សដែលសោកសង្រេង ដោយប្រទាន “ភួងលំអជំនួសផេះ ហើយប្រេងនៃសេចក្តីអំណរជំនួសសេចក្តីសោកសៅ”(អេសាយ ៦១:៣)។
ព្រះអង្គមិនគ្រាន់តែសព្វព្រះទ័យ ឲ្យយើងមានចិត្តរីករាយឡើងវិញ ពេលដែលយើងមានបញ្ហាប៉ុណ្ណោះឡើយ តែព្រះអង្គក៏ជាក្តីសង្ឃឹមរបស់យើង ក្នុងពេលដែលមានទុក្ខលំបាក។ ចូរយើងងាកទៅរកព្រះជាម្ចាស់…
ការផ្តោតអារម្មណ៍ទាំងស្រុង
បច្ចេកវិទ្យាសព្វថ្ងៃ ហាក់ដូចជាកំពុងតែទាមទាចំណាប់អារម្មណ៍ពីយើងជានិច្ច។ អ៊ីនធើណិតគឺជា“ភាពអស្ចារ្យ” ក្នុងសម័យទំនើប (ដែលសព្វថ្ងៃនេះ យើងអាចប្រើប្រាស់វាយ៉ាងងាយស្រួល នៅក្នុងទូរស័ព្ទទំនើប) ដែលបានផ្តល់ឲ្យយើង នូវលទ្ធភាពដ៏អស្ចារ្យ ក្នុងការស្វែងរកចំណេះដឹង និងពត៌មានរបស់មនុស្ស នៅក្នុងឧបករណ៍ដែលយើងអាចកាន់នៅក្នុងដៃយើងបាន។ ប៉ុន្តែ សម្រាប់មនុស្សជាច្រើន ការចូលមើលអ៊ីនធើណិតជាប់ជានិច្ច ឬញឹកញាប់ពេក អាចនាំឲ្យមានការខាតបង់។
អ្នកស្រីលីនដា ស្តូន(Linda Stone) ដែលជាអ្នកនិពន្ធបាននិយាយពីផលវិបាករបស់អ៊ីនធើណិត ដែលបានទាក់ទាញអារម្មណ៍របស់យើងជាប់ជានិច្ច។ គាត់បានពិពណ៌នាថា ក្នុងសម័យបច្ចុប្បន្ន អ៊ីនធើណិតបានជំរុញចិត្តមនុស្ស ឲ្យចេះតែចង់ដឹងចង់យល់ អំពីការអ្វីដែលកំពុងតែកើតឡើងក្នុងសង្គម គឺធ្វើយ៉ាងណា កុំឲ្យរំលងរឿងណាមួយឡើយ។ បញ្ហានេះអាចនាំឲ្យមនុស្សមានចិត្តថប់បារម្ភដ៏រាំរ៉ៃ។
សាវ័កប៉ុលក៏ធ្លាប់ឆ្លងកាត់ការថប់បារម្ភ ដោយសារមូលហេតុផ្សេងៗ តែគាត់ក៏ដឹងផងដែរថា វិញ្ញាណរបស់យើងម្នាក់ៗសុទ្ធតែចំាបាច់ត្រូវស្វែងរកសន្តិភាព នៅក្នុងព្រះជាម្ចាស់។ ហេតុនេះហើយ ពេលដែលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅអ្នកជឿថ្មី ដែលបានជួបការបៀតបៀន(១ថែស្សាឡូនិច ២:១៤) នៅចុងសំបុត្រនោះ គាត់បានជំរុញអ្នកជឿទាំងអស់ ថា “ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់” (៥:១៦-១៨)។
ការអធិស្ឋាន “ឥតឈប់ឈរ” ហាក់ដូចជាមិនងាយស្រួលទេ។ ប៉ុន្តែ យើងត្រូវសួរខ្លួនឯងថា តើយើងបានបើកមើលទូរស័ព្ទរបស់យើង ក្នុងមួយថ្ងៃប៉ុន្មានដង? ចុះបើសិនជាយើងងាកមកជជែកជាមួយព្រះអង្គ ដើម្បីអរព្រះគុណ ទូលអង្វរ ឬសរសើរដំកើងព្រះអង្គវិញ តើជីវិតយើងនឹងល្អប្រសើរយ៉ាងណា?
ជាងនេះទៅទៀត ចុះបើសិនជាយើងផ្លាស់ប្តូរទម្លាប់ដែលចេះតែចង់មើលនេះមើលនោះ…
ហោះហើរទៅបាត់
លោកប៊ែងស៊ី(Banksy) ជាសីល្បៈករដែលមានភាពប៉ិនប្រសប់ណាស់។ គាត់បានបង្ហាញចេញនូវកាយវិការដែលគួរឲ្យអស់សំណើច ពេលដែលផ្ទាំងគំនូររបស់គាត់ មានចំណងជើងថា ក្មេងស្រីកាន់ប៉េងប៉ោង ត្រូវបានគេទិញក្នុងតម្លៃ១លានផោន នៅមជ្ឈមណ្ឌលដេញថ្លៃសូថេប៊ី ក្នុងទីក្រុងឡុងដ៍។ បន្ទាប់ពីគេប្រកាស់ថា ផ្ទាំងគំនូរនេះត្រូវបាន “លក់” មួយសន្ទុះក្រោយមក សម្លេងកណ្តឹងក៏បានរោទ៍ឡើង ហើយផ្ទាំងគំនូរនោះក៏បានថ្លាក់ចុះពីស៊ុមរបស់វា កាត់តាមម៉ាស៊ីនកាត់ក្រដាស់ ដែលគាត់បានបង្កប់នៅក្នុងស៊ុមនោះ ធ្វើឲ្យផ្ទៃរូបពាក់កណ្តាលខាងក្រោម ត្រូវដាច់ដោចអស់។ លោកប៊ែងស៊ីក៏បានបង្ហោះរូបថតមួយ ដែលក្នុងនោះគេឃើញអ្នកដេញថ្លៃទាំងឡាយ ដែលកំពុងតែសម្តែងកាយវិការសោកស្តាយចំពោះស្នាដៃឯករបស់គាត់ ដែលកំពុងតែត្រូវបានបំផ្លាញ ហើយគាត់ក៏បានដាក់ចំណងជើងឲ្យរូបភាពនោះថា “ទៅហើយ ទៅហើយ ហិនហោចអស់”។
ត្រង់ចំណុចនេះ លោកប៊ែងស៊ីកំពុងតែចម្អកឲ្យពួកអ្នកមាន ប៉ុន្តែ គាត់មិនចាំបាច់ត្រូវមានការសោកស្តាយ ចំពោះទ្រព្យសម្បត្តិដែលបានបាត់បង់ទៅនោះឡើយ។ នៅក្នុងទ្រព្យសម្បត្តិ គឺមានបង្កប់ទៅដោយល្បិចជាច្រើន។ ព្រះជាម្ចាស់មានបន្ទូលថា “កុំឲ្យនឿយហត់ដល់ខ្លួន ដើម្បីឲ្យបានជាអ្នកមានឡើយ ក៏កុំឲ្យប្រើប្រាជ្ញាឲ្យបានមានឡើងដែរ។ តើចង់ភ្ជាប់ភ្នែកតាមរបស់ដែលសោះសូន្យ ឬដ្បិតទ្រព្យសម្បត្តិ តែងតែដុះស្លាបជាមិនខាន ក៏នឹងហើរទៅលើមេឃ បែបដូចជាឥន្ទ្រី”(ខ.៤-៥)។
លុយជារបស់ដែលងាយបាត់បង់បំផុត។ យើងខិតខំធ្វើការ ដើម្បីរកលុយ តែវាអាចបាត់បង់ទៅវិញ ដោយសារកត្តាជាច្រើន។ ការវិនិយោគអាចខាតបង់ អតិផរណាអាចកើនឡើង យើងត្រូវបង់ថ្លៃនេះបង់ថ្លៃនោះមិនចេះចប់ ចោរអាចមកលួចប្លន់ ហើយភ្លើង និងទឹកជំនន់ក៏អាចបំផ្លាញទ្រព្យសម្បត្តិយើងផងដែរ។ ទោះយើងព្យាយាមគ្រប់គ្រងលុយយើងយ៉ាងណាក៏ដោយ ពេលវេលាដែលយើងនៅសល់ សម្រាប់ចាយវា ក៏សល់កាន់តែតិចទៅៗ។ ជីវិតយើងនៅផែនដី នឹងដល់ទីបញ្ចប់…