ដំណឹងល្អសម្រាប់ថ្លែងប្រាប់
មានពេលមួយ ខ្ញុំបានសួរសិស្សម្នាក់ដែលជាជនជាតិអ៊ីរ៉ង់ថា “តើអ្នកឈ្មោះអ្វី?” គាត់ឈ្មោះអាម៉ាន(Arman) បន្ទាប់ពីខ្ញុំបានប្រាប់គាត់ថា ខ្ញុំឈ្មោះអេស្ទេរ៉ា(Estera) គាត់ក៏បានងើបមុខឡើង ហើយនិយាយថា “យើងទាំងពីរមានឈ្មោះស្រដៀងនឹងឈ្មោះសេទែ(Setare) ក្នុងភាសាហ្វាស៊ី!”(ភាសាដែលគេប្រើនៅប្រទេសអ៊ីរ៉ង់) ទំនាក់ទំនងដ៏តូចនេះ បាននាំឲ្យយើងមានការសន្ទនាគ្នាដ៏ប្រសើរមួយ។ ខ្ញុំប្រាប់គាត់ថា ឪពុកម្តាយខ្ញុំបានដាក់ឈ្មោះឲ្យខ្ញុំ តាមលំនាំឈ្មោះរបស់តួអង្គក្នុងព្រះគម្ពីរ គឺ “ព្រះនាងអេសធើរ” ដែលជាម្ចាស់ក្សត្រីដើមកំណើតជនជាតិយូដាក្នុងចក្រភពពើរស៊ី(សព្វថ្ងៃនេះ ជាប្រទេសអ៊ីរ៉ង់)។ ខ្ញុំក៏បានចាប់ផ្តើមចែកចាយរឿងព្រះនាងអេសធើរ ឲ្យគាត់ស្តាប់ ហើយក៏បានផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ។ ដោយសារការសន្ទនានេះ អាម៉ានក៏បានចាប់ផ្តើមចូលរួមការសិក្សាព្រះគម្ពីរប្រចាំសប្តាហ៍ ដើម្បីសិក្សាបន្ថែមអំពីព្រះគ្រីស្ទ។
លោកភីលីពដែលជាសាវ័ករបស់ព្រះយេស៊ូវ បានទទួលការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ។ គាត់បានសួរសំណួរមួយ ដែលនាំឲ្យមានការសន្ទនា ជាមួយមន្រ្តីជនជាតិអេធីយ៉ូពីរម្នាក់ ដែលកំពុងធ្វើដំណើរតាមរទេះសេះ។ ពេលគាត់ឮអ្នកនោះកំពុងតែអានមើលគម្ពីរហោរាអេសាយ គាត់ក៏បានសួរថា “លោកមើលយល់ឬទេ?”(កិច្ចការ ៨:៣០)។ កាលនោះ បុរសជនជាតិអេធីយ៉ូពីកំពុងស្វែងរកការយល់ដឹងខាងវិញ្ញាណ នៅក្នុងបទគម្ពីរនោះ។ ពេលលោកភីលីពដឹងថា នេះជាឱកាសល្អ គាត់ក៏បាន “បើកមាត់សំដែងប្រាប់ដំណឹងល្អពីព្រះយេស៊ូវ ចាប់តាំងពីបទគម្ពីរនោះរៀងទៅ”(ខ.៣៥)។
យើងក៏មានដំណឹងល្អដែលត្រូវចែកចាយដល់អ្នកដទៃ ដូចលោកភីលីពផងដែរ។ ចូរយើងស្វែងរកឱកាសជារៀងរាល់ថ្ងៃ នៅកន្លែងធ្វើការ នៅហាងទំនិញ ឬនៅតំបន់ដែលយើងរស់នៅ។ ចូរយើងអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធដឹកនាំជំហានយើង ហើយប្រទានឲ្យយើងមានពាក្យ ដើម្បីចែកចាយអំពីក្តីសង្ឃឹម និងក្តីអំណរក្នុងព្រះយេស៊ូវ។—ESTERA PIROSCA ESCOBAR
អ្នកឈ្នះ ដែលមិននឹកស្មានដល់
នៅក្នុងការប្រកួតកីឡាអូឡាំពិកក្នុងរដូវរងា ឆ្នំា២០១៨ កញ្ញាអេសធើ លេដេកា(Ester Ledecka) ដែលជាកីឡាករជិះបន្ទះក្តាលើទឹកកកជើងឯកពិភពលោក របស់សាធារណៈរដ្ឋឆេក បានឈ្នះការប្រកួត នៅក្នុងកីឡាមួយផ្សេងទៀត គឺកីឡាជិះស្គីលើទឹកកក។ រឿងនេះប្រហែលជាបានក្លាយជាព្រឹត្តិការណ៍ ដែលគួរឲ្យភ្ញាក់ផ្អើលបំផុត នៅក្នុងការប្រកួតអូឡាំពិកក្នុងរដូវរងាឆ្នាំនោះ។ ហើយគាត់ជាកីឡាករដែលមានលេខរៀងទី២៦ ដែលធ្វើឲ្យគាត់មានការពិបាកយ៉ាងខ្លាំង នៅក្នុងការយកជ័យជម្នះ ដែលគេមិនជឿថា គាត់អាចធ្វើបានឡើយ តែគាត់ឈ្នះបានមេដាយមាស ក្នុងចំណាត់ថ្នាក់លេខមួយ។
អ្វីដែលអស្ចារ្យនោះ គឺកញ្ញាលេដីកាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងការប្រកួត សូពើរជី សម្រាប់ស្រ្តី ដែលតម្រូវឲ្យមានការជិះស្គីចុះពីលើទួល តាមផ្លូវក្រវិចក្រវាន។ បន្ទាប់ពីគាត់បានឈ្នះការប្រកួត ដោយមកដល់ទីលឿងជាងគេ ០,០១ វិនាទីប៉ុណ្ណោះ ទាំងគាត់ ទំាងអ្នកសារព័ត៌មាន និងអ្នកប្រកួតដទៃទៀតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយគេគិតថា មានតែកីឡាករជិះស្គីកំពូលៗប៉ុណ្ណោះ ដែលអាចឈ្នះការប្រកួតនេះបាន។
នេះហើយជារបៀបនៃការគិតរបស់លោកិយ។ យើងច្រើនតែសន្ឋិដ្ឋានថា អ្នកឈ្នះនឹងនៅតែបន្តឈ្នះ ខណៈពេលដែលអ្នកដទៃទៀតនឹងបរាជ័យ។ ពួកសាវ័កក៏មានអារម្មណ៍ថា ផែនដីបានក្រឡាប់ចក្រផងដែរ ពេលដែលព្រះយេស៊ូវមានបន្ទូលថា “អ្នកមានពិបាកនឹងចូលនគរព្រះ”(ម៉ាថាយ ១៩:២៣)។ តើអ្នកមាន មានអ្វីដែលរារាំងមិនឲ្យពួកគេអាចចូលនគរស្ថានសួគ៌? ជាការពិតណាស់ បើយើងទុកចិត្តលើអ្វី ដែលយើងមាន(អ្វីដែលយើងអាចធ្វើ និងយើងជានរណា) យើងមិនគ្រាន់តែពិបាកទុកចិត្តព្រះប៉ុណ្ណោះទេ តែថែមទាំងមិនអាចទុកចិត្តទ្រង់ផងដែរ។
យើងមិនអាចចូលនរគព្រះ តាមក្បួនរបស់យើងបានទេ។ ព្រះយេស៊ូវមានបន្ទូលថា “នឹងមានមនុស្សមុន ទៅជាក្រោយជាច្រើន ហើយនិងមានមនុស្សក្រោយ…
ការផ្លាស់ប្តូរ ដែលអាចធ្វើទៅបាន
ថ្ងៃមួយ សមាជិកក្រុមយុវជនមួយចំនួន បានជួបជុំគ្នានៅពេលរសៀលថ្ងៃសៅរ៍ ដើម្បីចោទជាសំណួរដ៏ពិបាកៗ ដល់គ្នាទៅវិញទៅមក ផ្អែកទៅលើបទគម្ពីរ ភីលីព ២:៣-៤ ដែលបានចែងថា “កុំឲ្យធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្តីអំនួតឥតប្រយោជន៍ឡើយ តែចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ។ កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង”។ សំណួរពិបាកៗទាំងនោះ មានដូចជា : តើអ្នករាល់គ្នាបានគិតពីប្រយោជន៍អ្នកដទៃ នៅពេលណាខ្លះ? តើអ្នកដទៃគិតថា អ្នកជាមនុស្សមានការបន្ទាបខ្លួន ឬមានអំណួត? តើហេតុអ្វី?
ខណៈពេលដែលខ្ញុំនៅស្តាប់ពួកគេ ខ្ញុំមានការលើកទឹកចិត្ត ពេលបានឮពួកគេឆ្លើយសំណួរ ដោយចិត្តស្មោះត្រង់។ ក្មេងជំទង់ទាំងនោះបានយល់ស្របថា យើងងាយនឹងទទួលស្គាល់ចំណុចខ្វះខាតរបស់យើង តែយើងពិបាកកែប្រែ ឬមិនងាយមានចិត្តដែលចង់កែប្រែ។ មានក្មេងជំទង់ម្នាក់បានត្អូញត្អែរថា ភាពអាត្មានិយម បានជាប់នៅក្នុងឈាមរបស់គាត់។
យើងអាចឈប់ផ្តោតទៅលើប្រយោជន៍ផ្ទាល់ខ្លួន ហើយងាកមកគិតប្រយោជន៍អ្នកដទៃវិញ ដោយពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងយើង។ ហេតុនេះហើយបានជាសាវ័កប៉ុលបានក្រើនរំឭកពួកជំនុំនៅក្រុងភីលីពឲ្យនឹកចាំ អំពីការអ្វីដែលព្រះជាម្ចាស់បានធ្វើ និងបានធ្វើឲ្យរឿងល្អៗជាច្រើន អាចកើតមានចំពោះពួកគេ។ ទ្រង់បានទទួលចិញ្ចឹមពួកគេ ដោយព្រះគុណទ្រង់ កម្សាន្តចិត្តពួកគេដោយសេចក្តីស្រឡាញ់ទ្រង់ ហើយបានប្រទានព្រះវិញ្ញាណទ្រង់ ដើម្បីជួយពួកគេ(ភីលីព ២:១-២)។ តើពួកគេ និងយើងរាល់គ្នាអាចឆ្លើយតប ចំពោះព្រះគុណទ្រង់ ដោយការបន្ទាបខ្លួន ដោយរបៀបណា?
ជាការពិតណាស់ ព្រះជាម្ចាស់ជាហេតុផល ដែលយើងត្រូវផ្លាស់ប្រែ ហើយមានតែទ្រង់ទេដែលអាចកែប្រែយើងបាន។ ដោយសារទ្រង់បានប្រទានឲ្យយើង មានចិត្ត និងអំណាច ដើម្បីធ្វើការអ្វីដែលទ្រង់សព្វព្រះទ័យ(ខ.១៣)…
ការអត់ទ្រាំនឹងទុក្ខលំបាក
កម្មវិធីចែកចាយបទពិសោធន៍ ស្ថិតក្នុងចំណោមសហគមន៍ធំបំផុត ក្នុងប្រព័ន្ធអ៊ីនធើណិត នៅសតវត្សរ៍ទី២១។ កាលពីមុន កម្មវិធីនេះគឺជាវេបសាយមួយ ដែលមនុស្សរាប់សិបលាននាក់បានប្រើ ដើម្បីចែកចាយអំពីបទពិសោធន៍ដ៏ឈឺចាប់ ដែលពួកគេបានជួបដោយផ្ទាល់។ ខណៈពេលដែលខ្ញុំបានអានរឿងដ៏ឈឺចាប់មួយចំនួន ដែលគេបានចែកចាយ ក្នុងវែបសាយនោះ ខ្ញុំក៏បាននឹកចាំថា ចិត្តមនុស្សយើងម្នាក់ៗមានការស្រេកឃ្លាន ចង់ឲ្យនរណាម្នាក់យល់អំពីការឈឺចាប់របស់យើង។
កណ្ឌគម្ពីរលោកុប្បត្តិបានចែងអំពីរឿងរបស់ស្រីបម្រើវ័យក្មេងម្នាក់ ដែលបានបង្ហាញឲ្យយើងដឹងថា ជីវិតយើងមានន័យប៉ុណ្ណា ពេលដែលគេយល់អំពីការឈឺចាប់របស់យើង។
នាងហាកាគឺជាទាសករវ័យក្មេង ដែលស្តេចផារ៉ោននៃនគរអេស៊ីព្ទប្រហែលជាបានប្រទានលោកអាប់រ៉ាម (មើលលោកុប្បត្តិ ១២:១៦ ១៦:១)។ ពេលដែលនាងសារ៉ាយដែលជាភរិយ៉ារបស់លោកអាប់រ៉ាមជាស្រ្តីអារ មិនអាចមានកូនបាន នាងក៏បានជំរុញលោកអាប់រ៉ាម ឲ្យមានកូនជាមួយនាងហាកា ដែលជាប្រពៃណីយដ៏អាក្រក់ នៅសម័យនោះ។ ប៉ុន្តែ ពេលដែលនាងហាកាមានផ្ទៃពោះ ភាពតានតឹងក៏បានកើតមាន រហូតដល់នាងហាការត់គេចខ្លួន ទៅវាលរហោស្ថាន ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញរបស់នាងសារ៉ាយ(១៦:១-៦)។
ពេលនោះនាងហាកាក៏បានជួបទុក្ខលំបាកកាន់តែខ្លាំង ដោយនាងមានផ្ទៃពោះ ហើយនៅតែម្នាក់ឯង យ៉ាងលំបាក ក្នុងវាលរហោស្ថានដ៏សោះកក្រោះ។ តែទុក្ខវេទនារបស់នាង មិនអាចជៀសផុតពីព្រះនេត្ររបស់ព្រះជាម្ចាស់ឡើយ។ បន្ទាប់មកព្រះអម្ចាស់បានលើកទឹកចិត្តនាងហាកា(ខ.៧-១២) នាងក៏បានប្រកាស់ថា “ព្រះអង្គជាព្រះដ៏ទតឃើញទូលបង្គំ” (ខ.១៣)។
នាងហាកាកំពុងតែសរសើរដំកើងព្រះ ដែលមិនគ្រាន់តែបានទតឃើញរឿងពិតរបស់នាងប៉ុណ្ណោះទេ។ ទ្រង់ជាព្រះ ដែលបានបង្ហាញព្រះអង្គទ្រង់ នៅក្នុងព្រះអម្ចាស់យេស៊ូវ ដែលបានទតឃើញហ្វូងមនុស្សហើយ មានព្រះហឫទ័យក្តួលអាណិតដល់គេ ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម ដែលឥតអ្នកគង្វាល(ម៉ាថាយ ៩:៣៦)។ នាងហាកាបានជួបព្រះ…
តើត្រូវការបេះដូងថ្មីទេ?
មានពេលមួយ ខ្ញុំបានទទួលដំណឹងដ៏សោកសៅ។ ប៉ារបស់ខ្ញុំមានការឈឺចាប់នៅក្នុងទ្រូង ដូចនេះ គ្រូពេទ្យរបស់គាត់ ក៏បានចេញវេជ្ជបញ្ជាឲ្យគាត់ ទៅស្គែនបេះដូង។ លទ្ធផលក៏បានបង្ហាញថា សសៃអាក់ទែរបស់គាត់ បានស្ទះអស់បីសសៃ។
គេក៏បានកំណត់ពេលឲ្យគាត់ទៅវះកាត់សសៃអាក់ទែទាំងបី នៅថ្ងៃទី១៤ កុម្ភៈ។ ប៉ារបស់ខ្ញុំមានការថប់បារម្ភ តែគាត់គិតថា កាលបរិច្ឆេទនោះ គឺជាសញ្ញានៃសេចក្តីសង្ឃឹម។ គាត់ក៏បាននិយាយថា គាត់នឹងមានបេះដូងថ្មីមួយ នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់។ គាត់ក៏បានទទួលលទ្ធផលដូចចិត្ត។ ការវៈកាត់បានប្រព្រឹត្តទៅ យ៉ាងល្អឥតខ្ចោះ ដោយបានធ្វើឲ្យឈាមហូរចូលទៅក្នុងបេះដូងដ៏ឈឺចាប់របស់គាត់ដូចដើមវិញ ធ្វើឲ្យគាត់មានអារម្មណ៍ថា ហាក់ដូចជាមានបេះដូងថ្មីអញ្ចឹង។
ការវៈកាត់របស់ឪពុកខ្ញុំបានរំឭកខ្ញុំថា ព្រះជាម្ចាស់ក៏បានប្រទានឲ្យយើងមានជីវិតថ្មីផងដែរ។ អំពើបាបបានធ្វើឲ្យសសៃអាក់ទែខាងវិញ្ញាណរបស់យើងកកស្ទះ ដោយធ្វើឲ្យយើងមិនអាចមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ បានជាយើងចាំបាច់ត្រូវឆ្លងកាត់ការវះកាត់ខាងវិញ្ញាណ ដើម្បីសម្អាតវា។
នោះជាអ្វីដែលព្រះជាម្ចាស់បានសន្យារាស្រ្តទ្រង់ នៅក្នុងបទគម្ពីរ អេសេគាល ៣៦:២៦។ ទ្រង់បានធានាពួកអ៊ីស្រាអែលថា ទ្រង់នឹងឲ្យពួកគេមានចិត្តថ្មី(ឬបេះដូងថ្មី) ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងពួកគេផងដែរ។ ទ្រង់ក៏បានសន្យាផងដែរថា ទ្រង់នឹងជម្រះគេរាល់គ្នាឲ្យស្អាត ពីគ្រប់ទាំងសេចក្តីស្មោកគ្រោក(ខ.២៥) ហើយ ដាក់វិញ្ញាណទ្រង់ នៅក្នុងពួកគេម្នាក់ៗ(ខ.២៧)។ នៅពេលដែលរាស្រ្តទ្រង់បាត់បង់ក្តីសង្ឃឹម ទ្រង់ក៏បានសន្យាថា នឹងប្រទានការចាប់ផ្តើមជាថ្មីដល់ពួកគេ ក្នុងនាមជាព្រះ ដែលអាចធ្វើឲ្យជីវិតពួកគេថ្មីឡើង។
ទីបំផុត ការសន្យានេះបានសម្រេច តាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ។ ពេលណាយើងទទួលជឿទ្រង់ យើងក៏បានទទួលបេះដូងខាងវិញ្ញាណថ្មីមួយ ដែលព្រះទ្រង់បានសម្អាតបាប និងភាពអស់សង្ឃឹម ចេញពីយើង។ ពេលដែលយើងពេញដោយព្រះវិញ្ញាណនៃព្រះគ្រីស្ទ…
ប្រយ័ត្ន!
ខ្ញុំបានចម្រើនវ័យធំឡើង នៅក្នុងបណ្តាទីក្រុងនៅភាគខាងត្បូងមួយចំនួន នៅសហរដ្ឋអាមេរិក ដែលមានអាកាសធាតុក្តៅ ហេតុនេះហើយ ពេលដែលខ្ញុំផ្លាស់ទៅរស់នៅ ក្នុងទីក្រុងនៅភាគខាងជើង ខ្ញុំចំណាយពេលមួយរយៈ នៅក្នុងការរៀនបើកបរ ឲ្យមានសុវត្ថិភាព ក្នុងអំឡុងខែដែលមានព្រឹលធ្លាក់ រយៈពេលវែង។ ក្នុងអំឡុងពេលដែលខ្ញុំឆ្លងកាត់រដូវរងាដ៏ពិបាកជាលើកទីមួយ ខ្ញុំបានជាប់គាំងដំណើរបីដង ពេលដែលមានព្រឹលធ្លាក់ខ្លាំង ហើយមានកម្រាស់ក្រាស់។ ប៉ុន្តែ បន្ទាប់ពីខ្ញុំបានហ្វឹកហាត់ជាច្រើនឆ្នាំ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ស្រណុកស្រួល នៅក្នុងការបើកបរ ក្នុងរដូវរងា ដែលមានព្រឹលធ្លាក់។ តាមពិត ខ្ញុំមានអារម្មណ៍ស្រណុកស្រួលពេក បានជាខ្ញុំឈប់មានការប្រុងប្រយ័ត្ន។ គឺនៅពេលនោះហើយ ដែលខ្ញុំបានបើកឡានបុកផ្ទាំងទឹកកកពណ៌ខ្មៅមួយផ្ទាំង ហើយឡានខ្ញុំក៏បានអូសកង់ ទាល់តែបុកនឹងបង្គោលទូរស័ព្ទ នៅចិញ្ចើមផ្លូវ។
តែអរព្រះគុណព្រះអង្គ ដែលគ្មាននរណាម្នាក់មានរបួស ប៉ុន្តែ ថ្ងៃនោះ ខ្ញុំបានរៀនមេរៀនដ៏សំខាន់មួយ។ ខ្ញុំបានដឹងថា ការមានអារម្មណ៍ស្រណុកស្រួល អាចនាំឲ្យមានគ្រោះថ្នាក់ប៉ុណ្ណា។ វាបានធ្វើឲ្យខ្ញុំខ្វះការប្រុងប្រយ័ត្ន និងបាត់បង់ម្ចាស់ការ។
យើងចាំបាច់ត្រូវហ្វឹកហាត់ខ្លួន ឲ្យមានការប្រុងប្រយ័ត្ននៅក្នុងជីវិតខាងវិញ្ញាណរបស់យើង។ លោកពេត្រុសបានដាស់តឿនគ្រីស្ទបរិស័ទទាំងឡាយ កុំឲ្យហោះហើរឆ្លងកាត់ជីវិត ដោយខ្វះការប្រុងប្រយ័ត្ននោះឡើយ តែត្រូវ “ដឹងខ្លួន” ឬប្រុងប្រយ័ត្នជានិច្ច(១ពេត្រុស ៥:៨)។ អារក្សតែងតែព្យាយាមយ៉ាងសកម្ម ដើម្បីបំផ្លាញយើង ហេតុនេះហើយ យើងក៏ចាំបាច់ត្រូវសកម្មជានិច្ច ដោយជម្នះការល្បួង ហើយឈរយ៉ាងមំាមួន ក្នុងជំនឿរបស់យើង(ខ.៩)។ វាមិនមែនជាអ្វីដែលយើងត្រូវធ្វើ ដោយពឹងផ្អែកលើគំនិតយើងនោះឡើយ។ ព្រះទ្រង់បានសន្យាថា នឹងគង់នៅជាមួយយើង…
ការប្រុងប្រយ័ត្នចំពោះអ្វីៗដែលនៅជុំវិញខ្លួន
មានពេលមួយ ក្រុមគ្រួសារខ្ញុំ ដែលមានគ្នា៥នាក់ បានទៅទីក្រុងរ៉ូម ដើម្បីធ្វើដំណើរកម្សាន្តនៅរដូវបុណ្យណូអែល។ នៅកន្លែងមួយ មានមនុស្សកកកុញយ៉ាងខ្លាំង ដែលខ្ញុំដូចមិនធ្លាប់ឃើញមនុស្សច្រើនយ៉ាងនេះទេ។ យើងបានដើរបត់ចុះឡើងៗ កាត់តាមហ្វូងមនុស្ស ដើម្បីទៅមើលកន្លែងទេសចរណ៍ ដូចជាទីក្រុងវ៉ាទីកង់ និងសំណង់ស្តាតខូលីសៀមជាដើម។ ពេលនោះ ខ្ញុំក៏បាននិយាយបញ្ជាក់ម្តងហើយម្តងទៀត ឲ្យកូនៗរបស់ខ្ញុំ មានការប្រុងប្រយ័ត្ន អំពីទីតាំងដែលពួកគេបានទៅដល់ គឺត្រូវដឹងថា ពួកគេកំពុងនៅទីណា មាននរណាខ្លះនៅក្បែរពួកគេ ហើយមានរឿងអ្វីកំពុងកើតឡើង។ យើងកំពុងរស់នៅសម័យ ដែលពិភពលោកមិនមានសុវត្ថិភាព ទោះនៅក្នុងផ្ទះ ឬនៅក្រៅប្រទេសក្តី។ ហើយដោយសារក្មេងៗ(ក៏ដូចជាមនុស្សធំ)ចូលចិត្តប្រើទូរស័ព្ទចល័ត និងពាក់កាស់នៅត្រចៀក នោះពួកគេមិនតែងតែមានការប្រុងប្រយ័ត្ន ចំពោះអ្វីៗដែលនៅជុំវិញខ្លួនឡើយ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលសាវ័កប៉ុលបានអធិស្ឋាន ឲ្យគ្រីស្ទបរិស័ទ នៅទីក្រុងភីលីព សូមឲ្យពួកគេមានការប្រុងប្រយ័ត្ន ចំពោះអ្វីៗដែលនៅជុំវិញខ្លួនពួកគេ គឺដូចដែលមានចែងក្នុងបទគម្ពីរ ភីលីព ១:៩-១១។ ត្រង់ចំណុចនេះ គាត់ចង់ឲ្យពួកគេបង្កើនការយល់ដឹងអំពី មនុស្ស និងអ្វីៗដែលនៅជុំវិញខ្លួនពួកគេ ហើយដឹងថា ខ្លួនកំពុងនៅទីណា។ ប៉ុន្តែ សាវ័កប៉ុលមិនគ្រាន់តែបានក្រើនរំឭកពួកគេ ក្នុងគោលដៅ ដើម្បីឲ្យពួកគេមានសុវត្ថិភាពផ្ទាល់ខ្លួនប៉ុណ្ណោះឡើយ។ តាមពិត គាត់ចង់ឲ្យរាស្រ្តដ៏បរិសុទ្ធរបស់ព្រះ បានធ្វើជាអ្នកទទួលសេចក្តីស្រឡាញ់នៃព្រះគ្រីស្ទ ហើយប្រើក្តីស្រឡាញ់នោះឲ្យបានត្រឹមត្រូវ ដោយដឹងថា មានសេចក្តីអ្វីខ្លះដែល “ល្អបំផុត” និងរស់នៅក្នុងសេចក្តី “បរិសុទ្ធ និងឥតមានកន្លែងបន្ទោសបាន” ហើយមានពេញដោយគុណសម្បត្តិដ៏ល្អ…
សេចក្តីស្រឡាញ់ដែលមិនអាចពិពណ៌នាបាន
ពួកជំនុំដ៏តូចរបស់ខ្ញុំ បានសម្រេចចិត្តធ្វើអំណោយដ៏ភ្ញាក់ផ្អើលមួយ សម្រាប់កូនប្រុសខ្ញុំ នៅថ្ងៃបុណ្យខួបកំណើតរបស់គាត់ នៅអាយុ៦ឆ្នាំ។ សមាជិកព្រះវិហារមួយចំនួន បានតុបតែងបន្ទប់សាលារៀនថ្ងៃអាទិត្យ ដោយចងព្យួរប៉េងប៉ោង និងតម្រៀបតុតូចមួយ ដោយមាននំខួបកំណើតនៅលើនោះ។ ពេលកូនប្រុសខ្ញុំបើកទ្វារបន្ទប់នោះឡើង យើងទាំងអស់គ្នាក៏បានស្រែកឡើងព្រមគ្នាថា “រីករាយថ្ងៃកំណើត”។
ក្រោយមក ពេលខ្ញុំកំពុងកាត់នំខួបកំណើត កូនប្រុសខ្ញុំក៏បានមកក្បែរខ្ញុំ ហើយខ្សិបដាក់ត្រចៀកខ្ញុំថា “ម៉ាក់ ហេតុអ្វី នៅទីនោះ គេទាំងអស់គ្នាសុទ្ធតែស្រឡាញ់ខ្ញុំ?” ខ្ញុំក៏មានសំណួរដូចគាត់ផងដែរ។ ពួកគេបានស្គាល់យើងប្រហែល៦ខែប៉ុណ្ណោះ តែពួកគេបានប្រព្រឹត្តចំពោះយើង ដូចមិត្តភក្តិដែលពួកគេបានរាប់អានតាំងពីយូរមកហើយ។
សេចក្តីស្រឡាញ់ដែលពួកគេមានចំពោះកូនប្រុសខ្ញុំ បានឆ្លុះបញ្ចាំង អំពីសេចក្តីស្រឡាញ់ដែលព្រះជាម្ចាស់ មានចំពោះយើងរាល់គ្នា។ យើងមិនអាចយល់ថា ហេតុអ្វីបានជាទ្រង់ស្រឡាញ់យើង តែទ្រង់បានស្រឡាញ់យើង ហើយទ្រង់បានប្រទានក្តីស្រឡាញ់របស់ទ្រង់ ដោយឥតសំចៃ។ យើងមិនបានធ្វើអ្វី ដែលសមនឹងទទួលសេចក្តីស្រឡាញ់របស់ទ្រង់ឡើយ តែទ្រង់បានស្រឡាញ់យើង ខ្លាំងយ៉ាងនេះ។ ព្រះគម្ពីរបានចែងថា “ព្រះជាសេចក្តីស្រឡាញ់”(១យ៉ូហាន ៤:៨)។ សេចក្តីស្រឡាញ់ជាផ្នែកមួយនៃអត្តសញ្ញាណរបស់ទ្រង់។
ព្រះជាម្ចាស់បានចាក់បង្ហូរសេចក្តីស្រឡាញ់របស់ទ្រង់ មកលើយើង យ៉ាងហូរហៀរ ដើម្បីឲ្យយើងបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ដល់អ្នកដទៃ។ ព្រះយេស៊ូវបានប្រាប់សាវ័ករបស់ទ្រង់ថា “ខ្ញុំឲ្យសេចក្តីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក”(យ៉ូហាន ១៣:៣៤-៣៥)។
សមាជិកពួកជំនុំរបស់ខ្ញុំបានស្រឡាញ់ខ្ញុំ និងកូនខ្ញុំយ៉ាងនេះ ដោយសារពួកគេមានសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងពួកគេ។…
ព្រះពរដែលព្រះបានឲ្យយើងខ្ចី
មុនពេលយើងញាំអាហារថ្ងៃត្រង់រួមគ្នា មិត្តភក្តិរបស់ខ្ញុំ ដែលមានឈ្មោះ ចេហ្វ(Jeff) ក៏បានឱនក្បាលអធិស្ឋានថា “ឱព្រះវរបិតា សូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានខ្យល់ ឲ្យយើងខ្ញុំដកដង្ហើម ហើយបានប្រទានអាហារឲ្យយើងខ្ញុំបរិភោគ”។ កាលនោះលោកចេហ្វទើបតែបាត់បង់ការងារ ដូចនេះគាត់ក៏បានទុកចិត្តព្រះជាម្ចាស់អស់ពីចិត្ត ហើយពេលដែលគាត់ទទួលស្គាល់ថា អ្វីៗទាំងអស់ជាកម្មសិទ្ធិរបស់ទ្រង់ ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ ខ្ញុំក៏បានសួរខ្លួនឯងថា តើខ្ញុំបានទទួលស្គាល់ ដោយស្មោះអស់ពីចិត្តទេថា សូម្បីតែរបស់ដែលយើងត្រូវការចាំបាច់បំផុត និងអ្វីៗទាំងអស់ក្នុងជីវិតខ្ញុំ គឺជាកម្មសិទ្ធិរបស់ទ្រង់ ហើយទ្រង់គ្រាន់តែបានអនុញ្ញាតឲ្យខ្ញុំប្រើពួកវាប៉ុណ្ណោះ?
ពេលដែលស្តេចដាវីឌបានទទួលដង្វាយពីប្រជាជនអ៊ីស្រាអែល សម្រាប់ការសាងសង់ព្រះវិហារ នៅទីក្រុងយេរូសាឡិម ទ្រង់បានអធិស្ឋានថា “តើទូលបង្គំជាអ្វី ហើយរាស្ត្ររបស់ទូលបង្គំនេះជាអ្វី ដែលយើងខ្ញុំរាល់គ្នាអាចនឹងថ្វាយដង្វាយយ៉ាងនេះ ដោយស្ម័គ្រពីចិត្តបាន ដ្បិតគ្រប់របស់ទាំងអស់មកពីទ្រង់ យើងខ្ញុំរាល់គ្នាបានយកតែពីព្រះហស្តទ្រង់ ថ្វាយដល់ទ្រង់វិញ” ហើយទ្រង់ក៏បានមានបន្ទូលទៀតថា “អ្វីៗជារបស់ផងព្រះជាម្ចាស់ទាំងអស់”(១របាក្សត្រ ២៩:១៤,១៦)។
ព្រះគម្ពីរបានចែងថា សូម្បីតែ “សមត្ថភាព នៅក្នុងការបង្កើតទ្រព្យសម្បត្តិ” និងប្រកបរបរចិញ្ចឹមជីវិត ក៏មកពីទ្រង់ផងដែរ(ចោទិយកថា ៨:១៨)។ យើងស្គាល់ថា អ្វីទាំងអស់ដែលយើងមាន គឺសុទ្ធតែទ្រង់ឲ្យយើងខ្ចីប្រើ។ ការទទួលស្គាល់បែបនេះ បានលើកទឹកចិត្តយើង កុំឲ្យក្តាប់យករបស់របរ នៅក្នុងលោកិយនេះ ហើយរស់នៅដោយដៃ និងចិត្តដែលបើកទូលាយ ដើម្បីចែករំលែកដល់អ្នកដទៃ ដោយចិត្តជ្រះថ្លា ដោយអរព្រះគុណព្រះជាម្ចាស់ សម្រាប់សេចក្តីសប្បុរសដែលយើងបានទទួលពីទ្រង់ ជារៀងរាល់ថ្ងៃ។
ព្រះជាម្ចាស់ជាអ្នកចែករំលែកដ៏សប្បុរស ដោយសេចក្តីស្រឡាញ់យ៉ាងខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់…