ការចែកចាយអំពីព្រះយេស៊ូវ
បន្ទាប់ពីលោកដ្វាយ ម៉ូឌី(Dwight Moody ឆ្នាំ ១៨៣៧-៩៩) បានទទួលជឿព្រះគ្រីស្ទ មិនទាន់បានយូរប៉ុន្មានផង អ្នកផ្សាយដំណឹងល្អរូបនេះក៏បានប្តេជ្ញាថា គាត់នឹងមិនឲ្យថ្ងៃនីមួយៗកន្លងផុតទៅ ដោយមិនបានផ្សាយដំណឹងល្អ យ៉ាងហោចណាស់ ឲ្យបានមនុស្សម្នាក់ ក្នុងមួយថ្ងៃ។ នៅថ្ងៃដ៏មមាញឹក ពេលខ្លះ គាត់បានភ្លេចការប្តេជ្ញាចិត្តរបស់គាត់ រហូតដល់ពេលថ្ងៃបានកន្លងផុតទៅ។ នៅយប់មួយនោះ គាត់ក៏បាននឹកឃើញ ពេលគាត់កំពុងគេង។ ពេលគាត់បោះជំហានចេញក្រៅ គាត់ក៏បានគិតថា គ្មាននរណាម្នាក់នៅខាងក្រៅ ពេលភ្លៀងកំពុងតែធ្លាក់ខ្លាំងយ៉ាងនេះទេ។ បន្ទាប់មក គាត់ក៏បានឃើញបុរសម្នាក់ដើរតាមផ្លូវ។ លោកមូឌីក៏បានស្ទុះទៅរកបុរសនោះ ហើយសុំឲ្យបុរសនោះជ្រកក្រោមឆ័ត្ររបស់ខ្លួន ដើម្បីកុំឲ្យត្រូវទឹកភ្លៀង។ ពេលគាត់មានឱកាស គាត់ក៏បានសួរបុរសនោះថា “តើអ្នកមានកន្លែងជ្រក នៅពេលមានព្យុះភ្លៀងឬទេ? តើខ្ញុំអាចនិយាយអំពីព្រះយេស៊ូវ ប្រាប់អ្នកបានទេ?”
លោកមូឌីមានការប្រុងប្រៀបខ្លួន ដើម្បីផ្សាយអំពីរបៀបដែលព្រះទ្រង់ជួយសង្រ្គោះយើង ឲ្យរួចពីផលវិបាកនៃអំពើបាបរបស់យើង។ គាត់បានអនុវត្តតាមបង្គាប់របស់ព្រះ ឲ្យពួកអ៊ីស្រាអែលប្រកាសព្រះនាមព្រះអង្គ និងសរសើរពីកិច្ចការទាំងប៉ុន្មានរបស់ទ្រង់ នៅកណ្តាលប្រជាជាតិទាំងឡាយ(អេសាយ ១២:៤)។ ព្រះទ្រង់មិនគ្រាន់តែបានត្រាស់ហៅរាស្រ្តទ្រង់ ឲ្យ “ប្រកាសថា ព្រះនាមទ្រង់ខ្ពស់វិសេស”ប៉ុណ្ណោះទេ(ខ.៤) តែពួកគេក៏ត្រូវចែកចាយថា ទ្រង់ជាសេចក្តីសង្រ្គោះរបស់ពួកគេផងដែរ(ខ.២)។ ជាច្រើនសតវត្សរ៍ក្រោយមក ព្រះអង្គនៅតែត្រាស់ហៅយើង ឲ្យប្រាប់គេ អំពីការអស្ចារ្យ នៃការដែលព្រះយេស៊ូវបានយកកំណើតជាមនុស្ស សុគតនៅលើឈើឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ។
យើងប្រហែលជាបានឮអំពីសេចក្តីស្រឡាញ់របស់ព្រះ ពេលដែលនរណាម្នាក់បានចាកចេញពីភាពស្រណុកស្រួលរបស់ខ្លួន ដើម្បីប្រាប់យើងអំពីព្រះយេស៊ូវ ដូចដែលលោកមូឌីបានធ្វើ។…
សេចក្តីមេត្តា និងព្រះគុណ
មានដើមផ្កាឈូករតន៍ដ៏គួរភ្ញាក់ផ្អើលមួយដើម បានឈរដោយខ្លួនឯង នៅចំកណ្តាលផ្លូវជាតិដ៏ឯកោមួយ ដែលមានចម្ងាយប្រហែល១ម៉ែត្រ ពីចំណែកផ្លូវសម្រាប់បើកលឿន។ ពេលខ្ញុំបើកកាត់តាមនោះ អស់ជាច្រើនគីឡូម៉ែត្រ មិនឃើញមានដើមផ្កាឈូករតន៍ដទៃទៀតសោះ ដូចនេះ ខ្ញុំឆ្ងល់ថា តើវាបានលូតលាស់តែឯងយ៉ាងដូចម្តេច? មានតែព្រះទេដែលអាចបង្កើតរុក្ខជាតិ ដ៏រឹងមាំយ៉ាងនេះ ដែលអាចលូតលាស់ ក្នុងថ្មប្រផេះនៅកណ្តាលថ្នល់ ជិតចំណែកផ្លូវដែលមានចរាចរណ៍ទៅមក។ នៅទីនោះវាបានលូតលាស់បានល្អ ដោយយោលខ្លួនតិចៗ តាមចរន្តខ្យល់បក់ ហើយបានស្វាគមន៍អ្នកដំណើរយ៉ាងរីករាយ ខណៈពេលដែលពួកគេបើកកាត់តាមនោះ។
កណ្ឌគម្ពីរសញ្ញាចាស់បានចែងអំពីប្រវត្តិរបស់ស្តេចយូដា ដ៏ស្មោះត្រង់មួយអង្គ ដែលបានធ្វើនូវរឿងដែលគេមិននឹកស្មានដល់។ ព្រះបិតា និងឰយុកោទ្រង់បានបម្រើព្រះដទៃ ដោយចិត្តក្លៀវក្លា តែ បន្ទាប់ពីស្តេចយ៉ូសៀសបានសោយរាជបាន៨ឆ្នាំ “កាលទ្រង់នៅក្មេងនៅឡើយ នោះទ្រង់ចាប់តាំងស្វែងរកតាមព្រះនៃដាវីឌ ជាឰយុកោទ្រង់”(១របាក្សត្រ ៣៤:៣)។ ទ្រង់បានចាត់ពួកជាងឲ្យទៅ “ជួសជុលព្រះវិហារព្រះអម្ចាស់”(ខ.៨) ហើយគេក៏បានរកឃើញគម្ពីរក្រឹត្យវិន័យ(កណ្ឌ៥ដំបូងនៃព្រះគម្ពីរសញ្ញាចាស់ ខ.១៤)។ បន្ទាប់មក ព្រះទ្រង់ក៏បានបណ្តាលចិត្តស្តេចយ៉ូសៀស ឲ្យដឹកនាំនគរយូដាទំាងមូល ឲ្យវិលត្រឡប់មករកជំនឿ នៃបុព្វបុរសរបស់ពួកគេវិញ ហើយពួកគេក៏បានបម្រើព្រះអម្ចាស់ “ដរាបណាស្តេចយ៉ូសៀសនៅមានព្រះជន្ម”(ខ.៣៣)។
ព្រះនៃយើងជាម្ចាស់នៃសេចក្តីមេត្តាករុណា ដែលមនុស្សមិននឹកស្មានដល់។ ព្រះអង្គអាចនាំឲ្យការល្អដ៏អស្ចារ្យ កើតមាន ដែលគេមិននឹកស្មានដល់ ចេញពីថ្មដ៏រឹងនៃកាលៈទេសៈនៃជីវិត ដែលមិនអំណោយផល។ ចូរយើងមើលទៅព្រះអង្គឲ្យបានច្បាស់។ ព្រះអង្គអាចធ្វើឲ្យការនេះកើតឡើងម្តងទៀត នៅថ្ងៃនេះ។—James Banks
អំណាចនៃដំណឹងល្អ
ចក្រភពរ៉ូម៉ាំងនៅសម័យបុរាណ មានដំណឹងល្អមួយបែប តាមប្រពៃណីសាសនារបស់ខ្លួន។ លោកវើជីល(Virgil) ដែលជាកវីកំណាព្យ បានពិពណ៌នាថា ព្រះហ្ស៊ូស ដែលជាស្តេចរបស់ពួកព្រះនៃជនជាតិក្រិក បានចេញព្រះរាជក្រឹត្យ ឲ្យជនជាតិរ៉ូម៉ាំងមាននគរមួយ ដែលគ្មានទីបញ្ចប់ ឬគ្មានព្រំដែន។ ទ្រង់ក៏បានជ្រើសរើសស្តេចអ៊ូគូស្ទូស(Augustus) ឲ្យធ្វើជាបុត្រារបស់ព្រះ និងជាអ្នកសង្រ្គោះពិភពលោក ដោយនាំមកនូវយុគសម័យមាស ដែលមានសន្តិភាព និងភាពសម្បូរសប្បាយ។
ទោះជាយ៉ាងណាក៏ដោយ មិនមែនមនុស្សទំាងអស់សុទ្ធតែចាត់ទុកគំនិតនេះ ជាដំណឹងល្អនោះទេ។ សម្រាប់មនុស្សជាច្រើន វាជារឿងពិតដែលគេមិនចង់ឲ្យកើតឡើង តែបានកើតឡើង ដោយសារកណ្តាប់ដៃដែក របស់កងទ័ព និងពេជ្ឈឃាតរបស់ព្រះចៅអធិរាជអង្គនោះ។ ភាពរុងរឿងនៃចក្រភពរ៉ូម៉ាំងបានសង់ឡើង នៅលើខ្នងនៃទាសករ ដែលបម្រើ ដោយគ្មានសិទ្ធិជាមនុស្ស ឬមានទ្រព្យសម្បត្តិ ដើម្បីបំពេញចិត្តពួកម្ចាស់ទាសករ ដែលគ្រប់គ្រងពួកគេ។
គឺក្នុងពិភពលោកប្រភេទនេះហើយ ដែលសាវ័កប៉ុលបានណែនាំឲ្យគេស្គាល់គាត់ថា ជាអ្នកបម្រើព្រះគ្រីស្ទ(រ៉ូម ១:១)។ កាលពីមុន សាវ័កប៉ុលបានស្អប់ព្រះនាមព្រះយេស៊ូវណាស់។ ហើយព្រះយេស៊ូវផ្ទាល់ក៏បានរងទុក្ខ ដោយសារព្រះអង្គបានទទួលស្គាល់ថា ព្រះអង្គជាស្តេចនៃសាសន៍យូដា និងជាព្រះអង្គសង្រ្គោះនៃពិភពលោក។
នេះជាដំណឹងល្អ ដែលសាវ័កប៉ុលបានពន្យល់ប្រាប់គេ ក្នុងសំបុត្រទាំងមូល ដែលគាត់សរសេរផ្ញើទៅពួកជំនុំនៅទីក្រុងរ៉ូម។ គាត់ថា ដំណឹងល្អនេះជា “ព្រះចេស្តានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ”(ខ.១៦)។ អ្នកដែលកំពុងរងទុក្ខនៅក្រោមការគ្រប់គ្រងរបស់ស្តេចសេសា ពិតជាត្រូវការដំណឹងល្អនេះណាស់។ គឺដំណឹងល្អនៃព្រះអង្គសង្រ្គោះដែលបានសុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញ ជាអ្នករំដោះ ដែលបានឈ្នះខ្មាំងសត្រូវរបស់ទ្រង់ ដោយបង្ហាញឲ្យពួកគេដឹងថា ព្រះអង្គស្រឡាញ់ពួកគេខ្លាំងប៉ុណ្ណា។—Mart…
ចុងបញ្ចប់ដ៏អស្ចារ្យ
ស្វាមីខ្ញុំ និងកូនប្រុសខ្ញុំបានបើកទូរទស្សន៍ ចេញពីប៉ុស្តិ៍មួយចូលប៉ុស្តិ៍មួយទៀត ដើម្បីរកមើលខ្សែភាពយន្តមួយ ហើយក៏បានឃើញគេកំពុងតែចាក់បញ្ចាំងខ្សែភាពយន្តដែលពួកគេចូលចិត្ត។ ខណៈពេលដែលពួកគេកំពុងអរសប្បាយនឹងការទស្សនាឈុតចុងក្រោយ ការស្វែងរកខ្សែភាពយន្តក៏បានក្លាយជាល្បែងកម្សាន្ត។ ពួកគេក៏រកបានខ្សែភាពយន្ត៨រឿង ដែលពួកគេចូលចិត្ត។ ដោយមានការនឿយណាយ ខ្ញុំក៏បានសួរពួកគេថា ហេតុអ្វីពួកគេមិនសម្រេចចិត្តមើលខ្សែភាពយន្តពីដើមដល់ចប់។ ស្វាមីខ្ញុំក៏បាននិយាយទាំងអស់សំណើចថា “តើនរណាមិនចូលចិត្តចុងបញ្ចប់ដ៏អស្ចារ្យ”។
ខ្ញុំត្រូវតែទទួលស្គាល់ថា ខ្ញុំក៏ទន្ទឹងរង់ចាំមើលចុងបញ្ចប់នៃសៀវភៅ ឬខ្សែភាពយន្តដែលខ្ញុំចូលចិត្តផងដែរ។ ខ្ញុំបានបើកមើលព្រះគម្ពីរប៊ីបត្រួសៗ ហើយផ្តោតទៅលើតែផ្នែក ឬរឿងដែលខ្ញុំចូលចិត្តជាងគេ ដែលហាក់ដូចជាងាយទទួល និងងាយយល់ជាងគេ។ ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធបានប្រើព្រះបន្ទូលទំាងអស់របស់ព្រះ ដែលអាចពឹងផ្អែក និងអនុវត្តតាមបាន ដើម្បីកែប្រែយើង ហើយបញ្ជាក់ថា រឿងរបស់ព្រះអង្គនឹងបញ្ចប់បានល្អ សម្រាប់អ្នកជឿព្រះយេស៊ូវ។
ព្រះគ្រីស្ទបានប្រកាសថា ព្រះអង្គជា “អាល់ហ្វា និងអូមេហ្គា ជាដើម និងជាចុង”(វិវរណៈ ២២:១៣)។ ព្រះអង្គប្រកាសថា រាស្រ្តព្រះអង្គ និងទទួលជីវិតអស់កល្បជាមរតក(ខ.១៤) ហើយបានព្រមានអ្នកដែលហ៊ានបន្ថែម ឬបន្ថយសេចក្តីទំនាយ ក្នុងព្រះគម្ពីរ(ខ.១៨-១៩)។
យើងប្រហែលមិនស្គាល់ ឬយល់អ្វីៗទំាងអស់ ក្នុងព្រះគម្ពីរប៊ីបឡើយ តែយើងពិតជាដឹងថា ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញម្តងទៀត។ ព្រះអង្គនឹងធ្វើតាមព្រះបន្ទូលព្រះអង្គ។ ព្រះអង្គនឹងបំផ្លាញបាប ធ្វើឲ្យអ្វីៗប្រែជាត្រឹមត្រូវ និងថ្មីឡើងវិញ ហើយគ្រងរាជ្យជាក្សត្រដែលមានក្តីស្រឡាញ់អស់កល្បជានិច្ច។ នេះជាចុងបញ្ចប់ដ៏អស្ចារ្យ ដែលនាំទៅរកការចាប់ផ្តើមជាថ្មីរបស់យើង!—Xochitl Dixon
ព្រះអង្គជាគ្រូពេទ្យល្អបំផុត
ពេលដែលការព្យាបាលរបស់ពេទ្យ បានចាប់ផ្តើមផ្តល់ឲ្យនូវភាពធូរស្រាល សម្រាប់សមាជិកក្រុមគ្រួសារម្នាក់ ដែលមានបញ្ហាប្រតិកម្មម្ហូបអាហារធ្ងន់ធ្ងរ ខ្ញុំមានចិត្តរំភើបរីករាយណាស់ បានជាខ្ញុំជជែកអំពីរឿងនេះជានិច្ច។ ខ្ញុំបានរៀបរាប់ អំពីដំណើរនៃការព្យាបាលដ៏ល្អិតល្អន់ ហើយសរសើរវេជ្ជបណ្ឌិត ដែលបានបង្កើតកម្មវិធីនេះ។ ទីបំផុត មិត្តភក្តិមួយចំនួនក៏បាននិយាយថា “យើងគិតថា យើងគួរតែថ្វាយការសរសើរដល់ព្រះ សម្រាប់ការប្រោសឲ្យជា”។ ពាក្យនេះបានធ្វើឲ្យខ្ញុំនៅទ្រឹងមួយកន្លែង។ តើខ្ញុំបានភ្លេចព្រះដែលជាគ្រូពេទ្យល្អបំផុត ហើយបែរជាថ្វាយបង្គំការប្រោសឲ្យជា ដូចរូបព្រះឬ?
ប្រជាជនអ៊ីស្រាអែលក៏ធ្លាប់ធ្លាក់ចូលទៅក្នុងអន្ទាក់ស្រដៀងនេះផងដែរ ខណៈពេលដែលពួកគេចាប់ផ្តើមដុតកំញានថ្វាយរូបពស់លង្ហិន ដែលព្រះទ្រង់ធ្លាប់បានប្រើ ដើម្បីប្រោសពួកគេឲ្យជា។ ពួកគេបានអនុវត្តនូវការថ្វាយបង្គំនេះ ទាល់តែស្តេចហេសេគាបានចាត់ទុកការនេះជាការថ្វាយបង្គំរូបព្រះ ហើយក៏បានបំផ្លាញរូបពស់ដែលលោកម៉ូសេបានបង្កើតនោះ(២ពង្សាវតាក្សត្រ ១៨:៤)។
កាលប៉ុន្មានសតវត្សរ៍មុន សត្វពស់មួយហ្វូងបានចូលកន្លែងបោះជំរុំរបស់ពួកអ៊ីស្រាអែល។ សត្វពស់ក៏បានចឹកពួកគេ ហើយមនុស្សជាច្រើនបានស្លាប់(ជនគណនា ២១:៦)។ ទោះការបះបោរខាងវិញ្ញាណ បានបណ្តាលឲ្យមានបញ្ហា ពួកបណ្តាជនក៏បានស្រែកសូមឲ្យព្រះជួយ។ ព្រះអង្គក៏បានបង្ហាញសេចក្តីមេត្តា ដោយបង្គាប់លោកម៉ូសេឲ្យឆ្លាក់រូបពស់ពីលង្ហិន ចងជាប់នឹងបង្គោល លើកឲ្យខ្ពស់ ដើម្បីឲ្យគេរាល់គ្នាអាចមើលឃើញ។ ពេលដែលពួកបណ្តាជនមើលទៅរូបពស់នោះ ពួកគេក៏បានទទួលការប្រោសឲ្យជា(ខ.៤-៩)។
ចូរគិតអំពីអំណោយដែលព្រះប្រទានអ្នក។ តើអ្នកបានសរសើរអំណោយណាមួយ ជាជាងនឹកចាំអំពីភស្តុតាងនៃសេចក្តីមេត្តា និងព្រះគុណរបស់ព្រះឬទេ? មានតែព្រះដ៏បរិសុទ្ធរបស់យើង ដែលជាប្រភពនៃអំណោយល្អៗ(យ៉ាកុប ១:១៧) ដែលសក្តិសមនឹងឲ្យយើងថ្វាយបង្គំ។—Jennifer Benson Schuldt
ការស្តាប់តាមការដាស់តឿន
ពេលដែលចោរលូកហោប៉ៅបានព្យាយាមលួចកាបូបលុយរបស់ខ្ញុំ ខណៈពេលដែលខ្ញុំកំពុងធ្វើដំណើរកម្សាន្តក្រៅប្រទេស ខ្ញុំមិនមានការភ្ញាក់ផ្អើលទេ។ ខ្ញុំបានអានអំពីការដាស់តឿន អំពីគ្រោះថ្នាក់នៃចោរក្រោមដី ដូចនេះ ខ្ញុំដឹងថា ខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីការពារកាបូបលុយរបស់ខ្ញុំ។ ប៉ុន្តែ ខ្ញុំមិនដែលរំពឹងថា វានឹងកើតឡើងនោះទេ។
តែអរព្រះគុណព្រះអង្គ កាលយុវជនដែលបានលូកយកកាបូបលុយរបស់ខ្ញុំ មានដៃរអិល ធ្វើឲ្យកាបូបលុយខ្ញុំធ្លាក់ទៅលើដី ហើយខ្ញុំក៏បានរើសមកវិញ។ ប៉ុន្តែ រឿងហេតុនេះបានក្រើនរំឭកខ្ញុំថា ខ្ញុំគួរតែស្តាប់តាមការដាស់តឿន អំពីអំពើចោរកម្ម។
យើងមិនចូលចិត្តផ្តោតចិត្តទៅលើការដាស់តឿនគ្រប់ពេលវេលានោះឡើយ ព្រោះយើងគិតថា ការប្រុងប្រយ័ត្ន និងគិតអំពីគ្រោះថ្នាក់គ្រប់ពេល ធ្វើឲ្យយើងមិនអាចអរសប្បាយនឹងជីវិត ប៉ុន្តែ ការផ្តោតចិត្តទៅលើការដាស់តឿន ជាការចាំបាច់។ ឧទាហរណ៍ ព្រះយេស៊ូវបានប្រទាននូវការដាស់តឿនដ៏ច្បាស់លាស់ ខណៈពេលដែលព្រះអង្គចាត់ពួកសិស្សទ្រង់ ឲ្យទៅប្រកាស អំពីនគរព្រះ(ម៉ាថាយ ១០:៧)។ ព្រះអង្គមានបន្ទូលថា “អស់អ្នកណាដែលទទួលថ្លែងប្រាប់ពីខ្ញុំ នៅមុខមនុស្សលោក នោះខ្ញុំនឹងទទួលថ្លែងប្រាប់ពីអ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ តែអ្នកណាដែលមិនព្រមទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោកទេ នោះខ្ញុំក៏មិនព្រមទទួលស្គាល់អ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ”(ខ.៣២-៣៣)។
យើងមានជម្រើស។ ព្រះទ្រង់បានប្រទានព្រះអង្គសង្រ្គោះមួយអង្គ ដោយក្តីស្រឡាញ់ ហើយមានផែនការ សម្រាប់ឲ្យយើងបាននៅក្នុងព្រះវត្តមានទ្រង់អស់កល្បជានិច្ច។ ប៉ុន្តែ បើយើងងាកបែរចេញពីព្រះ យើងសម្រេចចិត្តបដិសេធព្រះបន្ទូល អំពីសេចក្តីសង្រ្គោះ និងជីវិតពិត ដែលព្រះអង្គប្រទានក្នុងពេលបច្ចុប្បន្ន និងជារៀងរហូត នោះយើងបាត់បង់ឱកាសទៅនៅជាមួយព្រះអង្គ។
ចូរយើងទុកចិត្តព្រះយេស៊ូវ…
មូលហេតុដ៏ល្អដែលត្រូវថែរក្សា
មានស្រ្តីពីរនាក់អង្គុយនៅកៅអីសង្ខាងផ្លូវដើរក្នុងយន្តហោះ។ ការធ្វើដំណើរតាមជើងហោះហើរនេះ មានរយៈពេល២ម៉ោង ដូចនេះ ទោះចង់ឬមិនចង់ ខ្ញុំក៏បានឃើញការទំនាក់ទំនងរវាងអ្នកទាំងពីរ។ ខ្ញុំអាចមើលឃើញច្បាស់ថា ពួកគេស្គាល់គ្នា ហើយអាចជាសាច់ញាតិនឹងគ្នា។ អ្នកដែលក្មេងជាងគេ ក្នុងចំណោមអ្នកទាំងពីរ(ប្រហែលមានអាយុ៦០ឆ្នាំប្លាយ) ចេះតែលូកដៃចូលទៅក្នុងថង់ យកចំណិតផ្លែប៉ោម ចែកឲ្យស្រ្តីដែលមានវ័យចាស់ជាង(ប្រហែល៩០ឆ្នាំប្លាយ) បន្ទាប់មក ក៏បានហុចនំសាំងវិចតូចៗ រួចក៏បានឲ្យក្រដាសសើមសម្រាប់ជូតសម្អាត ហើយទីបំផុត ក៏បានចែកកាសែតញូយ៉កថែម ឲ្យមើលទៀត។ ការហុចឲ្យមួយលើកៗ ត្រូវបានធ្វើឡើង យ៉ាងទន់ភ្លន់ ដោយភាពថ្លៃថ្នូរយ៉ាងខ្លាំង។ ខណៈពេលដែលយើងក្រោកឡើង ដើម្បីចាកចេញពីយន្តហោះ ខ្ញុំក៏បានប្រាប់ស្រ្តីដែលមានវ័យក្មេងជាងថា “ខ្ញុំបានកត់សំគាល់ឃើញ អ្នកយកចិត្តទុកដាក់ចំពោះគាត់។ អ្នកពិតជាចិត្តល្អណាស់”។ នាងក៏បានឆ្លើយតបថា “គាត់ជាមិត្តល្អបំផុតរបស់ខ្ញុំ។ គាត់ជាម្តាយខ្ញុំ”។
តើវាអស្ចារ្យប៉ុណ្ណា បើសិនជាយើងសុទ្ធតែអាចនិយាយដូចគាត់? ឪពុកម្តាយខ្លះ ប្រៀបដូចជាមិត្តល្អបំផុតរបស់យើង។ តែឪពុកម្តាយខ្លះមិនដូច្នោះទេ។ តាមពិត ទំនាក់ទំនងទាំងនោះ ច្រើនតែមានភាពស្មុគស្មាញ។ សំបុត្រដែលសាវ័កប៉ុលសរសេរផ្ញើទៅលោកធីម៉ូថេ មិនបានមិនអើពើ ចំពោះភាពស្មុគស្មាញនេះឡើយ តែបានបង្រៀនយើង ឲ្យថែរក្សាឪពុកម្តាយ និងជីដូនជីតា ឬសាច់ញាតិរបស់យើង និយាយរួមគឺក្រុមគ្រួសារយើង(១ធីម៉ូថេ ៥:៤,៨)។
មានពេលជាញឹកញាប់ពេកហើយ ដែលយើងធ្វើការថែរក្សាដូចនេះ បើសិនជាសមាជិកគ្រួសារយើងធ្វើល្អចំពោះយើង។ ឬអាចនិយាយបានម្យ៉ាងទៀតថា យើងធ្វើដូចនេះ បើសិនជាយើងគិតថា ពួកគាត់សក្តិសមនឹងទទួលវា។ ប៉ុន្តែ សាវ័កប៉ុលបានផ្តល់ឲ្យនូវហេតុផលដ៏ល្អ ដែលយើងត្រូវតបស្នងពួកគេ។…
ការផ្គត់ផ្គង់របស់ព្រះ
យើងបានដើរចូលក្នុងព្រៃកាន់តែជ្រៅទៅៗ ចេញទៅកាន់តែឆ្ងាយ ពីភូមិមួយ នៅខេត្តយូណាន ប្រទេសចិន។ ប្រហែល១ម៉ោងក្រោយមក យើងក៏បានឮសម្លេងទឹកធ្លាក់ដ៏ទ្រហឹង។ យើងក៏បានបោះជំហានកាន់តែញាប់ជាងមុន ហើយមិនយូរប៉ុន្មានក៏បានទៅដល់ទីតាំងដ៏ស្រឡះមួយ ក្នុងព្រៃ ដោយទទួលបាននូវការស្វាគមន៍ ពីទេសភាពដ៏ស្រស់ស្អាត នៃទឹកធ្លាក់ដូចវាំងនន លើថ្មពណ៌ប្រផេះ។ ពិតជាគួរឲ្យចង់ទស្សនាណាស់!
អ្នករួមដំណើរជាមួយយើង ដែលរស់នៅក្នុងភូមិដែលយើងបានចាកចេញប្រហែល១ម៉ោងមុន ក៏បានសម្រេចចិត្តថា យើងគួរតែញាំអាហារ ជាលក្ខណៈពិចនិចនៅកន្លែងនោះ។ នេះជាគំនិតល្អណាស់ ប៉ុន្តែ តើអាហាររបស់យើងនៅឯណា? យើងមិនបានយកអាហារមកជាមួយទេ។ មិត្តភក្តិទាំងនោះក៏បានចូលទៅក្នុងព្រៃដែលនៅជុំវិញខ្លួនយើង ហើយក៏បានត្រឡប់មកវិញ ដោយនាំយកផ្លែឈើ និងបន្លែជាច្រើនប្រភេទ ហើយថែមទាំងមានត្រីទៀត។ ផ្លែស៊ូស៊ាំងខាយ មានរូបរាងចម្លែក និងមានផ្កាតូចៗពណ៌ស្វាយ តែមានរស់ជាតិឆ្ងាញ់ ដូចផ្លែឈើមកពីស្ថានសួគ៌!
ខ្ញុំក៏បាននឹកចាំថា ស្នាព្រះហស្តរបស់ព្រះបានប្រកាស អំពីការផ្គត់ផ្គង់ដ៏ហូរហៀររបស់ព្រះ។ យើងអាចមើលឃើញភស្តុតាងនៃសេចក្តីសប្បុរសរបស់ព្រះ នៅក្នុង “រុក្ខជាតិមានផ្លែតាមពូជដែរ ហើយមានគ្រាប់នៅក្នុងផ្លែ”(លោកុប្បត្តិ ១:១២)។ ព្រះទ្រង់បានបង្កើត និងប្រទានយើងនូវអាហារ ពីរុក្ខជាតិដែលមានគ្រាប់ និងពីដើមឈើដែលមានផ្លែ ហើយមានគ្រាប់ក្នុងផ្លែ(ខ.២៩)។
តើពេលខ្លះ អ្នកមានការពិបាក នៅក្នុងការទុកចិត្តលើការផ្គត់ផ្គង់របស់ព្រះឬទេ? សូមអ្នកដើរចូលទៅក្នុងធម្មជាតិ។ តាមរយៈអ្វីដែលអ្នកបានឃើញ ក្នុងធម្មជាតិ ចូរនឹកចាំព្រះបន្ទូលព្រះយេស៊ូវ ដែលបានធានាថា “កុំឲ្យខ្វល់ខ្វាយថា តើត្រូវបរិភោគអ្វី ឬស្លៀកពាក់អ្វីនោះឡើយ … ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌…
ការស្រឡាញ់មនុស្សដែលអ្នកស្អប់
ខ្ញុំបានចូលទៅក្នុងបន្ទប់មួយយ៉ាងស្ងាត់ស្ងៀម មុនពេលនាងឃើញខ្ញុំ។ ខ្ញុំមានអារម្មណ៍ខ្មាសអៀន ក្នុងការលាក់ខ្លួន ប៉ុន្តែ ខ្ញុំមិនចង់កែតម្រង់នាងតែម្តងទេ។ ខ្ញុំចង់និយាយប្រាប់នាងភ្លាមៗ ដើម្បីឲ្យនាងមានការខ្មាសអៀន។ ខ្ញុំធ្លាប់មានការធុញទ្រាន់ ចំពោះអាកប្បកិរិយារបស់នាងកាលពីមុន ប៉ុន្តែ ខ្ញុំទំនងជាបានធ្វើឲ្យនាងធុញទ្រាន់ជាងហ្នឹងទៀត។
ជនជាតិយូដា និងជនជាតិសាម៉ារី ក៏ធ្លាប់មានការធុញទ្រាន់ទៅវិញទៅមកផងដែរ។ ជនជាតិសាម៉ារីមានដើមកំណើតជាជនជាតិយូដា កាត់សាសន៍ដទៃ ហើយថ្វាយបង្គំព្រះរបស់ខ្លួន ដូចនេះ ជនជាតិយូដាយល់ឃើញថា ជនជាតិសាម៉ារី បានធ្វើឲ្យខូចខ្សែលោហិត និងជំនឿរបស់សាសន៍យូដា ដោយបង្កើតសាសនានៅលើភ្នំកេរ៉ាស៊ីន ប្រឆាំងនឹងសាសនាយូដា(យ៉ូហាន ៤:២០)។ តាមពិត ជនជាតិយូដាស្អប់ខ្ពើមជនជាតិសាម៉ារីណាស់ បានជាពួកគេសុខចិត្តធ្វើដំណើរតាមផ្លូវវាង ជាជាងធ្វើដំណើរកាត់តាមស្រុកភូមិរបស់ពួកគេ។
ព្រះយេស៊ូវបានបើកសម្តែង ឲ្យពួកគេស្គាល់ផ្លូវដែលល្អជាងនេះ ព្រះអង្គបាននាំសេចក្តីសង្រ្គោះដល់មនុស្សទាំងអស់ ដោយរាប់បញ្ចូលទាំងពួកសាសន៍សាម៉ារីផងដែរ។ ដូចនេះ ទ្រង់ក៏បានធ្វើដំណើរចូលដល់ចំណុចកណ្តាលនៃស្រុកសាម៉ារី ដើម្បីប្រទានទឹករស់ ដល់ស្រ្តីមានបាបម្នាក់ ព្រមទាំងក្រុងរបស់នាងទាំងមូលផង(ខ.៤-៤២)។ ព្រះបន្ទូលចុងក្រោយរបស់ព្រះអង្គ គឺបានបង្គាប់ឲ្យពួកសិស្សទ្រង់យកតម្រាប់តាមព្រះអង្គ។ ពួកគេត្រូវផ្សាយដំណឹងល្អ ដល់មនុស្សទំាងអស់ ចាប់តាំងពីទីក្រុងយេរូសាឡិម ហើយកាត់តាមស្រុកសាម៉ារី រហូតដល់ចុងបំផុតនៃផែនដី(កិច្ចការ ១:៨)។ ស្រុកសាម៉ារីមិនគ្រាន់តែជាតំបន់ដែលត្រូវឈោងចាប់បន្ទាប់ពីទីក្រុងយេរូសាឡិមប៉ុណ្ណោះទេ តែជាផ្នែកដ៏ឈឺចាប់បំផុតនៃបេសកកម្មនេះ។ ពួកសាវ័កត្រូវតែជម្នះការរើសអើងដែលមានតាំងពីយូរមកហើយ ដើម្បីស្រឡាញ់មនុស្សដែលពួកគេធ្លាប់តែមិនចូលចិត្ត។
តើព្រះយេស៊ូវសំខាន់ចំពោះយើង លើសបំណងចិត្តរបស់យើងឬទេ? ដើម្បីឲ្យយើងដឹងច្បាស់ថា ព្រះអង្គសំខាន់ជាង ចូរយើងស្រឡាញ់មនុស្សដែលយើងស្អប់។—Mike Wittmer
មិនស្វែងរកការសងសឹក
កសិករម្នាក់បានឡើងទៅលើឡានរបស់គាត់ ហើយក៏បានចាប់ផ្តើមពិនិត្យមើលដំណាំរបស់គាត់។ ពេលគាត់ទៅដល់ចុងម្ខាង កំហឹងរបស់គាត់ក៏បានឆួលឡើង។ គេបានប្រើដីក្នុងកសិដ្ឋានរបស់គាត់ ដើម្បីចាក់សំរាម ដោយខុសច្បាប់ ម្តងទៀតហើយ។
គាត់ក៏បានប្រមូលសំរាមដាក់នៅលើឡានគាត់ ដែលមានថង់ច្រកកំទេចអាហារជាច្រើន ហើយគាត់ក៏បានរកឃើញស្រោមសំបុត្រមួយ ក្នុងសំរាមនោះ។ នៅលើស្រោមសំបុត្រនោះ មានអាស័យដ្ឋានរបស់ជនល្មើសនោះ។ គាត់មិនអាចឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឡើយ។ នៅយប់នោះ គាត់ក៏បានបើកឡានដឹកសំរាមទៅផ្ទះរបស់ជនល្មើសនោះ ហើយក៏បានបំពេញទីធ្លាផ្ទះនោះ ដោយសំរាមរបស់ជននោះ ព្រមទាំងសំរាមរបស់គាត់ផងដែរ។
អ្នកខ្លះប្រហែលជាចង់និយាយថា គាត់ពិតជាសងសឹកបានល្អណាស់ តើមែនទេ? ក្នុងបទគម្ពីរ ១សាំយ៉ូអែល ជំពូក២៤ ស្តេចដាវីឌ និងពួកទ័ពរបស់ទ្រង់ កំពុងលាក់ខ្លួនក្នុងរូងភ្នំមួយ ដើម្បីគេចពីការតាមសម្លាប់របស់ស្តេចសូល។ ពេលដែលស្តេចសូលបានវង្វេងចូលទៅក្នុងរូងភ្នំនោះ ដើម្បីសម្រាក ពួកទ័ពរបស់ស្តេចដាវីឌក៏បានមើលឃើញឱកាសល្អ ដើម្បីសងសឹក ដែលមិនអាចមើលរំលង(ខ.៣-៤)។
ប៉ុន្តែ ស្តេចដាវីឌបានប្រឆាំងនឹងបំណងចិត្តខ្លួនឯង ដែលចង់សងសឹក។ ទ្រង់ក៏បានមានបន្ទូលថា “សូមព្រះយេហូវ៉ាទ្រង់ឃាត់ កុំឲ្យខ្ញុំប្រព្រឹត្តដូច្នេះ ដល់ចៅហ្វាយរបស់ខ្ញុំ”(ខ.៦)។ ពេលស្តេចសូលបានដឹងថា ដាវីឌបានទុកជីវិតឲ្យទ្រង់ ទ្រង់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទ្រង់ក៏បានលាន់មាត់ថា “ឯងសុចរិតជាងអញ”(ខ.១៧-១៨)។
ពេលណាយើង ឬមនុស្សជាទីស្រឡាញ់របស់យើងជួបរឿងអយុត្តិធម៌ ឱកាសសងសឹកអាចមកដល់ នៅពេលណាមួយ។ តើយើងនឹងធ្វើតាមបំណងរបស់យើង ដូចកសិករនោះ ឬប្រឆាំងនឹងបំណងខ្លួនឯង តាមគំរូស្តេចដាវីឌ? តើយើងនឹងជ្រើសរើសយកភាពសុចរិត ជាជាងរើសយកការសងសឹកឬ?—Sheridan Voysey