ការស្វាគមន៍ដ៏កក់ក្តៅសម្រាប់មនុស្សគ្រប់គ្នា
ក្នុងអំឡុងពេលវិស្សមកាល កាលពីពេលថ្មីៗនេះ ខ្ញុំ និងភរិយាខ្ញុំ បានទៅទស្សនាកន្លែងហ្វឹកហាត់របស់ពួកអត្តពលិក។ ទីកន្លែងនោះបានបើកចំហរទ្វារធំៗ ហើយមើលទៅ គេហាក់ដូចជាទទួលស្វាគមន៍ ឲ្យយើងចូលមើលកន្លែងរបស់គេ។ យើងក៏បានដើរទស្សនាទីលានទាំងឡាយ ដោយការស្ញើចសរសើរវាលស្មៅ ដែលបានកាត់តម្រឹមបានល្អ។ ពេលដែលយើងហៀបនឹងចាកចេញទៅ មានមនុស្សម្នាក់បានមកឃាត់ដំណើរយើង ហើយក៏បាននិយាយដោយខ្វះការគួរសម ចំពោះយើងថា យើងមិនគួរចូលមកក្នុងកន្លែងនោះឡើយ។ ភ្លាមៗនោះ យើងក៏បាននឹកចាំថា យើងគ្រាន់តែជាអ្នកខាងក្រៅ ហើយរឿងនេះបានធ្វើឲ្យយើងមានអារម្មណ៍មិនល្អ។
ក្នុងពេលវិស្សមកាលលើកនោះ យើងក៏បានទៅទស្សនាព្រះវិហារមួយកន្លែង។ នៅទីនោះ ក៏មានទ្វារបើកចំហរដែរ ដូចនេះយើងក៏បានដើរចូល។ ទីនោះពិតជាមានការខុសប្លែកណាស់។ មានមនុស្សជាច្រើន បានចេញមកស្វាគមន៍យើង យ៉ាងកក់ក្តៅ ហើយធ្វើឲ្យយើងមានអារម្មណ៍ថា ទីនោះដូចផ្ទះយើងអញ្ចឹង។ យើងក៏បានដើរចេញ ពីកម្មវិធីថ្វាយបង្គំនៅព្រះវិហារនោះ ដោយដឹងថា គេបានទទួលយក និងស្វាគមន៍យើងយ៉ាងកក់ក្តៅ។
គួរឲ្យស្តាយណាស់ វាមិនមែនជារឿងចម្លែកទេ ដែលអ្នកខាងក្រៅមានអារម្មណ៍ថា គេមិនបានទទួលស្វាគមន៍ខ្លួន នៅក្នុងព្រះវិហារណាមួយ។ ប៉ុន្តែ ព្រះទ្រង់បានប្រាប់យើង ឲ្យមានភាពរួសរាយរាក់ទាក់ ចំពោះមនុស្សទាំងអស់។ ព្រះយេស៊ូវមានបន្ទូលថា យើងត្រូវស្រឡាញ់អ្នកជិតខាងយើង ដូចខ្លួនឯង ដែលមានន័យថា យើងត្រូវស្វាគមន៍ពួកគេ ចូលទៅក្នុងជីវិត និងព្រះវិហារយើង(ម៉ាថាយ ២២:៣៩)។ យ៉ាងណាមិញ ព្រះគម្ពីរហេព្រើរបានក្រើនរំឭកយើង ឲ្យ “បង្ហាញចេញនូវភាពចៅរ៉ៅ ចំពោះមនុស្សដែលយើងមិនស្គាល់”(១៣:២)។ បទគម្ពីរលូកា…
បញ្ចេញពន្លឺព្រិចៗ
បទចម្រៀងកុមារជាភាសាអង់គ្លេស ដែលមានចំណងជើងថា “ដួងផ្កាយដ៏តូច ដែលបញ្ចេញពន្លឺព្រិចៗ” ជាបទចម្រៀងដ៏ល្បីល្បាញដែលក្មេងៗចូលចិត្តច្រៀង។ ទំនុកច្រៀងរបស់បទនេះ មានប្រភពដើម នៅក្នុងបទកំណាព្យ ដែលអ្នកស្រីចេន ថេយល័រ(Jane Taylor)បាននិពន្ធ ដែលបានពិពណ៌នា អំពីភាពអស្ចារ្យនៃចក្រវាលដែលព្រះទ្រង់បានបង្កើត ដែលនៅក្នុងនោះ មានផ្កាយ “ដ៏ខ្ពស់ នៅពីលើផែនដី”។ បទកំណាព្យនេះ មានវគ្គមួយទៀត ដែលគេបានបោះពុម្ភផ្សាយ និងមិនងាយរកបាន ដែលបានរៀបរាប់ថា ផ្កាយនោះបានធ្វើជាអ្នកនាំផ្លូវអ្នកដំណើរក្នុងទីងងឹត ដោយបញ្ចេញពន្លឺដ៏តូចរបស់ខ្លួន។
ក្នុងបទគម្ពីរភីលីព សាវ័កប៉ុលបានលើកទឹកចិត្តអ្នកជឿព្រះ នៅទីក្រុងភីលីព ឲ្យស្តាប់បង្គាប់ព្រះជាម្ចាស់ ដើម្បីធ្វើជាកូនព្រះដែលរកបន្ទោសមិនបាន … ហើយភ្លឺនៅកណ្តាលគេ ដូចជាតួពន្លឺនៅក្នុងលោក ហើយផ្សាយដំណឹងល្អ ដល់មនុស្សដែលនៅក្បែរពួកគេ(២:១៥-១៦)។ យើងប្រហែលជាឆ្ងល់ថា តើធ្វើដូចម្តេច ឲ្យយើងអាចបញ្ចេញពន្លឺភ្លឺ ដូចផ្កាយនៅលើមេឃ។ ជាញឹកញាប់ យើងច្រើនតែមានអារម្មណ៍ថា យើងមានចំណុចខ្វះខាត និងការពិបាកជាច្រើន បានជាយើងគិតថា “ពន្លឺ”របស់យើងមិនអាចបញ្ចេញរស្មីភ្លឺល្មម នឹងនាំឲ្យមានការផ្លាស់ប្តូរឡើយ។ ប៉ុន្តែ ផ្កាយមិនដែលព្យាយាមដើរតួជាផ្កាយឡើយ។ ពួកវាគឺជាផ្កាយស្រាប់ហើយ។ ពន្លឺធ្វើឲ្យមានការផ្លាស់ប្តូរក្នុងពិភពលោក ហើយក៏បានធ្វើឲ្យយើងផ្លាស់ប្តូរ។ ព្រះទ្រង់ប្រទានពន្លឺដល់ពិភពលោក(លោកុប្បត្តិ ១:៣) ហើយតាមរយៈព្រះយេស៊ូវ ព្រះទ្រង់បានប្រទានពន្លឺខាងវិញ្ញាណ ចូលក្នុងជីវិតយើង(យ៉ូហាន ១:១-៤)។
ក្នុងនាមជាមនុស្សដែលមានពន្លឺរបស់ព្រះនៅក្នុងជីវិត យើងត្រូវបញ្ចេញពន្លឺ ដើម្បីឲ្យអ្នកនៅក្បែរយើងបានឃើញពន្លឺនោះ ហើយមានចិត្តចង់ស្វែងរកប្រភពនៃពន្លឺនោះ។…
ល្អលើសពីពេលណាទាំងអស់
មានរឿងមួយដំណាលថា មានអ្នកនេសាទត្រីសាំម៉ុងមួយក្រុម បានជួបជុំគ្នា ក្នុងផ្ទះសំណាក់របស់ជនជាតិស្កត់ឡង់មួយកន្លែង បន្ទាប់ពីការនេសាទពេញមួយថ្ងៃ។ មានពួកគេម្នាក់បានរៀបរាប់ អំពីការនេសាទរបស់ខ្លួន ដល់មិត្តភក្តិទាំងឡាយ ដែលមានវត្តមាន នៅទីនោះ ដោយឆ្កាដៃឆ្កាជើង ហើយដៃគាត់ក៏បានគ្រវាសពីលើតុចំកែវមួយ ប៉ើងទៅបុកនឹងជញ្ជាំង បែកខ្ទេច ហើយក៏បានធ្វើឲ្យប្រឡាក់ជញ្ជាំងពណ៌ស។ បុរសនោះ ក៏បានសុំទោសម្ចាស់ផ្ទះសំណាក់ ហើយក៏ព្រមសងថ្លៃខូចខាត ប៉ុន្តែ គាត់មិនអាចធ្វើអ្វីបានឡើយ នៅពេលនោះ ព្រោះជញ្ចាំងបានខូចទៅហើយ។ មានបុរសម្នាក់ដែលអង្គុយនៅក្បែរនោះ ក៏បាននិយាយថា “កុំបារម្ភអី”។ បុរសនោះក៏បានក្រោកឈរឡើង ដកឧបករណ៍សម្រាប់គូរគំនូរចេញពីហោប៉ៅខោគាត់ ហើយក៏បានចាប់ផ្តើមគួររូបជុំវិញកន្លែងប្រឡាក់ដ៏អាក្រក់នោះ។ រូបគំនូរក្បាលសត្វរមាំងដ៏អស្ចារ្យក៏បានលេចឡើង បន្តិចម្តងៗ នៅលើជញ្ជាំងនោះ។ បុរសនោះ គឺជាលោកម្ចាស់ អ៊ី អេឆ លែនសៀ(E. H. Landseer) ដែលវិចិត្រកររូបសត្វដែលឈានមុខគេ របស់ប្រទេសស្កត់ឡង់។
ស្តេចដាវីឌ ជាស្តេចដ៏ល្បីល្បាញរបស់ជនជាតិអ៊ីស្រាអែល ដែលបាននិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៥១។ ទ្រង់បាននាំសេចក្តីអាម៉ាស់ មកលើខ្លួនឯង និងមកលើប្រទេសជាតិរបស់ទ្រង់ ដោយសារអំពើបាបរបស់ទ្រង់។ ទ្រង់បានប្រព្រឹត្តិអំពើផឹតក្បត់ជាមួយភរិយារបស់មិត្តភក្តិរបស់ទ្រង់ ហើយក៏បានបង្កើតគម្រោងសម្លាប់គាត់ ដែលទង្វើរទាំងពីរនេះ គឺសុទ្ធតែសមនឹងឲ្យទ្រង់ទទួលទោសស្លាប់ដូចគ្នា។ ពេលនោះ ជីវិតទ្រង់ហាក់ដូចជាត្រូវបានបំផ្លាញអស់ហើយ។ ប៉ុន្តែ ទ្រង់បានទូលអង្វរដល់ព្រះជាម្ចាស់ថា “សូមឲ្យទូលបង្គំមានចិត្តរីករាយចំពោះសេចក្តីសង្គ្រោះ នៃទ្រង់ឡើងវិញ ហើយទប់ទល់ទូលបង្គំដោយព្រះវិញ្ញាណដ៏សទ្ធានៃទ្រង់”(ខ.១២)។
យើងប្រហែលជាបានប្រព្រឹត្តនូវទង្វើរដ៏ខ្មាសអៀន…
ការឈរដោយចិត្តក្លាហាន
កាលអ្នកស្រីថេរីសា ប្រេគេរ៉ូវ៉ា(Teresa Prekerowa) នៅក្នុងវ័យជំទង់ ពួកកងទ័ពណាហ្ស៊ី បានលើកទ័ពពីប្រទេសអាឡឺម៉ង់ ចូលឈ្លានពានប្រទេសប៉ូឡូញ ដែលជាប្រទេសកំណើតរបស់គាត់ នៅដើមដំបូងនៃសង្គ្រាមលោកលើកទី២។ ពេលនោះជាពេលចាប់ផ្តើមនៃអំពើប្រល័យពូជសាសន៍ នៅពេលដែលអ្នកជិតខាងរបស់គាត់ ដែលជាជនជាតិយូដា(ឬជ្វីប) បានចាប់ផ្តើមបាត់ខ្លួន ដោយពួកណាហ្ស៊ីបានចាប់ខ្លួន។ ដូចនេះ អ្នកស្រីថេរីសា និងជនរួមជាតិប៉ូឡូញរបស់គាត់ បានប្រថុយជីវិត ដើម្បីជួយសង្រ្គោះអ្នកជិតខាងទាំងនោះ ឲ្យរួចពីតំបន់ដែលមានការរើសអើង ក្នុងទីក្រុងវ៉រសរ និងការសម្លាប់រង្គាលរបស់ពួកណាហ្ស៊ី។ អ្នកស្រីថេរីសាក៏បានក្លាយជាអ្នកប្រវត្តិសាស្រ្តសង្គ្រាម និងប្រល័យពូជសាសន៍ ដ៏ឈានមុខ ប៉ុន្តែ គឺដោយសារតែគាត់មានចិត្តក្លាហាន នៅក្នុងការតតាំងនឹងជំនន់នៃការអាក្រក់ នោះគេក៏បានរាប់បញ្ចូលឈ្មោះគាត់ ទៅក្នុងបញ្ជីឈ្មោះមនុស្សសុចរិតក្នុងចំណោមប្រជាជាតិ នៅឯសារៈមន្ទីរប្រល័យពូជសាសន៍យ៉ាត យ៉ាសេម ក្នុងទីក្រុងយេរូសាឡិម។
យើងចាំបាច់ត្រូវមានសេចក្តីក្លាហាន ដើម្បីឈរតតាំងនឹងការអាក្រក់។ សាវ័កប៉ុលបានប្រាប់ពួកជំនុំ នៅទីក្រុងអេភេសូរថា “ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ”(អេភេសូរ ៦:១២)។ ជាការពិតណាស់ ការអាក្រក់ទាំងអស់នេះ គឺលើសពីលទ្ធភាព ដែលយើងអាចតតាំងម្នាក់ឯង ហេតុនេះហើយបានជាព្រះជាម្ចាស់ប្រទានឲ្យយើង នូវធនធានខាងវិញ្ញាណដ៏ចាំបាច់(គឺគ្រឿងសឹកទាំងមូលរបស់ព្រះ) ដើម្បីឲ្យយើងអាច “ឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស”(ខ.១១)។
តើការឈរតតាំង ដោយចិត្តក្លាហាន អាចរាប់បញ្ចូលការអ្វីខ្លះ? គឺអាចរាប់បញ្ចូល ការប្រឆាំងនឹងភាពអយុត្តិធម៌ ឬការជួយការពារនរណាម្នាក់ ដែលអ្នកស្គាល់ ដែលងាយរងគ្រោះ ឬជាជនរងគ្រោះជាដើម។…
ការសុំជំនួយ
មានពេលមួយមិត្តភក្តិរបស់ខ្ញុំបានផ្ញើអ៊ីមែលមកខ្ញុំ នៅពេលយប់ជ្រៅ។ តាមពិត ថ្ងៃនោះ ខ្ញុំកំពុងតែធ្វើការថែមម៉ោង ដើម្បីជួយសមាជិកគ្រួសារម្នាក់ ដែលកំពុងមានឈឺធ្ងន់។ ដូចនេះ ខ្ញុំមិនមានពេល សម្រាប់ការរំខានក្នុងបណ្តាញសង្គមនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលព្រឹកបន្ទាប់ ខ្ញុំក៏បានបើកមើលសាររបស់មិត្តភក្តិខ្ញុំ ហើយក៏បានឃើញសំណួររបស់គាត់។ គាត់បានសួរខ្ញុំថា តើខ្ញុំមានអ្វី ដែលអាចឲ្យគាត់ជួយដែរឬទេ? ខ្ញុំក៏មានអារម្មណ៍ខ្មាសអៀន ហើយចង់ឆ្លើយប្រាប់គាត់ថា ខ្ញុំមិនមានអ្វី ឲ្យគាត់ជួយទេ ពេលនេះ។ បន្ទាប់មក ខ្ញុំក៏បានដកដង្ហើមធំ ហើយក៏បានកត់សំគាល់ឃើញថា ខ្ញុំដូចជាធ្លាប់ឮសំណួរដូចនេះ កាលពីមុនមក។
ព្រះយេស៊ូវក៏ធ្លាប់សួរសំណួរនេះ កាលទ្រង់កំពុងបំពេញព្រះរាជកិច្ចនៅលើផែនដី។ កាលទ្រង់កំពុងយាងតាមផ្លូវ ទៅកុ្រងយេរីខូ ទ្រង់ក៏បានឮបុរសពិការភ្នែកម្នាក់ ឈ្មោះបារទីមេ ស្រែកហៅឲ្យទ្រង់ជួយ។ ទ្រង់ក៏បានឈប់ ហើយសួរគាត់ នូវសំណួរស្រដៀងនឹងសំណួររបស់មិត្តភក្តិខ្ញុំថា “តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?” (ម៉ាកុស ១០:៥១)។
សំណួរនេះ គឺគួរឲ្យរំភើបចិត្តណាស់។ សំណួរនេះបានបង្ហាញថា ព្រះយេស៊ូវ ដ៏ជាព្រះដ៏ប្រោសឲ្យជា សព្វព្រះទ័យនឹងជួយយើង។ ប៉ុន្តែ ជំហានដំបូង យើងត្រូវទទួលស្គាល់ថា យើងត្រូវការទ្រង់ ដែលនេះជាការបន្ទាបខ្លួន ដើម្បីទទួលជំនួយពីទ្រង់។ លោកបារទីមេ រស់ដោយសារការសុំទាន។ គាត់ទាល់ក្រឯកកោ ហើយក៏ប្រហែលជាកំពុងតែឃ្លានអាហារ ហើយអស់សង្ឃឹមផង។ ប៉ុន្តែ គាត់ចង់បានជីវិតថ្មី បានជាគាត់ទូលសូមឲ្យព្រះយេស៊ូវ…
កន្ទុយឱស ដែលទ្រង់បានកញ្ឆក់ចេញពីភ្លើង
ខណៈពេលដែលផ្ទះកំពុងតែត្រូវភ្លើងឆាបឆេះ ស្រ្តីដែលជាអ្នកបម្រើក្នុងផ្ទះ ក៏បានប្រញាប់រត់ចេញមកក្រៅ ទាំងភ័យស្លន់ស្លោ។ នាងបានរត់ ដោយស្រែកហៅឈ្មោះជែកគី(Jacky) ដែលជាក្មេងអាយុ៤ឆ្នាំ។
ប៉ុន្តែ ជែកគីមិនបានរត់តាមគាត់ទេ។ មនុស្សម្នាក់ដែលបានឈរមើលហេតុការណ៍នេះ នៅក្រៅផ្ទះ ក៏មានប្រតិកម្មឆ្លើយតបភ្លាមៗ ដោយឡើងឈរពីលើស្មារបស់មិត្តភក្តិរបស់គាត់។ គាត់ក៏បានឈោងទៅរកបង្អួច នៅជាន់លើ ហើយក៏បានទាញជែកគីចុះមកក្រោម ដោយសុវត្ថិភាព។ គ្រាន់តែបានជួយសង្រ្គោះជែកគីភ្លាម ដំបូលផ្ទះក៏បានបាក់ចុះមកក្រោម។ ម្តាយរបស់ក្មេងតូចជែកគី ក៏បាននិយាយថា ជែកគី គឺជា “កន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើង”។ តើអ្នកដឹងទេថា ក្មេងតូចដែលជាកន្ទុយឧសនោះ គឺជាលោកចន វេសលី(ឆ្នាំ១៧០៣-១៧៩១) ដែលជាបេសកជន ដ៏ល្បីល្បាញ។
ត្រង់ចំណុចនេះ អ្នកស្រីស៊ូសានណា វេសលី(Susanna Wesly) ដែលជាម្តាយរបស់គាត់ កំពុងតែដកស្រង់ពាក្យសម្តីរបស់លោកសាការី ជាហោរា ដែលបានផ្តល់ឲ្យនូវការបកស្រាយដ៏មានតម្លៃ អំពីចរិតលក្ខណៈរបស់ព្រះជាម្ចាស់។ ហោរាសាការីបានបកស្រាយ អំពីការបើកសម្តែងដែលខ្លួនបានទទួល យ៉ាងដូចនេះថា អារក្សសាតាំងបានឈរនៅខាងស្តាំលោកយេស៊ួ ដែលជាសម្តេចសង្ឃ ដើម្បីចោទប្រកាន់លោក(៣:១)។ នោះព្រះអម្ចាស់ក៏បានស្តីបន្ទោសសាតាំងថា តើលោកយេសួរមិនមែនជាកន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើងទេឬ?(ខ.២)។ ព្រះអម្ចាស់ក៏បានប្រាប់លោកយេសួរថា “អញបានលើកចោលអំពើទុច្ចរិតពីឯងចេញហើយ អញនឹងប្រដាប់ខ្លួនឯង ដោយសំលៀកបំពាក់ដ៏រុងរឿងវិញ” (ខ.៤)។ បន្ទាប់មក ព្រះអម្ចាស់ក៏ប្រទាននូវការជំរុញចិត្ត និងឱកាសដល់គាត់ ដោយបន្ទូលថា “បើឯងនឹងដើរតាមផ្លូវរបស់អញ ហើយរក្សាបញ្ញើររបស់អញ…
ស្រឡាញ់លើសខ្លួនឯង
នៅក្នុងរឿងប្រលោមលោក ដែលអ្នកស្រីអេមីលី ប្រុនតេ(Emily Bronte) បាននិពន្ធ លោកវូធើរីង ហាយ(Wuthering Heights) ជាបុរសម្នាក់ ដែលបានដកស្រង់ខគម្ពីរជាញឹកញាប់ ដើម្បីរិះគន់អ្នកដទៃ ហើយគេក៏បានហៅគាត់ថា “ពួកផារិស៊ីដ៏គួរឲ្យធុញទ្រាន់ ដែលតាំងខ្លួនជាអ្នកសុចរិត ដែលប្រើព្រះគម្ពីរក្នុងផ្លូវខុស ដើម្បីកោសយកព្រះបន្ទូលសន្យាសម្រាប់តែខ្លួនឯង ហើយថ្លែងនូវពាក្យបណ្តាសារដាក់អ្នកជិតខាងរបស់ខ្លួន”។
រឿងនេះអាចនាំឲ្យយើងនឹកចាំ អំពីមនុស្សម្នាក់ដែលយើងស្គាល់។ ប៉ុន្តែ តើយើងរាល់គ្នា មានលក្ខណៈដូចគាត់ដែរឬទេ? តើយើងងាយនឹងរិះគន់អ្នកដទៃ ចំពោះបរាជ័យរបស់ពួកគេ តែដល់ពេលដែលខ្លួនឯងបរាជ័យ យើងក៏បានធ្វើការដោះសារឬ?
ក្នុងព្រះគម្ពីរបរិសុទ្ធ មានអ្នកខ្លះបានធ្វើផ្ទុយពីនេះ។ ពួកគេសុខចិត្តលះបង់ការសន្យា ដែលព្រះទ្រង់មានចំពោះពួកគេ ហើយថែមទាំងសុខចិត្តត្រូវបណ្តាសារ ឲ្យតែអ្នកដទៃបានទទួលសេចក្តីសង្រ្គោះ។ សូមយើងពិចារណាអំពីលោកម៉ូសេចុះ។ គាត់បានទូលដល់ព្រះជាម្ចាស់ថា គាត់សុខចិត្តឲ្យព្រះទ្រង់លុបឈ្មោះគាត់ ចេញពីបញ្ជីរបស់ទ្រង់ ឲ្យតែទ្រង់អត់ទោសឲ្យពួកអ៊ីស្រាអែល(និក្ខមនំ ៣២:៣២)។ ពុំនោះទេ យើងអាចមើលគំរូរបស់សាវ័កប៉ុល ដែលសុខចិត្ត ឲ្យ “ខ្លួនគាត់ដាច់ចេញពីព្រះគ្រីស្ទ” ឲ្យតែរាស្រ្តរបស់ទ្រង់ ទទួលជឿទ្រង់(រ៉ូម ៩:៣)។
ការតាំងខ្លួនជាមនុស្សសុចរិត គឺជារឿងដែលតែងតែកើតមានជាធម្មតា ប៉ុន្តែ ព្រះគម្ពីរបានចែងអំពីអ្នក ដែលបានស្រឡាញ់អ្នកដទៃ លើសខ្លួនឯង។ ព្រះយេស៊ូវបានធ្វើជាគំរូនៃសេចក្តីស្រឡាញ់ប្រភេទនេះ។ ទ្រង់បានបង្រៀនថា “គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ”(យ៉ូហាន ១៥:១៣)។ ព្រះយេស៊ូវបានស្រឡាញ់យើង តាំងពីមុនពេលយើងស្គាល់ទ្រង់…
បើកបង្ហាញការអាថ៌កំបាំង
ថ្ងៃមួយ នៅពេលខ្ញុំត្រឡប់មកពីធ្វើការវិញ ខ្ញុំបានឃើញស្បែកជើងកែងមួយគូរ នៅក្បែរផ្លូវឡាន។ ខ្ញុំគិតថា ខ្ញុំដឹងច្បាស់ថា ស្បែកជើងនោះ ជារបស់នរណា។ ដូច្នេះ ខ្ញុំក៏បានដាក់វា នៅក្នុងរោងដាក់ឡាន ទុកឲ្យលីសា កូនស្រីរបស់ខ្ញុំ ពេលដែលនាងត្រឡប់មកផ្ទះ ដើម្បីមកទទួលកូនរបស់នាង។ ប៉ុន្តែ នៅពេលខ្ញុំសួរលីសា ខ្ញុំក៏បានដឹងថា វាមិនមែនជារបស់នាងទេ។ តាមការពិត នៅក្នុងគ្រួសាររបស់យើង គ្មាននរណាម្នាក់ ថាស្បែកជើងនោះ ជារបស់ខ្លួនទេ ដូច្នេះ ខ្ញុំក៏យកវា ទៅទុកនៅកន្លែងដើមវិញ។ នៅថ្ងៃបន្ទាប់ ស្បែកជើងនោះ ក៏បានបាត់ទៅ។ នេះជារឿងដ៏អាថ៌កំបាំង!
តើអ្នកដឹងទេថា សាវ័កប៉ុលបាននិយាយអំពីការអាថ៌កំបាំងមួយ នៅក្នុងសំបុត្ររបស់គាត់? ប៉ុន្តែ ការអាថ៌កំបាំងដែលគាត់បានរៀបរាប់ គឺខុសពីរឿងស៊ើបអង្កេត។ ឧទាហរណ៍ ក្នុងបទគម្ពីរ អេភេសូរ ជំពូក៣ សាវ័កប៉ុលបានមានប្រសាសន៍ អំពីអាថ៌កំបាំងមួយ ដែល “កាលនៅអស់ទាំងគ្រាជាន់មុន មិនបានប្រទានឲ្យពួកមនុស្សជាតិស្គាល់” (ខ.៥) ។ គាត់បានបកស្រាយអំពីអាថ៌កំបាំងនេះថា កាលពីអតីតកាល ព្រះជាម្ចាស់បានបើកសម្តែងអង្គទ្រង់ តាមរយៈសាសន៍អ៊ីស្រាអែល តែឥឡូវនេះវិញ ទ្រង់បានបើកសម្តែង តាមរយៈព្រះយេស៊ូវថា ពួកសាសន៍ដទៃ ដែលនៅក្រៅសាសន៍អ៊ីស្រាអែល ក៏អាច “គ្រងមរតកជានឹងមួយអ៊ីស្រាអែលផងដែរ” (ខ.៦)។…
ការរើសកួរស្រូវក្នុងស្រែ
មិត្តភក្តិរបស់ខ្ញុំម្នាក់ ដែលជាជនជាតិតង់ហ្សានី មានចក្ខុវិស័យចង់កែប្រែដីមួយកន្លែង ដែលគេបានទុកចោល នៅក្នុងទីក្រុងដូដូម៉ា។ ដោយសារគាត់មើលឃើញតម្រូវការរបស់ស្ដ្រីមេម៉ាយមួយចំនួន ក្នុងតំបន់នោះ អ្នកស្រីរស់(Ruth) ចង់ប្រែក្លាយដីប៉ុន្មានហិចតានេះ ទៅជាកន្លែងចិញ្ចឹមមាន់ និងដាំដំណាំផ្សេងៗ។ ការដែលគាត់មានចក្ខុវិស័យ ក្នុងការបំពេញតម្រូវការរបស់អ្នកដែលខ្វះខាត មានឫសគល់នៅក្នុងសេចក្តីស្រឡាញ់ ដែលគាត់មានចំពោះព្រះជាម្ចាស់ ហើយនាងបានទទួលការបណ្ដាលចិត្ត មកពីតួអង្គនាងរស់ នៅក្នុងព្រះគម្ពីរ។
នៅគ្រាសញ្ញាចាស់ ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ បានអនុញ្ញាតឲ្យជនក្រីក្រ ឬជនបរទេសច្រូត ឬរើសកួរស្រូវ នៅកៀនស្រែ(លេវីវិន័យ ១៩:៩-១០)។ នាងរស់(នៅក្នុងព្រះគម្ពីរ) គឺជាជនបរទេស ហើយត្រូវបានអនុញ្ញាតឲ្យ រើសកួរស្រូវធ្វើជាអាហារ សម្រាប់នាង និងម្ដាយក្មេករបស់នាង។ ទីបំផុត នាងរស់ និងនាងណាអូមីក៏បានទទួលបានជម្រក និងការការពារដ៏ល្អ បន្ទាប់ពីបានរើសកួរស្រូវ ក្នុងស្រែរបស់លោកបូអូស ដែលជាបងប្អូនសាច់ជិត។ នាងរស់បានប្រើភាពវៃឆ្លាត និងខំប្រឹងប្រែងធ្វើការ នៅពេលថ្ងៃ ដោយខំរើសសន្សំទុកស្បៀងអាហារ នៅកៀនស្រែមក ហើយព្រះជាម្ចាស់ក៏បានប្រទានពរដល់នាង។
ទឹកចិត្តស្រឡាញ់របស់នាងរស់ ដែលជាមិត្តភក្តិរបស់ខ្ញុំ និងការលះបង់របស់នាងរស់ ដែលជាតួអង្គក្នុងព្រះគម្ពីរ នាំឲ្យខ្ញុំអរព្រះគុណដល់ព្រះជាម្ចាស់ សម្រាប់ការដែលទ្រង់ថែរក្សាជនក្រីក្រ និងអ្នកទន់ខ្សោយ។ អ្នកទាំងពីរសុទ្ធតែបានបណ្តាលចិត្តខ្ញុំ ឲ្យខ្ញុំរកវិធីជួយអ្នកដទៃ ក្នុងសហគមន៍របស់ខ្ញុំ ហើយជួយឲ្យបានទូលំទូលាយថែមទៀត ដើម្បីសំដែងការអរព្រះគុណរបស់ខ្ញុំ ចំពោះព្រះដែលប្រទានពរ។ តើអ្នកផ្សាយសេចក្ដីមេត្តាករុណារបស់ទ្រង់ ដល់អ្នកដទៃ ដោយរបៀបណាខ្លះ…
សួរព្រះជាម្ចាស់ជាមុនសិន
ក្នុងរយៈពេលដំបូង នៃជីវិតអាពាហ៍ពិពាហ៍របស់ខ្ញុំ ខ្ញុំបានខិតខំស្វែងយល់ អំពីចំណង់ចំណូលចិត្ដរបស់ភរិយាខ្ញុំ។ តើគាត់ចង់ញ៉ាំអាហារពេលល្ងាច ដ៏ស្ងប់ស្ងាត់នៅផ្ទះ ឬទៅញ៉ាំអាហារ នៅភោជ្ជនីយដ្ឋានថ្លៃៗ? តើវាមិនអីទេឬ ដែលខ្ញុំទៅចំណាយពេលជាមួយមិត្តភក្តិប្រុសៗ ឬគាត់រំពឹងថា ខ្ញុំនឹងទុកពេលទំនេរ ចុងសប្តាហ៍សម្រាប់គាត់? មានពេលមួយ ខ្ញុំមិនបានទាយស្មាន និងធ្វើការសម្រេចចិត្តតែម្នាក់ឯងទេ ផ្ទុយទៅវិញ ខ្ញុំក៏បានសួរគាត់ថា តើគាត់ចង់បានមួយណា?
គាត់ក៏បានឆ្លើយ ដោយញញឹមយ៉ាងកក់ក្តៅថា ខ្ញុំរើសយកមួយណា ក៏បានដែរ។ គាត់សប្បាយចិត្តណាស់ ដែលខ្ញុំបានគិតដល់គាត់។
ពេលខ្លះ ខ្ញុំពិតជាចង់ដឹងច្បាស់ថា ព្រះទ្រង់សព្វព្រះទ័យឲ្យខ្ញុំធ្វើអ្វី ហើយតើទ្រង់សព្វព្រះទ័យ ឲ្យខ្ញុំជ្រើសរើសការងារមួយណា។ បើគ្រាន់តែអធិស្ឋានទូលសូមការដឹកនាំ និងអានព្រះគម្ពីរ គឺមិនទាន់គ្រប់គ្រាន់ល្មម នឹងឲ្យខ្ញុំទទួលចម្លើយដ៏ជាក់លាក់ណាមួយឡើយ។ ប៉ុន្តែ មានចម្លើយមួយ ដែលខ្ញុំដឹងច្បាស់ នោះគឺខ្ញុំត្រូវទុកចិត្តលើព្រះអម្ចាស់ ហើយត្រូវមានក្ដីអំណរក្នុងទ្រង់ ព្រមទាំងត្រូវថ្វាយគ្រប់ទាំងផ្លូវរបស់ខ្ញុំដល់ទ្រង់ (ទំនុកដំកើង ៣៧:៣-៥)។
គឺពេលនោះហើយ ដែលខ្ញុំដឹងថា តាមធម្មតា ព្រះជាម្ចាស់បានប្រទាន ឲ្យយើងមានសេរីភាព ក្នុងការជ្រើសរើស ឲ្យតែយើងព្យាយាមយកផ្លូវទ្រង់ជាទីមួយ ជាជាងរើសយកផ្លូវខ្លួនឯង។ បានសេចក្តីថា យើងត្រូវជម្រុះចោលជម្រើសណាដែលខុស ឬទ្រង់មិនសព្វព្រះទ័យ ដូចជា អំពើអសីលធម៌ អំពើបាប ឬអំពើដែលមិនចម្រើន ដល់ទំនាក់ទំនងរបស់យើង ជាមួយទ្រង់។ បើមានជម្រើសណាទៀត ដែលគាប់ព្រះហប្ញទ័យព្រះ…