ការមមុលទៅមុខ
ពេលដែលខ្ញុំកំពុងដើរកាត់តាមផ្លូវដើរ ជាប់នឹងជញ្ជាំងខាងក្រៅ នៃអគារការិយាល័យរបស់ខ្ញុំ ខ្ញុំមានចិត្តរីករាយ ពេលដែលឃើញដើមផ្កាដ៏ស្រស់បំព្រង កំពុងលូតលាស់ តាមក្រហែងថ្ម ទោះជាស្ថានភាពរបស់វាមានការពិបាកយ៉ាងណាក៏ដោយ រុក្ខជាតិនេះបានរកឃើញកន្លែងឈរយ៉ាងមាំមួន ដោយចាក់ឫសចូលទៅក្នុងក្រហែងថ្មស្ងួត ហើយក៏បានលូតលាស់យ៉ាងប្រសើរ។ ក្រោយមក ខ្ញុំក៏បានដឹងថា តាមពិតមានប្រអប់កង្ហាម៉ាស៊ីនត្រជាក់ មានទីតាំងចំពីលើដើមផ្កាមួយនេះ ហើយបានស្រក់ទឹកពីលើវា ពេញមួយថ្ងៃ។ ទោះស្ថានភាពនៅជុំវិញវា មិនមានលក្ខណៈអំណោយផលក៏ដោយ ក៏វានៅតែបានទទួលជំនួយដែលវាត្រូវការ ពីទឹកដែលស្រក់មកពីលើ។
យ៉ាងណាមិញ ជួនកាល ការលូតលាស់ក្នុងជីវិតជាគ្រីស្ទបរិស័ទ អាចមានការពិបាក ប៉ុន្តែ ពេលដែលយើងមានការទ្រាំអត់ ជាមួយព្រះគ្រីស្ទ នោះយើងអាចជម្នះឧបស័គ្គនានា។ កាលៈទេសៈរបស់យើងប្រហែលជាមិនអំណោយផល ហើយការបាក់ទឹកចិត្តហាក់ដូចជាឧបស័គ្គ។ ប៉ុន្តែ ពេលដែលយើងបន្តមមុលទៅមុខ ក្នុងទំនាក់ទំនងជាមួយព្រះអម្ចាស់ យើងអាចលូតលាស់យ៉ាងប្រសើរ ដូចដើមផ្កាមួយនោះដែរ។ នេះហើយជាបទពិសោធន៍ដែលសាវ័កប៉ុលបានឆ្លងកាត់នោះ។ ទោះជាមានទុក្ខលំបាកខ្លាំងយ៉ាងណា ហើយគាត់បានជួបឧបស័គ្គអ្វីក៏ដោយ(២កូរិនថូស ១១:២៣-២៧) គាត់មិនព្រមចុះចាញ់ឡើយ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ខ្ញុំកំពុងតែដេញតាម សង្វាតនឹងចាប់ឲ្យបានសេចក្តី ដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំឲ្យបាននោះដែរ។ ទាំងរត់ដំរង់ទៅឯទី ដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវ”(ភីលីព ៣:១២,១៤)
សាវ័កប៉ុលដឹងថា គាត់អាចធ្វើការគ្រប់យ៉ាង ដោយសារព្រះអម្ចាស់ ដែលចម្រើនកម្លាំងឲ្យគាត់(៤:១៣) ហើយយើងក៏អាចធ្វើការគ្រប់យ៉ាងផងដែរ ពេលដែលយើងបន្តមមុលទៅមុខ ដោយជំនួយពីព្រះមួយអង្គ ដែលប្រទានកម្លាំងឲ្យយើង។-LAWRENCE DARMANI
ការចាប់ផ្តើមជាថ្មី
បន្ទាប់ពីរដូវកាល នៃពិធីបុណ្យណូអែលបានបញ្ចប់ នៅចុងខែធ្នូ គំនិតរបស់ខ្ញុំ ច្រើនតែបែរទៅរកការមកដល់នៃឆ្នាំថ្មី។ ខណៈពេលដែលកូនៗរបស់ខ្ញុំកំពុងឈប់សម្រាកពីការសិក្សា ហើយសកម្មភាពប្រចាំថ្ងៃ មានដំណើរយឺតៗ ខ្ញុំក៏បានជញ្ជឹងគិត អំពីអ្វីដែលខ្ញុំបានទទួលពីឆ្នាំចាស់ និងអំពីអ្វីដែលខ្ញុំនឹងធ្វើសម្រាប់ឆ្នាំថ្មី។ ជួនកាល ការជញ្ជឹងគិតនេះ មានការឈឺចាប់ និងការស្តាយក្រោយ ចំពោះកំហុសដែលខ្ញុំបានធ្វើ។ ប៉ុន្តែ ការត្រៀមខ្លួនសម្រាប់ឆ្នាំថ្មី បានបំពេញខ្ញុំ ដោយសេចក្តីសង្ឃឹម និងការរំពឹងចង់បាន។ ខ្ញុំគិតថា ខ្ញុំមានឱកាសចាប់ផ្តើមជាថ្មីឡើងវិញ ទោះបីជាឆ្នាំចាស់មានរឿងអ្វីកើតឡើងក៏ដោយ។
ខ្ញុំបានត្រៀមខ្លួនចាប់ផ្តើមជាថ្មី ក្នុងឆ្នាំថ្មី តែវាមិនអាចប្រៀបផ្ទឹមបាន នឹងក្តីសង្ឃឹម ដែលពួកអ៊ីស្រាអែលមាន ពេលដែលស្តេចស៊ីរូស នៃចក្រភពពើស៊ី បានរំដោះពួកគេ ឲ្យត្រឡប់ទៅស្រុកកំណើតវិញ ក្នុងទឹកដីយូដា បន្ទាប់ពីបានរស់នៅជាឈ្លើយសឹក អស់៧០ឆ្នាំ ក្នុងទឹកដីបាប៊ីឡូន។ ស្តេចអង្គមុន ព្រះនាមនេប៊ូក្នេសា បាននិរទេសពួកគេពីស្រុកកំណើត។ ប៉ុន្តែ ព្រះអម្ចាស់បានជំរុញចិត្តស្តេចស៊ីរូស ឲ្យបញ្ជូនពួកឈ្លើយសឹកទាំងអស់ ឲ្យវិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីកសាងព្រះវិហាររបស់ព្រះឡើងវិញ(អែសរ៉ា ១:២-៣)។ ស្តេចស៊ីរូសក៏បានប្រគល់រតនវត្ថុ ដែលគេបានប្រមូលពីព្រះវិហារ ឲ្យទៅពួកគេវិញផងដែរ។ ក្នុងការរស់នៅ ជារាស្រ្តរើសតាំងរបស់ព្រះ ក្នុងទឹកដីដែលព្រះបានប្រទានឲ្យពួកគេ ពួកគេក៏បានចាបផ្តើមជីវិតសារជាថ្មី បន្ទាប់ពីរដូវកាលដ៏យូរ នៃទុក្ខលំបាក ក្នុងទឹកដីបាប៊ីឡូន ដែលបណ្តាលមកពីអំពើបាបរបស់ពួកគេ។
ទោះជាមានបញ្ហាអ្វីក៏ដោយ នៅក្នុងអតីតកាល ព្រះទ្រង់នៅតែអត់ទោសបាបឲ្យយើង…
ព្រះទ្រង់តាមដានយើងជានិច្ច
សៀវភៅមានចំណងជើងថា “នៅលើស្លាប” ជាស្នាដៃនិពន្ធរបស់លោកលោកអាឡាន ធេននិន(Alan Tennant) ដែលពិពណ៌នាអំពីកិច្ចប្រឹងប្រែងរបស់គាត់ នៅក្នុងការតាមដានការបន្លាស់ទី របស់សត្វស្ទាំងពេរេគ្រីន។ ដោយសារពួកវាជាពូជសត្វស្ទាំងដ៏មានតម្លៃ ដែលមានរូបរាង្គស្អាតល្អ មានភាពរហ័សរហួន និងកម្លាំង នោះសត្វបក្សីប្រម៉ាញ់ដ៏អស្ចារ្យនេះបានក្លាយជា ដៃគូរប្រម៉ាញ់ដែលពួកអធិរាជ្យ និងពួកអភិជនចូលចិត្តយកទៅជាមួយ ពេលចេញទៅបរបាញ់សត្វ។ តែគួរឲ្យស្តាយណាស់ ការប្រើថ្នាំសម្លាប់សត្វល្អិត DDT យ៉ាងទូលំទូលាយ ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ បានរំខានដល់វដ្តនៃការបង្ករកំណើតរបស់ពួកវា ហើយគេក៏បានដាក់ពួកវាក្នុងចំណោមសត្វដែលជិតផុតពូជ។
ដោយសារលោកធេននិនមានការចាប់អារម្មណ៍ នៅក្នុងការជួយស្រោចស្រង់ពូជសត្វស្ទាំងមួយប្រភេទនេះ គាត់ក៏បានដាក់ឧបករណ៍តាមដានជាប់នឹងជើងសត្វស្ទាំងមួយចំនួន ដែលគាត់បានជ្រើសរើស ដើម្បីតាមដានរបៀបនៃការបន្លាស់ទីរបស់ពួកវា។ ប៉ុន្តែ ពេលគាត់ និងអ្នកបើកបរយន្តហោះរបស់គាត់ កំពុងបើកបរយន្តហោះតាមពីក្រោយសត្វបក្សីទាំងនោះ ពួកគេក៏ស្រាប់តែបាត់សញ្ញាទាក់ទងម្តងហើយម្តងទៀត ពីឧបករណ៍តាមដានដែលបានភ្ជាប់នឹងជើងសត្វស្ទាំងទាំងនោះ។ ទោះពួកគេមានបច្ចេកវិទ្យាទំនើបក៏ដោយ ក៏ពួកគេនៅតែមិនអាចតាមដានសត្វបក្សីដែលពួកគេចង់ជួយស្រោចស្រង់នោះឡើយ។
ការនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ព្រះដែលថែរក្សាយើងរាល់គ្នា ទ្រង់យាងទៅជាមួយយើងជានិច្ច ហើយទោះយើងទៅទីណា ក៏មិនដែលបាត់ពីព្រះភក្រ្តទ្រង់ឡើយ។ តាមពិត ព្រះយេស៊ូវបានមានបន្ទូលថា “គ្មានចាបណាមួយធ្លាក់ទៅដី ឥតព្រះវរបិតានៃអ្នករាល់គ្នាជ្រាបឡើយ … យ៉ាងនោះមិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃ លើសជាងចាបជាច្រើន”(ម៉ាថាយ ១០:២៩-៣១)។
ពេលយើងជួបស្ថានភាពដែលពិបាក ការភ័យខ្លាចអាចធ្វើឲ្យយើងសង្ស័យថា តើព្រះទ្រង់ជ្រាបអំពីស្ថានភាពរបស់យើងឬទេ។ តែការបង្រៀនរបស់ព្រះយេស៊ូវបានធានាដល់យើងថា ព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះយើងយ៉ាងខ្លាំង ហើយក៏កំពុងគ្រប់គ្រងស្ថានភាពរបស់យើងផង។ ទ្រង់កំពុងតាមដានជីវិតយើង មិនដែលខានម្តងណាឡើយ។-Dennis Fisher
ការអញ្ជើញឲ្យមកសម្រាក
ពេលខ្ញុំកំពុងអង្គុយនៅក្បែរគ្រែរបស់មិត្តភក្តិម្នាក់ នៅបន្ទប់សង្រ្គោះបន្ទាន់ក្នុងមន្ទីរពេទ្យ ខ្ញុំមានការប៉ះពាលចិត្តយ៉ាងខ្លាំង ពេលបានឮសម្លេងនៃការឈឺចាប់របស់អ្នកជម្ងឺដទៃទៀត នៅក្បែរនោះ។ ខ្ញុំក៏បានអធិស្ឋានឲ្យមិត្តភក្តិខ្ញុំ និងអ្នកជម្ងឺទាំងនោះ ហើយពេលនោះ ខ្ញុំក៏បានដឹងជាថ្មីម្តងទៀតថា ជីវិតរបស់មនុស្សនៅលើផែនដីនេះ ពិតជាខ្លីយ៉ាងណា។ បន្ទាប់មក ខ្ញុំក៏បាននឹកចាំ អំពីបទចម្រៀងជនបទដែលខ្ញុំចូលចិត្តស្តាប់ តាំងពីយូរមកហើយ ដែលច្រៀងដោយលោកជីម រីវ(Jim Reeves) ដែលនិយាយអំពី លោកិយនេះដែលមិនមែនជាផ្ទះរបស់យើងទេ ព្រោះ “យើងគ្រាន់តែជាអ្នកដំណើរ”។
លោកិយនេះមានពេញដោយភាពនឿយហត់ ការឈឺចាប់ ការស្រេកឃ្លាន បំណុល ភាពក្រីក្រ ជម្ងឺ និងសេចក្តីស្លាប់។ ដោយសារយើងត្រូវធ្វើដំណើរឆ្លងកាត់តាមលោកិយនេះ ព្រះយេស៊ូវទ្រង់ក៏បានមានបន្ទូលអញ្ជើញសម្រាប់មនុស្សគ្រប់សម័យកាលថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។ យើងត្រូវការការសម្រាកនេះ។
ក្នុងចំណោមពិធីបុណ្យសពដែលខ្ញុំបានចូលរួម ខ្ញុំច្រើនតែឃើញគេដកស្រង់បទគម្ពីរ ដែលនិយាយអំពីការថ្លែងទំនាយរបស់សាវ័កយ៉ូហាន អំពី “ផ្ទៃមេឃ និងផែនដីថ្មី”(វិវរណៈ ២១:១-៥) ព្រោះបទគម្ពីរនេះ សក្តិសមសម្រាប់ពីធីបុណ្យសពណាស់។ ប៉ុន្តែ ខ្ញុំជឿថា បទគម្ពីរនេះបានចែងសម្រាប់អ្នកនៅរស់ ច្រើនជាងសម្រាប់មនុស្សស្លាប់។ យើងត្រូវស្តាប់តាមការអញ្ជើញរបស់ព្រះយេស៊ូវ ឲ្យចូលមកសម្រាកក្នុងទ្រង់ នៅពេលដែលយើងនៅមានជីវិតនៅឡើយ។ ទាល់តែយើងបានស្តាប់បង្គាប់តាមទ្រង់ ទើបយើងមានសិទ្ធិទទួលព្រះពរតាមព្រះបន្ទូលសន្យា ក្នុងព្រះគម្ពីរវិវរណៈ។ ព្រះទ្រង់នឹងគង់នៅក្នុងកណ្តាលចំណោមយើងរាល់គ្នា(ខ.៣)។ ទ្រង់នឹងជូតទឹកភ្នែកយើងរាល់គ្នា(ខ.៤)។ “សេចក្តីស្លាប់ ឬការសោកសង្រេង…
មិនព្រងើយកន្តើយ
បន្ទប់ទំាងមូលបានរំលេចទៅដោយពណ៌ចម្រុះដ៏ស្រស់ស្អាតជាច្រើន ខណៈពេលដែលស្រ្តីស្លៀកសំពត់សារីកំពុងញាប់ដៃញាប់ជើង នៅក្នុងសកម្មភាពចុងក្រោយនៃកម្មវិធីរ៉ៃអង្គាសប្រាក់។ ពីដើម ស្រ្តីមួយក្រុមនេះមានដើមកំណើតនៅប្រទេសឥណ្ឌា ហើយក៏បានមករស់នៅក្នុងសហរដ្ឋអាមេរិក។ ប៉ុន្តែ ពួកគេនៅតែមានការខ្វល់ខ្វាយពីប្រទេសកំណើតរបស់ខ្លួន។ ពេលពួកគេដឹងអំពីស្ថានភាពរបស់សាលារៀនមួយកន្លែង ដែលគេបើកសម្រាប់ក្មេងកើតជម្ងឺខ្សោយបញ្ញា នៅប្រទេសឥណ្ឌា ពួកគេមិនគ្រាន់តែបានដឹងអំពីតម្រូវការរបស់សាលារៀននោះប៉ុណ្ណោះទេ តែពួកគេថែមទាំងបានទុកដាក់ដំណឹងនេះនៅក្នុងចិត្ត ហើយក៏បានធ្វើការឆ្លើយតប។
លោកនេហេមាមានមុខនាទីដ៏ស្រណុកស្រួលជាអ្នកថ្វាយពែងដល់ស្តេច និងបានទទួលការទុកចិត្តពីបុរសដែលមានអំណាចបំផុតនៅសម័យនោះ តែការទាំងអស់នេះមិនបានធ្វើឲ្យគាត់ភ្លេចខ្វល់ពីជនរួមជាតិរបស់គាត់ឡើយ។ គាត់បានទៅជួបអ្នកដែលមកពីទីក្រុងយេរូសាឡិម ដើម្បីសាកសួរអំពីស្ថានភាពនៃប្រជាជនដែលកំពុងរស់នៅទីនោះ(នេហេមា ១:២)។ គាត់ក៏បានដឹងថា “ពួកអ្នកដែលត្រូវដឹកនាំទៅជាឈ្លើយ ដែលសល់នៅក្នុងខេត្តនោះ គេមានសេចក្តីវេទនា ហើយត្រូវសេចក្តីត្មះតិះដៀលជាខ្លាំង ចំណែកកំផែងនៃក្រុងយេរូសាឡិម ក៏បាក់បែក ហើយទ្វារបានឆេះអស់ផង”(ខ.៣)។
លោកនេហេមាមានការឈឺចាប់ក្នុងចិត្តយ៉ាងខ្លាំង។ គាត់ក៏បានទួញសោក អធិស្ឋានតម ទូលសូមឲ្យព្រះទ្រង់ជួយដល់ប្រជាជនគាត់ ដែលកំពុងរស់នៅក្នុងស្ថានភាពដ៏អាក្រក់នេះ(ខ.៤)។ ព្រះទ្រង់ក៏បានអនុញ្ញាតឲ្យលោកនេហេមាវិលត្រឡប់ ទៅក្រុងយេរូសាឡិមវិញ ដើម្បីដឹកនាំការសាងសង់កំផែងក្រុងឡើងវិញ(២:១-៨)។ លោកនេហេមាក៏បានសម្រេចនូវកិច្ចការដ៏ធំនេះ សម្រាប់ប្រជាជនគាត់ ព្រោះគាត់បានទូលសូមដល់ព្រះដ៏ធំប្រសើរ ឲ្យធ្វើការដ៏ធំ ហើយក៏បានពឹងផ្អែកលើទ្រង់ផង។ សូមព្រះទ្រង់បើកភ្នែកយើង ឲ្យមើលឃើញសេចក្តីត្រូវការរបស់អ្នកដែលនៅជុំវិញយើង ហើយសូមទ្រង់ជួយយើង ឲ្យក្លាយជាអ្នកដោះស្រាយបញ្ហាដោយចិត្តអាណិត និងមានភាពប៉ិនប្រសប់ ដើម្បីធ្វើជាព្រះពរដល់អ្នកដទៃ។-Poh Fang Chia
កន្លែងសម្រាប់ស្នាក់អាស្រ័យ
ជនអនាថា នៅទីក្រុងវែនគូវើ រដ្ឋព្រីតធីស ខូឡំប៊ី ប្រទេសកាណាដា មានវិធីសាស្រ្តថ្មីមួយ ដើម្បីស្វែងរកកន្លែងស្នាក់នៅពេលយប់។ មានអង្គការប្រចាំតំបន់មួយ ឈ្មោះ រេនស៊ីធី ហោសស៊ីង បានបង្កើតកៅអីវែងពិសេសជាច្រើន ដែលគេអាចត្រឡប់វា បង្កើតជាជំរកស្នាក់នៅបណ្តោះអាសន្ន។ គេអាចទាញបង្អែករបស់កៅអីវែងនោះឡើងទៅលើ ហើយបត់ធ្វើជាដំបូល ដែលអាចការពារខ្យល់ និងទឹកភ្លៀងបាន។ នៅពេលយប់ គេងាយនឹងស្វែងរកកន្លែងសម្រាកបែបនោះ នៅទីក្រុងវែនគូវើ ព្រោះនៅលើកៅអីវែងនោះ មានដាក់អក្សរដែលបញ្ចេញពន្លឺពេលយប់ថា “នេះជាកន្លែងគេង”។
យើងត្រូវការជម្រកខាងសាច់ឈាម តែទន្ទឹមនឹងនោះ យើងក៏ត្រូវការជម្រកខាងវិញ្ញាណផងដែរ។ ព្រះទ្រង់ជាទីជ្រកកោនសម្រាប់វិញ្ញាណយើង ពេលមានបញ្ហា។ គឺដូចដែលស្តេចដាវីឌបានសរសេរក្នុងទំនុកដំកើងថា “កាលណាចិត្តទូលបង្គំត្រូវបង្គ្រប នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ពីចុងផែនដីផង សូមនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំ”(ទំនុកដំកើង ៦១:២)។ ពេលដែលអារម្មណ៍យើងមានការពិបាកហួសបន្ទុក យើងងាយនឹងរងគ្រោះ ដោយសារល្បិចរបស់ខ្មាំងសត្រូវយើង ដោយវាប្រើការភ័យខ្លាច ការប្រកាន់ទោសខ្លួនឯង និងការត្រេកត្រអាលជាដើម។ បានជាយើងត្រូវការប្រភពនៃស្ថេរភាព និងសុវត្ថិភាពដ៏ពិត។
បើយើងជ្រកកោននៅក្នុងព្រះ យើងអាចមានជ័យជម្នះមកលើខ្មាំងសត្រូវ ពេលដែលវាព្យាយាមល្បួងនាំចិត្ត និងគំនិតរបស់យើង។ គឺដូចដែលស្តេចដាវីឌបានទូលព្រះអម្ចាស់ថា “ទ្រង់បានធ្វើជាទីជ្រកឲ្យទូលបង្គំ គឺជាប៉មយ៉ាងមាំ ឲ្យរួចពីខ្មាំងសត្រូវ ទូលបង្គំនឹងអាស្រ័យនៅក្នុង… ទីកំបាំង ក្រោមស្លាបទ្រង់”(ខ.៣-៤)។
ពេលយើងមានទុក្ខព្រួយ យើងអាចរកសន្តិភាព និងការការពារ ក្នុងព្រះរាជបុត្រានៃព្រះ ព្រះនាមយេស៊ូវគ្រីស្ទ។ គឺដូចទ្រង់បានមានបន្ទូលថា “ខ្ញុំប្រាប់សេចក្តីទាំងនេះ…
និមិត្តរូបនៃព្រឹលទឹកកក
ក្នុងអំឡុងពេលរដូវរងា ដែលមានភាពត្រជាក់មុតសាច់ ក្នុងតំបន់ដែលយើងរស់នៅ ក្នុងរដ្ឋមីឈីហ្គិន យើងមានអារម្មណ៍លាយឡំគ្នាជាច្រើន ចំពោះអាកាសធាតុ។ ពេលដែលព្រឹលបានបន្តធ្លាក់ក្នុងរដូវរងា រហូតដល់ខែមិនា មនុស្សភាគច្រើននៅតំបន់នោះមានការណាយចិត្តនឹងព្រឹលដែលចេះតែធ្លាក់មិនព្រមឈប់ ហើយក៏មានការរអ៊ូរទាំ ពេលគេព្យាករណ៍ឧតុនិយមថា អាកាសធាតុត្រជាក់នៅមានរយៈពេលយូរទៀត។
ប៉ុន្តែ សម្រស់ដ៏អស្ចារ្យនៃព្រឹល នៅតែបន្តធ្វើឲ្យខ្ញុំមានចិត្តរីករាយ។ ទោះខ្ញុំត្រូវលំបាកយកប៉ែលចូកព្រឹលចេញពីផ្លូវ នៅមុខផ្ទះខ្ញុំ ដាក់នៅលើគំនរព្រឹលអមសង្ខាងផ្លូវក៏ដោយ ក៏ខ្ញុំនៅតែមានចិត្តស្ងើចចំពោះវត្ថុពណ៌សក្បុសនេះ។ នៅថ្ងៃមួយ មានដុំទឹកកកតូចៗ ថ្លាដូចគ្រីស្ទាល់បានធ្លាក់ពីលើមេឃ ចុះមកទើនៅលើគំនរព្រឹលចាស់ៗ។ ពេលខ្ញុំ និងភរិយារបស់ខ្ញុំបានដើរកាត់តាមទេសភាពព្រឹលទឹកកកដែលចាំងពន្លឺផ្លេកៗ មើលទៅហាក់ដូចជាមានកំទេចគ្រាប់ពេជ្យចាំងពន្លឺផ្លេកៗ ពាសពេញទីវាល។
ព្រះគម្ពីរ ហាក់ដូចជាបាននិយាយអំពីព្រឹលក្នុងន័យខុសៗគ្នា។ ព្រះទ្រង់បានបង្គាប់ឲ្យព្រឹលធ្លាក់ចុះមក ជាសញ្ញាបង្ហាញអំពីភាពធំប្រសើររបស់ទ្រង់(យ៉ូប ៣៧:៦ ៣៨:២២-២៣)។ កំពូលភ្នំខ្ពស់ៗដែលគ្របដណ្តប់ទៅដោយព្រឹល បានធ្វើជាប្រភពទឹកដែលហូរចុះមក ស្រោចស្រពតាមជ្រលងដងអូរ ដែលនៅតំបន់វាលទំនាប។ តែដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ គឺព្រះបានប្រទានព្រឹលមក ជានិមិត្តរូបដំណាងអំពីការអត់ទោសបាបឲ្យយើងរាល់គ្នា។
ដំណឹងល្អនៃព្រះយេស៊ូវបានបើកផ្លូវ ឲ្យយើងបានទទួលការសម្អាតអំពើបាបយើង និងដើម្បីឲ្យចិត្តយើងបានប្រែជា “សជាងព្រឹល”ផង(ទំនុកដំកើង ៥១:៧ អេសាយ ១:១៨)។ លើកក្រោយ ពេលអ្នកបានឃើញព្រឹលដោយផ្ទាល់ភ្នែក ឬនៅក្នុងរូបថត សូមអរព្រះគុណព្រះ សម្រាប់ការអត់ទោសបាប និងប្រទានសេរីភាព ឲ្យយើងរួចពីទោសនៃអំពើបាប ដែលជាអំណោយសម្រាប់អស់អ្នកដែលទុកចិត្តលើព្រះសង្រ្គោះនៃយើង។-Dave Branon
ការលះបង់ក្នុងថ្ងៃណូអែល
រឿងនិទានរបស់លោកអូ ហេនរី(O Henry) ដែលមានចំណងជើងថា “អំណោយរបស់អ្នកប្រាជ្ញ” និយាយអំពីលោកជីម(Jim) និងអ្នកស្រីដេឡា(Della) ដែលជាប្តីប្រពន្ធវ័យក្មេងមួយគូរ ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ។ នៅពេលបុណ្យណូអែលជិតមកដល់ ពួកគេចង់ទិញអំណោយឲ្យគ្នាទៅវិញទៅមក ប៉ុន្តែ ដោយសារការខ្វះខាត ពួកគេក៏បានសម្រេចចិត្តប្រើមធ្យោបាយដ៏ពិបាកមួយ។ លោកជីមមាននាឡិការដៃពណ៌មាស ដ៏មានតម្លៃមួយគ្រឿង ចំណែកឯអ្នកស្រីដេឡាវិញ មានសក់វែងអន្លាយដ៏ស្រស់ស្អាត។ ដូចនេះ លោកជីមក៏បានលក់នាឡិកាគាត់ ដើម្បីទិញក្រាស់សិតសក់ឲ្យអ្នកស្រីដេឡា ខណៈពេលដែលអ្នកស្រីដេឡាបានទៅកាត់សក់លក់ឲ្យគេ ដើម្បីទិញខ្សែនាឡិការឲ្យលោកជីម។
រឿងនៃក្តីស្រឡាញ់នេះ បានរំឭកយើងថា ការលះបង់គឺជាចំណុចស្នូល នៃសេចក្តីស្រឡាញ់ដ៏ពិត ហើយការលះបង់ជាខ្នាតរង្វាស់ដ៏ពិត នៃសេចក្តីស្រឡាញ់។ នេះជាការពិតមែន ជាពិសេស នៅក្នុងរដូវកាលនៃបុណ្យណូអែល ពីព្រោះការលះបង់ ជាអត្ថន័យដ៏សំខាន់បំផុត នៃកំណើតរបស់ព្រះគ្រីស្ទ។ ព្រះយេស៊ូវគ្រីស្ទ បានប្រសូត្រ ដើម្បីសុគត គឺសុគតដើម្បីយើងរាល់គ្នា។ ហេតុនេះហើយបានជាទេវតាបានប្រាប់យ៉ូសែបថា “នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប”(ម៉ាថាយ ១:២១)។
រយៈពេលជាច្រើនសតវត្សរ៍ មុនពេលព្រះគ្រីស្ទប្រសូត្រ ព្រះគម្ពីរបានថ្លែងទំនាយថា ទ្រង់នឹងយាងមកជួយសង្រ្គោះយើង ឲ្យរួចពីបាបរបស់យើង បានសេចក្តីថា យើងមិនអាចយល់ច្បាស់អំពីតម្លៃនៃស្នូកសត្វដែលព្រះឱរសយេស៊ូវបានផ្ទុំនោះឡើយ ដរាបណា យើងមិនបានស្វែងយល់អំពីអត្ថន័យនៃឈើឆ្កាងទេនោះ។ អត្ថន័យនៃបុណ្យណូអែល គឺនិយាយអំពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទទាំងស្រុង ដែលបានបង្ហាញយ៉ាងច្បាស់ នៅក្នុងការលះបង់របស់ទ្រង់ សម្រាប់យើងរាល់គ្នា។-Bill…
អំណោយដ៏ផុយស្រួយ
ពេលខ្ញុំវេចខ្ចប់អំណោយដែលមានភាពផុយស្រួយ ខ្ញុំត្រូវប្រាកដថា នៅសម្បកកញ្ចប់នោះ មានសញ្ញាសំគាល់ដើម្បីឲ្យគេដឹងថា ខាងក្នុងកញ្ចប់មានរបស់ផុយស្រួយ។ ខ្ញុំក៏បានសរសេរអក្សរធំៗពីលើថា “របស់ផុយស្រួយ” ព្រោះខ្ញុំមិនចង់ឲ្យនរណាម្នាក់ធ្វើឲ្យខូចអំណោយដ៏មានតម្លៃ នៅខាងក្នុងកញ្ចប់ឡើយ។
យ៉ាងណាមិញ អំណោយដ៏ល្អផុតដែលព្រះបានប្រទានដល់យើង គឺជាទារកតូច ដែលទ្រង់ក៏ជាអំណោយដ៏ផុយស្រួយផងដែរ។ ជួនកាលយើងស្រមៃឃើញថា ថ្ងៃបុណ្យណូអែល ជាថ្ងៃដែលមានទិដ្ឋភាពដ៏ស្រស់ស្អាត ដូចនៅលើរូបគំនូរ ប៉ុន្តែ ស្រ្តីដែលធ្លាប់ឆ្លងទន្លេ ប្រាកដជាអាចប្រាប់យើងថា អ្វីៗមិនសុទ្ធតែស្រស់ស្អាត ដូចការគិតរបស់យើងឡើយ។ នាងម៉ារាប្រាកដជាអស់កម្លាំង។ កាលនោះ នាងទើបតែបានឆ្លងទន្លេកូនដំបូង នៅកន្លែងដែលខ្វះអនាម័យបំផុតផង។ នាង “រុំទ្រង់នឹងសំពត់ផ្តេកក្នុងស្នូក ពីព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងណានៅទេ”(លូកា ២:៧)។ ទារកដែលទើបតែកើតត្រូវការការមើលថែរជាប់ជានិច្ច។ គេយំច្រើន ត្រូវបៅដោះ គេង ហើយពឹងផ្អែកទៅលើអ្នកមើលថែរជានិច្ច។ គេមិនអាចធ្វើការសម្រេចចិត្តអ្វីមួយឡើយ។ នៅសម័យនាងម៉ារា អត្រានៃការស្លាប់របស់ទារកមានកំរិតខ្ពស់ ហើយម្តាយជាច្រើនបានស្លាប់ ពេលឆ្លងទន្លេ។
ហេតុអ្វីបានជាព្រះទ្រង់សម្រេចព្រះទ័យ ចាត់ព្រះរាជបុត្រាទ្រង់ មកក្នុងលោកិយ ដោយឲ្យទ្រង់ប្រសូត្រតាមរបៀបដ៏ផុយស្រួយដូចនេះ? ពីព្រោះទ្រង់ត្រូវតែមានលក្ខណៈដូចជាយើងរាល់គ្នា ដើម្បីជួយសង្រ្គោះយើង។ អំណោយដ៏អស្ចារ្យបំផុតរបស់ព្រះ គឺបានប្រទានមកក្នុងរូបកាយទារកតូច ដ៏ផុយស្រួយ តែព្រះទ្រង់ហ៊ានប្រឈមនឹងគ្រោះថ្នាក់នេះ ដោយសារទ្រង់ស្រឡាញ់យើង។ ចូរយើងមានការដឹងគុណទ្រង់ សម្រាប់អំណោយដ៏អស្ចារ្យនេះ!-Keila Ochoa
អាថ៌កំបាំងនៃពិធីបុណ្យណូអែល
លោកឆាលស៍ ឌីកឃិន(Charles Dickens) បាននិពន្ធរឿង ដែលមានចំណងជើងថា បទចម្រៀងណូអែល ដែលនិយាយ អំពីអាថ៌កំបាំងរបស់លោកអេបេនេហ្សឺ ស្រ្គូជ(Ebenezer Scrooge)។ ហេតុអ្វីតួអង្គម្នាក់នេះ ជាមនុស្សចិត្តអាក្រក់ម្ល៉េះ? តើហេតុអ្វីបានជាគាត់ក្លាយជាមនុស្សអាត្មានិយម? បន្ទាប់មក បន្តិចម្តងៗ ពេលដែលអត្ថន័យនៃបុណ្យណូអែល បានជ្រួតជ្រាបក្នុងចិត្តគាត់។ មានឥទ្ធិពលម្យ៉ាង ដែលបានធ្វើឲ្យគាត់ប្រែក្លាយពីយុវជនដែលមានសុភមង្គល ទៅជាមនុស្សអាត្មានិយម ដែលគ្មានអំណរ ក្នុងជីវិត។ គាត់មានភាពឯកកោ និងខូចចិត្ត។ តែបន្ទាប់ពី អាថ៌កំបាំងរបស់គាត់ ត្រូវបានទំលាយហើយ គាត់ក៏បានរកឃើញផ្លូវទៅរកការស្អាងឡើងវិញ។ គាត់ប្រែជាចេះខ្វល់ពីអ្នកដទៃ ហើយការនេះក៏បាននាំគាត់ចេញពីភាពងងឹត ចូលទៅក្នុងជីវិតដែលមានក្តីអំណរជាថ្មី។
មានរឿងអាថ៌កំបាំងមួយ ដែលសំខាន់ជាងនេះទៀត ហើយក៏ពិបាកពន្យល់ជាងរឿងខាងលើផង។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ក្នុងបទគម្ពីរ ១ធីម៉ូថេ ៣:១៦ ថា “ពិតប្រាកដជាសេចក្តីអាថ៌កំបាំងរបស់សាសនានៃយើង នោះជ្រាលជ្រៅណាស់ គឺដែលព្រះបានលេចមកក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញទ្រង់ មនុស្សបានប្រកាសប្រាប់ពីទ្រង់ដល់ពួកសាសន៍ដ៏ទៃ មានគេជឿដល់ទ្រង់ក្នុងលោកិយនេះ រួចព្រះបានលើកទ្រង់ឡើងទៅក្នុងសិរីល្អវិញ”។ រឿងនេះពិតជាអស្ចារ្យណាស់! ព្រះទ្រង់ “បានលេចមកក្នុងសាច់ឈាម”។
យ៉ាងណាមិញ អាថ៌កំបាំងនៃបុណ្យណូអែល គឺជាការដែលព្រះអាចយកកំណើតជាមនុស្ស តែនៅតែរក្សាភាពជាព្រះទាំងស្រុងដដែល។ មនុស្សមិនអាចបកស្រាយអំពីអាថ៌កំបាំងនេះបានទេ តែក្នុងប្រាជ្ញាដ៏ល្អឥតខ្ចោះរបស់ព្រះ នេះជាផែនការដែលទ្រង់បានរៀបចំតាំងពីមុនកំណើតលោកិយ។
តើបុត្រតូចនោះជានរណា? ទ្រង់ជាព្រះយេស៊ូវគ្រីស្ទ ជាព្រះដែលបានបង្ហាញព្រះអង្គទ្រង់ នៅក្នុងសាច់ឈាមជាមនុស្ស។-Bill…