ប្រភេទ  |  នំម៉ាណាប្រចាំថ្ងៃ

សម្រស់នៃការទទួលចិញ្ចឹម ក្នុងមហាគ្រួសារព្រះ

ខ្សែ​ភាព​យន្ត​មាន​ចំណង​ជើង​ថា ចំហៀងដែលមើលមិនឃើញ  ដែល​គេ​បាន​ចាក់​បញ្ចាំង កាល​ពី​ឆ្នាំ​២០០៩ បាន​ពិពណ៌នា អំពី​រឿង​ពិត​របស់​លោក​ម៉ៃឃល អូហ័រ(Michael Oher) ជា​ក្មេង​ជំទង់​ដែល​រស់​នៅ​អនាថា។ មាន​គ្រួសារ​មួយ​បាន​ឲ្យ​គាត់​រស់​នៅ​ជា​មួយ ហើយ​ក៏​បាន​ជួយ​គាត់ ឲ្យ​ជម្នះ​ការ​លំបាក​នៅ​ក្នុង​ការ​រៀន​សូត្រ ហើយ​គាត់​ក៏​បាន​ទទួល​ជោគ​ជ័យ​ដ៏​ល្អ​ប្រសើរ ក្នុង​កីឡាបាល់​ទាត់​អាមេរិក។ ក្នុង​ឈុត​មួយ​នោះ ក្រុម​គ្រួសារ​នោះ​ក៏​បាន​ជជែក​ជា​មួយ​ម៉ៃឃល អំពី​លទ្ធភាព​ដែល​ពួក​គេ​អាច​ទទួល​គាត់​ជា​កូន​ចិញ្ចឹម​ជា​ផ្លូវ​ការ បន្ទាប់​ពី​គាត់​បាន​រស់​នៅ​ជា​មួយ​ពួក​គេ​អស់​ជា​ច្រើន​ខែ​ហើយ។ គាត់​ក៏​បាន​ឆ្លើយ​តប​ដោយ​ពាក្យ​ផ្អែម​ល្ហែម និង​សុភាព​ថា គាត់​គិត​ថា​គាត់​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​នេះ​ហើយ។

ពេល​នោះ​ជា​ពេល​ដ៏​រំភើប​រីករាយ​ណាស់។ ការ​ទទួល​ចិញ្ចឹម​កូន ជា​រឿង​ដ៏​គាប់​ប្រសើរ។ សេចក្តី​ស្រឡាញ់​បាន​ពង្រីក​កាន់​តែ​ធំ​ទូលាយ ហើយ​ការ​រាប់​បញ្ចូល​ទាំង​ស្រុង​ក្នុង​គ្រួសារ​ក៏​បាន​កើត​មាន ខណៈ​ពេល​ដែល​គ្រួសារ​មួយ​បាន​បើក​ចំហ ទទួល​សមាជិក​ថ្មី។​ ការ​ទទួល​ចិញ្ចឹម នាំ​ឲ្យ​ជីវិត​ផ្លាស់​ប្តូរ គឺ​ដូច​ដែល​ជីវិត​របស់​ម៉ៃឃល​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង។

ក្នុង​ព្រះ​យេស៊ូវ អ្នក​ជឿ​ទំាង​ឡាយ​ក្លាយ​ជា “កូន​ព្រះ” ដោយសារ​ជំនឿ​លើ​ព្រះ​អង្គ(កាឡាទី ៣:២៦)។ ព្រះ​ទ្រង់​បាន​ទទួល​ចិញ្ចឹម​យើង ហើយ​យើង​ក្លាយ​ជា​កូន​ប្រុស​ស្រី​របស់​ព្រះ​អង្គ(៤:៥)។ ក្នុង​នាម​យើង​ជា​កូន​ចិញ្ចឹម​របស់​ព្រះ យើង​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​អង្គ ហើយ​យើង​ហៅ​ព្រះ​អង្គ​ថា​ “ព្រះ​វរបិតា”(ខ.៦) ហើយ​យើង​ក៏​បាន​ក្លាយ​ជា​អ្នក​ស្នង​មរតក​របស់​ព្រះ​អង្គ(ខ.៧) និង​ស្នង​មរតក​ជា​មួយ​ព្រះ​គ្រីស្ទ​(រ៉ូម ៨:១៧)។ យើង​ក៏​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​មហា​គ្រួសារ​របស់​ព្រះ​អង្គ។​

ពេល​ដែល​លោក​ម៉ៃឃល អូហ័រ ក្លាយ​ជា​កូន​ចិញ្ចឹម ការ​ផ្លាស់​ប្តូរ​ក៏​បាន​កើត​មាន ក្នុង​ជីវិត អត្ត​សញ្ញាណ និង​អនាគត​របស់​គាត់។ ចុះ​ទំរាំ​តែ​យើង​ដែល​ព្រះ​ទ្រង់​បាន​ទទួល​ចិញ្ចឹម តើ​យើង​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ជាង​អម្បាលម៉ាន។ ជីវិត​យើង​ផ្លាស់​ប្តូរ ពេល​ដែល​យើង​បាន​ដឹង​ថា ព្រះ​អង្គ​ជា​ព្រះ​វរបិតា។ អត្ត​សញ្ញាណ​របស់​យើង​ផ្លាស់​ប្តូរ ពេល​ដែល​យើង​បាន​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ព្រះ​អង្គ។…

តើនរណាខ្លះត្រូវការការគាំទ្ររបស់អ្នក?

លោក​ឃ្លីហ្វហ្វ៊ត វីលៀម(Clifford Williams) ត្រូវ​គេ​កាត់​ទោស​ប្រហារ​ជីវិត ពី​បទ​មនុស្ស​ឃាត ដែល​គាត់​មិន​បាន​ប្រព្រឹត្ត។​ ខណៈ​ពេល​ដែល​គាត់ កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង រង់ចាំ​ពេល​ទទួល​ទោស​ប្រហារ​ជីវិត គាត់​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ទាមទា​ឲ្យ​គេ​ពិចារណា​ឡើង​វិញ អំពី​ភស្តុតាង​ដែល​គេ​បាន​ប្រើ ក្នុង​ការ​កាត់​ទោស​គាត់​នោះ។ ពាក្យ​បណ្តឹង​នីមួយ​ៗ សុទ្ធ​តែ​ត្រូវ​គេ​បដិសេធ អស់​រយៈ​ពេល​៤២​ឆ្នាំ។​ បន្ទាប់​មក អ្នក​ស្រី សេលី ធីបូដូ(Shelley Thibodeau) ដែល​ជា​មេធាវី ក៏​បាន​ដឹង អំពី​រឿង​ក្តី​របស់​គាត់។ នាង​ក៏​បាន​រក​ឃើញ​ថា គេ​មិន​គ្រាន់​តែ​គ្មាន​ភស្តុតាង ដើម្បី​កាត់​ទោស​លោក​វីលៀម​ប៉ុណ្ណោះ​ទេ តែ​មាន​បុរស​ម្នាក់​ទៀត បាន​សារភាព​ថា ខ្លួន​ជា​អ្នក​ប្រព្រឹត្ត។ ទី​បំផុត លោក​វីលៀម ក៏​បាន​រួច​ពី​ការ​ចោទ​ប្រកាន់ ហើយ​ក៏​ត្រូវ​គេ​ដោះ​លែង។

ហោរា​យេរេមា និង​ហោរា​អ៊ូរីយ៉ា ក៏​ជួប​រឿង​ធំ​ផង​ដែរ។ ពួក​គេ​បាន​ប្រកាស​ប្រាប់​សាសន៍​យូដាថា​ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ជំនុំ​ជម្រះ​រាស្រ្ត​ទ្រង់ បើ​ពួក​គេ​មិន​ប្រែ​ចិត្ត​ទេ​នោះ(យេរេមា ២៦:១២-១៣,២០)។ ការ​ប្រកាស​នោះ​បាន​ធ្វើ​ឲ្យ​ពួក​បណ្តាជន និង​ពួក​នាម៉ឺន​នៅ​នគរ​យូដា​មាន​ការ​ខឹង​សម្បារ ហើយ​ក៏​បាន​រិះ​រក​វិធី​សម្លាប់​ហោរា​ទាំង​ពីរ។ ពួក​គេ​ទទួល​ជោគ​ជ័យ​នៅ​ក្នុង​ការ​សម្លាប់​លោក​អ៊ូរីយ៉ា។ គាត់​បាន​រត់​គេច​ទៅ​នគរ​អេស៊ីព្ទ តែ​ត្រូវ​គេ​ចាប់​ខ្លួន​ត្រឡប់​មក​វិញ ដើម្បី​ឲ្យ​ស្តេច​កាត់​ទោស ហើយ​ស្តេច​ក៏​បាន​សម្រេច​ឲ្យ​គេ​ប្រហារ​ជីវិត​គាត់ នឹង​ដាវ(ខ.២៣)។ ហេតុ​អ្វី​ពួក​គេ​មិន​បាន​សម្លាប់​លោក​យេរេមា? ព្រោះ​លោក​អ័ហ៊ីកាម ​“ជួយ​ខាង​យេរេមា ដើម្បី​មិន​ឲ្យ​គេ​ប្រគល់​លោក​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ជន​ឲ្យ​គេ​សំឡាប់​លោក​ឡើយ”(ខ.២៤)។

យើង​ប្រហែល​មិន​ដឹង​ថា មាន​នរណា​ខ្លះ​ដែល​កំពុង​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់​ឡើយ ប៉ុន្តែ យើង​ប្រហែល​ជា​ដឹង​ថា មាន​នរណា​ខ្លះ​ដែល​កំពុង​តែ​ត្រូវ​ការ​ជំនួយ​របស់​យើង។ តើ​នរណា​ខ្លះ​កំពុង​តែ​ត្រូវ​គេ​ជាន់​ឈ្លី​សិទ្ធិ​សេរីភាព?…

ជីវិតដែលមានតម្លៃក្នុងព្រះគ្រីស្ទ

ទឹក​ភ្នែក​បាន​ហូរ​ចុះ​មក​លើ​ថ្ពាល់ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​ព្យាយាម​ស្វែង​រក​ចិញ្ចៀន​អាពាហព៍ពិពាហ៍ និង​ចិញ្ចៀន​ខួប​អាពាហ៍ពិពាហ៍​យ៉ាង​វក់វី។ បន្ទាប់ពី​ខ្ញុំ​បាន​លើក​សាឡុង ​និង​ដើរ​មក​លើ​ពេញ​ផ្ទះ​ហើយ អ័លែន(Alan) ក៏​បាន​និយាយ​សុំទោស ហើយ​ប្រាប់​ថា យើង​នឹង​ទៅ​ទិញ​ចិញ្ចៀន​ថ្មី។​

ខ្ញុំ​ក៏​បាន​ឆ្លើយ​តប​ថា “អរគុណ ប៉ុន្តែ អនុស្សាវរីយ៍​ដែល​នៅ​ជាប់​នឹង​ចិញ្ចៀន​ទាំង​នោះ មាន​តម្លៃ​ណាស់ គឺ​មិន​អាច​យក​ចិញ្ចៀន​ថ្មី​មក​ជំនួស​បាន​ទេ”។ ខ្ញុំ​ក៏​បាន​បន្ត​ស្វែង​រក​គ្រឿង​អលង្ការ​នោះ​បណ្តើរ ហើយ​អធិស្ឋាន​បណ្តើរ​ថា “ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូលបង្គំ ឲ្យ​រក​ឃើញ​ចិញ្ចៀន​ទាំង​នោះ​ផង”។​

ក្រោយ​មក ខណៈ​ពេល​ដែល​ខ្ញុំ​លូក​ចូល​ក្នុង​ហោ​ប៉ៅ​អាវ​រងា ដែល​ខ្ញុំ​បាន​ពាក់​កាល​ពី​ដើម​សប្តាហ៍ ខ្ញុំ​ក៏​បាន​រក​ឃើញ​ចិញ្ចៀន​ដ៏​មាន​តម្លៃ​នោះ។ ខ្ញុំ​ក៏​បាន​អរព្រះគុណ​ព្រះយេស៊ូវ។ ខ្ញុំ​និង​ស្វាមី​ខ្ញុំ​ក៏​បាន​យក​ចិញ្ចៀន​នោះ​មក​ពាក់​ដោយ​អំណរ​ហើយ​ក៏​បាន​នឹក​ចាំ​អំពី​រឿង​ប្រៀប​ប្រដូច អំពី​ស្រ្តី​ម្នាក់ ដែល​បាន​បាត់​ប្រាក់​ដួង​(លូកា ១៥:៨-១០)។ ខ្ញុំ​ដឹង​អំពី​តម្លៃ​នៃ​ចិញ្ចៀន​ដែល​យើង​បាន​បាត់ គឺ​មិន​ខុស​ពី​ស្រ្តី​ដែល​ខំ​ស្វែង​រក​ប្រាក់​ដួង​របស់​នាង​នោះ​ឡើយ។ ការ​ដែល​យើង​ចង់​ស្វែង​រក​របស់​មាន​តម្លៃ​ដែល​បាន​បាត់ គឺ​មិន​មែន​មាន​អ្វី​ខុស​ទេ។ ព្រះយេស៊ូវ​គ្រាន់​តែ​បាន​ប្រើ​រឿង​ប្រៀប​ប្រដូច​នេះ ដើម្បី​មាន​បន្ទូល​សង្កត់​ធ្ងន់ អំពី​ការ​ដែល​ព្រះ​អង្គ​សព្វ​ព្រះទ័យ​នឹង​សង្រ្គោះ​មនុស្ស​ទាំង​អស់​ដែល​ព្រះ​អង្គ​បាន​បង្កើត។ មនុស្ស​មាន​បាប​ម្នាក់​បាន​ប្រែ​ចិត្ត នាំ​ឲ្យ​មាន​ការ​អបអរ​នៅ​នគរ​ស្ថាន​សួគ៌​។​

ចូរ​យើង​អធិស្ឋាន​ដោយ​ចិត្ត​ឆេះ​ឆួល​ឲ្យ​អ្នក​ដទៃ​បាន​ស្គាល់​ព្រះ គឺ​ដូច​ដែល​យើង​អធិស្ឋាន​សូម​ឲ្យ​យើង​រក​ឃើញ​របស់​មាន​តម្លៃ​ដែល​បាន​បាត់។ យើង​ពិត​ជា​មាន​ឯកសិទ្ធិ​ពិសេស​ណាស់ ដែល​បាន​អបអរ នៅ​ពេល​ដែល​នរណា​ម្នាក់​ប្រែ​ចិត្ត និង​ថ្វាយ​ជីវិត​ដល់​ព្រះ​គ្រីស្ទ។ បើ​យើង​បាន​ទុក​ចិត្ត​ព្រះ​យេស៊ូវ យើង​អាច​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​យើង​បាន​ពិសោធន៍​នឹង​ក្តី​អំណរ ដោយ​ដឹង​ថា ព្រះ​ដែល​ស្រឡាញ់​យើង នឹង​មិន​បោះ​បង់​ចោល​យើង ព្រោះ​យើង​សក្ដិសម​នឹង​ឲ្យ​ព្រះ​អង្គ​ស្វែង​រក។—Xochitl Dixon

ការជម្នះការច្រណែន

ក្នុង​ខ្សែ​ភាព​យន្ត​មាន​ចំណង​ជើង​ថា អាម៉ាឌាស លោក​អាន់តូនីញ៉ូ សាលេរី​(Antonio Salieri) ដែល​ជា​អ្នក​និពន្ធ​ទំនុក​ភ្លេង​វ័យ​ចំណាស់ បាន​លេង​ព្យាណូ នូវ​បទ​ភ្លេង​មួយ​ចំនួន​របស់​គាត់ ឲ្យ​សង្ឃ​ម្នាក់​ដែល​ជា​ភ្ញៀវ។ សង្ឃ​នោះ​មាន​ការ​ខ្មាស់​អៀន ហើយ​ក៏​បាន​សារ​ភាព​ថា គាត់​មិន​ដឹង​ថា ទំនុក​ភ្លេង​នោះ​ជា​បទ​អ្វី​ទេ។​ លោក​សាលេរី​ក៏​បាន​សួរ​ថា “ចុះ​បទ​នេះ​វិញ?” ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​លេង​បទ​ដ៏​ពេញ​និយម​មួយ។ សង្ឃ​នោះ​ក៏​បាន​និយាយ​ថា “ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​អ្នក​និពន្ធ​បទ​ភ្លេង​នេះ​ទេ”។ លោក​សាលេរី​ក៏​បាន​តប​ថា “ខ្ញុំ​មិន​បាន​និពន្ធ​បទ​ភ្លេង​នេះ​ទេ។ លោក​ម៉ូហ្សាត​(Mozart)គឺ​ជា​អ្នក​និពន្ធ”។ គេ​ក៏​បាន​រក​ឃើញ​ថា ជោគជ័យ​របស់​លោក​ម៉ូហ្សាត បាន​នាំ​ឲ្យ​លោក​សាលេរី​មាន​ការ​ច្រណែន​យ៉ាង​ខ្លាំង ថែម​ទាំង​នាំ​ឲ្យ​គាត់​ពាក់ព័ន្ធ នៅ​ក្នុង​ការ​ស្លាប់​របស់​លោក​ម៉ូហ្សាត​ទៀត​ផង។

មាន​បទ​ចម្រៀង​មួយ​ទៀត ដែល​នាំ​ឲ្យ​មាន​ការ​ច្រណែន​ផង​ដែរ។ បន្ទាប់​ពី​ដាវីឌ​ប្រយុទ្ធ​ឈ្នះ​កូលីយ៉ាត ពួក​អ៊ីស្រា​អែល​ក៏​បាន​នាំ​គ្នា​ច្រៀង​ថា “សូល​ទ្រង់​បាន​សំឡាប់​ទាំង​ពាន់ ហើយ​ដាវីឌ​ទាំង​ម៉ឺន”(១សាំយ៉ូអែល ១៨:៧)។ ការ​ប្រៀប​ធៀប នេះ​មិន​បាន​ធ្វើ​ឲ្យ​ស្តេច​សូល​សប្បាយ​ព្រះ​ទ័យ​ទេ។ ទ្រង់​មាន​ការ​ច្រណែន​ចំពោះ​ជ័យ​ជម្នះ​របស់​ដាវីឌ ហើយ​ខ្លាច​បាត់​បង់​រាជ​បល្ល័ង្ក​(ខ.៨-៩) ដូច​នេះ ទ្រង់​ក៏​បាន​ចាប់​ផ្តើម​តាម​កំចាត់​ដាវីឌ អស់​រយៈ​ពេល​យ៉ាង​យូរ។

តាម​ធម្មតា យើង​ជួប​ការ​ល្បួង​ឲ្យ​ច្រណែន នឹង​អ្នក​ដែល​មាន​អំណោយ​ទាន​ស្រដៀង​យើង តែ​មាន​សមត្ថភាព​ជាង​យើង គឺ​មិន​ខុស​ពី​លោក​សាលេរី ក្នុង​រឿង​តន្រ្តី ឬ​ស្តេច​សូល​ក្នុង​រឿង​អំណាច​នោះ​ឡើយ។ យើង​ក៏​អាច​មាន​ចិត្ត​ចង់​បំផ្លាញ​គូ​ប្រជែង​របស់​យើង ដោយ​ស្វែង​រក​កំហុស ក្នុង​ការងារ​របស់​ពួក​គេ ឬ​ព្យាយាម​បង្អាប់ មក​លើ​ភាព​ជោគ​ជ័យ​របស់​ពួក​គេ។

ព្រះ​ទ្រង់​បាន​ជ្រើស​តាំង​ស្តេច​សូល ឲ្យ​បំពេញ​កិច្ចការ​របស់​ទ្រង់​(១០:៦-៧,២៤) ជា​ឯកសិទ្ធិ​ដែល​គួរ​តែ​ធ្វើ​ឲ្យ​ទ្រង់​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ចំពោះ​ព្រះ ជា​ជាង​ច្រណែន​គេ។ ដោយសារ​យើង​ម្នាក់​ៗ​មាន​ការ​ត្រាស់​ហៅ​ខុស​ៗ​គ្នា​(អេភេសូរ ២:១០) វីធី​ល្អ​បំផុត​ដើម្បី​ជម្នះ​ការ​ច្រណែន នោះ​គឺ​ត្រូវ​ឈប់​ប្រៀប​ធៀប​ខ្លួន​យើង​នឹង​អ្នក​ដទៃ។ …

ព្រះយេស៊ូវជាស្ពានមេត្រី

លោក​តេលេម៉ាកូស(Telemachus) ជា​អ្នក​បម្រើ​ព្រះ ដែល​បាន​រស់​នៅ​ក្នុង​ជីវិត​ស្ងៀម​ស្ងាត់ តែ​ការ​ស្លាប់​របស់​គាត់ នៅ​ចុង​សតវត្សរ៍​ទី​៤ បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ ក្នុង​ពិភព​លោក។ គាត់​បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត មក​ទីក្រុង​រ៉ូម ហើយ​ក៏​បាន​ជ្រៀត​ជ្រែក នៅ​ក្នុង​ការ​ប្រកួត​ស្លាប់​រស់​របស់​អ្នក​ប្រយុទ្ធ ក្នុង​ទីលាន​ប្រយុទ្ធ។ គាត់​បាន​ផ្លោះ​របង​ស្តាត ចូល​ទៅ​ក្នុង​ទីលាន​ប្រយុទ្ធ ដើម្បី​ព្យាយាម​បញ្ឈប់​ការ​កាប់​សម្លាប់​គ្នា របស់​អ្នក​ប្រយុទ្ធ​ស្លាប់​រស់​ទាំង​នោះ។ ប៉ុន្តែ ហ្វូង​មនុស្ស​មាន​ការ​ខឹង​សម្បារ​ ហើយ​ក៏​បាន​ចោល​គាត់​នឹង​ថ្ម​សម្លាប់។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អធិរាជ​ហូន័ររាស(Honorius) មាន​ការ​ប៉ះ​ពាល់​ចិត្ត ចំពោះ​សកម្មភាព​របស់​លោក​តេលេម៉ាកូស ហើយ​ក៏​បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ​ឲ្យ​គេ​បញ្ចប់​ការ​ប្រកួត​ដ៏​សាហាវ​ព្រៃ​ផ្សៃ​នេះ ដែល​មាន​រយៈ​ពេល​ប្រហែល​៥០០​ឆ្នាំ​មក​ហើយ។

ពេល​ដែល​សាវ័ក​ប៉ុល​ហៅ​ព្រះ​យេស៊ូវ​ថា “ស្ពាន​មេត្រី​របស់​យើង” នោះ​គឺ​គាត់​សំដៅ​ទៅ​លើ​ការ​បញ្ចប់​នៃ​ភាព​ជា​សត្រូវ​រវាង​ជន​ជាតិ​យូដា និង​សាសន៍​ដទៃ(អេភេសូរ ២:១៤)។ ពួក​យូដា​ដែល​ជា​រាស្រ្ត​ជ្រើស​តាំង​របស់​ព្រះ មាន​លក្ខណៈ​ពិសេស​ខុស​ពី​សាសន៍​ដទៃ ហើយ​ក៏​បាន​អរសប្បាយ​នឹង​ឯកសិទ្ធិ​ពិសេស​មួយ​ចំនួន។ ឧទាហរណ៍ គេ​បាន​អនុញ្ញាត​ឲ្យ​សាសន៍​ដទៃ​ថ្វាយ​បង្គំ​ព្រះ នៅ​ក្នុង​ព្រះវិហារ​ទីក្រុង​យេរូសាឡិម ដោយ​មាន​ជញ្ជាំង​មួយ​បាន​ញែក​ពួក​អ៊ីស្រាអែល ដែល​នៅ​ខាង​ក្នុង ចេញ​ពី​សាសន៍​ដទៃ​ដែល​នៅ​ខាង​ក្រៅ ហើយ​ការ​បំពាន​បំរាម​នេះ​នឹង​ត្រូវ​ទទួល​ទោស​ស្លាប់។ ពួក​សាសន៍​យូដា​បាន​ចាត់​ទុក​សាសន៍​ដទៃ ​ថា​មិន​ស្អាត ហើយ​ពួក​គេ​ក៏​មាន​ការ​ប្រឆំាង​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ ដោយសារ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ សម្រាប់​មនុស្ស​ទាំង​អស់ នោះ​ទាំង​ពួក​សាសន៍​យូដា និង​សាសន៍​ដទៃ​សុទ្ធ​តែ​អាច​ថ្វាយ​បង្គំ​ព្រះ​ដោយ​សេរី ​ដោយ​ជំនឿ​លើ​ព្រះ​អង្គ​(ខ.១៨-២២)។ គ្មាន​ជញ្ជាំង​ខ័ណ្ឌ​ពួក​គេ​ចេញ​ពី​គ្នា​ទៀត​ឡើយ។ គ្មាន​ក្រុម​ណា​មាន​ឯកសិទ្ធិ​ជាង​ក្រុម​ផ្សេង​ទៀត​នោះ​ទេ។ ទាំង​សាសន៍​ដទៃ និង​សាសន៍​យូដា​មាន​ភាព​ស្មើ​គ្នា នៅចំពោះ​ព្រះ។ លោក​តេលេម៉ាកុស​បាន​នាំ​មក​នូវ​សន្តិភាព​ដល់​អ្នក​ប្រយុទ្ធ តាម​រយៈ​ការ​ស្លាប់​របស់​គាត់ តែ​ព្រះ​យេស៊ូវ​បាន​ប្រទាន​សន្តិភាព និង​ការ​ផ្សះផ្សា​ដល់​អស់​អ្នក​ដែល​ជឿ​ព្រះ​អង្គ តាម​រយៈ​ការ​សុគត…

សេចក្តីស្រឡាញ់របស់ព្រះខ្លាំងជាង

កាល​ពី​ឆ្នាំ​២០២០ អាលីសា មែនដូហ្សា(Alyssa Mendoza) បាន​ទទួល​សារ​អេឡិចត្រូនិក​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ពី​ឪពុក​របស់​នាង​នៅ​ពាក់​កណ្តាល​អាធ្រាត។ សារ​នោះ​បាន​និយាយ អំពី​ការ​អ្វី​ខ្លះ​ដែល​ត្រូវ​ធ្វើ សម្រាប់​ម្តាយ​របស់​នាង នៅ​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​គំរប់​២៥​ឆ្នាំ។ ហេតុ​អ្វី​នាង​មាន​ការ​ភ្ញាក់​ផ្អើល? ឪពុក​របស់​នាង​បាន​លា​ចាក​លោក​កាល​ពី​១០​ខែ​មុន។ នាង​ក៏​បាន​ដឹង​ថា កាល​ឪពុក​នាង​កំពុង​មាន​ជំងឺ គាត់​បាន​សរសេរ​សារ​នោះ ហើយ​បាន​កំណត់​ពេល​ផ្ញើ​វា មក​នាង នៅ​ពេល​យប់​នោះ ដោយ​ស្វ័យ​ប្រវត្តិ ដោយ​គាត់​ដឹង​ថា គាត់​ប្រហែល​មិន​អាច​រស់​ដល់​ពេល​នោះ​ទេ។ គាត់​ក៏​បាន​រៀប​ចំ និង​ទិញ​ផ្កា សម្រាប់​ឲ្យ​គេ​ផ្ញើ​មក​ភរិយា​គាត់ នៅ​ថ្ងៃ​បុណ្យ​ខួប​កំណើត​របស់​នាង ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍ និង​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត។

រឿង​នេះ ជា​ឧទាហរណ៍ អំពី​ប្រភេទ​នៃ​ក្តី​ស្រឡាញ់ ដែល​បាន​ពិពណ៌នា​ជា​លម្អិត ក្នុង​កណ្ឌ​គម្ពីរ​បទ​ចម្រៀង​សាឡូម៉ូន។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “​សេចក្តី​ស្រឡាញ់​មាន​កំឡាំង ដូច​ជា​សេចក្តី​ស្លាប់ ហើយ​សេចក្តី​ប្រចណ្ឌ​ក៏​សាហាវ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់”(៨:៦)។ ការ​ប្រៀប​ធៀប​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ និង​សេចក្តី​ស្លាប់ ទៅ​នឹង​សេចក្តី​ស្រឡាញ់ ហាក់​ដូច​ជា​រឿង​ចម្លែក តែ​ស្ថាន​ឃុំ​ព្រលឹង និង​សេចក្តី​ស្លាប់ មិន​ដោះ​លែង​អ្នក​ទោស​របស់​ពួក​វា​ដោយ​ងាយ​ៗ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សេចក្តី​ស្រឡាញ់​ពិត​ប្រាកដ​ក៏​មិន​បោះ​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ដែរ។ កណ្ឌ​គម្ពីរ​នេះ​ក៏បាន​ធ្វើ​ការ​ពិពណ៌នា​ស៊ី​ជម្រៅ​បំផុត ក្នុង​ខ.៦-៧ ដោយ​ចែង​ថា សេចក្តី​ស្រឡាញ់​របស់​ប្តី​ប្រពន្ធ គឺ​ខ្លាំង​ណាស់ បាន​ជា​ទឹក​ជំនន់​ក៏​មិន​អាច​ពន្លត់​បាន​ដែរ(ខ.៧)។​

ក្នុង​ព្រះ​គម្ពីរ​ប៊ីប​ទាំង​មូល មាន​ការ​ប្រៀប​ប្រដូច​សេចក្តី​ស្រឡាញ់​របស់​ប្តី​ប្រពន្ធ ទៅ​នឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​(អេសាយ ៥៤:៥ អេភេសូរ ៥:២៥ និង…

ក្តីអំណរដែលព្រះប្រទានពីខាងក្នុង

ពេល​ដែល​ម៉ាសៀ(Marcia) ចេញ​ទៅ​ទី​សាធារណៈ នាង​តែង​តែ​ព្យាយាម​ញញឹម​ដាក់​អ្នក​ដទៃ។ នេះ​ជា​របៀប​ដែល​នាង​ឈោង​ទៅ​រក​អ្នក​ដទៃ ដែល​ត្រូវ​ការ​មើល​ឃើញ​ទឹក​មុខ​ដែល​រួស​រាយ។ ភាគ​ច្រើន នាង​ក៏​បាន​ទទួល​នូវ​ទឹក​មុខ​ញញឹម​ពិត​ប្រាកដ តប​មក​វិញ។ ប៉ុន្តែ ក្នុង​អំឡុង​ពេល​ដែល​គេ​តម្រូវ​ឲ្យ​ម៉ាសៀ​ពាក់​ម៉ាស់ នាង​ក៏​បាន​ដឹង​ថា គេ​មិន​អាច​មើល​ឃើញ​មាត់​របស់​នាង​ទេ ដូច​នេះ គ្មាន​នរណា​ម្នាក់​អាច​មើល​ឃើញ​ស្នាម​ញញឹម​នៅ​លើ​មាត់​របស់​នាង​ឡើយ។ នាង​គិត​ថា នេះ​ជា​រឿង​ដែល​គួរ​ឲ្យ​សោក​ស្តាយ​ណាស់ តែ​ខ្ញុំ​នឹង​មិន​ឈប់​ញញឹម​ដាក់​គេ​ឡើយ។ គេ​ប្រហែល​ជា​អាច​ឃើញ​ស្នាម​ញញឹម​ក្នុង​កែវ​ភ្នែក​ខ្ញុំ ពេល​ដែល​ខ្ញុំ​ញញឹម។

តាម​វិទ្យាសាស្រ្ត សាច់​ដុំ​នៅ​សងខាងមាត់ និង​សាច់​ដុំ​ដែល​ធ្វើ​ឲ្យ​ចុង​ភ្នែក​ជ្រួញ​ ពេល​យើង​ញញឹម អាច​ធ្វើ​ការ​ទន្ទឹម​គ្នា។​ គេ​បាន​ពិពណ៌នា​ថា នេះ​ជា​ការ​ញញឹម​ដោយ​ប្រើ​ភ្នែក។​

បទ​គម្ពីរ​សុភាសិត​បាន​រំឭក​យើង​ថា “ពន្លឺ​នៃ​ភ្នែក នោះ​នាំ​ឲ្យ​ចិត្ត​រីករាយ” ហើយ “ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស”(១៥:៣០ ១៧:២២)។ ជា​ញឹក​ញាប់ ស្នាម​ញញឹម​របស់​កូន​ព្រះ កើត​ចេញ​ពី​ក្តី​អំណរ​ចេញ​ពី​ក្នុង​វិញ្ញាណ​របស់​យើង។ ជា​អំណោយ​មក​ពី​ព្រះ ដែល​ហូរ​ចូល​ជីវិត​យើង ខណៈ​ពេល​ដែល​យើង​លើក​ទឹក​ចិត្ត​អ្នក​ដែល​មាន​បន្ទុក​ធ្ងន់ ឬ​ចែក​ចាយ​ដល់​អ្នក ដែល​កំពុង​ស្វែង​រក​ចម្លើយ សម្រាប់​បញ្ហា​ក្នុង​ជីវិត។ សូម្បី​តែ​នៅ​ពេល​ដែល​យើង​កំពុង​ជួប​ទុក្ខ​លំបាក ក្តី​អំណរ​របស់​យើង នៅ​តែ​អាច​បញ្ចេញ​ពន្លឺ។

ពេល​ដែល​ជីវិត​យើង​ហាក់​ដូចជា​មាន​ភាព​ងងឹត ចូរយើង​ជ្រើស​រើស​យក​ក្តី​អំណរ។ ចូរ​ឲ្យ​ស្នាម​ញញឹម​របស់​យើង​បាន​ធ្វើ​ជា​បង្អួច​នៃ​ក្តី​សង្ឃឹម ដែល​ឆ្លុះ​បញ្ចាំង ឲ្យ​គេ​ឃើញ​ក្តី​ស្រឡាញ់ និង​ពន្លឺ​នៃ​ព្រះ​វត្ត​មាន​របស់​ព្រះ ក្នុង​ជីវិត​អ្នក។​—Cindy Hess Kasper

រីកថ្វាយព្រះយេស៊ូវ

មាន​ពេល​មួយ កូន​ស្រី​ពៅ​របស់​ខ្ញុំ​បាន​នាំ​យក​មើម​របស់​ផ្កា​ធូលីព ធ្វើ​ជា​អំណោយ​សម្រាប់​ខ្ញុំ បន្ទាប់​ពី​នាង​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ទីក្រុង​អាំស្តាដាំ​ប្រទេស​ហូឡង់ មក​សហរដ្ឋ​អាមេរិក​វិញ។ ដូច​នេះ ខ្ញុំ​ក៏​បាន​បង្ហាញ​ឲ្យ​នាង​ដឹង​ថា ខ្ញុំ​មាន​ចិត្ត​រីក​រាយ នៅ​ក្នុង​ការ​ទទួល​មើម​ផ្កា​ធូលីព​នោះ ដូច​ដែល​ខ្ញុំ​បាន​ជួប​ជុំ​ជា​មួយ​នាង​ផង​ដែរ។​ ប៉ុន្តែ ផ្កា​ធូលីព​ជា​ផ្កា​ដែល​ខ្ញុំ​ចូល​ចិត្ត​តិច​ជាង​គេ។ ផ្កា​ធូលីព​ឆាប់​រីក ហើយ​ក៏​ឆាប់​ស្រពោន​ផង​ដែរ។ ម្យ៉ាង​ទៀត អាកាស​ធាតុ​នៅ​ខែ​កក្កដា ក្តៅ​ពេក មិន​អាច​ដាំ​ពួក​វា​បាន​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ចុង​ខែ​កញ្ញា ខ្ញុំ​ក៏​បាន​យក​មើម​ដែល​កូន​ស្រី​ខ្ញុំ​ឲ្យ មក​ដាំ ដោយ​គិត​ដល់​នាង ហើយ​ក៏​បាន​ដាំ​ពួក​វា​ដោយ​ក្តី​ស្រឡាញ់។ ពេល​ដែល​ពន្លក​បាន​ដុះ​ចេញ​ពី​ដី​ដែល​មាន​ថ្ម​ច្រើន ខ្ញុំ​ក៏​មាន​ការ​បារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​ការ​លូត​លាស់​របស់​មើម​ទាំង​នោះ។ ខ្ញុំ​ក៏​បាន​កាត់​លោះ​ពួក​វា​ជា​លើក​ចុង​ក្រោយ ដោយ​សង្ឃឹម​ថា ព្រះ​អង្គ​នឹង​ប្រទាន​ពរ​ឲ្យ​ពួក​វា​រីក​ឡើង នៅ​រដូវ​ផ្ការីក។

កិច្ចការ​ដ៏​តូច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​ការ​ត្រាស់​ហៅ​របស់​ព្រះ​ឲ្យ​យើង​ស្រឡាញ់​គ្នា ទៅ​វិញ​ទៅ​មក ទោះ​យើង​មិន​សូវ​ចូល​ចិត្ត​គ្នា​ក៏​ដោយ។ ព្រះ​អង្គ​ប្រទាន​លទ្ធ​ភាព​ឲ្យ​យើង​អាច​ស្រឡាញ់​អ្នក​ដទៃ ដោយ​មើល​រំលង​ចំណុច​ខ្វះ​ខាត​របស់​គេ សូម្បី​តែ​ក្នុង​រដូវ​កាល​ដែល​ពិបាក​បំផុត។​ យូរ​ៗ​ទៅ សេចក្តី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ក៏​បាន​រីក​ដូច​ផ្កា។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក”(ខ.៣៥)។  ព្រះ​អង្គ​លួស​មែក ហើយ​ក៏​ប្រទាន​ពរ​ឲ្យ​យើង​រីក​ឡើង គឺ​ដូច​ដែល​ផ្កា​ធូលីព​របស់​ខ្ញុំ ដែល​បាន​រីក​នៅ​ក្នុង​រដូវ​ផ្ការីក​បន្ទាប់ ចំ​ពេល​ដែល​កូន​ស្រី​ខ្ញុំ មក​លេង​ខ្ញុំ​មួយ​រយៈ​ពេល​ខ្លី នៅ​ចុង​សប្តាហ៍។ ទី​បំផុត ខ្ញុំ​ក៏​បាន​នាំ​នាង​មើល​ផ្កា​ធូលីព​ដែល​កំពុង​តែ​រីក​ស្គុស​ស្គាយ។—Patricia Raybon

ការអធិស្ឋាន ដោយចិត្តស្មោះ

អ្នក​ស្រីឡរ៉ា(Lara) និង លោក​ដេវ(Dave) ចង់​មាន​កូន​ខ្លាំង​ណាស់ តែ​គ្រូ​ពេទ្យ​បាន​ប្រាប់​ថា ពួក​គេ​មិន​អាច​មាន​កូន​បាន​ឡើយ។ អ្នក​ស្រីឡរ៉ា​ក៏​បាន​ប្រាប់​មិត្ត​ភក្តិ​ម្នាក់​ថា គាត់​មាន​ការ​ជជែក​ជា​មួយ​ព្រះ ដោយ​ស្មោះ​អស់​ពី​ចិត្ត។ ប៉ុន្តែ បន្ទាប់​ពី “ការ​ជជែក” នោះ​ហើយ គាត់ និង​លោក​ដេវ ក៏​បាន​ទៅ​ជួប​គ្រូគង្វាល​របស់​ខ្លួន។ លោក​គ្រូ​គង្វាល​ក៏​បាន​ប្រាប់​ពួក​គេ អំពី​ការងារ​ផ្នែក​ទទួល​ចិញ្ចឹម​កូន ក្នុង​ពួក​ជំនុំ​របស់​ពួក​គេ។ មួយ​ឆ្នាំ​ក្រោយ​មក ពួក​គេ​ក៏​បាន​ទទួល​ព្រះ​ពរ​ពី​ព្រះ ដោយ​បាន​ទទួល​ចិញ្ចឹម​ទារក​ប្រុស​ម្នាក់។​

បទ​គម្ពីរ​លោកុប្បត្តិ ជំពូក​១៥  ក៏​បាន​ចែង​អំពី​ការ​សន្ទនា​ដ៏​ស្មោះ​ត្រង់ រវាង​លោក​អាប់រ៉ាម និង​ព្រះ។ ព្រះ​ទ្រង់​បាន​ប្រាប់​គាត់​ថា “អាប់រ៉ាម​អើយ កុំ​ឲ្យ​ខ្លាច​អ្វី​ឡើយ អញ​ជា​ខែល ហើយ​ជា​រង្វាន់​ដ៏​ធំ​ក្រៃលែង​របស់​ឯង”(ខ.១)។ ប៉ុន្តែ​ លោក​អាប់រ៉ាម​មិន​ទាន់​បាន​ដឹង​ច្បាស់ អំពី​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ អំពី​ពេល​អនាគត​របស់​គាត់​នោះ​ទេ បាន​ជា​គាត់​ឆ្លើយ​ថា “ឱ​ព្រះយេហូវ៉ា​ជា​ព្រះអម្ចាស់​អើយ តើ​ទ្រង់​នឹង​ប្រទាន​អ្វី​មក​ទូលបង្គំ ដែល​ទូលបង្គំ​ចេះ​តែ​នៅ​ដោយ​ឥត​មាន​កូន​ដូច្នេះ?”(ខ.២)។

កាល​ពី​មុន​ព្រះ​ទ្រង់​បាន​សន្យា​លោក​អាប់រ៉ាម​ថា “អញ​នឹង​ធ្វើ​ឲ្យ​ពូជ​ឯង​បាន​ចំរើន​ឡើង​ដូច​ជា​ធូលី​ដី”(១៣:១៦)។ ឥឡូវ​នេះ លោក​អាប់រ៉ាម ក៏​បាន​រំឭក​ព្រះ​អង្គ អំពី​ព្រះ​បន្ទូល​សន្យា​នោះ តាម​លក្ខណៈ​គាត់​ជា​មនុស្ស។ តែ​សូម​កត់​សំគាល់​អំពី​ការ​ឆ្លើយ​តប​របស់​ព្រះ។ ​ព្រះ​អង្គ​បាន​ធានា​លោក​អាប់រ៉ាម ដោយ​ប្រាប់​គាត់​ឲ្យ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ផ្កាយ គឺ​ព្រះ​អង្គ​ចង់​បញ្ជាក់​ថា គាត់​នឹង​មាន​កូន​ចៅ​ច្រើន​រាប់​មិន​អស់(១៥:៥)។

ព្រះ​ទ្រង់​ល្អ​ណាស់។ ព្រះ​អង្គ​មិន​គ្រាន់​តែ​បាន​អនុញ្ញាត​ឲ្យ​គាត់​សន្ទនា​ដោយ​ចិត្ត​ស្មោះ​ត្រង់ ជា​មួយ​ព្រះ​អង្គ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ធានា​ដល់​គាត់ យ៉ាង​សុភាព! ក្រោយ​មក ព្រះ​អង្គ​ក៏​បាន​ប្តូរ​ឈ្មោះ​គាត់​ទៅ​ជា​អ័ប្រាហាំ​វិញ​(ប្រែ​មក​ថា…

ព្រះទ្រង់បីទ្រយើង

កាល​ពី​ឆ្នាំ​២០១៩ ខ្យល់​ព្យុះ ដូរៀន​បាន​បក់​បោក​មក​លើ​ប្រជុំ​កោះ នៃ​ប្រទេស​បាហា​ម៉ាស ដោយ​ភ្លៀង ខ្យល់ និង​ទឹក​ជំនន់​ដ៏​ធ្ងន់​ធ្ងរ។ នេះ​ជា​គ្រោះ​ធម្មជាតិ​ដ៏​អាក្រក់​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​ប្រទេស​នេះ។ ខណៈ​ពេល​ដែល​លោក​ប្រ៊ែន​(Brent) កំពុង​តែ​ជ្រក​នៅ​ក្នុង​ផ្ទះ ជា​មួយ​កូន​ប្រុស​របស់​គាត់ ដែល​ជា​ជន​ពិការ គាត់​ដឹង​ថា គាត់​ត្រូវ​នាំ​កូន​គាត់​ចេញ​ពី​ផ្ទះ។  ទោះ​លោក​ប្រ៊ែន​ពិការ​ភ្នែក​ក៏​ដោយ គាត់​ត្រូវ​តែ​ជួយ​សង្រ្គោះ​កូន​ប្រុស​គាត់។ គាត់​ក៏​បាន​ដាក់​កូន​ប្រុស​គាត់ ឲ្យ​ជិះ​ករ​គាត់​ថ្មម​ៗ ហើយ​ក៏​បាន​បោះ​ជំហាន ចូល​ទៅ​ក្នុង​ទឹក​ដែល​បាន​លិច​ជន់​ត្រឹម​ចង្កា​គាត់ ហើយ​នាំ​កូន​ប្រុស​គាត់​ទៅ​ដល់​ទីសុវត្ថិ​ភាព។​

បើ​សិន​ជា​ឪពុក​ដែល​ជា​មនុស្ស​ពិការ​ភ្នែក មិន​មាន​ការ​រួញ​រា ក្នុង​ការ​ជួយ​កូន​ប្រុស​ខ្លួន​ទៅ​ហើយ ចុះ​ទំរាំ​តែ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ តើ​ព្រះ​អង្គ​ខ្វល់​អំពី​កូន​ព្រះ​អង្គ​ជាង​អម្បាល​ម្មាន។ នៅ​គ្រា​សញ្ញា​ចាស់ លោក​ម៉ូសេ​បាន​រំឭក អំពី​ពេល​ដែល​ព្រះ​ទ្រង់​បាន​បីទ្រ​រាស្រ្ត​ទ្រង់ ទោះ​ជំនឿ​របស់​ពួក​គេ​កំពុង​តែ​រេរា​ក៏​ដោយ។​ ព្រះ​អង្គ​បាន​រំឭក​ពួក​អ៊ីស្រាអែល អំពី​របៀប​ដែល​ព្រះ​អង្គ​បាន​រំដោះ​ពួក​គេ ដោយ​ប្រទាន​អាហារ និង​ទឹក​នៅ​វាល​រហោស្ថាន ប្រយុទ្ធ​នឹង​សត្រូវ​របស់​ពួក​គេ ហើយ​ដឹក​នាំ​ពួក​គេ ដោយ​បង្គោល​ពពក និង​ភ្លើង។ លោក​ម៉ូសេ​ក៏​បាន​ប្រាប់​ពួក​គេ​ថា “ឯង​រាល់​គ្នា​ក៏​បាន​ឃើញ​ថា ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​បី​ទ្រ​ឯង តាម​ផ្លូវ​ដែល​ឯង​បាន​ដើរ រហូត​មក​ដល់​ទី​នេះ ដូច​ជា​មនុស្ស​បី​កូន​របស់​ខ្លួន”(ចោទិយកថា ១:៣១)។

ការ​ធ្វើ​ដំណើរ​របស់​ពួក​អ៊ីស្រាអែល កាត់​វាល​រហោ​ស្ថាន មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ ហើយ​ជំនឿ​របស់​ពួក​គេ​ក៏​មាន​ការ​រារេ នៅ​ពេល​ខ្លះ តែ​ជា​ភស្តុតាង​បង្ហាញ​ថា ព្រះ​ទ្រង់​បាន​ការពារ និង​ផ្គត់​ផ្គង់​ពួក​គេ។ ពេល​ដែល​ខ្ញុំ​នឹក​ឃើញ​បុរស​ជា​ឪពុក​ដាក់​កូន​ជិះ​នៅ​លើ​ក​ថ្នម​ៗ ហើយ​ក៏​បាន​ចម្លង​ទៅ​ដល់​ទី​សុវត្ថិភាព​ដោយ​ចិត្ត​ក្លាហាន និង​ទំនុក​ចិត្ត នោះ​ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ពេល​ដែល​ព្រះ​ទ្រង់​បាន​ថែរក្សា​ពួក​អ៊ីស្រាអែល។ ពេល​ណា​យើង​ជួប​បញ្ហា​ប្រឈម…