ប្រភេទ  |  January

ការបង្ហាញចេញនូវព្រះគុណ

ថ្មី​ៗ​នេះ ភរិយា​របស់​លោក​គ្រូ​គង្វាល អេរិក ហ្វ៊ីតជើរ៉ល(Erik Fitzgerald) បាន​បាត់​បង់​ជីវិត នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បណ្តាល​មក​ពី​អ្នក​ពន្លត់​អគ្គី​ភ័យ​ម្នាក់​ងោក​ងុយ ដោយ​ភាព​ហត់​នឿយ​យ៉ាង​ខ្លាំង ពេល​បើក​បរ​ត្រឡប់​មក​ផ្ទះ​វិញ ហើយតុលា​ការ​ចង់​ដឹង​ថា តើ​គាត់​ចង់​ឲ្យ​បុរស​នោះ​ទទួល​ទោស​ឲ្យ​បាន​ធ្ងន់​បំផុត​ឬ​យ៉ាង​ណា? លោក​គ្រូ​គង្វាល​ក៏​បាន​សម្រេច​ចិត្ត​សម្តែង​ចេញ​នូវ​ការ​អត់​ឱន​ទោស គឺ​ដូច​ដែល​គាត់​បាន​និយាយ នៅ​ក្នុង​ការ​អធិប្បាយ​ជា​ញឹក​ញាប់ អំពី​ការ​អត់​ឱន​ទោស។ ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់ ទី​បំផុត បុរស​ទំាង​ពីរ​ក៏​បាន​រាប់​អាន​គ្នា​ជា​មិត្ត​ភក្តិ។ ក្រោយ​មក គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​ដែល​មាន​សោកនាដ​កម្ម ឬ​រឿង​ដ៏​ឈឺ​ចាប់​កើត​ឡើង គឺ​យើង​មាន​ឱកាស​សម្រេច​ចិត្ត​ថា យើង​នឹង​បង្ហាញ​ចេញ​នូវ​ព្រះ​គុណ​ព្រះ ឬ​យើង​សង​សឹក​គេ”។

លោក​គ្រូ​គង្វាល​អេរីក បាន​បង្ហាញ​ចេញ​នូវ​ព្រះ​គុណ ដែល​គាត់​បាន​ទទួល​ពី​ព្រះ​ជា​ម្ចាស់ ដែល​ទ្រង់​បាន​អត់​​ទោស​អំពើ​បាប​របស់​គាត់​ទាំង​អស់។ គំរូ​ដ៏​ល្អ​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ពាក្យ​ពេចន៍​របស់​ហោរា​មីកា ដែល​បាន​សរសើរ​ដំកើង​ព្រះ សម្រាប់​ការ​អត់​ទោស​បាប​ឲ្យ​យើង ពេល​ដែល​យើង​បាន​ធ្វើ​ខុស​ទាស់​នឹង​ទ្រង់​(មីកា ៧:១៨)។ ហោរា​មីកា​បាន​ពាក្យ​ប្រៀប​ប្រដូច ដើម្បី​ពិពណ៌នា អំពី​របៀប​ដែល​ព្រះ​ជា​ម្ចាស់​អត់​ឱន​ទោស​ឲ្យ​រាស្រ្ត​ព្រះ​អង្គ។ គឺ​ដូច​ដែល​គាត់​បាន​ពោល​ថា “ទ្រង់​នឹង​មាន​សេចក្តី​អាណិតអាសូរ ដល់​យើង​រាល់​គ្នា​ទៀត ទ្រង់​នឹង​កំរាប​សេចក្តី​ទុច្ចរិត​របស់​យើង នៅ​ក្រោម​ព្រះបាទ ហើយ​នឹង​បោះ​អស់​ទាំង​អំពើ​បាប​របស់​យើង​ទៅ​ក្នុង​សមុទ្រ​ជ្រៅ”(ខ.១៩)។ នៅ​ថ្ងៃ​នោះ អ្នក​ពន្លត់​អគ្គី​ភ័យ​បាន​ទទួល​សេរីភាព​រួច​ពី​ទោស​កំហុស ដែល​គាត់បាន​ធ្វើ​ដោយ​អចេតនា គឺ​ប្រៀប​ដូច​ជា​ការ​ទទួល​អំណោយ​ដ៏​ពិសេស ដែល​នាំ​ឲ្យ​គាត់​ចូល​ទៅ​ជិត​ព្រះ​ជា​ម្ចាស់។

ទោះ​យើង​ជួប​ការ​លំបាក​យ៉ាង​ណា​ក៏ដោយ យើង​ត្រូវ​ដឹង​ថា ព្រះ​ជា​ម្ចាស់​តែង​តែ​ស្វាគមន៍​​យើង ចូល​ទៅ​ក្នុង​រង្វង់​ព្រះ​ពាហុ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ដែល​តែង​តែ​បើក​ចំហរ​ទទួល​យើង​ជា​និច្ច។​  ព្រះ​អង្គ​តែង​តែ​សព្វ​ព្រះ​ទ័យ នឹង​បង្ហាញ​ចេញ​នូវ​សេចក្តី​មេត្តា​កុរណា​ចំពោះ​យើង​ជា​និច្ច​(ខ.១៨)។ កាល​ណា​យើង​ទទួល​សេចក្តី​ស្រឡាញ់ និង​ព្រះ​គុណ​ព្រះ​អង្គ នោះ​ព្រះ​អង្គ​ក៏​ចម្រើន​កម្លាំង​យើង…

ពេលដែលយើងមានរឿងធំ

នៅ​ភូមិ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ថៃ ក្រុម​បាល់​ទាត់​ក្មេង​ជំទង់ ដែល​មាន​រហ័ស​នាម​ថា ក្រុម​ជ្រូក​ព្រៃ បាន​សម្រេច​ចិត្ត​នាំ​គ្នា​ចូល​ទស្សនា​រូង​ភ្នំ​មួយ។ មួយ​ម៉ោង​ក្រោយ​មក ពួក​គេ​ក៏​បាន​នាំ​គ្នា​ចេញ​មក​ខាង​ក្រៅ​វិញ តែ​ក៏​បាន​ដឹង​ថា ច្រក​ចេញ​ទៅ​ខាង​ក្រៅ​រូង​ភ្នំនោះ​ត្រូវ​បាន​ទឹក​ជន់​លិច​ហើយ​។ ទឹក​ក៏​បាន​ជន់​ឡើង​កាន់​តែ​ខ្លាំង ធ្វើ​ឲ្យ​ពួក​គេ​ដក​ថយ​ ចូល​ទៅ​ក្នុង​រូង​ភ្នំ​កាន់​តែ​ជ្រៅ ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ រហូត​ដល់​ចម្ងាយ​ប្រហែល​៤​គីឡូម៉ែត្រ​ពី​មាត់​រូង។ ពីរ​សប្តាហ៍​ក្រោយ​មក គេ​ក៏​បាន​នាំ​ពួក​គេ​ចេញ​មក​ខាង​ក្រៅ ក្នុង​ប្រតិបត្តិ​ការណ៍​ជួយ​សង្រ្គោះ​ដ៏​ក្លាហាន។ ពេល​នោះ មនុស្ស​ជា​ច្រើន​បាន​ឆ្ងល់​ថា តើ​មាន​អ្វី​បណ្តាល​ឲ្យ​ពួក​គេ​ជាប់​ខ្លួន​នៅ​ក្នុង​រូង​ភ្នំ ដោយ​ភាព​អស់​សង្ឃឹម​យ៉ាង​នេះ? ចម្លើយ​នោះ​គឺ ពួក​គេ​បាន​ជាប់​នៅ​ក្នុង​រូង​ភ្នំ​នោះ ម្តង​បន្តិច​ៗ រហូត​ដល់​ចេញ​មក​ក្រៅ វិញ​លែង​រួច។

នៅ​នគរ​អ៊ីស្រាអែល​កាល​ពី​សម័យ​ដើម មាន​ពេល​មួយ​លោក​ណាថាន់​បាន​ទៅ​ប្រឈម​មុខ​ដាក់​ស្តេច​ដាវីឌ ពី​រឿង​ដែល​ទ្រង់​បាន​សម្លាប់លោក​អ៊ូរី​ដែល​ជា​ទាហាន​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់។ តើ​មនុស្ស​ដែល “ត្រូវ​នឹង​ព្រះ​ទ័យ​របស់​ព្រះ”(១សំាយ៉ូអែល ១៣:១៤) បាន​ក្លាយ​ជា​ឃាតករ​ដោយ​របៀប​ណា?​ ចម្លើយ​នោះ​គឺ​ ទ្រង់​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​រឿង​នេះ​បន្តិច​ម្តង​ៗ​រហូត​ដល់​មិន​អាច​បក​ក្រោយ​បាន។  ជា​ការ​ពិត​ណាស់ ស្តេច​ដាវីឌ​មិន​បាន​សម្រេច​ផែន​ការ​សម្លាប់​លោក​អ៊ូរី​ភ្លាម​ៗ​នោះ​ទេ។  ទំរាំ​តែ​ទ្រង់​សម្រេច​ព្រះ​ទ័យ​សម្លាប់​គាត់ ទ្រង់​បាន​ចាប់​ផ្តើម​ពី​ចំណុច​មួយ ចូល​ទៅ​ចំណុច​មួយ​ទៀត រហូត​ឈាន​ដល់​ការ​កំចាយ​ឈាម។ ពី​ដំបូង​ទ្រង់​បាន​ឃើញ​ប្រពន្ធ​របស់​គាត់ ធ្វើ​ឲ្យ​ទ្រង់​មាន​តម្រេក​ចង់​បាន​នាង។ ទ្រង់​បាន​ប្រើ​អំណាច​ទ្រង់​ជា​ស្តេច ក្នុង​ផ្លូវ​ខុស ដោយ​ឲ្យ​គេ​ទៅ​នាំនាង​បាតសេបា​មក​ជួប​ទ្រង់ បន្ទាប់​មក ទ្រង់​ក៏​បាន​ព្យាយាម​លាក់​បាំង​រឿង​ដែល​នាង​មាន​កូន​ជា​មួយ​ទ្រង់ ដោយ​បញ្ជា​ប្តី​របស់នាង​ឲ្យ​វិល​ត្រឡប់​ពី​សមរភូមិ​វិញ​ជា​បន្ទាន់។ ពេល​ដែល​លោក​អ៊ូរី​មិន​ព្រម​ទៅ​រួម​ដំណេក​ជាមួយ​ប្រពន្ធ​របស់​ខ្លួន ខណៈ​ពេល​ដែល​មិត្ត​រួម​អាវុធ​ កំពុង​តែ​ជាប់​ដៃ​ប្រយុទ្ធ​ក្នុង​សង្រ្គាម ស្តេច​ដាវីឌ​ក៏​បាន​សម្រេច​ព្រះទ័យ​សម្លាប់​គាត់​តែ​ម្តង។

យើង​ប្រហែល​ជា​មិន​ដែល​បាន​សម្លាប់​នរណា​ម្នាក់ ឬ​ធ្លាប់​ជាប់​ខ្លួន​នៅ​ក្នុង​រូង​ភ្នំ ដោយ​សារ​កំហុស​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ ទោះ​ជាយើង​បាន​ធ្វើ​អ្វី​ខុស​ក៏​ដោយ យើង​ត្រូវ​ងាក​ទៅ​រក​ព្រះយេស៊ូវ ពុំ​នោះ​ទេ…

សេចក្តីសម្អប់ដែលស៊ីបំផ្លាញ

នៅ​ពិធី​បុណ្យ​សព​របស់​អតីត​ប្រធានា​ធិបតី​អាមេរិក លោក ចច អេឆ ដាប់ប៊លយូ ប៊ូស(George H. W. Bush) លោក​អាឡាន ស៊ីមសិន(Alan Simpson)ដែល​ជា​អតីត​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​បាន​មាន​ប្រសាសន៍​ថា “សេចក្តី​ស្អប់​ស៊ី​បំផ្លាញ​មនុស្ស​ណា ដែល​ទុក​វា​នៅ​ក្នុង​ចិត្ត”។ លោក​ស៊ីមសិន​បាន​ព្យាយាម​ពិពណ៌នា អំពី​សេចក្តី​សប្បុរស​របស់​មិត្ត​សំឡាញ់​ម្នាក់​នេះ ដោយ​រំឭក​ថា លោក​ប្រធានាធិបតី​ទី​៤១​រូប​នេះ​ បាន​ឱប​ក្រសោប​យក​ភាព​រីក​រាយ និង​សេចក្តី​ស្រឡាញ់ ជា​ជាង​រក្សា​ទុក​នូវ​សេចក្តី​សម្អប់ នៅ​ក្នុង​អាជីព​ជា​អ្នក​ដឹក​នាំ និង​ក្នុង​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​របស់​លោក។​

ខ្ញុំ​ក៏​គិត​ដូច​គាត់​ដែរ ចុះ​ចំណែក​អ្នក​វិញ។ សេចក្តី​សម្អប់​ដែល​ខ្ញុំ​បាន​លាក់​ទុក​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ បាន​នាំឲ្យ​ខ្ញុំ​ទទួល​រង​នូវ​ការ​ខូច​ខាត​ជា​ច្រើន។

ការ​ស្រាវ​ជ្រាវ​ផ្នែក​វេជ្ជ​សាស្រ្ត​បាន​បង្ហាញ​ថា រូប​កាយ​របស់​យើង​ទទួល​រង​នូវ​ការ​ខូច​ខាត​ជា​ច្រើន ពេល​ណា​យើង​ប្រកាន់​យក​នូវភាព​អវិជ្ជមាន ឬ​បញ្ចេញ​កំហឹង។ សម្ពាធ​ឈាម​របស់​យើង​ក៏​បាន​កើន​ឡើង។ បេះ​ដូង​យើង​លោត​កាន់​តែ​ញាប់។ វិញ្ញាណ​របស់​យើង​ក៏​ចុះ​ខ្សោយ។ ដូចនេះ​ សេចក្តី​សម្អប់​ដែល​យើង​បាន​ទុក​ក្នុង​ចិត្ត​យើង កំពុង​តែ​ស៊ី​បំផ្លាញ​យើង​ហើយ។

ក្នុង​បទ​គម្ពីរ​សុភាសិត ១០:១២ ស្តេច​សាឡូម៉ូន​បាន​សង្កេត​ឃើញ​ថា “ឯ​សេចក្តី​សំអប់ នោះ​បណ្តាល​ឲ្យ​កើត​មាន​ហេតុ​ទាស់ទែង​គ្នា តែ​សេចក្តី​ស្រឡាញ់ តែង​គ្រប​បាំង​អស់​ទាំង​អំពើ​កំហុស”។ ត្រង់​ចំណុច​នេះ ស្តេច​សាឡូម៉ូន​កំពុង​តែ​មាន​បន្ទូល​អំពី​ការទាស់​ទែង ដែល​កើត​ចេញ​ពី​សេចក្តី​សម្អប់ រវាង​កុល​សម្ព័ន្ធ និង​ជាតិ​សាសន៍​ទាំង​ឡាយ។ សេចក្តី​សម្អប់​នេះ​បាន​ជម្រុញ​ឲ្យ​មានការ​សង​សឹក បាន​ជា​អ្នក​ដែល​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក មិន​អាច​ភ្ជាប់​ទំនាក​ទំនង​គ្នា​បាន​ទេ។

ផ្ទុយ​ទៅ​វិញ សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​គ្រប​បាំង ឬ​ប្រទាន​ការ​អត់​ឱន​ទោស ទោះ​យើង​បាន​ធ្វើ​អ្វី​ខុស​ក៏​ដោយ។ ការ​នេះ​មិន​មាន​ន័យ​ថា យើង​ត្រូវ​មើល​រំលង​កំហុស ឬ​ចេះ​តែ​បណ្តោយ​គេ​ឲ្យ​ធ្វើ​ខុស​នោះ​ទេ។…

ពេលដែលព្រះអម្ចាស់ការពារយើង

លោក​អូម៉ាវូមី អេហ្វ៊ូយេ(Omawumi Efueye) បាន​និពន្ធ​បទ​កំណាព្យ​ដែល​មាន​ចំណង​ជើង​ថា កូន​នេះ​ជា​កូន​ស្ងួន​ភ្ងា  ។ ក្នុង​កំណាព្យ​នេះ គាត់​បាន​សរសេរ​អំពី​ការ​ដែល​ឪពុក​ម្តាយ​គាត់​ប៉ុន​ប៉ង​រំលូត​គាត់​ចោល មុន​ពេល​គាត់​ចាប់​កំណើត។ បន្ទាប់​ពី​ហេតុ​ការណ៍​ចម្លែក​មួយ​ចំនួន បាន​កើត​ឡើង ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​រំលូត​គាត់​ចោល ពួក​គេ​ក៏​បាន​សម្រេច​ចិត្ត​ស្វាគម​ន៍កំណើត​របស់​គាត់​។ លោក​អូម៉ាវូមី​ក៏​បាន​ដឹង​ថា ព្រះ​ជា​ម្ចាស់​បាន​ការពារ​ជីវិត​គាត់ ហើយ​រឿង​នេះ​ក៏​បាន​បណ្តាល​ចិត្ត​គាត់​ឲ្យ​ទៅ​ធ្វើ​ការ​បម្រើ​ព្រះ​អង្គ​ពេញ​ពេល ដោយ​បោះ​បង់​ចោល​អាជីព​ដែល​អាច​រក​ប្រាក់​កំរៃ​បាន​ច្រើន។ សព្វ​ថ្ងៃ​នេះ គាត់​កំពុង​តែ​ដឹក​នាំ​ព្រះ​វិហារ​ទីក្រុង​ឡុងដ៍ ដោយ​ចិត្ត​ស្មោះ​ត្រង់។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ប្រជាជន​អ៊ីស្រាអែល ដែល​បាន​ទទួល​ការ​ការពារ​ពី​ព្រះ​ជាម្ចាស់ ក្នុង​ពេល​ដ៏​គ្រោះ​ថ្នាក់ ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ពួក​គេ។ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​ដំណើរ​កាត់​វាល​រហោ​ស្ថាន បាឡាក​ដែល​ជា​ស្តេច​នៃ​សាសន៍​ម៉ូអាប់​បាន​ឃើញ​អស់​ទាំង​ការ​ដែល​ពួក​អ៊ីស្រាអែល​បាន​ធ្វើ។ ទ្រង់​ខ្លាច​សាសន៍​អ៊ីស្រាអែល​លើក​គ្នា​ដ៏​ច្រើន​សណ្ឋឹក មក​វាយ​យក​ទឹក​ដី​ទ្រង់  បាន​ជា​ទ្រង់​ផ្ញើសារ​ទៅ​លោក​បាឡាម ឲ្យ​ដាក់​បណ្តាសារ មក​លើ​សាសន៍​អ៊ីស្រាអែល(ជនគណនា ២២:២-៦)។

ប៉ុន្តែ ហេតុ​ការណ៍​ដ៏​អស្ចារ្យ​បាន​កើត​ឡើង។ ពេល​ណា​លោក​បាឡាម​បើក​មាត់ ដើម្បី​ដាក់​បណ្តា​សារ​ គាត់​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​ទៅ​វិញ​។ គាត់​បាន​ប្រកាស់​ថា “ទូលបង្គំ​បាន​ទទួល​បង្គាប់​មក​ថា ត្រូវ​ឲ្យ​ពរ ព្រះ​ទ្រង់​ក៏​បាន​ឲ្យ​ពរ​ហើយ ដូច្នេះ​ទូលបង្គំ​ពុំ​អាច​នឹង​បំផ្លាស់​ទៅ​បាន​ទេ។ ទ្រង់​មិន​បាន​ឃើញ​ជា​ពួក​យ៉ាកុប​មាន​សេចក្តី​ទុច្ចរិត​អ្វី​ទេ ក៏​មិន​ឃើញ​ជា​មាន​សេចក្តី​អាក្រក់​ណា​នៅ​ក្នុង​ពួក​អ៊ីស្រាអែល​ដែរ ព្រះយេហូវ៉ា ជា​ព្រះ​នៃ​គេ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​គេ ក៏​មាន​ឮ​សំរែក​នៃ​ស្តេច​នៅ​កណ្តាល​ពួក​គេ។ ព្រះ​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​មាន​កំឡាំង​បែប​ដូច​ជា​កំឡាំង​នៃ​សត្វ​រមាស”(ជនគណនា ២៣:២០-២២)។ ព្រះ​ជា​ម្ចាស់​បាន​ថែរក្សា​សាសន៍​អ៊ីស្រាអែល ឲ្យ​រួច​ផុត​ពី​សង្រ្គាម ដែល​ពួក​គេ​មិន​បាន​ដឹង​សោះ​ថា កំពុង​តែ​ឆាប​ឆេះ!

ព្រះ​ជា​ម្ចាស់​នៅ​តែ​មើល​ថែ​រាស្រ្ត​របស់​ព្រះ​អង្គ​ជា​និច្ច ទោះ​យើង​អាច​មើល​ឃើញ​គ្រោះ​ថ្នាក់ ដែល​នៅ​ចំពោះ​មុខ​យើង​ឬ​អត់​ក៏​ដោយ​។ ចូរ​យើង​ថ្វាយ​បង្គំ…

ផ្ទុយនឹងការសងសឹក

បន្ទាប់​ពី​លោកជីម អេលាត(Jim Elliot) និង​បេសកជន​បួន​នាក់​ទៀត ត្រូវ​កុល​សម្ព័ន្ធ​ហួអូរ៉ានី​សម្លាប់ កាល​ពី​ឆ្នាំ​១៩៥៦ គ្មាន​នរណា​ម្នាក់​ដឹង​ថា នឹង​មាន​រឿង​អ្វី​កើត​ឡើង​ទៀត​ទេ។ អ្នក​ស្រី​អេលីហ្សាបិត​ដែល​ជា​ភរិយា​របស់​គាត់ និង​កូន​ស្រី​របស់​ពួក​គេ ព្រម​ទាំង​បង​ប្អូន​ស្រី ដែល​ជា​បេសកជន​ម្នាក់​ទៀត បាន​សម្រេច​ចិត្ត​រស់​នៅ ក្នុង​ចំណោម​ក្រុម​មនុស្ស ដែល​បាន​សម្លាប់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ។ ពួក​គេ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ នៅ​ក្នុង​ការ​រស់​នៅ ក្នុង​សហគមន៍​របស់​កុល​សម្ព័ន្ធ​ហួអូរ៉ានី ដោយ​រៀន​ភាសា​របស់​ពួក​គេ និង​បក​ប្រែ​ព្រះ​គម្ពីរ សម្រាប់​ពួក​គេ។ ទី​បន្ទាល់​នៃ​ការ​អត់​ទោស និង​សេចក្តី​សប្បុរស​របស់​ស្រ្តី​ទំាង​នេះ​បាន​ធ្វើ​ឲ្យ​កុល​សម្ព័ន្ធ​មួយ​នេះ ជឿ​ថា ព្រះ​ជា​ម្ចាស់​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​ពួក​គេ ហើយ​ជន​កុល​សម្ព័ន្ធ​ជា​ច្រើន​នាក់ ក៏​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ​ជា​ព្រះ​អង្គ​សង្រ្គោះ។

អ្វី​ដែល​អ្នក​ស្រី​អេលីហ្សាបិត និង​មិត្ត​ភក្តិ​របស់​គាត់​បាន​ធ្វើ គឺ​ជា​គំរូ​ដ៏​អស្ចារ្យ នៃ​ការ​ធ្វើ​ការ​ល្អ តប​ស្នង​ការ​អាក្រក់ (រ៉ូម ១២:១៧)។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម ​ឲ្យ​ធ្វើ​ការ​ល្អ ដើម្បី​បង្ហាញ​ចេញ​នូវ​ការ​ផ្លាស់​ប្រែ ដែល​ព្រះ​បាន​ប្រទាន​ក្នុង​ជីវិត​ពួក​គេ។ ហេតុ​អ្វី​បាន​ជា​គាត់​លើក​ទឹក​ចិត្ត​គេ​ឲ្យ​អនុវត្ត​ដូច​នេះ? ព្រោះ​ពួក​គេ​ត្រូវ​ជម្នះ​ចិត្ត​ពី​កំណើត ដែល​ចេះ​តែ​ចង់​សង​សឹក ហើយ​ផ្ទុយ​ទៅ​វិញ ពួក​គេ​ត្រូវ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ ចំពោះ​ខ្មាំង​សត្រូវ​របស់​ពួក​គេ ដោយ​បំពេញ​តម្រូវ​ការ​របស់​ពួក​គេ ដោយ​ផ្តល់​ឲ្យ​នូវ​អាហារ និង​ទឹក​ជា​ដើម។​

សាវ័ក​ប៉ុល​បាន​ដក​ស្រង់​បទ​គម្ពីរ​សុភាសិត នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​បាន​ចែង​ថា “បើ​សត្រូវ​ឯង​ឃ្លាន ចូរ​ឲ្យ​វា​ស៊ី​ចុះ បើ​វា​ស្រេក ត្រូវ​ឲ្យ​វា​ផឹក​ផង”(ខ.២០ សុភាសិត ២៥:២១-២២)។ ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​កំពុង​តែ​បង្ហាញ​ថា សេចក្តី​សប្បុរ​ស​ដែល​គ្រីស្ទបរិស័ទ​ផ្តល់​ឲ្យ​ខ្មាំង​សត្រូវ​របស់​ខ្លួន…

អ្នកដេញតាមខ្យល់ព្យុះ

លោក​វ៉ររិន ហ្វេដលេយ(Warren Faidley) ដែល​ជា​អ្នក​ថត​រូប​សម្រាប់​សារ​ពត៌​មាន និង​ជា​អ្នក​ដេញ​តាម​ខ្យល់​ព្យុះ​បាននិយាយ​ថា “ជា​ញឹក​ញ៉ាប់ ការ​ដេញ​តាម​ខ្យល់​កួច​យក្ស​ថូនេដូ គឺ​ប្រៀប​បាន​នឹង​ការ​លេង​អុក​ដ៏​ធំ​សម្បើម​មួយ នៅ​លើ​ផ្ទៃ​ដី​រាប់​ពាន់គីឡូ​ម៉ែត្រ​ការេ”។ គាត់​ក៏​បាន​និយាយ​បន្ថែម​ទៀត​ថា ការ​ដេញ​តាម​ខ្យល់​កួច​យក្ស ឲ្យ​ចំ​ពេល និង​ចំ​ទីកន្លែង គឺ​ប្រៀប​បាន​នឹង​ការប្រគុំ​បទ​ភ្លេង ដោយ​ការ​ព្យាការណ៍ និង​រក​មើល​ផ្លូវ ខណៈ​ពេល​ដែល​គាត់​ត្រូវ​ព្យាយាម​គេច​ដុំ​ទឹកកក​ដែល​ធំ​ប៉ុន​កដៃ ធ្លាក់​ពី​លើមេឃ​មក និង​គេច​ឧបករណ៍​សម្រាប់​ធ្វើ​ស្រែ​ចំការ ដែល​កំពុង​តែ​ហោះ​យឺត​ៗ​តាម​កម្លាំង​ខ្យល់​កួច។

ពាក្យ​សម្តី​របស់​លោក​ហ្វេដ​លេយ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​បុក​ពោះ ដោយ​ចង្វាក់​បេះ​ដូង​លោត​កាន់​តែ​លឿន។ ខ្ញុំ​ក៏​បាន​ស្ងើច​សរសើរ​អ្នក​ដេញ​តាម​ខ្យល់​កូច​យក្ស ដែល​មាន​ចិត្ត​ក្លាហាន នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យា​សាស្រ្ត តែ​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​បាន​ដឹងផង​ដែរ​ថា ខ្ញុំ​មិន​ចង់​ចូល​ទៅ​ក្នុង​កណ្តាល​បាតុ​ភូតិ​ធម្ម​ជាតិ ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​នោះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តាម​បទ​ពិសោធន៍​របស់​ខ្ញុំ ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​ដេញ​តាម​ខ្យល់​ព្យុះ​ណា​មួយ​ឡើយ ព្រោះ​ពួក​វា​ហាក់​ដូច​ជា​ចេះ​តែ​ដេញ​តាម​ខ្ញុំ​ស្រាប់​ហើយ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១០៧ ដែល​បាន​ពិពណ៌នា អំពី​នាវិក ដែល​កំពុង​តែ​ជាប់​នៅ​ក្នុង​ខ្យល់​ព្យុះ។ ពួក​គេ​កំពុង​តែ​ទទួល​ផល​វិបាក​ពី​ការ​សម្រេច​ចិត្ត​ខុស ប៉ុន្តែ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​មាន​ប្រសាសន៍​ថា “គ្រា​នោះ គេ​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់​គេ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្តី​លំបាក​នោះ។ ទ្រង់​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​បាន​ស្ងាត់​ឈឹង​ទៅ​វិញ ហើយ​ឲ្យ​រលក​ស្ងប់ស្ងៀម​ដែរ។ នោះ​គេ​មាន​សេចក្តី​អំណរ​ដោយ​ព្រោះ​ស្ងប់​ច្រៀប​ហើយ ទ្រង់​ក៏​នាំ​គេ​ទៅ​ដល់​ទ្វារ​សមុទ្រ ដែល​គេ​ប្រាថ្នា​ចង់​ទៅ”(ទំនុកដំកើង ១០៧:២៨-៣០)។

ខ្យល់​ព្យុះ​នៃ​ជីវិត​របស់​យើង​អាច​កើត​ឡើង​ពី​ទង្វើ​របស់​យើង ឬ​ដោយ​សារ​យើង​កំពុង​តែ​រស់​នៅ​ក្នុង​លោកិយ ដែល​មាន​ពេញដោយ​អំពើ​បាប​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​វរបិតា​នៃ​យើង ទ្រង់​ធំ​ជាង​ខ្យល់​ព្យុះ​ទាំង​អស់​ក្នុង​ជីវិត​យើង។…

នាំយករបស់អ្វីដែលអ្នកមាន

“រឿង​សម្លរ​ថ្ម” គឺ​ជា​រឿង​និទាន​ដ៏​ចំណាស់​មួយ ដែល​បាន​ដំណាល​ថា មាន​បុរស​ម្នាក់​បាន​ចូល​ទៅ​ក្នុង​ភូមិ​មួយ ដោយ​មាន​ការ​ស្រេក​ឃ្លាន​អាហារ​យ៉ាង​ខ្លាំង ប៉ុន្តែ នៅ​ពេល​នោះ គ្មាន​នរណា​ម្នាក់​អាច​ចែក​អាហារ​ឲ្យ​គាត់ សូម្បី​តែ​បន្តិច។ គាត់​ក៏​បាន​បង់​ថ្ម​មួយដុំ​ចូល​ទៅ​ក្នុង​ទឹក នៅ​ក្នុង​ឆ្នាំ​ងមួយ ដែល​គាត់​បាន​ដាក់​ដាំ​នៅ​លើ​ភ្លើង។ អ្នក​ភូមិ​ក៏​មាន​ការ​ងឿង​ឆ្ងល់​ ហើយ​ក៏​បាន​មើល​គាត់​អង្គុយកូរ​សម្លរ​ថ្ម​របស់​គាត់។ ទី​បំផុត មាន​មនុស្ស​ម្នាក់​បាន​យក​ដំឡូង​បារាំង​ពីរ​បី​ផ្លែ មក​បង់​ក្នុង​ឆ្នាំង​នោះ​ដែរ។ មនុស្ស​ម្នាក់​ទៀត​ក៏​បាន​យក​ការ៉ុត​ពីរ​បី​ម៉ើម​មក​ដាក់​បន្ថែម​ទៀត។ បន្ទាប់​មក អ្នក​ផ្សេង​ទៀត​ក៏​បាន​មក​បន្ថែម​គ្រឿង​ឲ្យ​គាត់ ដោយ​ខ្លះ​មាន​ខ្ទឹម​បារាំង និង​ខ្លះ​ទៀត​មាន​អង្ករ​ពីរ​បី​ក្តាប់។ មាន​កសិករ​ម្នាក់​បាន​បរិច្ចាក​ទឹក​ដោះ​គោ​ខ្លះ​ៗ​ឲ្យ​គាត់​ផង​ដែរ។ ទី​បំផុត “សម្លរ​ថ្ម”របស់​គាត់ ​ក៏​បាន​ក្លាយ​ជា​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់។

រឿង​និទាន​នេះ​បាន​ឆ្លុះ​បញ្ចាំង អំពី​តម្លៃ​នៃ​ការ​ចែក​រំលែក ប៉ុន្តែ វា​ក៏​បាន​រំឭក​យើង​ផង​ដែរ​ថា យើង​ត្រូវ​នាំ​យក​អ្វី​ដែល​យើង​មាន មក​ចែក​រំលែក​ដល់​អ្នក​ដទៃ ឬ​ថ្វាយ​ដល់​ព្រះ ទោះ​វា​ហាក់​ដូច​ជា​មិន​សំខាន់​ក៏​ដោយ។ ក្នុង​បទ​គម្ពីរ​យ៉ូហាន ៦:១-១៤ មាន​មនុស្ស​មួយ​ហ្វូង​ធំ​បាន​ដើរ​តាម​ព្រះ​យេស៊ូវ ហើយ​ក្នុង​ចំណោម​ពួក​គេ មាន​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​អាហារ​ជាប់​តាម​ខ្លួន។ ពួក​សាវ័ក​របស់​ព្រះ​យេស៊ូវ​មិន​ដឹង​ថា នឹង​ត្រូវ​យក​អាហារ​របស់​ក្មេង​ប្រុស​នោះ ដែល​មាន​នំប៉័ង​៥​ដុំ និង​ត្រី​ពីរ​កន្ទុយ ទៅ​ចែក​ដល់​ហ្វូង​មនុស្ស​យ៉ាង​ដូច​ម្តេច​ទេ។ ប៉ុន្តែ ពេល​ដែល​ក្មេង​ប្រុស​នោះ​លះ​បង់​អាហារ​នោះ​ដល់​ព្រះ​យេស៊ូវ ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​អាហារ​នោះ​កើន​ឡើង​ជា​ពហុគុណ ហើយ​ក៏​បាន​ប្រទាន​ដល់​មនុស្ស​រាប់​ពាន់​នាក់ ដែល​កំពុង​តែ​ឃ្លាន​អាហារ!​

ខ្ញុំ​ធ្លាប់​ឮ​គេ​និយាយ​ថា “អ្នក​មិន​ចាំ​បាច់​ត្រូវ​ស្វែង​រក​អាហារ​ឲ្យ​បាន​ច្រើន ដើម្បី​ចម្អែត​មនុស្ស​៥​ពាន់​នាក់​ឡើយ។ អ្នក​គ្រាន់​តែ​នាំយក​នំប៉័ង និង​ត្រី​ដ៏​តិច​តួច​របស់​អ្នក​មក​ថ្វាយ​ព្រះ​អង្គ​ប៉ុណ្ណោះ”។ ​គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​បាន​ទទួល​យក​អាហារ​របស់​មនុស្ស​ម្នាក់ ​ហើយ​ធ្វើ​ឲ្យ​វា​កើន​ឡើង​ជា​ពហុគុណ លើស​ពី​ការ​រំពឹង​គិត ឬ​ក្តី​ស្រមៃ​របស់​មនុស្ស​ជា​យ៉ាង​ណា(ខ.១១) នោះ​ព្រះ​អង្គ​ក៏​នឹងទទួល​យក​ការ​ប្រឹង​ប្រែង អំណោយ​ទាន…

ការដើរជាមួយព្រះវិញ្ញាណបរិសុទ្ធ

លោក​ម៉ាលខម ក្លាដវែល(Malcolm Gladwell) គឺ​ជា​អ្នក​និពន្ធ ដែល​បាន​លើក​ឡើង​ថា មនុស្ស​ម្នាក់​ៗ​ត្រូវ​ចំណាយ​ពេល​អនុវត្ត​ឲ្យ​បាន​១​ម៉ឺន​ម៉ោង ដើម្បី​ចេះ​ជំនាញ​ណា​មួយ​ឲ្យ​ប្រាកដ។ សូម្បី​តែ​វិចិត្រករ និង​តន្រ្តី​ករ​ដែល​ល្បី​បំផុត​ក្នុង​ប្រវត្តិ​សាស្រ្ត​ក៏​អញ្ចឹង​ដែរ ព្រោះ​បើ​គ្រាន់​តែ​ពឹង​ផ្អែក​លើ​អំណោយ​ទាន​ដ៏​អស្ចារ្យ​ដែល​ពួក​គេ​មាន​ពី​កំណើត នោះ​គឺ​មិន​ទាន់​គ្រប់​គ្រាន់​ឡើយ។ ពួក​គេ​ត្រូវ​យក​ជំនាញ​របស់​ខ្លួន​មក​អនុវត្ត​ឲ្យ​បាន​ច្រើន​ម៉ោង ជា​រៀង​រាល់​ថ្ងៃ។

រឿង​នេះ​ហាក់​ដូច​ជា​ចម្លែក ប៉ុន្តែ នៅ​ក្នុង​ជីវិត​ខាង​វិញ្ញាណ យើង​ក៏​ចាំ​បាច់​ត្រូវ​មាន​ផ្នត់​គំនិត​ស្រដៀង​នេះ​ដែរ គឺ​នៅ​ពេល​ដែល​យើង​ត្រូវ​រៀន​រស់​នៅ ក្នុង​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ក្នុង​កណ្ឌ​គម្ពីរ​កាឡាទី  សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​ជំនុំ ឲ្យ​ញែកខ្លួន​ថ្វាយ​ព្រះ។ ប៉ុន្តែ គាត់​បាន​ពន្យល់​ថា ការ​នេះ​មិន​អាច​ធ្វើ​ទៅ​បាន ដោយ​គ្រាន់​តែ​អនុវត្ត​គោលការណ៍​តែ​ម្យ៉ាង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​ដើរ​ជា​មួយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ក្នុង​ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ក្រិក តាម​ន័យ​ត្រង់ ពាក្យ “ដើរ” ដែល​សាវ័ក​ប៉ុល​បាន​ប្រើ ក្នុង​បទ​គម្ពីរ​កាឡាទី ៥:១៦ គឺ​មាន​ន័យ​ថា ដើរ​ជុំវិញ​អ្វី​មួយ​ម្តង​ហើយ​ម្តង​ទៀត ឬ ធ្វើ​ដំណើរ(peripateo)។ ដូច​នេះ​សាវ័ក​ប៉ុល​ចង់​ប្រាប់​យើង​ថា ការ​ដើរ​ជា​មួយ​ព្រះ​វិញ្ញាណ គឺ​ជា​ការ​ធ្វើ​ដំណើរ​ជា​មួយ​ព្រះ​វិញ្ញាណ​ជា​រៀង​រាល់​ថ្ងៃ គឺ​មិន​មែន​ជា​អ្វី​ដែល​យើង​ធ្វើ​តែ​ម្តង​ជា​សម្រេច​នោះ​ឡើយ។

ចូរ​យើង​អធិស្ឋាន សូម​ឲ្យ​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជា​រៀង​រាល់​ថ្ងៃ ដោយ​ចុះ​ចូល​នឹង​កិច្ចការ​ដែល​ព្រះ​អង្គ​ធ្វើ​នៅ​ក្នុង​យើង ដោយ​ផ្តល់​ប្រឹក្សា នាំ​ផ្លូវ កម្សាន្ត​ចិត្ត និង​រង់​ចាំ​ជួយ​យើង​ជា​និច្ច។ ហើយ​ខណៈ​ពេល​ដែល​ព្រះ​វិញ្ញាណ​ដឹក​នាំ​ជីវិត​យើង តាម​របៀប​នេះ​(ខ.១៨) យើង​នឹង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​នៅ​ក្នុង​ការ​ស្តាប់​ព្រះ​សូរ​សៀង​ព្រះ​អង្គ និង​ដើរ​តាម​ការ​ដឹក​នាំ​របស់ព្រះអង្គ។ ឱ​ព្រះ​អម្ចាស់ សូម​ឲ្យ​ទូល​បង្គំ​ដើរ​ជា​មួយ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​នៅ​ថ្ងៃ​នេះ និង​ជា​រៀង​រាល់​ថ្ងៃ។​ —PETER CHIN

អាថ៌កំបាំងនៃការគ្រប់គ្រងពេលវេលាបានល្អ

ចាប់​តាំង​ពី​ពេល​ដែល​នាឡិការ​អេឡិច​ត្រូនិច​ត្រូវ​បាន​គេ​ច្នៃ​បង្កើត ក្នុង​ទសវត្សរ៍​ឆ្នាំ​១៨៤០ អ្វី​ៗ​ជា​ច្រើន​មាន​ការ​ផ្លាស់​ប្តូរ។ សព្វ​ថ្ងៃ​នេះ យើង​អាច​មើល​ម៉ោង នៅ​ក្នុង​នាឡិការ​ទំនើប ទូរស័ព្ទ​ទំនើប និង​នៅ​លើ​កំព្យូទ័រ​យួរ​ដៃ​ជា​ដើម។ ជីវិត​របស់​មនុស្ស​ហាក់​ដូចជា​បោះ​ជំហាន​កាន់​តែ​លឿន​ជាង​មុន ជាក់​ស្តែង អ្នក​រស់​នៅ ក្នុង​ទីក្រុង​របស់​បណ្តា​ប្រទេស​ជឿន​លឿន បាន​មាន​ទំលាប់​ដើរ​ដោយ​បោះ​ជំហាន​កាន់​តែ​លឿន​ជាង​មុន។ អ្នក​ជំនាញ​បាន​អះ​អាង​ថា ការ​មាន​ទំលាប់​ដើរ​ច្រើន​មាន​ប្រយោជន៍​ដល់​សុខ​ភាព តែ​វា​ក៏​មាន​ផល​អវិជ្ជមាន មក​លើ​សុខភាព​របស់​យើង​ផង​ដែរ។ លោក​សាស្រ្តា​ចារ្យ រីឆាត វាយស៍មែន(Richard Wiseman) បាន​សង្កេត​ឃើញ​ថា “យើង​កំពុង​តែ​ផ្លាស់​ទី​កាន់​តែ​លឿន​ជាង​មុន ហើយ​ក៏​ប្រញាប់​ឆ្លើយ​តប​ចំពោះ​អ្នក​ដទៃ ឲ្យ​បាន​ឆាប់​រហ័សបំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ការ​នេះ​បាន​ជំរុញ​ឲ្យ​យើង​មាន​ចិត្ត​អន្ទះ​សារ​ចង់​បាន​អ្វី​ៗ​ភ្លាម​ៗ”។

លោក​ម៉ូសេ ជា​អ្នក​និពន្ធ​ទំនុក​ដំកើង​ដែល​មាន​ចំណាស់​បំផុត ក្នុង​ព្រះ​គម្ពីរ។ គាត់​ក៏​បាន​និយាយ​អំពី​ពេល​វេលា​ផង​ដែរ។ គាត់​បាន​រំឭក​យើង​ថា ព្រះ​ជា​ម្ចាស់​គ្រប់​គ្រង​ពេល​វេលា​នៃ​ជីវិត​មនុស្ស​គ្រប់​វិនាទី។​ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ថា​ “ដ្បិត​នៅ​ព្រះនេត្រ​ទ្រង់ នោះ​១​ពាន់​ឆ្នាំ​រាប់​ដូច​ជា​ថ្ងៃ​ម្សិល ដែល​កន្លង​ហួស​ទៅ​ហើយ ក៏​ដូច​ជា​យាម​១​ក្នុង​វេលា​យប់​ប៉ុណ្ណោះ”(ទំនុកដំកើង ៩០:៤)។

ដូច​នេះ អាថ៌​កំបាំង​នៃ​ការ​គ្រប់​គ្រង​ពេល​វេលា​ឲ្យ​បាន​ល្អ មិន​ស្ថិត​នៅ​លើ​ល្បឿន​នៃ​ការ​បោះ​ជំហាន ឲ្យ​បាន​លឿន ឬ​យឺត​ជាង​មុននោះ​ឡើយ។ តែ​ដើម្បី​គ្រប់​គ្រង​ពេល​វេលា​បាន​ល្អ យើង​ត្រូវ​នៅ​ជាប់​នឹង​ព្រះ​ ដោយ​ចំណាយ​ពេល​ជា​មួយ​ព្រះ​អង្គ​ឲ្យ​កាន់​តែ​ច្រើន​។ បន្ទាប់​មក យើង​ត្រូវ​បោះ​ជំហាន​ជា​មួយ​គ្នា ​តែ​ជា​ដំបូង​យើង​ត្រូវ​បោះ​ជំហាន​ជា​មួយ​ព្រះ​អង្គ ជា​ព្រះ​ដែល​បាន​បង្កើត​យើងមក​(១៣៩:១៣) ហើយ​ជ្រាប​អំ​ពី​គោល​បំណង និង​ផែន​ការ​របស់​យើង(ខ.១៦)។

ពេល​វេលា​ដែល​យើង​មាន​នៅ​លើ​ផែន​ដី​មិន​ស្ថិត​ស្ថេរ​ទេ។ តែ​យើង​អាច​គ្រប់​គ្រង​វា ដោយ​ប្រើ​ប្រាជ្ញា មិន​មែន​ដោយ​មើល​នាឡិការ​ជាប់​ជា​និច្ច តែ​ដោយ​ថ្វាយ​ថ្ងៃ​នីមួយ​ៗ ដល់​ព្រះ​អង្គ។ គឺ​ដូច​ដែល​លោក​ម៉ូសេ​បាន​ទូល​សូម​ព្រះ​អង្គ​ថា…

មនុស្សម្នាក់ៗសុទ្ធតែត្រូវការក្តីអាណឹត

ពេល​លោក​ចេហ្វ(Jeff) ទើប​តែ​ទទួល​ជឿ​ព្រះ​យេស៊ូវ និង​បញ្ចប់​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ គាត់​ក៏​បាន​ធ្វើ​ការ នៅ​ក្រុម​ហ៊ុន​ប្រេងឆៅ​ដ៏​ធំ​មួយ។ ដោយសារ​គាត់​មាន​តួនាទី​ជា​អ្នក​លក់ គាត់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ជា​ច្រើន ហើយ​ក្នុង​ការ​ធ្វើ​ដំណើរ​បស់​គាត់ គាត់​បាន​ស្តាប់​រឿង​កំសត់​ៗ​របស់​មនុស្ស​ជា​ច្រើន។ គាត់​ក៏​បាន​ដឹង​ថា អ្វី​ដែល​អតិថិជន​របស់​គាត់​ត្រូវ​ការ​បំផុត គឺ​មិន​មែនប្រេងឆៅ​នោះ​ទេ។ ពួក​គេ​ត្រូវ​ការ​ក្តី​អាណឹត ពួក​គេ​ត្រូវ​ការ​ព្រះ​ជា​ម្ចាស់។ បញ្ហា​នេះ​ក៏​បាន​បណ្តាល​ចិត្ត​លោក​ចេហ្វ ឲ្យ​ទៅ​រៀន​នៅសាលា​ព្រះ​គម្ពីរ ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ព្រះ​ទ័យ​របស់​ព្រះ​ជាម្ចាស់ ហើយ​ទី​បំផុត ក៏​បាន​ក្លាយ​ជា​គ្រូ​គង្វាល។​

ក្តី​អាណឹត​របស់​លោក​ចេហ្វ មាន​ប្រភព​នៅ​ក្នុង​ព្រះ​យេស៊ូវ។ តាម​បទ​គម្ពីរ​ម៉ាថាយ ៩:២៧-៣៣ យើង​ឃើញ​ថា ព្រះ​យេស៊ូវ​បានបង្ហាញ​ព្រះ​ទ័យ​ក្តួល​អាណឹត តាម​រយៈ​ការ​ប្រទាន​នូវ​ការ​ប្រោស​ឲ្យ​ជា ដល់​បុរស​ពីរ​នាក់​ដែល​ខ្វាក់​ភ្នែក និង​បុរស​ម្នាក់​ដែល​ត្រូវ​អារក្ស​ចូល។ កាល​ព្រះ​អង្គ​កំពុង​បំពេញ​ព្រះ​រាជ​កិច្ច នៅ​លើ​ផែន​ដី​នេះ ព្រះ​អង្គ​បាន​ចេញ​ទៅ​ផ្សាយ​ដំណឹង​ល្អ និង​ប្រោស​ជម្ងឺ នៅ​តាម​ភូមិ និង​ទីក្រុង​ជា​ច្រើន​(ខ.៣៥)។ ហេតុ​អ្វី​? ព្រោះ​ពេល​ណា​ព្រះ​អង្គ​បាន​ឃើញ​ហ្វូង​មនុស្ស ព្រះ​អង្គ​មាន​ព្រះទ័យ​អាណឹត​ចំពោះ​ពួក​គេ ដោយ​ពួក​គេ​ត្រូវ​គេ​ធ្វើ​បាប និង​គ្មាន​ក្តី​សង្ឃឹម ដូច​ជា​សត្វ​ចៀម​ដែល​គ្មាន​អ្នក​គង្វាល(ខ.៣៦)។

ពិភព​លោក​សព្វ​ថ្ងៃ នៅ​តែ​មាន​ពេញ​ទៅ​ដោយ​បញ្ហា និង​មនុស្ស​ដែល​កំពុង​មាន​ការ​ឈឺ​ចាប់ ដែល​ត្រូវ​ការ​សេចក្តី​ស្រឡាញ់ និង​អាណឹត ពី​ព្រះ​អង្គ​សង្រ្គោះ។ ព្រះ​យេស៊ូវ​បង្ហាញ​ព្រះ​ទ័យ​អាណឹត​ដល់​មនុស្ស​ទាំង​អស់ ដែល​ចូល​មក​រក​ព្រះ​អង្គ គឺ​ដូច​ជា​អ្នកគង្វាល ដែល​ដឹក​នាំ ការ​ពារ និង​ថែទាំ​ចៀម​របស់​ខ្លួន​(១១:២៨)។ ទោះ​យើង​នៅ​ទីណា ហើយ​កំពុង​តែ​ជួប​រឿង​អ្វី​ក៏​ដោយ យើង​អាច​ស្គាល់​ព្រះ​ទ័យ​របស់​ព្រះ​អង្គ ដែល​មាន​សេចក្តី​មេត្តា និង​សេចក្តី​ស្រឡាញ់ដ៏​ហូរ​ហៀរ។ ហើយ​ពេល​ណា​យើង​បាន​ទទួល​សេចក្តី​ស្រឡាញ់ និង​អាណឹត​ពី​ព្រះ​អង្គ​ហើយ យើង​ក៏​ត្រូវ​មាន​ចិត្ត​ដែល​ចង់​នាំ​អ្នក​ដទៃ…