រស់នៅដូចមែកឈើ
មានពេលមួយ ខ្ញុំបានទៅជួបអ្នកប្រឹក្សាផ្លូវចិត្តរបស់ខ្ញុំ។ គាត់បានស្តាប់ខ្ញុំនិយាយ ដោយយកចិត្តទុកដាក់ ខណៈពេលដែលខ្ញុំកំពុងតែរៀបរាប់អំពីអារម្មណ៍របស់ខ្ញុំ ដែលកំពុងតែមានការឡើងចុះៗជានិច្ច បន្ទាប់ពីខ្ញុំបានជួបភាពតប់ប្រម៉ល់ពេញមួយសប្តាហ៍។ គាត់ក៏បានប្រាប់ខ្ញុំឲ្យមើលតាមមាត់បង្អួច ឆ្ពោះទៅរកដើមឈើទាំងឡាយ ដែលមានស្លឹកពណ៌លឿង និងពណ៌មាស ក្នុងរដូវស្លឹកឈើជ្រុះ ហើយមែករបស់ពួកវាកំពុងតែយោលតាមកម្លាំងខ្យល់បក់។
គាត់ក៏បានចង្អុលទៅរកដើមទាំងឡាយ ដែលមិនកំរើកទាល់តែសោះ ក្នុងពេលដែលមានខ្យល់បក់។ រួចគាត់ពន្យល់ប្រាប់ខ្ញុំថា “ជីវិតរបស់យើងក៏មានចំណុចដូចដើមឈើទាំងនោះផងដែរ។ ពេលដែលបញ្ហាបក់បោកមកលើជីវិតយើង ពីគ្រប់ទិស អារម្មណ៍របស់យើងមានការឡើងចុះៗ។ ប៉ុន្តែ ជួនកាល យើងរស់នៅ ដូចមែកឈើ ប៉ុន្តែ គោលដៅរបស់យើង គឺដើម្បីជួយអ្នកឲ្យរស់នៅ ដូចដើមដែលមិនរង្គើរនោះ ។ បានសេចក្តីថា ពេលដែលបញ្ហាបកបោកមកពីគ្រប់ទិស អ្នកនឹងមិនរស់នៅ ដូចមែកឈើទេ។ អ្នកនឹងនៅតែឈរយ៉ាងមាំមួន និងមានភាពនឹងនរ”។
នេះជាការប្រៀបធៀប ដែលខ្ញុំនៅចាំជានិច្ច ហើយក៏ស្រដៀងនឹងការប្រៀបធៀប ដែលសាវ័កប៉ុលបានបង្រៀនអ្នកជឿ នៅក្រុងអេភេសូរផងដែរ។ កាលនោះ គាត់បានរំឭកពួកគេ អំពីអំណោយដ៏អស្ចារ្យរបស់ព្រះ ដែលជាជីវិតថ្មី ដែលមានគោលបំណង និងតម្លៃដ៏ថ្លៃវិសេស(អេភេសូ ២:៦-១០) ហើយគាត់ក៏បានលើកទឹកចិត្តពួកគេឲ្យ ចាក់ឫសឲ្យជ្រៅ និងរឹងមាំ ក្នុងសេចក្តីស្រឡាញ់ព្រះគ្រីស្ទ(៣:១៧) ដោយ មិនឲ្យ “ខ្យល់នៃសេចក្តីបង្រៀនបោក ហើយផាត់យើងចុះឡើង”នោះឡើយ(៤:១៤)។
បើយើងពឹងផ្អែកកម្លាំងខ្លួនឯង នោះយើងងាយនឹងមានអារម្មណ៍មិននឹងនរ និងងាយប្រេះបែក ដោយសារការវាយដំរបស់ការភ័យខ្លាច និងការខ្វះទំនុកចិត្ត។ ប៉ុន្តែ ពេលណាយើងបានលូតលាស់…
សម្រាប់អ្នកដែលខ្វះខាត
នៅជាយក្រុងប៉ារីស មនុស្សម្នាបានមកជួយជនអនាថា ក្នុងតំបន់ដែលពួកគេរស់នៅ គឺមិនខុសពីជាយក្រុងដទៃទៀត នៅទូទាំងពិភពលោកឡើយ។ គេបានច្រកខោអាវក្នុងថង់ ហើយចងព្យួរនៅតាមរបង សម្រាប់ឲ្យអ្នកដែលរស់នៅតាមចិញ្ចើមថ្នល់យកប្រើប្រាស់ តាមតម្រូវការ។ នៅលើថង់នោះ គេបានសរសេរអក្សរពីលើថា “នេះមិនមែនជាខោអាវដែលបានបាត់ទេ តែជាខោអាវសម្រាប់អ្នកដែលរងា”។ ការប្រឹងប្រែងនេះមិនគ្រាន់តែបានធ្វើឲ្យជនអនាថាមានអារម្មណ៍កក់ក្តៅប៉ុណ្ណោះទេ តែថែមទាំងបានបង្រៀនប្រជាជននៅក្នុងសហគមន៍នោះ អំពីសារៈសំខាន់នៃការជួយអ្នកទាល់ក្រ ក្នុងចំណោមពួកគេ។
ព្រះគម្ពីរបាននិយាយសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃការទំនុកបម្រុងអ្នកក្រ ដោយបង្រៀនយើងឲ្យ “លាដៃ” ដល់ពួកគេ(ចោទិយកថា ១៥:១១)។ យើងប្រហែលជាជួបការល្បួង ដែលនាំឲ្យយើងមិនចង់យកភ្នែកមើលទុក្ខលំបាករបស់អ្នកក្រ ដោយក្តាប់ធនធានរបស់យើងយ៉ាងណែន ជាជាងចែករំលែកដល់អ្នកដទៃ។ តែព្រះជាម្ចាស់បានជំរុញយើង ឲ្យទទួលស្គាល់ថា នៅទីណាក៏មានអ្នកខ្វះខាតដែរ បានជាយើងចាំបាច់ត្រូវឆ្លើយតបចំពោះពួកគេ ដោយចិត្តសប្បុរស គឺមិនមែនដោយចិត្តទើសទាល់នោះទេ(ខ.១០)។ ព្រះយេស៊ូវមានបន្ទូលថា ពេលដែលយើងជួយទំនុកបម្រុងអ្នកក្រ យើងនឹងទទួលបាននូវទ្រព្យសម្បត្តិដ៏ស្ថិតស្ថេរ នៅនគរស្ថានសួគ៌(លូកា ១២:៣៣)។
អ្នកដទៃប្រហែលជាមិនទទួលស្គាល់សេចក្តីសប្បុរសរបស់យើងទេ តែព្រះជាម្ចាស់ទទួលស្គាល់។ ពេលដែលយើងទំនុកបម្រុងអ្នកដទៃ ដោយចិត្តជ្រះថ្លា យើងមិនគ្រាន់តែបំពេញតម្រូវការអ្នកដែលនៅជុំវិញយើងប៉ុណ្ណោះទេ តែយើងក៏បានពិសោធនឹងក្តីអំណរ ដែលព្រះជាម្ចាស់សព្វព្រះទ័យនឹងប្រទានមកយើង នៅក្នុងការទំនុកបម្រុងអ្នកដទៃ។ ឱព្រះអម្ចាស់ សូមជួយយើងខ្ញុំ ឲ្យបើកភ្នែក និងលាដៃ ដើម្បីបំពេញតម្រូវការដល់អ្នកដទៃ តាមបំណងព្រះទ័យព្រះអង្គ! —KIRSTEN HOLMBERG
ក្តីស្រឡាញ់ដែលគ្មានការភ័យខ្លាច
កាលពីមុន ខ្ញុំបានយកការភ័យខ្លាចធ្វើជាខែល ដើម្បីការពារចិត្តរបស់ខ្ញុំ កុំឲ្យឈឺចាប់។ ដោយសារការភ័យខ្លាច ខ្ញុំបានជៀសវាងការអ្វី ដែលខ្ញុំមិនធ្លាប់ធ្វើ និងជៀសវាងការដេញតាមក្តីស្រមៃរបស់ខ្ញុំ និងការស្តាប់បង្គាប់ព្រះ។ ប៉ុន្តែ ការភ័យខ្លាចការបាត់បង់ ការឈឺចិត្ត និងការបដិសេធន៍ បានរារាំងខ្ញុំ មិនឲ្យបង្កើតទំនាក់ទំនងនៃក្តីស្រឡាញ់ ជាមួយព្រះជាម្ចាស់ និងអ្នកដទៃ។ ការភ័យខ្លាចបានធ្វើឲ្យខ្ញុំ ក្លាយជាភរិយាដែលមានអារម្មណ៍ថា ខ្វះសុវត្ថិភាព ថប់បារម្ភ និងមានការប្រច័ណ្ឌ និងក្លាយជាម្តាយដែលការពារកូនខ្លាំងពេក និងព្រួយបារម្ភអំពីកូនពេក។ ទោះជាយ៉ាងណាក៏ដោយ ពេលដែលខ្ញុំដឹងថា ព្រះជាម្ចាស់ស្រឡាញ់ខ្ញុំខ្លាំងប៉ុណ្ណា ទ្រង់ក៏បានផ្លាស់ប្តូររបៀបដែលខ្ញុំទំនាក់ទំនងជាមួយទ្រង់ និងអ្នកដទៃ។ ដោយសារខ្ញុំដឹងថា ព្រះជាម្ចាស់នឹងថែរក្សាខ្ញុំ នោះខ្ញុំក៏មានអារម្មណ៍ថា មានសុវត្ថិភាព ហើយមានចិត្តចង់ចាត់ទុកតម្រូវការអ្នកដទៃ ជាសំខាន់ជាងតម្រូវការខ្លួនឯង។
ព្រះជាសេចក្តីស្រឡាញ់(១យ៉ូហាន ៤:៧-៨)។ ការសុគតរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង គឺជាការបង្ហាញចេញនូវជម្រៅនៃសេចក្តីស្រឡាញ់របស់ទ្រង់ សម្រាប់យើងរាល់គ្នា(ខ.៩-១០)។ ដោយសារព្រះជាម្ចាស់ស្រឡាញ់យើង ហើយរស់ក្នុងយើង យើងអាចស្រឡាញ់អ្នកដទៃ ដោយដឹងថាទ្រង់ជានរណា ហើយទ្រង់បានធ្វើអ្វីខ្លះ(ខ.១១-១២)។
ពេលយើងបានទទួលជឿព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះ ទ្រង់ប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ដល់យើងរាល់គ្នា(ខ.១៣-១៥)។ ពេលដែលព្រះវិញ្ញាណបរិសុទ្ធជួយយើង ឲ្យស្គាល់ និងពឹងផ្អែកលើសេចក្តីស្រឡាញ់ព្រះជាម្ចាស់ ទ្រង់ក៏ធ្វើឲ្យយើងផ្លាស់ប្រែ ឲ្យមានលក្ខណៈកាន់តែល្អដូចព្រះយេស៊ូវ(ខ.១៦-១៧)។ ការលូតលាស់ នៅក្នុងការទុកចិត្ត និងជំនឿ អាចលុបបំបាត់ការភ័យខ្លាចបន្តិចម្តងៗ ពេលដែលយើងដឹងច្បាស់ថា ព្រះជាម្ចាស់ស្រឡាញ់យើង…
គ្រែដែលនៅទទេ
មានពេលមួយ ខ្ញុំមានចិត្តអន្ទះសារចង់វិលត្រឡប់ទៅមន្ទីរចាស់ជរា សេនត៍ ចេមស៍ នៅតំបន់ឆ្នេរម៉ុនតេហ្គូ ប្រទេសចាម៉ៃកា ដើម្បីភ្ញាប់ទំនាក់ទំនងជាមួយលោករែនឌល(Rendell) ឡើងវិញ ដែលប្រហែលពីរឆ្នាំមុន គាត់បានយល់អំពីសេចក្តីស្រឡាញ៉ ដែលព្រះយេស៊ូវមានចំពោះគាត់។ អេវី(Evie) ជាក្មេងជំទង់ នៅក្នុងក្រុមចម្រៀងវិទ្យាល័យ ដែលខ្ញុំបានធ្វើដំណើរជាមួយ រៀងរាល់រដូវផ្ការីកមកដល់។ អេវីបានអានព្រះគម្ពីរជាមួយលោករែនឌល ហើយក៏បានបកស្រាយពន្យល់ អំពីដំណឹងល្អ ឲ្យគាត់ស្តាប់ ហើយគាត់ក៏បានទទួលជឿព្រះ ជាព្រះអង្គសង្រ្គោះរបស់គាត់។
ពេលដែលខ្ញុំបានចូលទៅក្នុងផ្ទះ នៅផ្នែកដែលគេបានបែកចែកសម្រាប់ប្រុសៗ ខ្ញុំក៏បានរកមើលលោករែនឌល នៅគ្រែគេងរបស់គាត់ តែមិនឃើញគាត់សោះ។ ខ្ញុំក៏បានទៅកន្លែងប្រចាំការរបស់ក្រុមពេទ្យ ហើយគេក៏បានប្រាប់ខ្ញុំ នូវរឿងដែលខ្ញុំមិនចង់ឮ។ គាត់បានលាចាកលោក មុនពេលខ្ញុំមកដល់ប្រាំថ្ងៃ។
ខ្ញុំក៏បានផ្ញើសារទៅអេវី ទាំងទឹកភ្នែក ដើម្បីប្រាប់ដំណឹងដ៏សោកសៅនេះ។ នាងក៏បានឆ្លើយតប តាមរបៀបដ៏សាមញ្ញថា “ពេលនេះ លោករែនឌលកំពុងតែសប្បាយរីករាយ ជាមួយព្រះយេស៊ូវ។ អរព្រះគុណព្រះអង្គ ដែលយើងបាននាំគាត់ឲ្យទទួលជឿព្រះយេស៊ូវ កាលគាត់នៅរស់”។
ពាក្យសម្តីរបស់នាង បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសារៈសំខាន់នៃការត្រៀមខ្លួន ដើម្បីចែកចាយ ដោយក្តីស្រឡាញ់ ឲ្យអ្នកដទៃបានស្គាល់ក្តីសង្ឃឹម ដែលយើងមានក្នុងព្រះគ្រីស្ទ។ ជាការពិតណាស់ យើងមិនតែងតែមានភាពងាយស្រួល នៅក្នុងការផ្សាយដំណឹងល្អ អំពីព្រះមួយអង្គ ដែលតែងតែគង់នៅក្បែរយើងជានិច្ចនោះទេ(ម៉ាថាយ ២៨:២០) តែពេលដែលយើងគិតអំពីការផ្លាស់ប្តូរ ដែលយើង និងមនុស្សដូចលោករែនឌល អាចទទួលបាន…
មិនដែលនៅឯកោ
ខណៈពេលដែលមិត្តភក្តិខ្ញុំម្នាក់ ដែលជាអ្នកនិពន្ធ កំពុងតែនិពន្ធសៀវភៅមុគ្គុទេសករព្រះគម្ពីរ សម្រាប់គ្រូគង្វាលទាំងឡាយ នៅប្រទេសឥណ្ឌូនេស៊ី គាត់ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះវប្បធម៌នៃការរួបរួមគ្នា របស់ប្រជាជាតិមួយនេះ។ គេបានហៅវប្បធម៌នៃការរួបរួមនេះ ជាភាសាឥណ្ឌូនេស៊ីថា ហ្គូតុង រ៉ូយ៉ុង(gotong royong) ដែលមានន័យថា “ការជួយគ្នាទៅវិញទៅមក”។ វប្បធម៌នេះត្រូវបានគេយកមកអនុវត្តន៍នៅក្នុងភូមិ ដោយអ្នកជិតខាងជួយសង់ផ្ទះឲ្យគ្នាទៅវិញទៅមក ឬសង់ស្ពាន ឬក៏ធ្វើផ្លូវរួមគ្នាជាដើម។ គាត់ថា នៅទីក្រុង គេក៏ប្រើវប្បធម៌នេះផងដែរ។ ឧទាហរណ៍ ពេលនរណាម្នាក់ត្រូវទៅជួបគ្រូពេទ្យតាមការណាត់ជួប គាត់តែងតែមាននរណាម្នាក់ ទៅជួបពេទ្យជាមួយគាត់។ នេះជាប្រពៃណីដ៏ល្អ។ ដូចនេះ ពួកគេមិនចាំបាច់ត្រូវធ្វើអ្វី ឬទៅណាម្នាក់ឯងឡើយ។
នៅទូទាំងពិភពលោក អ្នកជឿព្រះយេស៊ូវបានអរសប្បាយ ដោយនឹកចាំថា យើងក៏មិនដែលនៅម្នាក់ឯងដែរ។ ព្រះវិញ្ញាណបរិសុទ្ធដែលជាអង្គទីបីនៃព្រះត្រៃឯក តែងតែគង់នៅជាមួយយើងជានិច្ច។ ជាងនេះទៅទៀត ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ បានប្រទានព្រះវិញ្ញាណបរិសុទ្ធ ដល់គ្រីស្ទបរិស័ទម្នាក់ៗ ដើម្បី “ធ្វើជាអង្គជំនួយ និងគង់នៅជាមួយយើងអស់កល្បជានិច្ច”(យ៉ូហាន ១៤:១៦)។
ព្រះយេស៊ូវបានសន្យាថា ព្រះវិញ្ញាណនៃព្រះ នឹងយាងចុះមក បន្ទាប់ពីទ្រង់យាងឡើងនគរស្ថានសួគ៌វិញ។ ទ្រង់មានបន្ទូលថា “ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ”(ខ.១៨)។ ផ្ទុយទៅវិញ ព្រះវិញ្ញាណបរិសុទ្ធ ដែលជាព្រះវិញ្ញាណនៃសេចក្តីពិត នឹងយាងចូលគង់ក្នុងអ្នកដែលបានទទួលជឿព្រះគ្រីស្ទ ជាព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះ(ខ.១៧)។
ព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្នកជំនួយ អ្នកកម្សាន្តចិត្ត អ្នកលើកទឹកចិត្ត…
សេចក្តីសប្បុរសសម្រាប់អ្នកដែលនៅរស់
ខ្ញុំបានចម្រើនវ័យធំឡើង ក្នុងពួកជំនុំមួយ ដែលមានប្រពៃណីដែលគួរឲ្យចាប់អារម្មណ៍ជាច្រើន។ ឧទាហរណ៍ ពេលដែលសមាជិកក្រុមគ្រួសារ ឬមិត្តភក្តិជាទីស្រឡាញ់ណាម្នាក់ស្លាប់ ជាញឹកញាប់ ព្រះវិហាររបស់ខ្ញុំ បានដាក់កៅអីវែង ឬផ្ទាំងគំនូរណាមួយ នៅតាមផ្លូវដើរក្នុងព្រះវិហារ ដោយមានផ្លាកស្ពាន់មួយ ដែលមានសរសេរអក្សរពីលើ ដើម្បីនឹកចាំ អំពីអ្នកដែលបានទទួលមរណៈភាពនោះ។ គេបានសរសេរឈ្មោះគាត់ នៅលើផ្លាកនោះ ដើម្បីរំឭក អំពីជីវិតរបស់គាត់ដែលបានកន្លងផុតទៅហើយ។ ខ្ញុំតែងតែឲ្យតម្លៃ ចំពោះការរំឭកយ៉ាងដូចនេះ។ ហើយខ្ញុំក៏នៅតែឲ្យតម្លៃរហូតដល់ពេលសព្វថ្ងៃ។ ប៉ុន្តែ ទន្ទឹមនឹងនោះ ប្រពៃណីនេះតែងតែបានធ្វើឲ្យខ្ញុំឈប់បង្អង់ ហើយពិចារណា ព្រោះផ្លាកទាំងនោះ គឺជាវត្ថុដែលគ្មានចលនា គ្មានជីវិត។ តើយើងអាចប្រើគ្រឿងរំឭកនេះ ជាប្រយោជន៍ដល់អ្នកដែលនៅរស់ ដោយរបៀបណាខ្លះ?
បន្ទាប់ពីយ៉ូណាថាន ដែលជាមិត្តសំឡាញ់របស់ដាវីឌបានបាត់បង់ជីវិត ដាវីឌចង់នឹកចាំអំពីទ្រង់ ហើយក៏បានរក្សាពាក្យសន្យា ដែលខ្លួនមានចំពោះទ្រង់(១សំាយ៉ូអែល ២០:១២-១៧)។ ប៉ុន្តែ ទ្រង់មិនបានស្វែងរកវត្ថុដែលគ្មានជីវិត ដើម្បីធ្វើការរំឭកដល់យ៉ូណាថានឡើយ។ ទ្រង់រកឃើញមភីបូសែត ដែលជាបុត្រារបស់យ៉ូណាថាន(២សាំយ៉ូអែល ៩:៣)។ ទ្រង់បានបង្ហាញចេញនូវសេចក្តីសប្បុរស(ខ.១) ដល់មភីបូសែត(ខ.៦-៧) ដោយប្រគល់ដីដល់គាត់(គឺដីដែលជាកម្មសិទ្ធិរបស់ស្តេចសូល ដែលជាឰយុកោ) ហើយក៏បានផ្គត់ផ្គង់អាហារ និងទឹកជាប្រចាំ(គឺបរិភោគនៅតុរបស់ស្តេច)។
ខណៈពេលដែលយើងបន្តនឹកចាំ អំពីអ្នកដែលបានលាចាកលោក ដោយប្រើវត្ថុអ្វីមួយ ជាការរំឭកដល់ពួកគេ ចូរយើងកុំភ្លេចបង្ហាញចេញនូវសេចក្តីសប្បុរស ដល់អ្នកដែលនៅរស់ តាមគំរូរបស់ស្តេចដាវីឌផងដែរ។—JOHN BLASÉ
ការត្រាស់ហៅឲ្យមានចិត្តក្លាហានឡើង
ក្នុងចំណោមរូបចម្លាក់មនុស្សប្រុស(ដែលមានលោកនេសិន មែនដេឡា លោកវិនស្តុន ឈើឈីល លោកមហាត្មៈ គន្ធី និងអ្នកដទៃទៀត) ក្នុងទីធ្លារដ្ឋសភានៅទីក្រុងឡុងដ៏ មានរូបចម្លាក់របស់ស្រ្តីម្នាក់ ដែលឈរនៅតែម្នាក់ឯង។ រូបចម្លាក់ដែលឈរម្នាក់ឯងនោះ គឺជារូបចម្លាក់អ្នកស្រី មីលីសិន ហ្វាសេត(Millicent Fawcett) ដែលបានតស៊ូនៅក្នុងការទាមទាឲ្យស្រ្តីមានសិទ្ធិបោះឆ្នោត។ រូបចម្លាក់របស់គាត់ត្រូវបានគេធ្វើពីលង្ហិន ដោយកាន់ទង់ជ័យមួយ ដែលមានសរសេរអក្សរពីលើ ទៅដល់អ្នកទាមទាសិទ្ធិជាមួយគាត់ថា “សេចក្តីក្លាហានមួយ អំពាវនាវឲ្យមានសេចក្តីក្លាហាននៅគ្រប់ទិសទី”។ ត្រង់ចំណុចនេះ អ្នកស្រីហ្វាសេតចង់មានន័យថា សេចក្តីក្លាហានរបស់មនុស្សម្នាក់ជំរុញឲ្យអ្នកដទៃទៀតមានចិត្តក្លាហានផងដែរ។
ខណៈពេលដែលស្តេចដាវីឌបានត្រៀមខ្លួនផ្ទេររាជឲ្យបុត្រាទ្រង់ ព្រះនាមសាឡូម៉ូន ទ្រង់ក៏បានធ្វើការពន្យល់អំពីការទទួលខុសត្រូវដ៏ធ្ងន់ ដែលនឹងធ្លាក់មកលើស្មាបុត្រាអង្គនេះ។ ជាការពិតណាស់ ស្តេចសាឡូម៉ូនក៏បានទទួលបន្ទុកដ៏ធ្ងន់ នៅក្នុងការដឹកនាំប្រទេស ដែលរាប់បញ្ចូលទំាងការដឹកនាំរាស្រ្តអ៊ីស្រាអែល ឲ្យដើរតាមសេចក្តីបង្គាប់របស់ព្រះជាម្ចាស់ និងការពារទឹកដីដែលព្រះជាម្ចាស់បានប្រទានពួកគេ ហើយមើលការខុសត្រូវការសាងសង់ព្រះវិហារ ដែលជាកិច្ចការដ៏ធំ(១របាក្សត្រ ២៨:៨-១០)។
ស្តេចដាវីឌបានជ្រាបថា សាឡូម៉ូនមានចិត្តដែលញ័រភ័យ បានជាទ្រង់លើកទឹកចិត្តសាឡូម៉ូនថា “ចូរមានកំឡាំង និងចិត្តក្លាហានឡើង ហើយធ្វើសំរេចចុះ កុំឲ្យខ្លាច ឬរសាយចិត្តឡើយ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃអញ ទ្រង់គង់នៅជាមួយនឹងឯង”(ខ.២០)។ សេចក្តីក្លាហានដ៏ពិតរបស់ស្តេចសាឡូម៉ូន មិនបានកើតចេញពីជំនាញ ឬទំនុកចិត្តរបស់ទ្រង់ឡើយ តែបានកើតចេញពីការពឹងផ្អែកលើព្រះវត្តមាន និងកម្លាំងរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានប្រទានសេចក្តីក្លាហានដែលស្តេចសាឡូម៉ូនត្រូវការ។
ពេលដែលយើងជួបទុក្ខលំបាក ជាញឹកញាប់ យើងព្យាយាមតាំងចិត្តឲ្យក្លាហាន ឬកំឡាចិត្តខ្លួនឯងឲ្យក្លាហាន។ ទោះជាយ៉ាងណាក៏ដោយ…
ជាប់ចំណង តែមិនស្ងាត់មាត់ឡើយ
កាលពីរដូវក្តៅ នៃឆ្នាំ១៩៦៣ បន្ទាប់ពីការធ្វើដំណើរតាមឡានក្រុងពេញមួយយប់ អ្នកស្រីហ្វេនី លូ ហេមើ(Fannie Lou Hamer) ដែលជាសកម្មជនសិទ្ធិពលរដ្ឋ និងអ្នកដំណើរដែលជាជនជាតិអាមេរិកស្បែកខ្មៅ៦នាក់ទៀត ក៏បានឈប់ ដើម្បីញាំអាហារពេលល្ងាច ក្នុងក្រុងវីណូណា រដ្ឋមីស៊ីស៊ីពី។ បន្ទាប់ពីពួកអាជ្ញាធរក្នុងតំបន់ បានបង្ខំពួកគេឲ្យចាកចេញ ពួកគេក៏ត្រូវបានចាប់ខ្លួន ហើយចាប់ដាក់គុក។ ប៉ុន្តែ ការបន្ទាបបន្ថោកនេះ មិនបានបញ្ចប់ដោយគ្រាន់តែការចាប់ខ្លួនដោយខុសច្បាប់នេះឡើយ។ ពួកគេម្នាក់ៗក៏ត្រូវគេវាយដំយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ អ្នកស្រីហ្វេនីបានទទួលរងធ្ងន់ជាងគេ។ បន្ទាប់ពីការវាយប្រហារដ៏សាហាវ ដែលស្ទើរតែឆក់យកជីវិតគាត់ គាត់ក៏បានបន្លឺសម្លេងច្រៀងថា “សាវ័កប៉ុល និងលោកស៊ីឡាស បានជាប់គុក ចូរឲ្យរាស្រ្តរបស់យើងចេញទៅ”។ ពេលនោះ នាងមិនច្រៀងតែម្នាក់ឯងទេ។ អ្នកទោសដទៃទៀត ក៏បានចូលរួមថ្វាយបង្គំជាមួយគាត់ផងដែរ ព្រោះពួកគេជាប់ឃុំតែរូបកាយ តែមិនបានជាប់ឃុំខាងវិញ្ញាណឡើយ។
តាមបទគម្ពីរកិច្ចការ ជំពូក១៦ សាវ័កប៉ុល និងលោកស៊ីឡាសបានជួបការពិបាកជាច្រើន ពេលដែលពួកគេជាប់គុក ដោយសារការនិយាយប្រាប់អ្នកដទៃ អំពីព្រះយេស៊ូវ។ ប៉ុន្តែ ទុក្ខលំបាកមិនបានបង្អាក់សេចក្តីជំនឿរបស់ពួកគេឡើយ។ “លុះពេលប្រហែលជាកណ្តាលអធ្រាត្រ ប៉ុល និងស៊ីឡាស កំពុងតែអធិស្ឋាន ហើយច្រៀងសរសើរដល់ព្រះ ឯពួកអ្នកទោសក៏ស្តាប់ដែរ”(ខ.២៥)។ ការថ្វាយបង្គំដោយចិត្តក្លាហាន នៅក្នុងគុកយ៉ាងដូចនេះ បានផ្តល់ឱកាសឲ្យពួកគេថ្លែងប្រាប់អ្នកដទៃ អំពីព្រះយេស៊ូវ។ “គេក៏ផ្សាយព្រះបន្ទូលនៃព្រះអម្ចាស់ដល់អ្នកយាមគុក និងពួកគ្រួគាត់ទាំងអស់ដែរ”(ខ.៣២)។
មនុស្សភាគច្រើន មិនទំនងជាជួបកាលៈទេសៈដែលពិបាកខ្លាំងដូចសាវ័កប៉ុល…
ព្រះជាម្ចាស់បានសង្រ្គោះជីវិតខ្ញុំ
កាលអើរ៉ុន(មិនមែនឈ្មោះពិតរបស់គាត់) មានអាយុ១៥ឆ្នាំ គាត់បានចាប់ផ្តើមអធិស្ឋានទៅសាតាំង។ គាត់មានអារម្មណ៍ថា សាតាំងគឺជាដៃគូរបស់គាត់។ អើរ៉ុនក៏បានចាប់ផ្តើមកុហក់ លួច និងបោកប្រាស់ក្រុមគ្រួសារ និងមិត្តភក្កិគាត់។ គាត់ក៏មានសុបិនអាក្រក់ផងដែរ។ គាត់បានក្រោកឡើង នៅពេលព្រឹកថ្ងៃមួយ ហើយក៏បានឃើញអារក្សនៅចុងជើងគាត់។ វាប្រាប់គាត់ថា គាត់នឹងប្រឡងជាប់ ហើយបន្ទាប់មក គាត់នឹងស្លាប់។ តែគាត់ក៏បានប្រឡងជាប់ ហើយនៅមានជីវិតរស់។ អើរ៉ុនក៏បានរំឭកថា ក្រោយមក គាត់ក៏បានដឹងច្បាស់ថា សាតាំងគឺជាអ្នកកំភូត។
ដោយសារគាត់ចង់ទៅជួបស្រីៗ គាត់ក៏បានទៅចូលរួមកម្មវិធីបុណ្យរបស់គ្រីស្ទបរិស័ទ ដែលនៅទីនោះ មានបុរសម្នាក់បានសុំអធិស្ឋានឲ្យគាត់។ គាត់ថា ពេលបុរសនោះអធិស្ឋានឲ្យគាត់ គាត់មានអារម្មណ៍ថា សន្តិភាពបានជ្រួតជ្រាបពេញខ្លួនគាត់។ គាត់មានអារម្មណ៍ថា គាត់បានពិសោធន៍នឹងអំណាចដែលខ្លាំងជាង និងមានសេរីភាពជាង អំណាចរបស់សាតាំង។ បុរសដែលបានអធិស្ឋានឲ្យគាត់នោះ បានប្រាប់គាត់ថា ព្រះជាម្ចាស់មានផែនការ សម្រាប់គាត់ ហើយសាតាំងគឺជាអ្នកកុហក។ សម្តីរបស់បុរសនោះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះយេស៊ូវបានមានបន្ទូលអំពីសាតាំង ពេលដែលទ្រង់ឆ្លើយតប ចំពោះអ្នកដែលប្រឆាំងនឹងទ្រង់ថា សាតាំងគឺជាអ្នកកំភូត និងជាឪពុកនៃសេចក្តីកំភូត(យ៉ូហាន ៨:៤៤)។
អើរ៉ុនក៏បានងាកចេញពីសាតាំង ហើយបែរមករកព្រះគ្រីស្ទវិញ។ សព្វថ្ងៃនេះគាត់ជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់(ខ.៤៧)។ គាត់បានធ្វើការបម្រើទ្រង់ ក្នុងសហគមន៍នៅទីក្រុង ដោយចែកចាយ អំពីការផ្លាស់ប្រែ ដែលទទួលបានពីការដើរតាមព្រះយេស៊ូវ។ គាត់ក៏បានធ្វើបន្ទាល់អំពីអំណាចរបស់ព្រះជាម្ចាស់ ដែលអាចជួយសង្រ្គោះ គឺដូចដែលគាត់បានថ្លែងប្រាប់គេថា ខ្ញុំអាចនិយាយដោយទំនុកចិត្តថា ព្រះជាម្ចាស់បានសង្រ្គោះជីវិតខ្ញុំ។…
ការថ្កោលទោសអ្នកដទៃ
អ្នកស្រីលីសា(Lisa) មិនមានចិត្តអាណិតចំពោះអ្នកដែលផឹតក្បត់ឡើយ។ តែមានពេលមួយ នាងក៏មានការមិនពេញចិត្តនឹងជីវិតអាពាហ៍ពិពាហ៍របស់នាងយ៉ាងខ្លាំង ហើយក៏បានព្យាយាមជម្នះចិត្ត ដែលមានការទាក់ទាញឲ្យប្រព្រឹត្តអំពើកំផឹត។ បទពិសោធន៍ដ៏ឈឺចាប់នេះបានជួយឲ្យនាងមានការអាណិតចំពោះអ្នកដទៃ និងមានការយល់ដឹងកាន់តែច្បាស់អំពីព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានចែងថា “អ្នកណាដែលគ្មានបាបសោះ ចូរឲ្យអ្នកនោះចោលនាងនឹងថ្មជាមុនគេចុះ”(យ៉ូហាន ៨:៧)។
ព្រះយេស៊ូវបានមានបន្ទូលដូចនេះ កាលទ្រង់កំពុងបង្រៀននៅក្នុងទីធ្លាព្រះវិហារ។ ពួកអាចារ្យ និងពួកផារិស៊ី គេនាំស្ត្រីម្នាក់ ដែលបានទាន់នៅដំណេកមកឯទ្រង់ កាលគេដាក់ស្ត្រីនោះ នៅកណ្តាលជំនុំហើយ នោះក៏ទូលថា “រីឯក្នុងក្រឹត្យវិន័យ លោកម៉ូសេបានបង្គាប់ ឲ្យយើងខ្ញុំចោលស្ត្រីយ៉ាងនេះនឹងថ្ម ដូច្នេះ តើលោកគិតដូចម្តេច?”(ខ.៥)។ ដោយសារពួកគេចាត់ទុកទ្រង់ ជាការគំរាមកំហែង ចំពោះអំណាចរបស់ពួកគេ ពួកគេបានសួរទ្រង់ដូចនេះ ធ្វើជាអន្ទាក់ ប្រយោជន៍ឲ្យតែបានរឿងចោទប្រកាន់ទ្រង់(ខ.៦) ហើយកំចាត់ទ្រង់ចោលតែប៉ុណ្ណោះ។
ទ្រង់ក៏បានឆ្លើយតបថា “អ្នកណាដែលគ្មានបាបសោះ ចូរឲ្យអ្នកនោះចោលនាងនឹងថ្មជាមុនគេចុះ”។ ពេលនោះ ក្នុងចំណោមអ្នកដែលចោទប្រកាន់នាង គ្មាននរណាម្នាក់ហ៊ានរើសថ្ម ចោលនាងសម្លាប់នោះឡើយ។ ពួកគេក៏បានដើរចេញម្នាក់ម្តងៗ។
មុនពេលយើងថ្កោលទោសអ្នកដទៃដោយការរិះគន់ ដោយមិនបានពិនិត្យមើលអំពើបាបរបស់យើង ចូរយើងចាំថា យើងម្នាក់ៗសុទ្ធតែ “ខ្វះមិនដល់សិរីល្អរបស់ព្រះជាម្ចាស់”(រ៉ូម ៣:២៣)។ ព្រះអង្គសង្រ្គោះរបស់យើងមិនបានថ្កោលទោសស្រ្តីនេះ ក៏ដូចជាយើងរាល់គ្នាឡើយ ផ្ទុយទៅវិញ ទ្រង់បានបង្ហាញចេញនូវព្រះគុណ និងក្តីសង្ឃឹម(យ៉ូហាន ៣:១៦ ៨:១០-១១)។ ដូចនេះ ចូរយើងប្រព្រឹត្តចំពោះអ្នកដទៃ យ៉ាងដូចនេះផងដែរ។—ALYSON KIEDA