រឿងមិននឹកស្មានដល់
មានពេលមួយកូនស្រីខ្ញុំបាននិយាយប្រាប់ខ្ញុំថា ពេលគាត់មានវ័យកាន់តែចាស់ ខ្ញុំហាក់ដូចជាកាន់តែមានប្រាជ្ញា។ ហើយគាត់ប្រាប់ខ្ញុំទៀតថា ជួនកាល ពេលគាត់និយាយទៅកាន់កូនប្រុសគាត់ គាត់ថែមទាំងឮសម្លេងខ្ញុំ ចេញពីមាត់របស់គាត់ទៀតផង។ ត្រង់ចំណុចនេះ គាត់ចង់មានន័យថា គាត់បានប្រៀនប្រដៅកូនរបស់គាត់ ដោយប្រើពាក្យសម្តីដែលខ្ញុំធ្លាប់និយាយទៅកាន់គាត់ កាលគាត់នៅក្មេង។ គាត់បាននិយាយត្រង់ៗ តែការនេះបានធ្វើឲ្យខ្ញុំអស់សំណើច។ ខ្ញុំក៏មានមានអារម្មណ៍ដូចគាត់ផងដែរ ពេលដែលខ្ញុំគិតដល់ ឪពុកម្តាយខ្ញុំ ហើយជាញឹកញាប់ខ្ញុំសង្កេតឃើញថា ខ្ញុំបានប្រើពាក្យសម្តីរបស់ពួកគាត់ កាលខ្ញុំចិញ្ចឹមបីបាច់កូនៗរបស់ខ្ញុំ។ ពេលខ្ញុំក្លាយជាឪពុកគេ ទស្សនៈដែលខ្ញុំមានចំពោះឪពុកម្តាយខ្ញុំ ក៏មានការផ្លាស់ប្តូរ។ កាលពីមុន ខ្ញុំគិតថា ការប្រៀនប្រដៅរបស់គាត់ គឺជារឿងល្ងង់ខ្លៅ ប៉ុន្តែ ក្រោយមក ខ្ញុំក៏បានដឹងថា ការប្រៀនប្រដៅនោះមានពេញដោយប្រាជ្ញា លើសពីការគិតរបស់ខ្ញុំទៅទៀត។
ព្រះគម្ពីរបានបង្រៀនយើងថា “សេចក្តីល្ងង់ល្ងើរបស់ព្រះ នោះមានប្រាជ្ញាលើសជាងមនុស្ស”(១កូរិនថូស ១:២៥)។ “ដ្បិតដោយព្រោះព្រះទ្រង់បានសំរេចតាមប្រាជ្ញានៃទ្រង់ថា មនុស្សលោកនឹងរកស្គាល់ព្រះដោយអាងប្រាជ្ញាខ្លួនមិនបានទេ បានជាទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះអស់លោកអ្នកដែលជឿ ដោយសារសេចក្តីល្ងីល្ងើវិញ គឺជាការប្រកាសដំណឹងល្អ”(ខ.២១)។
ព្រះជាម្ចាស់បានធ្វើនូវរឿងដែលគួរឲ្យភ្ញាក់ផ្អើលជាច្រើន។ ជាក់ស្តែង ព្រះរាជបុត្រានៃព្រះមិនបានយាងមកធ្វើជាស្តេចដ៏មានជ័យជម្នះ ដូចការរំពឹងគិតរបស់មនុស្សទេ ផ្ទុយទៅវិញ ទ្រង់បានយាងមក ក្នុងនាមជាអ្នកបម្រើដែលរងទុក្ខ ហើយបានសុគត នៅលើឈើឆ្កាង ដោយការបន្ទាបខ្លួន មុនពេលទ្រង់មានព្រះជន្មរស់ឡើងវិញ ដោយសិរីល្អដែលខ្ពស់បំផុត។
តាមប្រាជ្ញារបស់ព្រះជាម្ចាស់ ការបន្ទាបខ្លួន គឺមានតម្លៃជាងអំណួត ហើយយើងអាចទទួលសេចក្តីស្រឡាញ់របស់ទ្រង់ ដោយសារសេចក្តីមេត្តា និងសេចក្តីសប្បុរសដែលយើងមិនសមនឹងទទួល។…
តើឲ្យខ្ញុំសម្រួលអារម្មណ៍យ៉ាងម៉េចនឹងកើត?
នៅក្នុងខ្សែភាពយន្តគំនូរជីវចលរបស់ឌីសនី មានចំណងជើងថា អ្នកជួយសង្រ្គោះនៅខាងក្រោម គ្រូពេទ្យបានប្រាប់សត្វបក្សីវីលប័រ(Wilbur) ថា “អ្នកត្រូវសម្រួលអារម្មណ៍” ខណៈពេលដែលគាត់ កំពុងតែព្យាយាមព្យាបាលរបួសរបស់អ្នកជម្ងឺដ៏ស្ទាក់ស្ទើរម្នាក់នេះ។ វីលប័រក៏បាននិយាយថា វាបានសម្រួលអារម្មណ៍ហើយ តែតាមពិតវាមិនបានសម្រួលអារម្មណ៍សោះ ខណៈពេលដែលវាមានការតក់ស្លត់កាន់តែខ្លាំង។ វាថា បើសម្រួលអារម្មណ៍ជាងនេះទៀត វានឹងស្លាប់មិនខាន។ វាហាក់ដូចជានិយាយត្រូវ ព្រោះគ្រូពេទ្យម្នាក់នេះបានប្រើវិធីព្យាបាលដែលគួរឲ្យសង្ស័យ ដូចជាការយករណាយន្ត មកធ្វើជាឧបករណ៍វះកាត់ជាដើម។ រឿងនេះជារឿងកំប្លែង តែវាបានឆ្លុះបញ្ចាំងអំពីអារម្មណ៍ដែលយើងមាន ពេលដែលយើងមានការតក់ស្លត់ ទោះបញ្ហាដែលយើងជួបប្រទះ ជាការគំរាមកំហែងដល់ជីវិតយើង ឬអត់ក៏ដោយ។
ពេលដែលយើងតក់ស្លត់ ការលើកទឹកចិត្តឲ្យសម្រួលអារម្មណ៍ ហាក់ដូចជាទង្វើរដែលគួរឲ្យអស់សំណើច។ ខ្ញុំដឹងថា ពេលដែលភាពភ័យរន្ធត់កំពុងតែជន់ជោរ នៅជុំវិញខ្លួនខ្ញុំ ហើយ “ចំណងនៃសេចក្តីស្លាប់”ដ៏ឈឺចាប់(ទំនុកដំកើង ១១៦:៣) បានធ្វើឲ្យខ្ញុំបុកពោះ ដោយសុភាវគតិរបស់ខ្ញុំបានព្យាយាមវាយបកទៅវិញ គឺមិនបានសម្រួលអារម្មណ៍ឡើយ។
ប៉ុន្តែ ជាញឹកញាប់ ការព្យាយាមវាយបកទៅវិញដោយចិត្តតក់ស្លត់ គ្រាន់តែបានធ្វើឲ្យខ្ញុំមានការថប់បារម្ភកាន់តែខ្លាំង ធ្វើឲ្យខ្ញុំមិនអាចរកធ្វើអ្វីកើត ដោយសារការភ័យខ្លាច។ ប៉ុន្តែ រឿងដ៏ភ្ញាក់ផ្អើលក៏បានកើតឡើង ពេលដែលខ្ញុំអនុញ្ញាតឲ្យខ្លួនឯងប្រឈមមុខនឹងការឈឺចាប់នោះ ហើយថ្វាយវាដាច់ដល់ព្រះជាម្ចាស់(ខ.៤) ទោះជាមានការស្ទាក់ស្ទើរខ្លះៗក៏ដោយ។ ភាពតានតឹងរបស់ខ្ញុំក៏បានថមថយ(ខ.៧) ហើយសន្តិភាព ឬសេចក្តីសុខសាន្តក៏បានច្រាលឡើងក្នុងចិត្តខ្ញុំ។
ហើយខណៈពេលដែលព្រះវត្តមានដ៏កម្សាន្តចិត្តរបស់ព្រះវិញ្ញាណបានហ៊ុមព័ទ្ធខ្ញុំ ខ្ញុំក៏មានការយល់ដឹងបន្ថែមទៀត អំពីសេចក្តីពិតនៃដំណឹងល្អ ដែលថា យើងប្រយុទ្ធបានល្អបំផុត ពេលដែលយើងចុះចូលនឹងព្រះហស្តដ៏មានចេស្តារបស់ព្រះជាម្ចាស់(១ពេត្រុស ៥:៦-៧)។—MONICA BRANDS
ចិត្តជាអ្នកបម្រើ
ជាទូទៅ ស្រ្តីជាម្តាយក្នុងសម័យទំនើប មានតួនាទីជាចុងភៅ ជាអ្នករៀបចំកម្មវិធីសម្រាប់គ្រួសារ ជាអ្នកប្រឹក្សាយោបលផ្នែកចំណីអាហារ និងជាអ្នកថែទាំគ្រួសារជាដើម។ តួនាទីទាំងនេះស្ថិតក្នុងចំណោមការទទួលខុសត្រូវជាច្រើន ដែលពួកគេត្រូវបំពេញជាប្រចាំ។ កាលពីឆ្នាំ២០១៦ ការស្រាវជ្រាវមួយ បានប៉ាន់ប្រម៉ានថា ស្រ្តីជាម្តាយបានធ្វើការ ចាប់ពី៤៩ម៉ោង ទៅ៩៦ម៉ោង ក្នុងមួយសប្តាហ៍ ដែលភាគច្រើនជាកិច្ចការដែលទាក់ទងនឹងការចិញ្ចឹមបីបាច់កូន។
វាមិនមែនជារឿងចម្លែកទេ ដែលស្រ្តីជាម្តាយ តែងតែមានការអស់កម្លាំងជានិច្ច។ ការធ្វើជាម្តាយ គឺត្រូវចំណាយពេលវេលា និងកម្លាំងជាច្រើន ដើម្បីថែទាំកូន ដែលត្រូវការជំនួយជាប្រចាំ ខណៈពេលដែលពួកគេកំពុងតែរៀនរកផ្លូវដើរ ក្នុងពិភពលោកនេះ។
ពេលខ្លះ ខ្ញុំមានអារម្មណ៍ថាហត់នឿយ នៅពេលថ្ងៃ ដែលហាក់ដូចជាមានរយៈពេលយូរជាងធម្មតា ហើយខ្ញុំត្រូវការការរំឭកថា ការទំនុកបម្រុងអ្នកដទៃ គឺជាអ្វីដែលខ្ញុំគួរធ្វើ។ នៅពេលនោះ ខ្ញុំក៏មានកម្លាំងឡើងវិញ ដោយក្តីសង្ឃឹមដ៏អស្ចារ្យ ដោយដឹងថា ព្រះយេស៊ូវបានឲ្យតម្លៃយ៉ាងណា ចំពោះអ្នកដែលបម្រើគេ។
ក្នុងកណ្ឌដំណឹងល្អម៉ាកុស ពួកសាវ័កបានដណើ្តមគ្នា ធ្វើជាអ្នកធំជាងគេ នៅក្នុងចំណោមពួកគេ។ ព្រះយេស៊ូវក៏បានគង់ចុះដោយស្ងាត់ស្ងៀម ហើយរំឭកពួកគេថា “បើអ្នកណាចង់ធ្វើលេខ១ នោះត្រូវទៅជាចុងបង្អស់វិញ ហើយត្រូវបំរើគេទាំងអស់ដែរ”(ម៉ាកុស ៩:៣៥)។ បន្ទាប់មក ទ្រង់ក៏បានលើកក្មេងតូចម្នាក់ពរ ដើម្បីពន្យល់ពួកគេ អំពីសារៈសំខាន់នៃការបម្រើអ្នកដទៃ ជាពិសេស អ្នកដែលត្រូវការជំនួយបំផុត ក្នុងចំណោមយើង(ខ.៣៦-៣៧)។
ការឆ្លើយតបរបស់ព្រះគ្រីស្ទ ត្រង់ចំណុចនេះ បានបង្ហាញឲ្យយើងដឹងច្បាស់ថា នរណាជាអ្នកធំជាងគេ…
លើសពីដំណោះស្រាយ
ថ្មីៗនេះ ខ្ញុំបានរកឃើញ “ដំណោះស្រាយដ៏ងាយស្រួលមួយ” ពេលដែលចៅរបស់ខ្ញុំម្នាក់បានយកតុក្កតាទន្សាយរបស់នាង មកកម្តៅនៅពីលើកញ្ចក់ សម្រាប់ការពារជើងក្រានកម្តៅផ្ទះ នៅរដូវរងា។ កម្តៅនៅលើកញ្ចក់បានធ្វើឲ្យរោមតុក្កតាទន្សាយរបស់នាងរលាយជាប់នឹងកញ្ចក់ ធ្វើឲ្យវាលែងស្អាតដូចមុខទៀត ប៉ុន្តែ អ្នកឯកទេសផ្នែកជើងក្រានកម្តៅផ្ទះ បានផ្តល់ឲ្យនូវដំណោះស្រាយដ៏ងាយស្រួលមួយ ដើម្បីសម្អាតកញ្ចក់នោះឲ្យស្អាតដូចថ្មី។ ដំណោះស្រាយពិតជាមានប្រយោជន៍ណាស់ ហើយសព្វថ្ងៃនេះ ខ្ញុំឈប់ឲ្យក្មេងៗយកតុក្កតា មកដាក់នៅក្បែរជើងក្រានកម្តៅក្នុងផ្ទះទៀតហើយ។
ខ្ញុំបានលើកយកដំណោះស្រាយនេះមកនិយាយ ព្រោះជួនកាល យើងអាចសង្កេតឃើញថា ព្រះគម្ពីរប្រជុំទៅដោយដំណោះស្រាយជាច្រើន ដែលជួយឲ្យជីវិតកាន់តែមានភាពងាយស្រួល។ ជាការពិតណាស់ ព្រះគម្ពីរមានខគម្ពីរជាច្រើន ដែលចែងអំពីរបៀបរស់នៅ ក្នុងជីវិតដែលថ្វាយព្រះកិត្តិនាមដល់ព្រះគ្រីស្ទ ប៉ុន្តែ ព្រះគម្ពីរមានគោលបំណងលើសពីនេះទៀត។ ព្រះគម្ពីរបានផ្តល់ឲ្យយើង នូវដំណោះស្រាយមួយ សម្រាប់បំពេញតម្រូវការដែលធំបំផុត គឺការត្រូវការការសង្រ្គោះឲ្យរួចពីបាប និងរួចពីការដាច់ចេញពីព្រះអស់កល្បជានិច្ច។
ព្រះគម្ពីរបានចែងអំពីរឿងសំខាន់ៗជាច្រើន ដែលរាប់ចាប់ពីព្រះបន្ទូលសន្យា អំពីសេចក្តីសង្គ្រោះ(ក្នុងលោកុប្បត្តិ ៣:១៥) និងផ្លូវទៅរកក្តីសង្ឃឹមដ៏ពិត នៃផ្ទៃមេឃ និងផែនដីថ្មី(វិវរណៈ ២១:១-២)។ ក្នុងរឿងទាំងនេះមានខ្លឹមសាររួមមួយ គឺថា ព្រះជាម្ចាស់មានផែនការដ៏អស់កល្ប ដើម្បីសង្រ្គោះយើង ឲ្យរួចពីបាប និងអនុញ្ញាតយើង ឲ្យអរសប្បាយនឹងការប្រកបទាក់ទងជាមួយព្រះអង្គ។ ក្នុងរឿងនីមួយៗ និងក្នុងការបង្រៀនទាំងអស់ អំពីរបៀបរស់នៅ ដែលបានចែងក្នុងព្រះគម្ពីរ គឺសុទ្ធតែចង្អុលបង្ហាញយើង ឲ្យងាកទៅរកព្រះយេស៊ូវ ដែលអាចដោះស្រាយបញ្ហាធំបំផុតរបស់យើង។
ពេលដែលយើងបើកព្រះគម្ពីរ ដែលជាសៀវភៅរបស់ព្រះជាម្ចាស់ សូមយើងនឹកចាំថា យើងកំពុងតែរកមើលព្រះយេស៊ូវ និងការសង្រ្គោះដែលទ្រង់ប្រទាន…
តើជីវិតអ្នកបានផ្លាស់ប្រែយ៉ាងដូចម្តេច?
លោកស្ទីហ្វិន(Stephen) បានចម្រើនវ័យធំឡើង ក្នុងតំបន់ដ៏អាក្រក់ នៅក្នុងផ្នែកខាងកើតនៃទីក្រុងឡុង ហើយគាត់ក៏បានធ្លាក់ខ្លួនចូលទៅក្នុងអំពើឧក្រឹដ្ឋ ពេលដែលគាត់មានអាយុ១០ឆ្នាំ។ គាត់ថា ពេលដែលគាត់ឃើញគេលក់គ្រឿងញៀន ឬលួចប្លន់ ឬក៏ក្លែងបន្លំ គាត់ក៏បានទៅចូលរួមជាមួយគេ ព្រោះវាជារឿងធម្មតាទៅហើយ។ ប៉ុន្តែ ពេលដែលគាត់មានអាយុ២០ឆ្នាំ គាត់ក៏មានសុបិន្តមួយ ដែលបានធ្វើឲ្យជីវិតគាត់ផ្លាស់ប្តូរ។ គាត់ថា “ក្នុងសុបិន្តនោះ គាត់ឮព្រះជាម្ចាស់មានបន្ទូលថា គាត់ត្រូវទៅសារភាព ព្រោះគាត់បានសម្លាប់មនុស្ស”។ ការយល់សប្តិនេះ គឺជាការព្រមាន ហើយគាត់ក៏បានងាកមករកព្រះយេស៊ូវ ហើយក៏បានទទួលជឿទ្រង់ជាព្រះសង្រ្គោះ។ ព្រះវិញ្ញាណបរិសុទ្ធក៏បានកែប្រែជីវិតគាត់។
លោកស្ទីហ្វិនក៏បានបើកអង្គការមួយ ដែលបង្រៀនក្មេងៗក្រីក្រ ក្នុងទីក្រុង អំពីការលត់ដំ សីលធម៌ និងការគោរព តាមរយៈការលេងកីឡា។ គាត់ក៏បានសរសើរដំកើងព្រះជាម្ចាស់ សម្រាប់ជោគជ័យដែលគាត់ទទួលបាន ខណៈពេលដែលគាត់បានអធិស្ឋាន និងបង្រៀនក្មេងៗទំាងនោះ។ គាត់ថា គាត់កំពុងតែនាំក្មេងៗទាំងនោះ ឲ្យមានក្តីស្រមៃដ៏ត្រឹមត្រូវឡើងវិញ។
កាលណាយើងស្វែងរកព្រះទ័យព្រះ ហើយលះចោលអតីតកាលរបស់យើង គឺមានន័យថា យើងបានអនុវត្តតាមការបង្រៀនរបស់សាវ័កប៉ុល ដែលបានបង្គាប់ពួកជំនុំនៅទីក្រុងអេភេសូរ ឲ្យឱបក្រសោបយកជីវិតថ្មី។ ទោះជីវិតចាស់របស់យើង តែងតែខូចទៅ តាមសេចក្តីប៉ងប្រាថ្នារបស់សេចក្តីឆបោកមែន ជារៀងរាល់ថ្ងៃ យើងអាចខិតខំ “ប្រដាប់ខ្លួនដោយមនុស្សថ្មី” ដែលត្រូវបានបង្កើតមក តាមភាពព្រះ(អេភេសូរ ៤:២២,២៤)។ គ្រីស្ទបរិស័ទទាំងអស់ចាំបាច់ត្រូវឱបក្រសោបយកការផ្លាស់ប្រែ ដែលត្រូវបន្តទៅមុខ ដោយយើងត្រូវសូមព្រះជាម្ចាស់ ជួយយើងឲ្យមានលក្ខណៈកាន់តែដូចព្រះអង្គ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។…
តើស្រឡាញ់ខ្មាំងសត្រូវរបស់ខ្ញុំឬ?
លោកលេហ្វ អេងហ្គ័រ(Leif Enger) បាននិពន្ធរឿងប្រលោមលោក ដែលមានចំណងជើងថា សុខសាន្តដូចទឹកទន្លេ ។ ក្នុងរឿងនេះ លោកយេរេមា លែន(Jeremiah Land) ជាឪពុកដែលមានកូនបីនាក់។ គាត់ជាអ្នកយាម នៅសាលារៀនមួយ ក្នុងតំបន់ដែលគាត់រស់នៅ។ គាត់ក៏ជាបុរសដែលមានជំនឿខ្លាំង ហើយនៅពេលខ្លះ ជំនឿគាត់នាំឲ្យមានការអស្ចារ្យកើតឡើង។ សៀវភៅរឿងនេះទាំងមូល បាននិយាយអំពីជំនឿរបស់គាត់ ដែលបានជួបការល្បងលជាញឹកញាប់។
សាលារៀនដែលលោកយេរេមាធ្វើការ ស្ថិតក្រោមការដឹកនាំរបស់លោកឆេស្ទ័រ ហូលឌិន(Chester Holden) ដែលជាអ្នកគ្រប់គ្រងចិត្តអាក្រក់ ដែលមានជម្ងឺសើស្បែក។ លោកហូលឌិន នៅតែចង់ឲ្យលោកយេរេមាឈប់ធ្វើការនៅទីនោះ ទោះគាត់មានក្រមសីលធម៌ការងារ ដោយជូតសម្អាតទឹកលូដែលគេធ្វើកំពុប ដោយគ្មានការរអ៊ូរទាំ និងបានរើសដបដែលអ្នកគ្រប់គ្រងរូបនេះបានបោកចោលជាដើម។ ថ្ងៃមួយ គាត់ក៏បានចោទប្រកាន់លោកយេរេមាថា ជាមនុស្សប្រមឹកស្រា ហើយក៏បានបណ្តេញគាត់ចេញពីការងារ នៅចំពោះមុខសិស្សទាំងអស់។ ទង្វើរនេះបានធ្វើឲ្យលោកយេរេមាមានការអាប់ឱនយ៉ាងខ្លាំង។
តើលោកយេរេមាបានឆ្លើយតបយ៉ាងដូចម្តេច? គាត់អាចគំរាមអ្នកគ្រប់គ្រងនោះថា គាត់នឹងដាក់ពាក្យបណ្តឹង ចំពោះការបណ្តេញចេញដោយអយុត្តិធម៌ ឬធ្វើការចោទប្រកាន់ជាដើម។ ពុំនោះទេ គាត់អាចដើរចេញតាមសម្រួល ដោយទទួលយកភាពអយុត្តិធម៌នោះ។ សូមអ្នកចំណាយពេលមួយភ្លែត ដើម្បីគិតថា អ្នកនឹងធ្វើអ្វី បើសិនជាអ្នកជាគាត់វិញ។
ព្រះយេស៊ូវមានបន្ទូលថា “ចូរអ្នករាល់គ្នាស្រឡាញ់ពួកខ្មាំងសត្រូវ ហើយប្រព្រឹត្តល្អនឹងពួកអ្នក ដែលស្អប់អ្នករាល់គ្នាវិញ ចូរឲ្យពរដល់អ្នកណាដែលគេប្រទេចផ្តាសាអ្នក ហើយអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខអ្នក”(លូកា ៦:២៧-២៨)។ ដែលព្រះយេស៊ូវមានបន្ទូលដូចនេះ គឺមិនមែនបើកឱកាសឲ្យគេបន្តធ្វើការអាក្រក់ ឬឈប់ស្វែងរកយុត្តិធម៌នោះទេ។…
ផ្ទះថ្មីរបស់យើង
អ្នកស្រីអេនី មួរ(Annie Moore) ជាជនអន្តោប្រវេសន៍ទីមួយ ដែលបានធ្វើដំណើរចូលទឹកដីអាមេរិក កាត់តាមកោះអេលីស កាលពីឆ្នាំ១៨៩២។ ពេលនោះ គាត់ប្រាកដជាកំពុងតែគិតអំពីផ្ទះថ្មី និងការចាប់ផ្តើមជាថ្មី ដោយអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង។ ក្រោយមក មានមនុស្សរាប់លាននាក់បានធ្វើដំណើរកាត់តាមកោះនោះដែរ។ កាលអ្នកស្រីអេនីនៅវ័យជំទង់ គាត់បានចាកចេញពីជីវិតដ៏លំបាកលំបិន ក្នុងប្រទេសអៀឡង់ ដើម្បីចាប់ផ្តើមជីវិតជាថ្មី ក្នុងទឹកដីថ្មី។ គាត់មានតែបង្វិចតូចមួយ កាន់នៅក្នុងដៃ តែគាត់បានចូលទឹកដីអាមេរិក ដោយក្តីស្រមៃ ក្តីសង្ឃឹម និងការរំពឹងគិតជាច្រើន ចំពោះទឹកដីដែលមានពេញទៅដោយឱកាស។
តើកូនរបស់ព្រះនឹងមានចិត្តរំភើបរីករាយជាងអម្បាលម៉្មាន ពេលដែលពួកគេបានឃើញ “ផ្ទៃមេឃ និងផែនដីថ្មី”(វិវរណៈ ២១:១)។ យើងនឹងបានចូលទៅក្នុង “ទីក្រុងបរិសុទ្ធ ទីក្រុងយេរូសាឡិមថ្មី”(ខ.២) ដូចដែលមានចែងក្នុងកណ្ឌគម្ពីរវិវរណៈ។ សាវ័កយ៉ូហានបានធ្វើការពិពណ៌នាដ៏មានអំណាច អំពីទឹកដីដ៏អស្ចារ្យនេះថា “ទន្លេទឹកជីវិត ថ្លាដូចជាកែវចរណៃ ដែលហូរចេញពីបល្ល័ង្កនៃព្រះ និងកូនចៀម”(២២:១)។ ត្រង់ចំណុចនេះ ទឹកជាតំណាងឲ្យជីវិត និងភាពពេញបរិបូរ ហើយព្រះដ៏អស់កល្ប ជាប្រភពនៃទឹកនោះ។ លោកយ៉ូហានមានប្រសាសន៍ថា “គ្រានោះនឹងគ្មានសេចក្តីបណ្តាសាទៀតឡើយ”(ខ.៣)។ ទំនាក់ទំនងដ៏ល្អ និងបរិសុទ្ធ ដែលទ្រង់សព្វព្រះទ័យនឹងមានជាមួយមនុស្ស នឹងមានភាពពេញលេញឡើងវិញ។
ពិតជាអស្ចារ្យណាស់ ដែលយើងបានស្គាល់ព្រះ ដែលស្រឡាញ់កូនរបស់ទ្រង់ ហើយបានបង់ថ្លៃលោះយើង ដោយលះបង់ព្រះជន្មព្រះរាជបុត្រាទ្រង់ ហើយទ្រង់កំពុងតែរៀបចំផ្ទះថ្មីដ៏អស្ចារ្យ ដែលទ្រង់នឹងរស់នៅជាមួយយើង និងធ្វើជាព្រះរបស់យើងអស់កល្បជានិច្ច(២១:៣)។—ESTERA PIROSCA…
តើអ្នកមានការហត់នឿយខាងវិញ្ញាណឬ?
លោកហ្សាក អេស្វាញ(Zack Eswine) បាននិពន្ធសៀវភៅមានចំណងជើងថា គ្រូគង្វាល ដែលមិនល្អឥតខ្ចោះ ។ ក្នុងសៀវភៅនោះ គាត់បានសរសេរថា “ជួនកាល ក្នុងផ្លូវអារម្មណ៍របស់យើង ការធ្វើការមួយម៉ោង គឺប្រៀបដូចជាការធ្វើការពេញមួយថ្ងៃ”។ ត្រង់ចំណុចនេះ គាត់កំពុងតែនិយាយសំដៅទៅលើបន្ទុក ដែលគ្រូគង្វាលបានទទួល ជាញឹកញាប់ ក្នុងការងារបម្រើព្រះ ប៉ុន្តែ យើងម្នាក់ៗក៏សុទ្ធតែអាចមានបន្ទុកធ្ងន់ដូចគ្នា។ បន្ទុកផ្លូវអារម្មណ៍ និងការទទួលខុសត្រូវដ៏ធ្ងន់ អាចធ្វើឲ្យយើងខ្សោះអស់កម្លាំងទាំងផ្លូវកាយ ផ្លូវចិត្ត និងវិញ្ញាណ។ ពេលនោះ យើងមិនចង់ធ្វើអ្វី ក្រៅពីប្រះខ្លួនដេក។
ក្នុងបទគម្ពីរ ១ពង្សាវតាក្សត្រ ជំពូក១៩ ហោរាអេលីយ៉ា បានធ្លាក់ចូលក្នុងស្ថានភាពមួយ ដែលធ្វើឲ្យគាត់មានការហត់នឿយ គ្រប់ផ្នែកទាំងអស់នៃជីវិតគាត់។ យើងឃើញថា ក្សត្រីយេសិបិលបានគំរាមថា នឹងសម្លាប់គាត់(ខ.១-២) បន្ទាប់ពីព្រះនាងរកឃើញថា គាត់បានឲ្យគេសម្លាប់ពួកហោរារបស់ព្រះបាល(មើល ១៨:១៦-៤០)។ លោកអេលីយ៉ាមានការភ័យខ្លាចយ៉ាងខ្លាំង បានជាគាត់រត់គេចខ្លួន ហើយបានអធិស្ឋានសូមព្រះជាម្ចាស់ដកជីវិតគាត់(១៩:៣-៤)។
គាត់ក៏បានប្រះខ្លួនដេកចុះ ដោយទុក្ខព្រួយជាខ្លាំង។ ទេវតាក៏បានពាល់គាត់ពីរដង ហើយប្រាប់គាត់ឲ្យ “ក្រោកឡើង ហើយបរិភោគអាហារ”(ខ.៥,៧)។ បន្ទាប់ពីទេវតាបានពាល់គាត់ជាលើកទីពីរ គាត់ក៏មានកម្លាំងឡើង ដោយសារអាហារដែលព្រះជាម្ចាស់ប្រទាន ហើយគាត់ក៏បានធ្វើដំណើរ៤០យប់ ៤០ថ្ងៃ រហូតទៅដល់រូងភ្នំមួយ(ខ.៨-៩)។ នៅទីនោះ ព្រះអម្ចាស់ក៏បានបង្ហាញព្រះអង្គទ្រង់ ឲ្យគាត់ឃើញ ហើយបង្គាប់គាត់ ឲ្យបន្តធ្វើការថ្វាយទ្រង់(ខ.៩-១៨)…
តើនរណាខ្លះកំពុងតែឯកោ?
សេវ៉ាកម្ម “ជួលគ្រួសារ” កំពុងតែមានការលូតលាស់ នៅតាមបណ្តាប្រទេសជាច្រើន ដើម្បីបំពេញតម្រូវការមនុស្សដែលកំពុងតែមានភាពឯកោ។ អ្នកខ្លះបានប្រើសេវ៉ាកម្មនេះ ដើម្បីឲ្យតែល្អមើល ឧទាហរណ៍ដូចជានៅក្នុងកម្មវិធីសង្គមជាដើម ដើម្បីឲ្យអ្នកដទៃមើលមកឃើញថា ខ្លួនមានគ្រួសារដែលរីករាយ។ អ្នកខ្លះបានជួលតួសម្តែង ឲ្យដើរតួជាសាច់ញាតិដែលឈប់រស់នៅជាមួយគ្នា ដើម្បីឲ្យខ្លួនអាចមានអារម្មណ៍ថា មានភាពកក់ក្តៅនៅក្នុងទំនាក់ទំនងគ្រួសារដែលខ្លួនប្រាថ្នាចង់បាន ទោះក្នុងរយៈពេលដ៏ខ្លីក៏ដោយ។
ទំនោរមួយនេះ បានឆ្លុះបញ្ចាំងអំពីរឿងពិតមួយ ដែលថា ព្រះជាម្ចាស់បានបង្កើតមនុស្សមក សម្រាប់ការទំនាក់ទំនងគ្នា។ នៅក្នុងរឿងនៃការបង្កើតរបស់ព្រះជាម្ចាស់ ក្នុងបទគម្ពីរលោកុប្បត្តិ យើងឃើញថា ព្រះជាម្ចាស់បានទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជា “ការល្អប្រពៃ”(១:៣១)។ ប៉ុន្តែ ពេលដែលទ្រង់គិតដល់អ័ដាម ទ្រង់ក៏បានមានបន្ទូលថា “មនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ”(២:១៨)។ មនុស្សត្រូវការការទំនាក់ទំនងជាមួយមនុស្ស។
ព្រះគម្ពីរមិនគ្រាន់តែបានប្រាប់យើងថា យើងត្រូវការការទំនាក់ទំនងគ្នាប៉ុណ្ណោះឡើយ។ ព្រះគម្ពីរក៏បានប្រាប់យើង អំពីកន្លែងដែលយើងអាចរកឃើញទំនាក់ទំនងនោះ គឺក្នុងចំណោមអ្នកដើរតាមព្រះយេស៊ូវផងដែរ។ មុនពេលព្រះយេស៊ូវអស់ព្រះជន្ម ទ្រង់បានផ្តាំលោកយ៉ូហាន ឲ្យចាត់ទុកមាតារបស់ទ្រង់ ជាម្តាយរបស់គាត់។ ពួកគេក្លាយជាក្រុមគ្រួសារតែមួយ បន្ទាប់ពីព្រះយេស៊ូវយាងឡើងទៅស្ថានសួគ៌វិញ(យ៉ូហាន ១៩:២៦-២៧)។ ហើយសាវ័កប៉ុលបានបង្រៀនគ្រីស្ទបរិស័ទឲ្យប្រព្រឹត្តចំពោះអ្នកដទៃ ដូចឪពុកម្តាយ និងបងប្អូនបង្កើតផងដែរ(១ធីម៉ូថេ ៥:១-២)។ បទគម្ពីរទំនុកដំកើង ក៏បានពិពណ៌នាផងដែរថា ព្រះរាជកិច្ចប្រោសលោះរបស់ព្រះជាម្ចាស់ ក្នុងលោកិយនេះ ក៏រាប់បញ្ចូល “ការនាំមនុស្សឯកោ ឲ្យមានគ្រួសារ”(ទំនុកដំកើង ៦៨:៦) ហើយព្រះជាម្ចាស់ក៏បានរៀបចំពួកជំនុំ ឬព្រះវិហារ ធ្វើជាកន្លែងដ៏ល្អបំផុត…
ការអាក្រក់ដែលបានលាក់កំបាំង
មានពេលមួយខ្ញុំបានមើលពត៌មាន ដែលគេផ្សាយអំពីស្រ្តីជាច្រើនដែលបានក្លាយជាជនរងគ្រោះ ដោយសារការរំលោភបំពានផ្លូវភេទ ដោយពួកប្រុសៗដែលមានអំណាចមកលើពួកនាង។ វាជារឿងលាក់កំបាំងយូរមកហើយ តែពេលនេះ ត្រូវបានគេលើកយកមកលាតត្រដាង។ ខ្ញុំមានការបាក់ទឹកចិត្តយ៉ាងខ្លាំង ពេលដែលខ្ញុំបានអានចំពត៌មាន ដែលផ្សាយថា បុរសពីរនាក់ដែលខ្ញុំធ្លាប់តែកោតសរសើរ គឺជាជនល្មើស គេបានរកឃើញភស្តុតាងបញ្ជាក់ថា ពួកគេពិតជាបានធ្វើការរំលោភបំពានមែន។ បញ្ហានេះបានកើតមាននៅគ្រប់ទីកន្លែង គឺសូម្បីតែនៅក្នុងពួកជំនុំក៏ដោយ។
ស្តេចដាវីឌក៏ធ្លាប់ទទួលទុក្ខវេទនា ដោយសារការអាក្រក់ដែលទ្រង់បានប្រព្រឹត្តផងដែរ។ នៅពេលរសៀលថ្ងៃមួយ ស្តេចដាវីឌបានឃើញស្រ្តីម្នាក់កំពុងងូតទឹក(២សាំយ៉ូអែល ១១:២)។ ហើយទ្រង់ចង់រួមដំណេកជាមួយនាង។ នាងបាតសេបាជាភរិយារបស់លោកអ៊ូរីដែលជាទាហានដ៏ស្មោះស្ម័គ្ររបស់ទ្រង់ តែទ្រង់នៅតែឲ្យគេទៅនាំនាងចូលក្រឡាបន្ទំរបស់ទ្រង់។ ពេលនាងបាតសេបាប្រាប់ស្តេចដាវីឌថា នាងមានផ្ទៃពោះ ទ្រង់ក៏មានការព្រួយបារម្ភ។ ស្តេចដាវីឌក៏បានរៀបគម្រោងក្បត់ ដ៏គួរឲ្យស្អប់ខ្ពើម ដោយបង្គាប់លោកយ៉ូអាប់ឲ្យទុកអ៊ូរីចោល នៅសមរភូមិ ដើម្បីឲ្យពួកសត្រូវសម្លាប់គាត់។
ស្តេចដាវីឌមិនអាចលាក់បាំងការអាក្រក់ ដែលទ្រង់បានធ្វើបំពានមកលើនាងបាតសេបា និងលោកអ៊ូរីឡើយ។ ហោរាសាំយ៉ូអែលបានបើកកកាយរឿងរបស់ទ្រង់ ឲ្យគេគ្រប់គ្នាបានឃើញច្បាស់។ ពេលដែលយើងបានធ្វើការអាក្រក់ យើងក៏ត្រូវប្រឈមមុខដោះស្រាយផងដែរ គឺមិនត្រូវព្យាយាមលាក់បាំងឡើយ។
ម្យ៉ាងទៀត យើងក៏ត្រូវស្តាប់រឿងទាំងអស់នេះ ព្រោះវាបានដាស់តឿនយើង ឲ្យប្រុងប្រយ័ត្នចំពោះការប្រើអំណាចបំពាន ក្នុងសម័យរបស់យើង។ ស្តេចដាវីឌជា “មនុស្សដែលធ្វើតាមបំណងព្រះទ័យព្រះ”(កិច្ចការ ១៣:២២) ប៉ុន្តែ ទ្រង់ក៏ជាមនុស្សដែលត្រូវទទួលខុសត្រូវ ចំពោះអ្វីដែលទ្រង់បានប្រព្រឹត្តផងដែរ។ ដូចនេះ យើងក៏ត្រូវឲ្យអ្នកដឹកនាំរបស់យើង ទទួលខុសត្រូវ នៅក្នុងការប្រើប្រាស់អំណាចផងដែរ។
ដោយសារព្រះគុណព្រះ នោះយើងអាចទទួលការប្រោសលោះពីទ្រង់។ ពេលដែលយើងបន្តអានរឿងរបស់ស្តេចដាវីឌ យើងឃើញថា ស្តេចដាវីឌក៏បានប្រែចិត្តចេញពីអំពើបាបរបស់ទ្រង់(២សាំយ៉ូអែល…