ប្រភេទ  |  July

គ្រីស្ទបរិស័ទពិតប្រាកដ

កាល​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​ធ្វើ​ការ ក្នុង​អង្គការ​គ្រីស្ទ​បរិស័ទ​មួយ ហើយ​គេ​ក៏​បាន​បង្ហាញ​នូវ​បទ​បញ្ជា​ផ្ទៃ​ក្នុង​មួយ ដែល​បាន​ហាម​មិន​ឲ្យ ប្រើ​គ្រឿង​ស្រវឹង បារី និង​ប្រព្រឹត្ត​នូវ​ការ​កម្សាន្ត​សប្បាយ​មួយ​ចំនួន។ ពួក​គេ​រំពឹង​ថា បុគ្គលិក​ទាំង​ឡាយ​មាន​អាកប្ប​កិរិយា​ដែល​សម​ជា​គ្រីស្ទ​បរិស័ទ។ ខ្ញុំ​អាច​យល់​ស្រប​នឹង​បទ​បញ្ជា​ផ្ទៃ​ក្នុង​នេះ ព្រោះ​ខ្ញុំ​មិន​ប្រព្រឹត្ត​នូវ​រឿង​ទាំង​អស់​នេះ​ទេ ដោយ​វា​ខុស​នឹង​ជំនឿ​របស់​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​ក៏​បាន​ឆ្ងល់​ផង​ដែរ​ថា ហេតុ​អ្វី​បាន​ជា​គេ​មិន​ដាក់​បំរាម មិន​ឲ្យ​បុគ្គលិក​មាន​អាកប្ប​កិរិយា​ក្រអឺត​ក្រទម មិន​គិត​ពី​អារម្មណ៍​អ្នក​ដទៃ កាច មាន​ការ​រស់​នៅ​បែប​សាច់​ឈាម និង​ចូល​ចិត្ត​រិះ​គន់​គេ​ជា​ដើម?

យើង​មិន​អាច​កំណត់​អត្ត​សញ្ញាណ​របស់​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ដោយ​ផ្អែក​ទៅ​លើ​ច្បាប់ ឬ​ក្រឹត្យ​វិន័យ​ដែល​ពួក​គេ​បាន​ធ្វើ​តាម​នោះ​ទេ​។ តែ​យើង​ត្រូវ​មើល​គុណ​ភាព​នៃ​ជីវិត​ខាង​វិញ្ញាណ ឬ​ទីបន្ទាល់​ដ៏​ល្អ​នៃ​ការ​រស់​នៅ​របស់​ពួក​គេ។

តាម​ការ​រៀប​រាប់​អំពី​ព្រះ​ពរ​ព្រះ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ៥:៣-១០ យើង​អាច​និយាយ​ជា​សង្ខេប អំពី​ទីបន្ទាល់​ដ៏​ល្អ​នោះ​ថា អ្នក​ដែល​មាន​ព្រះ​វិញ្ញាណ​នៃ​ព្រះ​យេស៊ូវ​គង់​នៅ និង​ពឹង​ផ្អែក​លើ​ព្រះ​អង្គ ជា​មនុស្ស​បន្ទាប​ខ្លួន និង​មិន​អាត្មា​និយម។​ ពួក​គេ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ទុក្ខ​លំបាក​របស់​អ្នក​ដទៃ។ ពួក​គេ​មាន​ចិត្ត​សុភាព និង​សប្បុរស។ ពួក​គេ​ចង់​បាន​សេចក្តី​ល្អ​សម្រាប់​ខ្លួន​ឯង និង​អ្នក​ដទៃ។ ពួក​គេ​មាន​ចិត្ត​មេត្តា ចំពោះ​អ្នក​ដែល​កំពុង​ជួប​ការ​លំបាក និង​បរាជ័យ។

ពួក​គេ​មាន​ចិត្ត​គំនិត​តែ​មួយ នៅ​ក្នុង​ការ​ស្រឡាញ់​ព្រះយេស៊ូវ។ ពួក​គេ​មាន​សន្តិភាព​ក្នុង​ចិត្ត ហើយ​ក៏​បន្សល់​ទុក​នូវ​កេរ​ដំណែល​នៃ​សន្តិភាព​ដល់​អ្នក​ជំនាន់​ក្រោយ។ ពួក​គេ​មាន​ចិត្ត​សប្បុរស​ចំពោះ​អ្នក​ដែល​ធ្វើ​ខុស​មក​លើ​ពួក​គេ ដោយ​ធ្វើ​ការ​ល្អ ស្នង​ការ​អាក្រក់។ និយាយ​រួម ពួក​គេ​មាន​ពរ ឬ​មាន​អំណរ ដោយសារ​ទី​បន្ទាល់​ដ៏​ល្អ​នេះ។

ការ​រស់​នៅ​ប្រភេទ​នេះ ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​ដទៃ និង​ជា​ការ​រស់​នៅ​របស់​អ្នក​ចូល​មក​រក​ព្រះ​យេស៊ូវ ហើយ​ទូល​សូម​ការ​រស់​នៅ​ប្រភេទ​នេះ។​—David H.…

ព្រះអង្គឆ្លើយតបតាមរយៈការបង្ហាញព្រះចេស្តា

ក្នុង​ពេល​ដែល​មាន​ព្យុះ​រន្ទះ ខ្ញុំ និង​កូន​ស្រី​ខ្ញុំ អាយុ​៦​ឆ្នាំ កំពុង​តែ​អង្គុយ​នៅ​លើ​កម្រាល​ឥដ្ឋ មើល​តាម​បង្អួច​កញ្ចក់ ឃើញ​ផ្លេក​បន្ទោរ​កំពុង​បញ្ចេញ​ពន្លឺ​ភ្លឺ​ចិញ្ចាច។ នាង​ក៏​បាន​លាន់​មាត់​ម្តង​ហើយ​ម្តង​ទៀត​ថា "ព្រះ​អង្គ​ពិត​ជា​ធំ​អស្ចារ្យ​ណាស់”។ ខ្ញុំ​ក៏​មាន​អារម្មណ៍​ដូច​នេះ​ដែរ។ ពេល​នោះ​យើង​ដឹង​ច្បាស់​ថា យើង​តូច​ទាប​ប៉ុណ្ណា ហើយ​ព្រះ​អង្គ​មាន​អំណាច​ចេស្តា​ប៉ុណ្ណា។ ខ្ញុំ​ក៏​បាន​នឹក​ចាំ​បទ​គម្ពីរ​យ៉ូប​ដែល​បាន​ចោទ​សួរ​ថា "តើ​ពន្លឺ​បាន​ចែក​ទៅ ឬ​ខ្យល់​ពី​ខាង​កើត​បាន​ផ្សាយ​ទៅ​លើ​ផែនដី​តាម​ផ្លូវ​ណា?"(យ៉ូហាន ៣៨:២៤)។

ត្រង់​ចំណុច​នេះ លោក​យ៉ូប​ចាំ​បាច់​ត្រូវ​រំឭក អំពី​អំណាច​ចេស្តា​ព្រះ​(ខ.៣៤-៤១)។ ជីវិត​របស់​គាត់​ជួប​ការ​បាត់​បង់​ដ៏​ធ្ងន់​ធ្ងរ។ កូន​ៗ​របស់​គាត់​បាន​ស្លាប់​អស់។ គាត់​បាត់​បង់​ទ្រព្យ​សម្បត្តិ​គ្មាន​សល់។ គាត់​មាន​ជម្ងឺ​ជាប់​ខ្លួន ហើយ​ភរិយា​គាត់​បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​បោះ​បង់​ចោល​សេចក្តី​ជំនឿ​ទៀត(២:៩)។ ទីបំផុត លោក​យ៉ូប​ក៏​បាន​ទូល​សួរ​ព្រះ​ថា ហេតុ​អ្វី? (ជំពូក២៤) ហើយ​ព្រះ​អង្គ​ក៏​បាន​ឆ្លើយ​តប ពី​ក្នុង​ខ្យល់​ព្យុះ​មក​(ជំពូក ៣៨)។

ព្រះ​អង្គ​បាន​រំឭក​លោក​យ៉ូប​ថា ព្រះ​អង្គ​កំពុង​តែ​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់ នៅ​លើ​ពិភព​លោក​នេះ​(ជំពូក​៣៨)។ ការ​នេះ​ក៏​បាន​កម្សាន្ត​ចិត្ត​គាត់ ហើយ​គាត់​ក៏​បាន​ឆ្លើយ​តប​ថា " កាល​ពី​ដើម​ត្រចៀក​ទូលបង្គំ​បាន​គ្រាន់​តែ​ឮ​ថ្លែង​ពី​ទ្រង់​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ភ្នែក​ទូលបង្គំ​បាន​ឃើញ​ទ្រង់​ជាក់​វិញ ”(៤២:៥)។ ដូចនេះ លោក​យ៉ូប​ក៏​បាន​យល់​ច្បាស់​ថា ព្រះ​អង្គ​មិន​ដូច​អ្វី​ដែល​យើង​គិត​ឡើយ។

ពេល​ដែល​ជីវិត​ស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម យើង​ត្រូវ​នឹក​ចាំ​ថា ព្រះ​ដែល​បាន​បង្កើត​ពិភព​លោក ទ្រង់​ធំ និង​មាន​ក្តី​ស្រឡាញ់​ល្មម​នឹង​អាច​ថែរក្សា​យើង។ យើង​ថែម​ទាំង​អាច​ចាប់​ផ្តើម​ច្រៀង​បទ​ចម្រៀង​ថ្វាយ​បង្គំ ដែល​រៀប​រាប់​អំពី​ព្រះ​ចេស្តា និង​ភាព​អស្ចារ្យ​របស់​ព្រះអង្គទៀតផង។​—Daniel Ryan Day

ការបដិសេធន៍ដ៏មុតមាំ

ពេល​ដែល​ពួក​ណាហ្ស៊ី​បាន​ជ្រើស​រើស​លោក​ហ្វ្រង់ យ៉ាហ្គ័រស្តាទ័រ(Franz Jägerstätter) ឲ្យ​ចូល​ធ្វើ​ទ័ព ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២ គាត់​ក៏​បាន​បញ្ចប់​ការ​ហ្វឹក​ហាត់​ទាហាន​ថ្នាក់​មូល​ដ្ឋាន តែ​គាត់​បាន​បដិសេធន៍​មិន​ព្រម​ធ្វើ​ស្បថ​សច្ចា​នូវ​ភាព​ស្មោះ​ស្ម័គ្រ​ចំពោះ​លោក​អាដូហ្វ អ៊ីត្ល៊ែ(Adolf Hitler)ឡើយ។ ពួក​អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​លោក​ហ្វ្រែង​វិល​ត្រឡប់​ទៅ​កសិដ្ឋាន​របស់​គាត់​វិញ តែ​ក្រោយ​មក ក៏​បាន​កោះ​ហៅ​គាត់​ឲ្យ​បំពេញ​តួនាទី​សកម្ម​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​គាត់​បាន​ស្គាល់​មនោគម​វិជ្ជា​របស់​ពួក​ណាហ្ស៊ី​កាន់​តែ​ច្បាស់ និង​បាន​ដឹង​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍​មក​លើ​ជន​ជាតិ​យូដា គាត់​ក៏​បាន​សម្រេច​ចិត្ត​ថា​ នៅ​តែ​ស្មោះ​ស្ម័គ្រ​ចំពោះ​ព្រះ គឺ​មាន​ន័យ​ថា គាត់​នឹង​មិន​អាច​ទៅ​ប្រយុទ្ធ ដើម្បី​ពួក​ណាហ្ស៊ី​បាន​ទេ។ គេ​ក៏​បាន​ចាប់​ខ្លួន​គាត់ ហើយ​កាត់​ទោស​ប្រហារ​ជីវិត ដោយ​បន្សល់​ទុក​នូវ​ភរិយា និង​កូន​ស្រី​៣​នាក់។​

ជា​យូរ​ឆ្នាំ​មក​ហើយ អ្នក​ជឿ​ព្រះ​យេស៊ូវ​ជា​ច្រើន​នាក់ បាន​ប្រឆាំង​យ៉ាង​មុត​មាំ ចំពោះ​ការ​បង្ខំ​ឲ្យ​ឈប់​ស្តាប់​បង្គាប់​ព្រះ ទោះ​ពួក​គេ​ជួប​ការ​គំរាម​សម្លាប់​ក៏​ដោយ។ នៅ​ក្នុង​រឿង​របស់​លោក​ដានីយ៉ែល ស្តេច​បាន​ចេញ​បញ្ជា ដោយ​គំរាម​ថា អ្នក​ណា​ដែល​អធិស្ឋាន​ទៅ​រក​ព្រះ​ណា​មួយ ឬ​មនុស្ស​ណា​ម្នាក់ ក្រៅ​ពី​ស្តេច​(ដានីយ៉ែល ៦:១២) នឹង​ត្រូវ​គេ​បោះ​ចូល​ទៅ​ក្នុង​រូង​តោ​មិន​ខាន។ តែ​លោក​ដានីយ៉ែល​នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​ព្រះ ដោយ​មិន​ព្រួយ​បារម្ភ​អំពី​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន។ “លោក​លុត​ជង្គង់​ចុះ​អធិស្ឋាន ហើយ​អរ​ព្រះគុណ​ដល់​ព្រះ​របស់​លោក​១​ថ្ងៃ​៣​ដង ដូច​ជា​កាល​ពី​មុន”(ខ.១០)។ លោក​ហោរា​រូប​នេះ បាន​លុត​ជង្គង់​ចុះ​នៅ​ចំពោះ​ព្រះ តែ​មួយ​អង្គ​ទេ ទោះ​គាត់​នឹង​ជួប​គ្រោះ​ថ្នាក់​អ្វី​ក៏​ដោយ។​

ជួន​កាល ការ​សម្រេច​ចិត្ត​របស់​យើង​មាន​ភាព​ច្បាស់​លាស់។ ទោះ​មនុស្ស​នៅ​ជុំវិញ​យើង​បញ្ចុះ​បញ្ចូល​យើង ឲ្យ​ទទួល​យក​ទស្សនៈ​ដែល​ពេញ​និយម​ក៏​ដោយ ទោះ​កេរ្តិ៍​ឈ្មោះ​យើង ឬ​ជីវិត​យើង​អាច​ជួប​គ្រោះ​ថ្នាក់​ក៏​ដោយ ចូរ​យើង​កុំ​ឈប់​ស្តាប់​បង្គាប់​ព្រះ​។ ជួន​កាល ទោះ​យើង​ត្រូវ​ជួប​ការ​ខាត​បង់​ធំ​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​ឆ្លើយ​តប ដោយ​ការ​បដិសេធន៍​ដ៏​មុត​មាំ។​—Winn Collier

របៀបដែលព្រះអង្គស្អាងយើងឡើងវិញ

បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា “ចាប់​តំាង​ពី​ពេល​នេះ​ទៅ” ស្ថិត​ក្នុង​ចំណោម​បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​បំផុត ក្នុង​ខ្សែ​ភាព​យន្ត​បែប​បទ​ចម្រៀង មាន​ចំណង​ជើង​ថា មនុស្ស​ព្រឹល​ដ៏​អស្ចារ្យ​បំផុត ។ បទ​ចម្រៀង​នេះ​រៀប​រាប់​អំពី​តួឯក ក្នុង​រឿង​នេះ ដែល​មាន​ការ​ភ្ញាក់​រឭក បន្ទាប់​ពី​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ និង​មិត្ត​ភក្តិ​គាត់​មាន​របួស​ផ្លូវ​ចិត្ត។ បទ​ចម្រៀង​នេះ​បាន​បង្ហាញ​នូវ​ក្តី​អំណរ នៃ​ការ​វិល​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​រក​ឃើញ​ថា អ្វី​ដែល​យើង​មាន​ស្រាប់ គឺ​លើស​ពី​តម្រូវ​ការ​របស់​យើង។

បទ​គម្ពីរ​ហូសេ​បាន​បញ្ចប់ ដោយ​ការ​ពិពណ៌នា​ស្រដៀង​នេះ​ផង​ដែរ គឺ​និយាយ​អំពី​ក្តី​អំណរ និង​ការ​ដឹង​គុណ ចំពោះ​ការ​ស្អាង​ឡើង​វិញ ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​អ្នក​ដែល​វិល​ត្រឡប់​មក​រក​ព្រះ​អង្គ​វិញ។ សៀវភៅ​នេះ​ភាគ​ច្រើន ប្រៀប​ធៀប​ទំនាក់​ទំនង​រវាង​ព្រះ និង​រាស្រ្ត​ទ្រង់ ទៅ​នឹង​ទំនាក់​ទំនង​រវាង​ប្តី​ប្រពន្ធ​ដែល​ផិត​ក្បត់ ពោល​គឺ​បាន​ឆ្លុះ​បញ្ចាំង អំពី​ការ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​មិន​បាន​ស្រឡាញ់​ព្រះ​អង្គ និង​រស់​នៅ​ថ្វាយ​ព្រះ​អង្គ។​

ប៉ុន្តែ ក្នុង​ជំពូក ១៤ លោក​ហូសេ​បាន​លើក​ឡើង អំពី​ព្រះ​បន្ទូល​សន្យា អំពី​សេចក្តី​ស្រឡាញ់ ព្រះ​គុណ និង​ការ​ស្អាង​ឡើង​វិញ ដែល​គ្មាន​ព្រំដែន ដែល​មាន​សម្រាប់​អ្នក​ដែល​ងាក​បែរ​មក​រក​ព្រះ​អង្គ​វិញ  ដោយ​ចិត្ត​សោក​ស្តាយ ចំពោះ​ការ​ដែល​ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះ​អង្គ​(ខ.១-៣)។ ព្រះ​អង្គ​បាន​សន្យា​ថា​ “អញ​នឹង​កែ​ការ​រាថយ​របស់​គេ​ឲ្យ​ជា ហើយ​អញ​នឹង​ស្រឡាញ់​គេ​ស្ម័គ្រ​ពី​ចិត្ត”(ខ.៤)។ ហើយ​អ្វី​ៗ​ដែល​បាក់​បែក ហាក់​ដូច​ជា​មិន​អាច​ជួស​ជុល​បាន នឹង​រក​ឃើញ​ភាព​ពេញ​លេញ និង​ភាព​ពេញ​បរិបូរ ដ្បិត​ព្រះ​គុណ​ព្រះ គឺ​ប្រៀប​ដូច​ជា​ទឹក​សន្សើម ដែល​ធ្វើ​ឲ្យ​រាស្រ្ត​ទ្រង់ រីក​ដូច​ផ្កា ហើយ​លូត​លាស់​ឡើង​ថ្មី​(ខ.៥-៧)។

ពេល​ណា​យើង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចាប់ ឬ​យើង​បាន​ចិត្ត ដោយសារ​ព្រះ​ទ្រង់​ល្អ​ចំពោះ​យើង នោះ​យើង​ងាយ​នឹង​សន្និដ្ឋាន​ថា យើង​បាន​ធ្វើ​ឲ្យ​ខូច​អំណោយ ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក​យើង​ហើយ។ តែ​ពេល​ណា​យើង​ងាក​មក​រក​ព្រះ​អង្គ​វិញ…

ការរើសអើង និងការអត់ឱនទោស

បន្ទាប់​ពី​បាន​ស្តាប់​លោក​គ្រូ​គង្វាល​អធិប្បាយ​ព្រះ​បន្ទូល អំពី​ការ​កែ​តម្រង់ និង​អំពើ​អយុត្តិធម៌ សមាជិក​ពួក​ជំនុំ​ម្នាក់ បាន​ដើរ​ចូល​មក​រក​លោក​គ្រូ​គង្វាល ដោយ​ការ​ទូញ​យំ ហើយ​ក៏​បាន​និយាយ​សុំទោស និង​សារភាព​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​គ្រូ​គង្វាល​ថ្ងៃ​មុន គាត់​មិន​បាន​បោះ​ឆ្នោត​ឲ្យ​លោក​គ្រូ​គង្វាល ដែល​ជា​ជន​ស្បែក​ខ្មៅ ព្រោះ​គាត់​មាន​ការ​ប្រកាន់​ពូជ​សាសន៍។ គាត់​ក៏​បាន​និយាយ​ថា “សូម​លោក​គ្រូ​អត់​ទោស​ឲ្យ​ខ្ញុំ។ ខ្ញុំ​មិន​ចង់​ឲ្យ​កាក​សំណល់​នៃ​ការ​ប្រកាន់​ពូជ​សាសន៍ ធ្លាក់​មក​លើ​ជីវិត​របស់​កូន​ៗ​ខ្ញុំ​ទេ។ ខ្ញុំ​មិន​បាន​បោះ​ឆ្នោត​ឲ្យ​លោក​គ្រូ។ ខ្ញុំ​ខុស​ហើយ”។ នៅ​ចំពោះ​មុខ​នៃ​ការ​សម្រក់​ទឹក​ភ្នែក និង​ការ​សារភាព​របស់​គាត់ លោក​គ្រូ​គង្វាល​ក៏​បាន​ស្រក់​ទឹក​ភ្នែក និង​អត់​ឱន​ទោស​ឲ្យ​គាត់។ មួយ​សប្តាហ៍​ក្រោយ​មក ពួក​ជំនុំ​ទាំង​មូល​ក៏​​បាន​អរ​សប្បាយ ពេល​ដែល​បាន​ស្តាប់​បុរស​ម្នាក់​នេះ ចែក​ចាយ​ទីបន្ទាល់ អំពី​ការ​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​ការ​ក្នុង​ចិត្ត​គាត់។​

សូម្បី​តែ​លោក​ពេត្រុស ដែល​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ និង​ជា​មេ​ដឹក​នាំ ក្នុង​ពួក​ជំនុំ​ដំបូង ក៏​ត្រូវ​ការ​ការ​កែ​តម្រង់​ផង​ដែរ ព្រោះ​គាត់​មាន​ការ​គិត​ខុស ចំពោះ​អ្នក​ដែល​មិន​មែន​ជា​ជន​ជាតិ​យូដា។ ការ​បរិភោគ ​និង​ការ​ផឹក​ជា​មួយ​សាសន៍​ដទៃ​(ដែល​គេ​រាប់​ថា មិន​ស្អាត) គឺ​ជា​ការ​បំពាន​ច្បាប់​សង្គម និង​សាសនា​របស់​សាសន៍​យូដា។ លោក​ពេត្រុស​និយាយ​ថា​ “អ្នក​រាល់​គ្នា​ដឹង​ថា មនុស្ស​សាសន៍​យូដា​គ្មាន​ច្បាប់​នឹង​សេព​គប់​នឹង​សាសន៍​ដទៃ ឬ​នឹង​ចូល​ទៅ​ជិត​គេ​ឡើយ”(កិច្ចការ ១០:២៨)។ ទាល់​តែ​គាត់​បាន​ឃើញ​ការ​អស្ចារ្យ​របស់​ព្រះ(ខ.៩-២៣) ទើប​គាត់​ជឿ​ថា គាត់​មិន​ត្រូវ​រាប់​នរណា​ម្នាក់​ថា “​មិន​ស្អាត ឬ​មិន​បរិសុទ្ធ​ឡើយ”(ខ.២៨)។

តាម​រយៈ​ការ​បង្រៀន​ព្រះ​បន្ទូល ការ​ប៉ះ​ពាល់​ចិត្ត​ពី​ព្រះ​វិញ្ញាណ​ និង​បទ​ពិសោធន៍​ជីវិត ព្រះ​ទ្រង់​បន្ត​ធ្វើ​ការ​ក្នុង​ចិត្ត​មនុស្ស ដើម្បី​កែ​តម្រង់​ទស្សនៈ​មិន​ត្រឹម​ត្រូវ ដែល​ពួក​គេ​មាន​ចំពោះ​អ្នក​ដទៃ។ ព្រះ​អង្គ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា “ព្រះ​អង្គ​មិន​រើស​មុខ​អ្នក​ណា​ទេ”(ខ.៣៤)។—Arthur Jackson

ធ្វើដំណើរឆ្លងកាត់ខ្យល់ព្យុះនៃជីវិត

កាល​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ១៩៩៩ យន្ត​ហោះ​តូច​មួយ​គ្រឿង ដែល​បើក​បរ​ដោយ​លោក​ចន អេហ្វ ខេនេឌី ជូនា(John F. Kennedy Jr.) បាន​ធ្លាក់ នៅ​ក្នុង​មហា​សមុទ្រ​អាត្លង់ទិច។ អ្នក​ស៊ើប​អង្កេត​ទាំង​ឡាយ បាន​សន្និដ្ឋាន​ថា គ្រោះ​ថ្នាក់​នេះ គឺ​បណ្តាល​មក​ពី​កំហុស​ដ៏​សាមញ្ញ​មួយ ក្នុង​ការ​បើក​បរ ដែល​គេ​ហៅ​ថា ការ​វង្វេង​ស្មារតី​នៅ​លើ​អាកាស។ បាតុ​ភូតិ​នេះ​កើត​ឡើង ពេល​ដែល​អ្នក​បើក​បរ​មិន​អាច​មើល​ឃើញ​ច្បាស់ ហើយ​ក៏​វង្វេង​ស្មារតី និង​ភ្លេច​ពឹង​ផ្អែក​លើ​ឧបករណ៍​របស់​ខ្លួន ដើម្បី​ស្វែង​រក​គោល​ដៅ​ដោយ​សុវត្ថិ​ភាព។​

ខណៈ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ក្នុង​ជីវិត​នេះ ជា​ញឹក​ញាប់ ពេល​ណា​យើង​មាន​អារម្មណ៍​ថា ការ​រស់​នៅ​ហាក់​ដូច​ជា​ពិបាក​ពេក យើង​ក៏​បាន​វង្វេង​ស្មារតី។ រឿង​ដ៏​សោក​សៅ ដែល​មិន​នឹក​ស្មាន​ដល់ មាន​ដូច​ជា ការ​កើត​ជម្ងឺ​មហារីក​ការ​ស្លាប់​របស់​មនុស្ស​ជាទី​ស្រឡាញ់​ ការ​បាត់​បង់​ការ​ងារ ការ​ក្បត់​របស់​មិត្ត​ភក្តិ​ជា​ដើម គឺ​សុទ្ធ​តែ​ងាយ​នឹង​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​វង្វេង និង​ភ័ន្ត​ភាំង។

ពេល​ណា​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះ យើង​អាច​អធិស្ឋាន​តាម​បទ​គម្ពីរ​ទំនុក​ដំកើង​ ជំពូក ៤៣។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ កំពុង​តែ​មាន​អារម្មណ៍​ថា ពិបាក​ពេក ដោយ​ជួប​ការ​បាត់​បង់ ហើយ​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ ការ​អាក្រក់ និង​អំពើ​អយុត្តិធម៌​។ ស្ថិត​ក្នុង​ពេល​ដ៏​អស់​សង្ឃឹម​នោះ គាត់​ក៏​បាន​ទូល​អង្វរ​ដល់​ព្រះ សូម​ការ​ដឹក​នាំ​របស់​ព្រះ​អង្គ ដើម្បី​ជួយ​ឲ្យ​គាត់​អាច​ឆ្លង​កាត់​ស្ថានភាព​ដ៏​ពិបាក​នោះ ទៅ​ដល់​គោលដៅ​របស់​គាត់ ដែល​ជា​ព្រះ​វត្ត​មាន​ព្រះ​អង្គ​(ខ.៣-៤)។ គាត់​ដឹង​ថា គាត់​នឹង​រក​ឃើញ​ក្តី​សង្ឃឹម និង​ក្តី​អំណរ​ជា​ថ្មី ក្នុង​ព្រះ​វត្ត​មាន​ព្រះ។​

តើ​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​ទូល​សូម​​ការ​នាំ​ផ្លូវ​ពី​ព្រះ…

ការអធិស្ឋាន ដោយទំនុកចិត្ត

លោក​រីឆាត(Richard) និង​អ្នក​ស្រីស៊ូសាន(Susan) មាន​ការ​សប្បាយ​ចិត្ត​ណាស់ ពេល​ដែល​អ្នក​ស្រី​ស៊ូសាន​មាន​ផ្ទៃ​ពោះ បន្ទាប់​ពី​ពួក​គេ​បាន​ព្យាយាម​អស់​ជា​ច្រើន​ឆ្នាំ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បញ្ហា​សុខភាព​របស់​នាង អាច​បណ្តាល​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​គ្រោះ​ថ្នាក់ ដូច​នេះ លោក​រីឆាត​បាន​អធិស្ឋាន​រៀង​រាល់​យប់ ឲ្យ​ភរិយា និង​កូន​របស់​គាត់។ យប់​មួយ​នោះ លោក​រីឆាត​គិត​ថា គាត់​មិន​ចាំ​បាច់​ត្រូវ​អធិស្ឋាន​ខ្លាំង​ពេក​ទេ ហើយ​យល់​ឃើញ​ថា ព្រះ​ទ្រង់​បាន​សន្យា​ថា​ នឹង​ធ្វើ​ឲ្យ​អ្វី​ៗ​បាន​សម្រេច តាម​បំណង​ព្រះ​ទ័យ​ទ្រង់។ មួយ​សប្តាហ៍​ក្រោយ​មក អ្នក​ស្រី​ស៊ូសាន​ក៏​បាន​រលូត​កូន។ លោក​រីឆាត​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ គាត់​ឆ្ងល់​ថា តើ​គាត់​បាន​បាត់​បង់​កូន ដោយសារ​គាត់​មិន​បាន​អធិស្ឋាន​គ្រប់​គ្រាន់​ឬ​?

ពេល​យើង​អាន​រឿង​នេះ​ដំបូង យើង​ប្រហែល​ជា​នឹក​ឃើញ​រឿង​ប្រៀប​ប្រដូច​មួយ។ ក្នុង​រឿង​នោះ អ្នក​ជិត​ខាង​ម្នាក់​(ជួន​កាល ជា​តំណាង​ឲ្យ​ព្រះ) បាន​ងើប​ពី​ដំណេក ដើម្បី​ជួយ​មិត្ត​សំឡាញ់​ម្នាក់ ដោយ​សារ​មិត្ត​សំឡាញ់​នោះ​បាន​មក​រក​គាត់​ម្តង​ហើយ​ម្តង​ទៀត(លូកា ១១:៥-៨)។ យើង​ប្រហែល​ជា​អាន​រឿង​ប្រៀប​ប្រដូច​នេះ ហើយ​គិត​ថា ព្រះ​ទ្រង់​នឹង​ប្រទាន​អ្វី​ដែល​យើង​ត្រូវ​ការ ទាល់​តែ​យើង​ទទូច​រំអុក​ទ្រង់។ ហើយ​បើ​យើង​មិន​អធិស្ឋាន​ឲ្យ​ខ្លាំង​ទេ ព្រះ​អង្គ​ប្រហែល​មិន​ជួយ​យើង​ទេ។​

ប៉ុន្តែ យើង​យល់​ច្រឡំ​ហើយ។ តាម​ពិត រឿង​ប្រៀប​ប្រដូច​នេះ​ចង់​បង្រៀន​យើង​ថា បើ​អ្នក​ជិត​ខាង​ដែល​មិន​ល្អ​ឥត​ខ្ចោះ​បាន​ជួយ​យើង ពេល​ដែល​យើង​ទទូច​រំអុក​គាត់​ហើយ ចុះ​ទំរាំ​តែ​ព្រះ​វរបិតា ដែល​មិន​មាន​ព្រះ​ទ័យ​អាត្មា​និយម​សោះ នឹង​ជួយ​យើង​ជាង​អម្បាលម៉ាន។ ដូចនេះ យើង​អាច​ទូល​សូម​ដោយ​ជំនឿ(ខ.៩-១០) ដោយ​ដឹង​ថា ព្រះ​ទ្រង់​ធំ​ប្រសើរ ជាង​មនុស្ស​ដែល​មិន​ល្អ​ឥត​ខ្ចោះ​(ខ.១១-១៣)។ ព្រះ​អង្គ​មិន​មែន​ជា​អ្នក​ជិត​ខាង ក្នុង​រឿង​ប្រៀប​ប្រ​ដូច​នេះ​ទេ តែ​ផ្ទុយ​ពី​អ្នក​នោះ។

ខ្ញុំ​ក៏​បាន​ប្រាប់​លោក​រីឆាត​ថា “ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វី​អ្នក​បាត់​បង់​កូន​របស់​អ្នក​ទេ…

ស្តាប់ និងរៀនសូត្រ

ថ្ងៃ​មួយ ខ្ញុំ​ឃើញ​គេ​ដាក់​តាំង​រូប​តុក្កតា​សត្វ​ឥន្ទ្រី​ធំ​មួយ​ក្បាល ដែល​គេ​បាន​ផ្លុំ​ខ្យល់​ចូល​ឲ្យ​ប៉ោង នៅ​ក្នុង​ទីធ្លា​មុខ​ផ្ទះ​។ នៅ​លើ​តុក្កតា​នោះ​មាន​ពណ៌​សម្បុរ​ដូច​ទង់​ជាតិ​របស់​សហរដ្ឋ​អាមេរិក​។ មាន​ឡាន​ធំ​មួយ​កំពុង​តែ​ចត​នៅ​លើ​ផ្លូវ​ចូល​ផ្ទះ​គាត់។ បង្អួច​ទាំង​សង្ខាង​របស់​ឡាន​មាន​រូប​ទង់​ជាតិ ហើយ​កាង​ខាង​ក្រោយ​មាន​បិទ​ស្ទីគ័រ​ដែល​បង្ហាញ​ពី​ការ​ស្នេហា​ជាតិ។ ប៉ុន្តែ​ ផ្ទះ​អ្នក​ជិត​ខាង​ដែល​នៅ​ទល់​មុខ​ផ្ទះ​គាត់ បាន​ដាក់​ផ្លាក​ដែល​មាន​សរសេរ​ពាក្យ​ស្លោក ស្តី​អំពី​បញ្ហា​អយុត្តិធម៌​ក្នុង​សង្គម ដែល​គេ​បាន​ផ្សព្វ​ផ្សាយ​ក្នុង​សារព័ត៌មាន កាល​ពី​ពេល​ថ្មី​ៗ​នេះ។​

យើង​ប្រហែល​ជា​ឆ្ងល់​ថា តើ​ម្ចាស់​ផ្ទះ​ទាំង​ពីរ​នេះ កំពុង​តែ​មាន​ជម្លោះ​ជា​មួយ​គ្នា ឬ​ជា​មិត្ត​ភក្តិ​នឹង​គ្នា? តើ​គ្រួសារ​ទាំង​ពីរ​អាច​ជា​អ្នក​ជឿ​ព្រះយេស៊ូវ​ទេ? ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​អនុវត្ត​តាម​បទ​គម្ពីរ យ៉ាកុប ១:១៩ ដែល​បាន​ចែង​ថា “បង​ប្អូន​ស្ងួនភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ”។ មាន​ពេល​ញឹក​ញាប់​ពេក​ហើយ ដែល​យើង​មាន​ការ​រឹង​ចចេស មិន​ព្រម​បោះ​បង់​ចោល​គំនិត​របស់​យើង ហើយ​មិន​ព្រម​យក​គំនិត​របស់​អ្នក​ដទៃ​មក​ពិចារណា។ សៀវភៅ​អត្ថា​ធិប្បាយ​របស់​លោក​ហេនរី មេធ្យូ(Matthew Henry) បាន​ពន្យល់​ថា យើង​គួរ​តែ​ឆាប់​ស្តាប់​គេ​និយាយ​ហេតុ​ផល និង​ការ​ពិត  ហើយ​យឺត​នឹង​និយាយ … ហើយ ពេល​ណា​យើង​និយាយ យើង​មិន​ត្រូវ​និយាយ​ទាំង​កំហឹង​ឡើយ។​

ដើម្បី​រៀន​សូត្រ យើង​ចាំ​បាច់​ត្រូវ​ស្តាប់​គេ។ យើង​អាច​អនុវត្ត​តាម​ព្រះ​បន្ទូល​ព្រះ ក្នុង​កណ្ឌ​គម្ពីរ​យ៉ាកុប​បាន ទាល់​តែ​យើង​បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​គោរព​អ្នក​ដទៃ ដោយ​ស្ម័គ្រ​ពី​ចិត្ត។​ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ជួយ​យើង ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ចិត្ត និង​អត្ត​ចរិត​របស់​យើង។ តើ​យើង​បើក​ចិត្ត​ចំហ ដើម្បី​ស្តាប់ និង​រៀន​សូត្រ​ឬ​ទេ?—Anne Cetas

ការស្រេកឃ្លានរកព្រះ

ពេល​ដែល​លោក​ខន័រ(Conner) និង​អ្នក​ស្រី​សារ៉ា ស្ម៊ីត(Sarah Smith) បាន​ផ្លាស់​ទៅ​រស់​នៅ កន្លែង​ផ្សេង​ នៅ​ចម្ងាយ​៧​គីឡូ​ម៉ែត្រ ពី​កន្លែង​ចាស់ សត្វ​ឆ្មា​របស់​ពួក​គេ ឈ្មោះ ស្ម័រ(S’mores) បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ដោយ​រត់​ចេញ​ពី​ផ្ទះ។ ថ្ងៃ​មួយ អ្នក​ស្រី​សារ៉ា​ក៏​បាន​ឃើញ​រូប​ថត​ផ្ទះ​ចាស់​របស់​គាត់ នៅ​កសិដ្ឋាន នៅ​លើ​បណ្តាញ​សង្គម ដែល​គេ​ទើប​តែ​ថត​ថ្មី​ៗ។ គាត់​ក៏​បាន​ឃើញ​សត្វ​ឆ្មា​គាត់ ក្នុង​រូប​នោះ។​

គ្រួសារ​មួយ​នេះ​ក៏​បាន​ទៅ​យក​វា​មក​វិញ ដោយ​ចិត្ត​រីក​រាយ។ តែ​វា​នៅ​តែ​រត់​គេច​ទៀត។ តើ​វា​រត់​ទៅ​ណា​ទៀត? លើក​នេះ គ្រួសារ​ដែល​បាន​ទិញ​ផ្ទះ​ចាស់​របស់​ពួក​គេ​បាន​យល់​ព្រម​ចិញ្ចឹម​វា​ផង​ដែរ។ គ្រួសារ​មួយ​នេះ មិន​អាច​ធ្វើ​ឲ្យ​វា ឈប់​វិល​ត្រឡប់​មក​ផ្ទះ​ចាស់​វិញ​បាន​ឡើយ។​

លោក​នេហេមា​មាន​មុខ​នាទី​ធំ​មួយ នៅ​ក្នុង​រាជ​វាំង​របស់​ស្តេច ប៉ុន្តែ ចិត្ត​របស់​គាត់​មិន​នៅ​ក្នុង​រាជ​វាំង​នោះ​ទេ។ គាត់​ទើប​តែ​បាន​ទទួល​ដំណឹង​ដ៏​ក្រៀម​ក្រំ អំពី​ស្ថានភាព​ដ៏​ដុន​ដាប នៃ​ទីក្រុង​ដែល​គេ​បាន​បញ្ចុះ​សព​របស់​បុព្វ​បុរស​គាត់​(នេហេមា ២:៣)។ ដូច​នេះ គាត់​ក៏​បាន​អធិស្ឋាន​ថា “សូម​ទ្រង់​នឹក​ចាំ​ពី​ព្រះបន្ទូល ដែល​ទ្រង់​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់​ថា បើ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​រំលង នោះ​អញ​នឹង​កំចាត់កំចាយ​ឯង ឲ្យ​ទៅ​នៅ​ក្នុង​អស់​ទាំង​សាសន៍ តែ​បើ​ឯង​រាល់​គ្នា​វិល​មក​ឯ​អញ ព្រម​ទាំង​រក្សា ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រឹត្យក្រម​របស់​អញ​វិញ នោះ​ទោះ​បើ​ពួក​និរទេស​របស់​ឯង​បាន​ត្រូវ​ខ្ចាត់ខ្ចាយ ទៅ​នៅ​ដល់​ជើង​មេឃ​បំផុត​ក៏​ដោយ គង់​តែ​អញ​នឹង​ប្រមូល​គេ​ពី​នោះ នាំ​មក​ឯ​កន្លែង ដែល​អញ​បាន​រើស សំរាប់​ឲ្យ​ឈ្មោះ​អញ​សណ្ឋិត​នៅ​វិញ”​(១:៨-៩)។

គេ​ថា ផ្ទះ​យើង​នៅ​ទីណា នោះ​ចិត្ត​របស់​យើង​នៅ​ទីនោះ​ដែរ។​ ក្នុង​ករណី​របស់​លោក​នេហេមា ការ​ចង់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ មិន​គ្រាន់​តែ​ដោយ​សារ​ចិត្ត​គាត់​បាន​ចង​ភ្ជាប់​នឹង​ទឹក​ដី​កំណើត​ប៉ុណ្ណោះ​ទេ។…

កំហុសរីករាលដាល

ទោះ​ស៊ែម(Sam) មិន​បាន​ធ្វើ​អ្វី​ខុស​ក៏​ដោយ ក៏​គាត់​នៅ​តែ​បាត់​បង់​ការងារ​របស់​គាត់ នៅ​ក្នុង​ផ្នែក​ដំឡើង​រថយន្ត។ ការ​ធ្វេស​ប្រហែស​របស់​ផ្នែក​មួយ​ទៀត ក្នុង​ផ្នែក​ដំឡើង​រថយន្ត បាន​នាំ​ឲ្យ​មាន​បញ្ហា​មួយ​ចំនួន នៅ​ក្នុង​រថយន្ត​ដែល​ពួកគេ​បាន​ផលិត។ បន្ទាប់​ពី​ព័ត៌មាន​បាន​ចុះ​ផ្សាយ អំពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​មក​ពី​ឡាន​ទាំង​នោះ អតិថិជន​ដែល​មាន​ការ​ព្រួយ​បារម្ភ​ក៏​បាន​ឈប់​ទិញ​ឡាន​ដែល​មាន​ផ្លាក​យីហោ​របស់​ក្រុម​ហ៊ុន​ពួក​គេ។ ក្រុម​ហ៊ុន​នោះ​ត្រូវ​តែ​កាត់​បន្ថយ​ចំនួន​បុគ្គលិក បណ្តាល​ឲ្យ​ស៊ែម​ត្រូវ​បាត់​បង់​ការងារ។​ កំហុស​របស់​គេ បាន​រាល​ដាល​មក​ដល់​គាត់ រឿង​នេះ​អយុត្តិធម៌​សម្រាប់​គាត់​ណាស់។

កំហុស​ដែល​រាល​ដាល​ដំបូង​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​បាន​កើត​ឡើង បន្ទាប់​ពី​មនុស្ស​ដំបូង​បាន​ធ្វើ​បាប​ទាស់​នឹង​ព្រះ។ អ័ដាម និង​នាង​អេវ៉ា​ក៏​ចាប់​ផ្តើម​មាន​ការ​​ខ្មាស​អៀន​ចំពោះ​ភាព​អាក្រាត​របស់​ខ្លួន ដូច​នេះ​ ព្រះ​ទ្រង់​ក៏​បាន​យក​ស្បែក​សត្វ​មក​ដណ្តប់​កាយ​របស់​អ្នក​ទាំង​ពីរ​(លោកុប្បត្តិ ៣:៣១)។ នេះ​ជា​ទិដ្ឋភាព​ដ៏​សែន​ឈឺ​ចាប់ តែ​សត្វ​មួយ​ចំនួន ដែល​ធ្លាប់​តែ​រស់​នៅ​ ដោយ​សុខ​សាន្ត​ក្នុង​សួន​ច្បារ​អេដែន ត្រូវ​បាន​សម្លាប់​យក​ស្បែក ដើម្បី​ដណ្តប់​កាយ​ពួក​គេ។

ក្រោយ​មក មាន​សត្វ​ជា​ច្រើន​ទៀត ដែល​ត្រូវ​គេ​សម្លាប់។ ព្រះ​ទ្រង់​បាន​ប្រាប់​ពួក​អ៊ីស្រាអែល​ថា “រាល់​តែ​ថ្ងៃ ត្រូវ​ឲ្យ​រៀប​កូន​ចៀម​១​ឥត​ខ្ចោះ អាយុ​១​ខួប ទុក​ជា​ដង្វាយ​ដុត​ថ្វាយ​ដល់​ព្រះយេហូវ៉ា ត្រូវ​ថ្វាយ​ដង្វាយ​នេះ​រាល់​តែ​ព្រឹក​ជានិច្ច”(អេសេគាល ៤៦:១៣)។ ដោយសារ​គេ​ត្រូវ​សម្លាប់​សត្វ​រាល់​ថ្ងៃ​ធ្វើ​ជា​ដង្វាយ​ដល់​ព្រះ នោះ​តើ​មាន​សត្វ​ប៉ុន្មាន​ពាន់​ក្បាល​ត្រូវ​គេ​សម្លាប់ ដោយសារ​បាប​របស់​មនុស្ស? ការ​ស្លាប់​របស់​សត្វ​ទំាង​នោះ មាន​ភាព​ចាំ​បាច់ នៅ​ក្នុង​ការ​គ្រប​បាំង​អំពើ​បាប​របស់​យើង រហូត​ដល់​ពេល​ដែល​ព្រះ​យេស៊ូវ ជា​កូន​ចៀម​នៃ​ព្រះ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​បាប តែ​ម្តង​ជា​សម្រេច​(យ៉ូហាន ១:២៩)។ នេះ​ជា​ការ​ជួស​ជុល​សម្រាប់​កំហុស​ដែល​បាន​រាល​ដាល​នោះ។ ដោយសារ​បាប​របស់​អ័ដាម មនុស្ស​ទាំង​អស់​ត្រូវ​តែ​ស្លាប់ ដូចនេះ ការ​ស្តាប់​បង្គាប់​របស់​ព្រះ​គ្រីស្ទ​ចំពោះ​ព្រះ​វរបិតា បាន​ជួយ​ឲ្យ​អ្នក​ជឿ​ព្រះ​អង្គ ផ្សះផ្សា​ទំនាក់​ទំនង​ជា​មួយ​ព្រះ​ឡើង​វិញ​(រ៉ូម ៥:១៧-១៩)។​ ព្រះយេស៊ូវ​គ្មាន​បាប…