ប្រភេទ  |  May

សេចក្តីស្រឡាញ់មិនព្រមឈប់

បន្ទាប់​ពី​ខ្ញុំ​ចូល​ដល់​វ័យ​១៩​ឆ្នាំ ខ្ញុំ​បាន​ផ្លាស់​ទៅ​រស់​នៅ​ក្នុង​តំបន់​ផ្សេង ដែល​នៅ​ចម្ងាយ​១១០០​គីឡូ​ម៉ែត្រ ពី​ម្តាយ​ខ្ញុំ។ កាល​នោះ​ខ្ញុំ​មិន​ទាន់​មាន​ឧបករណ៍​ផ្ញើសារ​អេឡិចត្រូនិក ឬ​ទូរស័ព្ទ​ចល័ត​មួយ​គ្រឿង​ប្រើ​ទេ ។ នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ខ្ញុំ​បាន​ចាកចេញ​ទៅ​ទិញ​ទំនិញ​ពី​ព្រលឹម ហើយ​ក៏​បាន​ភ្លេច​ថា ខ្ញុំ​បាន​ណាត់​ពេល​និយាយ​ជា​មួយ​គាត់​តាម​ទូរស័ព្ទ។ ក្រោយ​មក នៅ​ពេល​យប់​ឡើង មាន​ប៉ូលីស​ពីរ​នាក់​បាន​មក​កន្លែង​ស្នាក់​នៅ​របស់​ខ្ញុំ។ ម្តាយ​ខ្ញុំ​បាន​ព្រួយ​បារម្ភ ព្រោះ​ពី​មុន​មក ខ្ញុំ​មិន​ដែល​អាក់​ខាន នៅ​ក្នុង​ការ​ណាត់​ពេល​និយាយ​ជា​មួយ​គាត់ តាម​ទូរស័ព្ទ​ឡើយ។ បន្ទាប់​ពី​គាត់​បាន​ទូរស័ព្ទ​មក​ជា​ច្រើន​ដង ហើយ​ទូរស័ព្ទ​ខ្ញុំ​កំពុង​ជាប់​រវល់​ទៀត គាត់​ក៏​បាន​ទៅ​រក​អាជ្ញាធរ ហើយ​ទទូច​គេ​ឲ្យ​រក​មើល​ខ្ញុំ។ ក្នុង​ចំណោម​ប៉ូលីស​ទាំង​ពីរ​នាក់​នោះ មាន​ម្នាក់​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា “វា​ជា​ព្រះពរ​របស់​ព្រះ ដែល​អ្នក​មាន​ម្តាយដែល​ស្រឡាញ់​អ្នក ហើយ​មិន​ព្រម​ឈប់​តាម​រក​អ្នក​”។

ពេល​ដែល​ខ្ញុំ​ទូរស័ព្ទ​ទៅ​ម្តាយ​ខ្ញុំវិញ ខ្ញុំ​ក៏​បាន​ដឹង​ថា ទូរស័ព្ទ​នោះ​បាន​អស់​ថ្ម មិន​ដឹង​តាំង​ពី​ពេល​ណា ដោយសារ​ខ្ញុំ​មិន​បាន​សាក​ថ្ម។ បន្ទាប់​ពី​ខ្ញុំ​បាន​សុំ​ទោស​គាត់​ហើយ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ចាំ​បាច់​ត្រូវ​ផ្សព្វផ្សាយ​ដំណឹង​ដ៏​ល្អ​នេះ ដល់​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ ដែល​មុន​នោះ គាត់​បាន​ប្រាប់​ពួក​គេ​ថា ខ្ញុំ​បាន​បាត់​ខ្លួន​ហើយ។ ពេលខ្ញុំ​ទម្លាក់​ទូរស័ព្ទ​ចុះ ខ្ញុំ​ក៏​បាន​គិត​ថា គាត់​និយាយ​លើសបន្តិច​ហើយ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​មាន​អារម្មណ៍​ល្អ ដែល​បាន​ដឹង​ថា គាត់​ស្រឡាញ់​ខ្ញុំ​ខ្លាំង​យ៉ាង​នេះ។

ព្រះ​គម្ពីរ​បាន​ធ្វើ​ការ​ពិពណ៌នា​យ៉ាង​ក្បោះ​ក្បាយ អំពី​ព្រះ​ជា​ម្ចាស់ ដែល​ទ្រង់​ជា​សេចក្តី​ស្រឡាញ់ ហើយ​បាន​តាម​រក​កូន​របស់​ទ្រង់​ដែល​បាន​វង្វេង។ ក្នុង​នាម​ទ្រង់​ជា​អ្នក​គង្វាល​ល្អ ទ្រង់​ក៏​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់ និង​ស្វែង​រក​ចៀម​ដែល​បាត់​បង់ ដោយ​បញ្ជាក់​អំពី​តម្លៃ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន របស់​កូន​ស្ងួន​ភ្ញា​នីមួយ​ៗ​របស់​ព្រះ (លូកា ១៥:១-៧)។

ទ្រង់​ជា​ព្រះ​នៃ​សេចក្តី​ស្រឡាញ់…

ព្រះអម្ចាស់នឹងផ្គត់ផ្គង់

ការ​ថប់​បារម្ភ​របស់​ខ្ញុំ​បាន​កើន​ឡើង ពេញ​មួយ​រដូវ​ក្តៅ មុន​ពេល​បញ្ចប់​ការ​សិក្សា​នៅ​មហា​វិទ្យា​ល័យ។ ខ្ញុំ​ចូល​ចិត្ត​រៀប​ចំ​ផែន​ការ សម្រាប់​អ្វី​ៗ​គ្រប់​យ៉ាង ហើយ​ការ​ចាក​ចេញ​ពី​រដ្ឋ​របស់​ខ្ញុំ ដើម្បី​ទៅ​រៀន​យក​អនុ​បណ្ឌិត នៅ​រដ្ឋ​ផ្សេង ដោយគ្មាន​ការងារ​ធ្វើ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពីរ​បី​ថ្ងៃ​ក្រោយ​មក បន្ទាប់​ពី​ខ្ញុំ​បាន​ចាក​ចេញ​ពី​ការងារ​នៅ​រដូវ​ក្តៅ គេ​បាន​ហៅ​ខ្ញុំ ឲ្យ​ទៅ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​មួយ ពី​ចម្ងាយ​តាម​បណ្តាញ​អ៊ីន​ធើណិត។ ខ្ញុំ​ក៏​បាន​ទទួល​យក​ការងារ​នេះ ហើយ​មាន​សន្តិ​ភាព​ក្នុង​ចិត្ត ពេល​បាន​ដឹង​ថា ព្រះ​ជា​ម្ចាស់​កំពុង​តែ​មើល​ថែ​ខ្ញុំ។

ព្រះ​ជា​ម្ចាស់​បាន​ផ្គត់​ផ្គង់ តាម​តែ​ពេល​វេលា​របស់​ទ្រង់ មិន​មែន​តាម​ផែន​ការ​របស់​ខ្ញុំ​ឡើយ។ លោក​អ័ប្រាហាំ​បាន​ឆ្លង​កាត់​ស្ថាន​ភាព​ដែល​ពិបាក​ជាង​ខ្ញុំ​ឆ្ងាយ​ណាស់។ ព្រះ​ជា​ម្ចាស់​បាន​បង្គាប់​គាត់ ឲ្យ​យក​អ៊ីសាក ដែល​ជា​កូន​របស់​គាត់​ ទៅ​ធ្វើ​យញ្ញ​បូជា​ថ្វាយ​ទ្រង់ នៅ​លើ​ភ្នំ​(លោកុប្បត្តិ ២២:១-២)។ លោក​អ័ប្រាហាំ​ក៏​បាន​ស្តាប់​បង្គាប់ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ហើយ​ក៏​បាន​នាំ​អ៊ីសាក​ឡើង​ភ្នំ​នោះ។ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​រក​ភ្នំ​នោះ បាន​ចំណាយ​ពេល​បី​ថ្ងៃ ដូច​នេះ គាត់​មាន​ពេល​ច្រើន ដើម្បី​គិត​ឡើង​វិញ ហើយ​ផ្លាស់​ប្តូរ​គំនិត​ តែ​គាត់​មិន​បាន​ផ្លាស់​ប្តូរ​គំនិត​សោះ​(ខ.៣-៤)។

ពេល​អ៊ីសាក​សួរ​រក​កូន​ចៀម​សម្រាប់​ធ្វើ​ដង្វាយ គាត់​ក៏​បាន​ឆ្លើយ​ថា “កូន​អើយ កូន​ចៀម​ដែល​សំរាប់​ជា​ដង្វាយ​ដុត នោះ​ព្រះ​ទ្រង់​នឹង​ផ្គត់ផ្គង់​ឲ្យ”(ខ.៨)។ ខ្ញុំ​ឆ្ងល់​ថា តើ​លោក​អ័ប្រាហាំ​មាន​ការ​ថប់​បារម្ភ​ប៉ុណ្ណា ពេល​ដែល​គាត់​ចង​អ៊ីសាក​នៅ​លើ​អាសនា ហើយ​លើក​កាំបិត​ឡើង ដើម្បី​សម្លាប់​អ៊ីសាក(ខ.៩-១០)។ តែ​គាត់​ក៏​បាន​ធូរ​ចិត្ត​វិញ​ ពេល​ដែល​ទេវតា​បាន​មក​បញ្ឈប់​គាត់(ខ.១១-១២)។ ព្រះ​ជា​ម្ចាស់​បាន​ត្រៀម​ដង្វាយ ដែល​ជា​ចៀម​ឈ្មោល​មួយក្បាល ដែល​កំពុង​ជាប់​ស្នែង​នឹង​ព្រៃ​ សម្រាប់​ធ្វើ​ជា​យញ្ញបូជា​ជំនួយ​អ៊ីសាក(ខ.១៣)។​ ព្រះ​ជា​ម្ចាស់​បាន​ល្បងល​សេចក្តី​ជំនឿ​របស់​លោក​អ័ប្រាហាំ ហើយ​គាត់​ក៏​បាន​បង្ហាញ​ចេញ​នូវ​ជំនឿ និង​ភាព​ស្មោះ​ត្រង់​របស់​គាត់ ចំពោះ​ព្រះ​អង្គ។…

រដ្ឋមន្រ្តីក្រសួងភាពឯកោ

បន្ទាប់​ពី​ស្វាមី​របស់​អ្នក​ស្រី​បេតស៊ី(Betsy)បាន​ទទួល​មរណៈ​ភាព គាត់​ក៏​បាន​ចំណាយ​ពេល​ភាគ​ច្រើន នៅ​ក្នុង​ផ្ទះល្វែង​របស់​គាត់ មើល​ទូរទស្សន៍ និង​ឆុង​តែ​សម្រាប់​ខ្លួន​គាត់​ម្នាក់​ឯង។ មិន​មែន​មាន​តែ​គាត់​ទេ ដែល​មាន​ភាព​ឯកោ។ មាន​ជន​ជាតិ​អង់​គ្លេស​ជាង​៩​លាន​នាក់(១៥​ភាគ​រយ​នៃ​ប្រជាជន​សរុប) បាន​និយាយ​ថា ពួក​គេ​មាន​អារម្មណ៍​ឯកោ​ជា​ញឹកញាប់ ឬ​ឯកោ​ជា​ប្រចាំ ហើយ​ចក្រ​ភព​អង់​គ្លេស ក៏​បាន​ចាត់​តាំង​ឲ្យ​មាន​រដ្ឋ​មន្រ្តី​ក្រសួង​ភាព​ឯកោ ដើម្បី​ស្វែង​យល់​អំពី​មូល​ហេតុ​ដែល​ប្រជាជន​អង់​គ្លេស​មាន​ភាព​ឯកោ ហើយ​ស្វែង​រក​វិធី​សាស្រ្ត​ជួយ​ពួក​គេ។

ភាព​ឯកោ​មាន​បុព្វ​ហេតុ​មួយ​ចំនួន ដែល​មនុស្ស​ជា​ច្រើន​ដឹង។ មនុស្ស​ឯកោ ដោយ​សារ​ពួក​គេ​បាន​ផ្លាស់​ប្តូរ​ទី​កន្លែង​ញឹក​ញាប់​ពេក បាន​ជា​មិន​បាន​ចាក់​ឬស​ឲ្យ​បាន​ជ្រៅ​នៅកន្លែង​ណា​មួយ។  យើង​ជឿ​ថា យើង​អាច​ថែរក្សា​ខ្លួន​ឯង ហើយ​យើង​គិត​ថា យើង​គ្មាន​ហេតុ​ផល​អ្វី ដែល​ត្រូវ​ឈោង​ទៅ​រក​អ្នក​ដទៃ​ទេ។ យើង​ត្រូវ​បាន​បច្ចេក​វិទ្យា​ញែក​ឲ្យ​នៅដាច់​ពី​គ្នា ពោល​គឺ​យើង​បាន​ងប់ងល់​នឹង​ការ​ចំណាយ​ពេល​នៅ​ពី​មុខ​កញ្ចក់​ទូរស័ព្ទ​ស្មាត​ហ្វូន​ច្រើន​ពេក។

ខ្ញុំ​មាន​អារម្មណ៍​ថា ភាព​ឯកោ​ដ៏​ងងឹត​កំពុង​តែ​នៅ​ជិត​បង្កើយ ហើយ​អ្នក​ក៏​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​នេះ​ផង​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​ការ​បង​ប្អូន​រួម​ជំនឿ​របស់​យើង។ ព្រះគម្ពីរ​ហេព្រើរ​បាន​និយាយ​អំពី​ការ​លះ​បង់​ព្រះជន្ម​របស់​ព្រះ​យេស៊ូវ ហើយ​បន្ទាប់​មក ក៏​បាន​ធ្វើ​ការ​សន្និ​ដ្ឋាន ដោយ​លើក​ទឹក​ចិត្ត​យើង ឲ្យ​បន្ត​ជួប​ជុំ​គ្នា​កុំ​ឲ្យ​ខាន(១០:២៥)។ យើង​ជា​សមាជិក​នៃ​មហា​គ្រួសារ​របស់​ព្រះ ដូច​នេះ យើង​ត្រូវ​តែ​ស្រឡាញ់ “គ្នា​ទៅ​វិញ​ទៅ​មក ជា​បងប្អួន​រួម​ជំនឿ” ហើយ “ស្វាគមន៍​អ្នក​ដែល​យើង​មិន​ស្គាល់​ផង​ដែរ”(១៣:១-២)។ បើ​យើង​ម្នាក់​ៗ​ខិត​ខំ​អនុវត្ត​តាម​ការបង្រៀន​នេះ មនុស្ស​ម្នាក់​ៗ​ក្នុង​ពួក​ជំនុំ​នឹង​មាន​អារម្មណ៍​ថា គេ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្លួន​មិន​ខាន។

មនុស្ស​ឯកោ​ដែល​យើង​បាន​យក​អសារ ប្រហែល​មិន​បាន​ធ្វើ​ល្អ​តប​មក​យើង​វិញ​ទេ ប៉ុន្តែ យើង​មិន​ត្រូវ​ឈប់​ខ្វល់​ពីពួក​គេ​នោះ​ឡើយ។ ព្រះយេស៊ូវ​បាន​សន្យា​ថា ទ្រង់​នឹង​មិន​ចាក​ចេញ ឬ​បោះ​បង់​យើង​ចោល​ឡើយ(១៣:៥) ហើយយើង​អាច​ទុក​ចិត្ត​ថា មិត្ត​ភាព​ដែល​យើង​មាន​ជា​មួយ​ទ្រង់ នឹង​បណ្តាល​ចិត្ត​យើង​ឲ្យ​ស្រឡាញ់​អ្នក​ដទៃ។ តើ​អ្នក​មាន​ភាព​ឯកោ​ទេ? តើ​អ្នក​អាច​បម្រើ​មហា​គ្រួសារ​នៃ​ព្រះ ដោយ​របៀប​ណា​ខ្លះ? មិត្ត​ភក្តិ​ដែល​អ្នក​រក​បាន…

យុទ្ធសាស្រ្តល្អបំផុតសម្រាប់ជីវិត

ខណៈ​ពេល​ដែល​យើង​កំពុង​មើល​កូន​ស្រី​របស់​យើង​ប្រកួត​កីឡា​បាល់​បោះ ពី​កន្លែង​អង្គុយ​ទស្សនា ខ្ញុំ​បាន​ឮ​គ្រូ​បង្វិកស្រែក​ប្រាប់​ក្មេង​ស្រី​ដែល​កំពុង​ប្រកួត​នោះ ឲ្យ​ផ្លាស់​ប្តូរ​យុទ្ធ​សាស្រ្ត។ ភ្លាម​ៗ​នោះ យុទ្ធ​សាស្រ្ត​ការពារ​របស់​ពួក​គេ​បាន​ផ្លាស់​ប្តូរ ពី​ម្នាក់​ទល់​នឹង​ម្នាក់ ទៅ​ជា​ពីរ​នាក់​រួម​កម្លាំង​គ្នា​តទល់​នឹង​កីឡាករ​ដែល​ខ្ពស់​ជាង​គេ​របស់​គូរ​ប្រកួត ដែល​កំពុង​កាន់​បាល់។ ពួក​គេ​មាន​ជោគ​ជ័យ​នៅ​ក្នុង​ការ​រារាំង​អ្នក​នោះ​មិន​ឲ្យ​បោះ​បាល់​បញ្ចូល​កន្រ្តក ហើយ​ទី​បំផុត ពួកគេ​ក៏​បាន​ដណ្តើម​បាន​បាល់​នោះ​។

ស្តេច​សាឡូម៉ូន ដែល​ជា​អ្នក​និពន្ធ​នៃ​កណ្ឌ​សាស្តា បាន​ព្យាយាម​តយុទ្ធ​នឹង​ការ​លំបាក និង​ភាព​នឿយ​ណាយ ក្នុង​លោកិយ​នេះ ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​ក៏​បាន​ទទួល​ស្គាល់​ថា ការ​មាន​គ្នា​ពីរ​នាក់ នៅ​ក្នុង​ការងារ​របស់​យើង អាច​នាំមក​នូវ “លទ្ធ​ផល​ល្អ”(សាស្តា ៤:៩)។ បើ​មាន​ខ្មាំង​ណា​មក ដែល​មាន​កំឡាំង​ជាង នោះ​២​នាក់​នឹង​អាច​ទប់​ទល់​បាន(ខ.១២)។ មិត្ត​ភក្តិ​ដែល​នៅ​ក្បែរ​យើង អាច​ជួយ​យើង ពេល​ដែល​យើង​ដួល​ចុះ(ខ.១០)។

បន្ទូល​របស់​ស្តេច​សាឡូម៉ូន​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​មាន​អ្នក​រួម​ដំណើរ ក្នុង​ដំណើរ​ជីវិត​របស់​យើង ដើម្បី​កុំ​ឲ្យ​យើងប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​នៃ​ជីវិត​តែ​ម្នាក់​ឯង​ឡើយ។ សម្រាប់​អ្នក​ខ្លះ ការ​រួម​ដំណើរ​នេះ​តម្រូវ​ឲ្យ​មាន​ការ​ប្រថុយ​នឹង​គ្រោះ​ថ្នាក់ ក្នុង​កំរិត​មួយ ដែល​មិន​ធ្លាប់​ជួប ឬ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​មិន​ល្អ។ អ្នក​ខ្លះ​ទៀត​ ស្រែក​ឃ្លាន​ភាព​ស្និទ្ធ​ស្នាលប្រភេទ​នេះ ហើយ​បាន​ព្យាយាម​ស្វែង​រក​មិត្ត​ភក្តិ ដើម្បី​ចែក​រំលែក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មិន​ត្រូវ​បោះ​បង់​ចោល​ការ​តស៊ូ​ឡើយ។

ស្តេច​សាឡូម៉ូន និង​គ្រូ​បង្វិក​កីឡា​បាល់​បោះ​នោះ​បាន​យល់​ស្រប​ថា ការ​មាន​មិត្ត​សំឡាញ់​រួម​កម្លាំង​ជា​មួយ​យើង គឺ​ជាយុទ្ធ​សាស្រ្ត​ល្អ​បំផុត ដើម្បី​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក ក្នុង​ជីវិត។ ឱ​ព្រះ​អម្ចាស់ សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​មនុស្ស​ដែល​ទ្រង់​បាន​ដាក់​ក្នុង​ជីវិត​យើងខ្ញុំ ដើម្បី​លើក​ទឹក​ចិត្ត និង​គាំ​ទ្រ​យើង​ខ្ញុំ។—KIRSTEN HOLMBERG

ចានគោមនៃទឹកភ្នែក

នៅ​ទីក្រុង​បូស្តុន រដ្ឋ​ម៉ាសាឈូសេត មាន​ផ្លាក​មួយ​ដែល​មាន​ចំណង​ជើង​ថា “ការ​ឆ្លង​កាត់​ចាន​គោម​នៃ​ទឹក​ភ្នែក”។ ផ្លាក​នេះ​បាន​រំឭក អំពី​អ្នក​ដែល​ហ៊ាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​មហា​សមុទ្រ​អាត្លង់​ទិច ដើម្បី​គេច​ចេញ​ពី​ការ​ស្លាប់ ក្នុង​អំឡុង​ពេល​នៃ​គ្រោះ​អត់​ឃ្លាន​ផ្លែ​ដំឡូង​បារាំង​នៅ​ប្រទេស​អៀរ​ឡង់ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៨៤០។ មាន​មនុស្ស​ជាងមួយ​លាន​នាក់​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ធម្មជាតិ​នោះ ខណៈ​ពេល​ដែល​មនុស្ស​ជាង​មួយ​លាន​ទៀត បាន​បោះ​បង់ចោល​ផ្ទះ​សំបែង ដើម្បី​ធ្វើ​ដំណើរ​ឆ្លង​កាត់​មហា​សមុទ្រ​អាត្លង់​ទិច ទៅ​សហរដ្ឋ​អាមេរិក។ លោក​ចន បូយល អូ រេលី(John Boyle O’Reilly) បាន​ហៅ​រឿង​នេះ​ថា “ចាន​គោម​នៃ​ទឹក​ភ្នែក”។ ដោយសារ​អ្នក​ដំណើរ​ទាំង​នោះ​មាន​ការ​ស្រេក​ឃ្លាន និង​ការ​ឈឺ​ចាប់ ពួក​គេ​បាន​ស្វែង​រក​ក្តី​សង្ឃឹម ក្នុង​អំឡុង​ពេល​ដ៏​អស់​សង្ឃឹម។​

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៥៥ ស្តេច​ដាវីឌ​បាន​រៀប​រាប់​អំពី​របៀប​ដែល​ទ្រង់​ដេញ​តាម​ក្តី​សង្ឃឹម។ យើង​មិន​ដឹង​ថា កាល​នោះ ទ្រង់​កំពុង​តែ​ជួប​ការ​គំរាម​កំហែង​អ្វី​ឡើយ តែ​ទម្ងន់​នៃ​ទុក្ខ​លំបាក​របស់​ទ្រង់ គឺ​ល្មម​នឹង​ធ្វើ​ឲ្យ​ទ្រង់​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​(ខ.៤-៥)។ ពេល​នោះ ទ្រង់​ក៏​បាន​អធិ​ស្ឋាន សូម​ជំនួយ​ពី​ព្រះ​ជា​ម្ចាស់ បាន​ជា​ទ្រង់​ពោល​ថា “ឱ​បើ​សិន​ណា​ជា​មាន​ស្លាប​ដូច​ជា​ព្រាប​ទៅ​រ៉ា នោះ​អញ​នឹង​ហើរ​ចេញ​ទៅ ឲ្យ​បាន​សេចក្តី​សុខ”(ខ.៦)។

យើង​ក៏​ប្រហែល​ជា​ចង់​រត់​គេច​ទៅ​រក​កន្លែង​មាន​សុវត្ថិ​ភាព ក្នុង​ពេល​ដ៏​ឈឺ​ចាប់ ដូច​ស្តេច​ដាវីឌ​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ទ្រង់​បាន​ពិចារណា​អំពី​ទុក្ខ​លំបាក​របស់​ទ្រង់​ហើយ ទ្រង់​ក៏​បាន​សម្រេច​ព្រះ​ទ័យ​រត់​ទៅ​រក​ព្រះរបស់​ទ្រង់ ជា​ជាង​រត់​គេច​ពី​ការ​ឈឺ​ចាប់​ គឺ​ដូច​ដែល​ទ្រង់​បាន​បន្លឺ​សម្លេង​ច្រៀង​ថា “ចំណែក​ខ្ញុំ​នឹង​អំពាវនាវ​ដល់​ព្រះ ហើយ​ព្រះយេហូវ៉ា​ទ្រង់​នឹង​ជួយ​សង្គ្រោះ​ខ្ញុំ”(ខ.១៦)។

ពេល​ដែល​បញ្ហា​ចូល​មក​ដល់ សូម​ចាំ​ថា​ព្រះ​នៃ​ការ​កម្សាន្ត​ចិត្ត​គ្រប់​យ៉ាង ទ្រង់​អាច​នាំ​អ្នក​ឆ្លង​កាត់​ពេល​ដ៏​ងងឹត និង​ការ​ភ័យ​ខ្លាច​ដែល​ជ្រៅ​បំផុត​របស់​អ្នក។​ ទ្រង់​បាន​សន្យា​ថា ថ្ងៃ​ណា​មួយ ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​យើង​ឲ្យ​អស់(វិវរណៈ ២១:៤)។ ការ​ធានា​នេះ​នឹង​ជួយ​ឲ្យ​យើង​កាន់​តែ​មាន​ភាព​រឹង​មាំ…

អ្នកប្រឹក្សាយោបល់ដែលគួរឲ្យទុកចិត្ត

តើ​អ្នក​គិត​ដល់​នរណា​មុន​គេ ពេល​អ្នក​ឮ​ពាក្យ “អ្នក​ប្រឹក្សា​យោបល់ដែល​គួរ​ឲ្យ​ទុកចិត្ត? សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គិតដល់​លោក​គ្រូ​គង្វាល រីច(Rich)។ គាត់​បាន​មើល​ឃើញ​សក្តានុពល​របស់​ខ្ញុំ ហើយ​ជឿ​ជាក់​លើ​ខ្ញុំ ពេល​ដែល​ខ្ញុំ​ខ្វះជំនឿ​ចិត្ត ចំពោះ​សមត្ថ​ភាព​ខ្លួន​ឯង។ គាត់​បាន​ធ្វើ​ជា​គំរូ​នៃ​ការ​ដឹក​នាំ ដោយ​បម្រើ ដោយ​ការ​បន្ទាប​ខ្លួន និង​សេចក្តី​ស្រឡាញ់។ ជា​លទ្ធ​ផល សព្វ​ថ្ងៃ​នេះ ខ្ញុំ​ក៏​កំពុង​បម្រើ​ព្រះ ដោយ​ផ្តល់​ការ​ប្រឹក្សា​យោបល់ដល់​អ្នក​ដទៃ​ផង​ដែរ។​

ហោរា​អេលីយ៉ា​បាន​បំពេញ​តួនាទី​ដ៏​សំខាន់ នៅ​ក្នុង​ការ​លូត​លាស់​របស់​លោក​អេលីសេ រហូត​ក្លាយ​ជា​អ្នក​ដឹក​នាំ។ លោក​អេលីយ៉ា​បាន​ឃើញ​គាត់​កំពុង​តែ​ភ្ជួរ​ស្រែ ហើយ​ក៏​បាន​ហៅ​គាត់​ឲ្យ​ធ្វើ​ជា​សិស្ស​របស់​គាត់ បន្ទាប់​ពី​ព្រះ​ជា​ម្ចាស់​បាន​ប្រាប់​គាត់ ឲ្យ​ចាក់​ប្រេង​តាំង​លោក​អេលីសេ ឲ្យ​ធ្វើ​ជា​អ្នក​បន្ត​វេណ​របស់​គាត់​(១ពង្សាវ​តាក្សត្រ ១៩:១៦,១៩)។ សិស្ស​វ័យ​ក្មេង​នេះបាន​មើល​គ្រូ​របស់​គាត់​ធ្វើ​ការ​អស្ចារ្យ ហើយ​ស្តាប់​បង្គាប់​ព្រះ​ជា​ម្ចាស់ ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ។  ព្រះ​ជា​ម្ចាស់​បាន​ប្រើ​លោក​អេលីយ៉ា ដើម្បី​រៀប​ចំ​ខ្លួន​លោក​អេលីសេ សម្រាប់​ការងារ​បម្រើ​ព្រះ​ពេញ​មួយជីវិត។ នៅ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​លោក​អេលីយ៉ា លោក​អេលីសេ​មាន​ឱកាស​ចាក​ចេញ​ពី​គាត់។ តែ​លោក​អេលីសេបាន​សម្រេច​ចិត្ត​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ជា​ថ្មី ចំពោះ​គ្រូ​របស់​គាត់។ លោក​អេលីយ៉ា​បាន​ផ្តល់​ឱកាស​ឲ្យ​លោក​អេលីសេ​បោះ​បង់​មុខ​នាទី​របស់​គាត់ តែ​គាត់​បាន​បដិសេធ​រាល់​លើក​ថា “ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះយេហូវ៉ា ដ៏​មាន​ព្រះ​ជន្ម​រស់​នៅ ហើយដោយ​ព្រលឹង​លោក​​ដ៏នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ”(២ពង្សាវតាក្សត្រ ២:២,៤,៦)។ ​ដោយសារ​តែ​ភាព​ស្មោះ​ត្រង់​របស់​លោក​អេលីសេ ព្រះ​ជា​ម្ចាស់​ក៏​បាន​ប្រើ​គាត់ តាម​របៀប​ដ៏​អស្ចារ្យ​ផង​ដែរ។

យើង​រាល់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​នរណា​ម្នាក់ ធ្វើ​ជា​គំរូ​នៃ​ការ​ដើរ​តាម​ព្រះ​យេស៊ូវ។ សូម​ព្រះ​ជា​ម្ចាស់​ប្រទាន​យើង នូវ​បុរស ឬ​ស្រ្តី​ដែល​កោត​ខ្លាច​ព្រះ ដែល​នឹង​ជួយ​យើង​ឲ្យ​លូត​លាស់​ខាង​វិញ្ញាណ។ ហើយ​យើង​ក៏​នឹង​ធ្វើ​ជា​គំរូ​ដ៏​ល្អ សម្រាប់​អ្នក​ដទៃ ដោយ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផង​ដែរ។—ESTERA PIROSCA ESCOBAR

ចូលមកទទួលភាពស្កប់ចិត្ត

មាន​ពេល​មួយ ខ្ញុំ​បាន​អើត​មើល​ពី​លើ​របង​ផ្ទះ​ ដែល​ខ្ញុំ​បាន​ប្រើ​ជា​បង្គោល​ទ្រើង​ទំពាំង​បាយ​ជូរ ដែល​បាន​ហ៊ុម​ព័ទ្ធ​ទី​ធ្លា​ផ្ទះ​ខ្ញុំ។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ឃើញ​គេ​រត់​ត្រឹក​ៗ ខ្លះ​ដើរ​ធម្មតា ខ្លះ​ដើរ​អូស​ជើង តាម​ផ្លូវ​ជុំវិញ​សួន​ច្បារ នៅ​ពី​ក្រោយ​ផ្ទះខ្ញុំ​។ ខ្ញុំ​គិត​ថា ខ្ញុំ​ធ្លាប់​ធ្វើ​ដូច​ពួក​គេ​ដែរ កាល​ខ្ញុំ​នៅ​មាន​កម្លាំង​ខ្លាំង​ជាង​ពេល​សព្វ​ថ្ងៃ។ ពេល​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា មិន​ពេញ​ចិត្ត​នឹង​សមត្ថ​ភាព​ដែល​ខ្លួន​កំពុង​តែ​មាន។

ក្រោយ​មក ពេល​ដែល​ខ្ញុំ​កំពុង​តែ​មើល​ព្រះ​គម្ពីរ ខ្ញុំ​ក៏​បាន​អាន​ចំ​បទ​គម្ពីរ អេសាយ ៥៥:១ ដែល​បាន​ចែង​ថា “ហឺយ អស់​អ្នក​ដែល​ស្រេក​អើយ ចូរ​មក​ឯ​ទី​ទឹក​ចុះ” ហើយ​ខ្ញុំ​ក៏​បាន​ដឹង​ថា ការ​មិន​ពេញ​ចិត្ត​(ការ​ស្រេក​ឃ្លាន) កើត​មាន​ជា​ធម្មតា​ក្នុង​ជីវិត​នេះ។ ព្រោះ​គ្មាន​របស់​ល្អ​អ្វី ក្នុង​ជីវិត​យើង ដែល​អាច​ធ្វើ​ឲ្យ​យើង​ពេញ​ចិត្ត​ទាំង​ស្រុង​ឡើយ។ បើ​សិន​ជាខ្ញុំ​មាន​ជើង​រឹង​មាំ ដូច​លោក​សឺប៉ា(Sherpa ដែល​ជា​មគ្គុទេសករ​នាំ​ឡើង​ភ្នំ) នោះ​ខ្ញុំ​ក៏​នៅ​មាន​បញ្ហា​អ្វី​ផ្សេង​ទៀតក្នុង​ជីវិត​ខ្ញុំ ដែល​ខ្ញុំ​នៅ​មិន​ទាន់​ពេញ​ចិត្ត។

វប្បធម៌​យើង តែង​តែ​ប្រាប់​យើង​ថា យើង​នឹង​រក​បាន​ការ​សប្បាយ​គ្មាន​ទី​បញ្ចប់ ពី​ការ​អ្វី​ដែល​យើង​ធ្វើ និង​របស់​ដែល​យើង​ទិញ ខោអាវ​ដែល​យើង​ស្លៀក​ពាក់ ទឹក​អប់​ដែល​យើង​បាញ់​ពី​លើ​ខ្លួន យាន​យន្ត​ដែល​យើង​បើក​បរ ឬ​ជិះ។ល។ ប៉ុន្តែ វា​ជា​ការ​កុហក់​ទេ។​ យើង​មិន​អាច​រក​បាន​ការ​ពេញ​ចិត្ត​ទាំង​ស្រុង ពី​អ្វី​ៗ​ដែល​យើង​មាន ក្នុង​ពេល​នេះ និង​នៅ​ទីកន្លែង​នេះ​បាន​ឡើយ ទោះ​យើង​ធ្វើ​អ្វី​ក៏​ដោយ។

ផ្ទុយ​ទៅ​វិញ ហោរា​អេសាយ​បាន​ប្រាប់​យើង​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​ចូល​ទៅ​រក​ព្រះ​ជា​ម្ចាស់ និង​ព្រះ​គម្ពីរ ដើម្បី​ស្តាប់​ទ្រង់​មាន​បន្ទូល។ ​តើ​ទ្រង់​មាន​បន្ទូល​ដូច​ម្តេច? ទ្រង់​មាន​បន្ទូល​ថា សេចក្តី​ស្រឡាញ់​ដែល​ទ្រង់​មាន​ចំពោះ​ស្តេច​ដាវីឌ​តាំង​ពី​ដើម​មក…

កិច្ចការដ៏សំខាន់ដែលយើងអាចធ្វើបាន

ថ្ងៃ​នោះ​បាន​ចាប់​ផ្តើម​ដូច​ថ្ងៃ​មុន​ៗ ប៉ុន្តែ វា​បាន​បញ្ចប់​ទៅ​វិញ ដោយ​សុបិន្ត​អាក្រក់។ អេសធើរ(Esther មិន​មែនឈ្មោះ​ពិត)​ និង​ស្រ្តី​រាប់​រយ​នាក់​ទៀត ត្រូវ​បានដោយ​ពួក​សកម្ម​ប្រយុទ្ធ​សាសនា​ចាប់​ជំរិត នៅ​សាលា​រៀន ។ មួយ​ខែ​ក្រោយ​មក ពួក​គេ​ក៏​ត្រូវ​បាន​គេ​ដោះ​លែង​វិញ លើក​លែង​តែ​អេសធើរ ដោយសារ​នាង​បដិសេធ​មិន​ព្រម​ឈប់​ជឿ​ព្រះ​គ្រីស្ទ។ ខណៈ​ពេល​ដែល​ខ្ញុំ និង​មិត្ត​ភក្តិ​ខ្ញុំ​បាន​អាន​រឿង​របស់​គាត់ និង​អ្នក​ដទៃ​ទៀត ដែល​ត្រូវ​គេ​បៀត​បៀនដោយ​សារ​ជំនឿ ចិត្ត​របស់​យើង​មាន​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង។ យើង​ចង់​ធ្វើ​អ្វី​ម្យ៉ាង។ ប៉ុន្តែ តើ​យើងធ្វើ​អ្វី ?

ពេល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ក្រុង​កូរិនថូស គាត់​បាន​ចែក​ចាយ អំពី​បញ្ហា​ដែល​គាត់​បាន​ជួប​ប្រទះ នៅ​ខេត្ត​អាស៊ី។ ការ​បៀត​បៀន​មាន​ភាព​ធ្ងន់​ធ្ងរ​យ៉ាង​ខ្លាំង បាន​ជា​គាត់ និង​គូកន​របស់​គាត់ “មិន​សង្ឃឹម​ថា នឹងនៅ​មាន​ជីវិត​រស់​ឡើយ”(២កូរិនថូស ១:៨)។ ទោះជា​យ៉ាង​ណា​ក៏​ដោយ សាវ័ក​ប៉ុល​បាន​ទទួល​ជំនួយ​ពី​ការ​អធិស្ឋាន​របស់​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត​(ខ.១១)។ ទោះ​ពួក​ជំនុំ នៅ​ក្រុង​កូរិនថូស ស្ថិត​នៅ​ឆ្ងាយ​ពី​សាវ័ក​ប៉ុល​ក៏​ដោយ ក៏​ការ​អធិ​ស្ឋាន​របស់​ពួក​គេ​សំខាន់​ណាស់ ហើយ​ព្រះ​ជា​ម្ចាស់​ក៏​បាន​ស្តាប់​ឮ​ពួក​គេ​អធិស្ឋាន។ ព្រះ​ជា​ម្ចាស់​ដែល​មាន​អំណាច​គ្រប់​គ្រង​លើ​អ្វី​ៗ​គ្រប់​យ៉ាង ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​ប្រើ​ប្រាស់​ការ​អធិស្ឋាន​របស់​យើង ដើម្បី​សម្រេច​បំណង​ព្រះ​ទ័យ​ទ្រង់។ នេះ​ជា​អាថ៌​កំបាំង​ដ៏​អស្ចារ្យ​ណាស់។ ហើយ​យើង​ក៏​មាន​ឯក​សិទ្ធិ​ពិសេស នៅ​ក្នុង​ការ​អធិស្ឋាន​ផង​ដែរ។

សព្វ​ថ្ងៃ​នេះ យើង​អាច​បន្ត​នឹក​ចាំ អំពី​បង​ប្អូន​ប្រុស​ស្រី ក្នុង​ព្រះ​គ្រីស្ទ ដែល​កំពុង​រង​ទុក្ខ ដោយ​សារ​ជំនឿ​របស់​ពួក​គេ។ អ្វី​ដែល​យើង​អាច​ធ្វើ​នោះ គឺ​យើង​អាច​អធិស្ឋាន​ឲ្យ​អ្នក​ដែល​ត្រូវ​គេ​បន្ទាប​បន្ថោក គាប​សង្កត់ ធ្វើ​ទារុណ​កម្ម ហើយ​ជួន​កាល ត្រូវ​គេ​សម្លាប់ ដោយសារ​ជំនឿ​លើ​ព្រះ​គ្រីស្ទ​ទៀត​ផង។ ចូរ​យើង​អធិស្ឋាន…

លើសពីការរង់ចាំ

មាន​ពេល​មួយ​ប៉ូលីស​បាន​ចោទ​ប្រកាន់​ស្រ្តី​ម្នាក់ ពី​បទ​បើក​បរ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ដោយ​បើក​ចេញ​ពី​ផ្លូវ​ថ្នល់ ​ចូល​ផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង ហើយ​បើក​ចូល​ថ្នល់​វិញ។ គាត់​ធ្វើ​ដូច​នេះ គឺ​ដោយសារ​គាត់​មិន​ចង់​រង់​ចាំ ពី​ក្រោយ​ឡាន​ក្រុង​របស់​សាលា​រៀន​មួយ​គ្រឿង ដែល​កំពុង​ឈប់​ពី​មុខ​គាត់​ ដើម្បី​ឲ្យ​សិស្ស​ចុះ។

ជា​ការ​ពិត​ណាស់ ការ​រង់​ចាំ អាច​ធ្វើ​ឲ្យ​យើង​ខ្វះ​ភាព​អត់​ធ្មត់ តែ​មាន​ការ​ល្អៗ​ជា​ច្រើន ដែល​យើង​ត្រូវ​ធ្វើ​ និង​រៀន​សូត្រ នៅ​ក្នុង​ការ​រង់​ចាំ។ ព្រះយេស៊ូវ​ជ្រាប​អំពី​បញ្ហា​នេះ ពេល​ដែល​ទ្រង់​ប្រាប់​ពួក​សាវ័ក​របស់​ទ្រង់ “មិន​ឲ្យ​ទៅ​ទីក្រុង​យេរូសាឡិម” មុន​ពេល​កំណត់​(កិច្ចការ ១:៤) ព្រោះ​ពួក​គេ​ត្រូវ​រង់​ចាំ “ទទួល​បុណ្យ​ជ្រមុជ ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ”(ខ.៥)។

ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ជួប​ជុំ​គ្នា នៅ​បន្ទប់​ខាង​លើ ពួក​គេ​បាន​រង់​ចាំ ដោយ​ចិត្ត​រំភើប​រីក​រាយ ដោយ​ពួក​គេ​ហាក់​ដូច​ជា​ដឹង​ថា ពេល​ដែល​ទ្រង់​ប្រាប់​ពួក​គេ​ឲ្យ​រង់​ចាំ ទ្រង់​មិន​បាន​ប្រាប់​ពួក​គេ​ឲ្យ​រង់​ចាំ ដោយ​មិន​ធ្វើ​អ្វី​សោះ​នោះឡើយ​។ ហេតុ​នេះ​ហើយ ពួក​គេ​ក៏​បាន​ចំណាយ​ពេល​អធិ​ស្ឋាន​(ខ.១៤) ហើយ​ព្រះ​គម្ពីរ​ក៏​បាន​ចែង​ផង​ដែរ​ថា នៅពេល​នោះ ពួក​គេ​បាន​ជ្រើស​រើស​សាវ័ក​ថ្មី​ម្នាក់ ដើម្បី​ជំនួស​យូដាស​(ខ.២៦)។ ពេល​ដែល​ពួក​គេ​កំពុង​តែ​រួប​រួម​គ្នាថ្វាយ​បង្គំ និង​អធិ​ស្ឋាន ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​យាង​ចុះ​មក​សណ្ឋិត​លើ​ពួក​គេ(២:១-៤)។

ពួក​សាវ័ក​មិន​ត្រឹម​តែ​រង់​ចាំ​ប៉ុណ្ណោះ​ឡើយ តែ​ពួក​គេ​ក៏​បាន​រៀប​ចំ​ខ្លួន​ផង​ដែរ។ ខណៈ​ពេល​ដែល​យើង​កំពុង​រង់​ចាំ​ព្រះជា​ម្ចាស់ គឺ​មិន​មាន​ន័យ​ថា យើង​ត្រូវ​រង់​ចាំ ដោយ​មិន​ធ្វើ​អ្វី​សោះ ឬ​មាន​ការ​ប្រញាប់​ប្រញាល់​ដោយ​ខ្វះ​ការ​អត់​ធ្មត់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​អាច​អធិ​ស្ឋាន ថ្វាយ​បង្គំ និង​អរ​សប្បាយ​នឹង​ការ​ប្រកប​គ្នា ខណៈ​ពេល​ដែល​យើងកំពុង​រង់​ចាំ​ទ្រង់​ធ្វើ​ការ​របស់​ទ្រង់។ ការ​រង់​ចាំ​ជួយ​ឲ្យ​យើង​រៀប​ចំ​ចិត្ត គំនិត និង​រូប​កាយ សម្រាប់​ការ​អ្វី​ដែល​នឹង​ត្រូវ​មក​ដល់។

ជា​ការ​ពិត​ណាស់…

លើសពីអ្នកជិតខាង

កាល​ពី​រដូវ​ក្តៅ នៅ​ឆ្នាំ​២០១៧ ខ្យល់​ព្យុះ​ហាវេយ បាន​នាំ​មក​នូវ​វិនាស​កម្ម ដល់​ជីវិត​មនុស្ស និង​ទ្រព្យ​សម្បត្តិ​ជា​ច្រើនសន្ធឹក នៅ​តំបន់​ឆ្នេរ​ឈូង​សមុទ្រ​នៃ​សហ​រដ្ឋ​អាមេរិក។ មាន​មនុស្ស​ជា​ច្រើន​បាន​ជួយ​ផ្គត់​ផ្គង់​អាហារ ទឹក សំលៀក​បំពាក់ និង​ជំរក ដល់​ជន​រង​គ្រោះ ដែល​កំពុង​តែ​មាន​តម្រូវ​ការ​ជា​បន្ទាន់។​

ម្ចាស់​ហាង​ព្យាណូ នៅ​រដ្ឋ​ម៉ារីលែន​បាន​ទទួល​ការ​ប៉ះ​ពាល់​ចិត្ត ឲ្យ​ធ្វើ​អ្វី​ម្យ៉ាង បន្ថែម​ពី​លើ​នេះ​ទៀត។​ គាត់​បាន​គិត ​អំពី​លទ្ធ​ភាព​ដែល​តន្រ្តី​អាច​នាំ​មក​នូវ​ការ​ប្រោស​ឲ្យ​ជា​ដ៏​ពិសេស និង​ភាព​ប្រក្រតី​ឡើង​វិញ ដល់​អ្នក​ដែល​បាន​បាត់​បង់​អ្វី​ៗ​ទាំង​អស់។​ ដូច​នេះ គាត់​និង​បុគ្គលិក​របស់​គាត់ ក៏​បាន​ចាប់​ផ្តើម​ជួស​ជុល​ព្យាណូ​ដែល​គេ​បាន​ប្រើ​ហើយ ហើយ​ក៏បាន​រក​មើល កន្លែង​ណា​ដែល​មាន​ត្រូវ​ការ​ខ្លាំង​ជាង​គេ។ នៅ​រដូវ​ផ្កា​រីក​ឆ្នាំ​នោះ លោក​ឌីន ក្រាមើ(Dean Kramer) និង​អ្នក​ស្រី​ឡូស(Lois) ក៏​បាន​ចាប់​ផ្តើម​ការ​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ តាម​ផ្លូវ​គោក ទៅ​ក្រុង​យូស្តុន រដ្ឋ​តិច​សាស់ ដោយបើក​បរ​ឡាន​ដឹក​ព្យាណូ​បី​គ្រឿង យក​ទៅ​ឲ្យ​ក្រុម​គ្រួសារ ព្រះ​វិហារ និង​សាលា​រៀន នៅ​ក្នុង​តំបន់​ដែល​បាន​ទទួល​រងការ​បំផ្លិច​បំផ្លាញ​នោះ។

ជួន​កាល យើង​សន្និ​ដ្ឋាន​ថា អ្នក​ជិត​ខាង គឺ​ជា​អ្នក​ដែល​រស់​នៅ​ក្បែរ​ផ្ទះ​យើង ឬុ​យ៉ាង​ហោច​ណាស់ គឺ​ជា​នរណា​ម្នាក់ដែល​យើង​ស្គាល់។ ប៉ុន្តែ ក្នុង​បទ​គម្ពីរ​លូកា ជំពូក​១០ ព្រះយេស៊ូវ​មាន​បន្ទូល​អំពី​រឿង​ប្រៀប​ប្រដូច អំពី​សាសន៍​សាំម៉ារី​ចិត្ត​ល្អ ដើម្បី​បង្រៀន​ថា សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​សម្រាប់​អ្នក​ជិត​ខាង​យើង មិន​គួរ​មាន​រនាំង​អ្វី​មក​រារាំង​ឡើយ។​ បុរស​សាសន៍​សាំម៉ារី​នោះ បាន​យក​អសា​ជន​រង​គ្រោះ​ដែល​គាត់​មិន​ដែល​ស្គាល់ ទោះ​អ្នក​នោះ​ជា​ជន​ជាតិ​យូដា ដែល​តាម​ធម្មតា ជន​ជាតិ​យូដា​មិន​រាប់​រក​សាសន៍​សាំម៉ារី​ឡើយ​(ខ.២៥-៣៧)។

ពេល​ដែល​គេ​សួរ​លោក​ឌីន…