ប្រភេទ  |  November

ការងាកបែរចេញពីជម្លោះ

នៅ​ក្នុង​ការ​សម្តែង​នូវ​ការ​គោរព នៅ​ទី​បញ្ចុះ​សព​របស់​លោក​ហ៊ែនរិក អេ ឡូរេន(Hendrik A. Lorentz) លោក​អាល់បឺត អាញស្ទាញ(Albert Einstein) មិន​បាន​និយាយ​អំពី​ការ​ប្រកែក​គ្នា​ផ្នែក​វិទ្យា​សាស្រ្ត ដែល​ខ្លួន​ធ្លាប់​មាន ជា​មួយ​អ្នក​វិទ្យា​សាស្រ្តហូឡង់​ដ៏​ល្បី​ល្បាញ​រូប​នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​រំឭក​អំពី “សេចក្តី​សប្បុរស” របស់​លោក​ហ៊ែនរិក ជា​រូប​វិទូ ដែល​គេ​បាន​គោរព​ស្រឡាញ់ ដោយ​សារ​គាត់​មិន​ចេះ​សាំញំា និង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដោយ​យុត្តិ​ធម៌។ លោក​អាញ់​ស្ទាញ​ក៏​បានមាន​ប្រសាស៍​ថា “គេ​គ្រប់​គ្នា​ដើរ​តាម​គាត់ ដោយ​ចិត្ត​រីក​រាយ ព្រោះ​ពួក​គេ​គិត​ថា គាត់​មិន​ដែល​ព្យាយាម​គ្របសង្កត់​មក​លើ​អ្នកដទៃ​នោះ​ទេ តែ​គ្រាន់​តែ​បាន​ព្យាយាម​ធ្វើ​ខ្លួន​ឯង​ឲ្យ​មាន​ប្រយោជន៍”។​

លោក​ហ៊ែន​រិក​បាន​បណ្តាល​ចិត្ត​អ្នក​វិទ្យា​សាស្រ្ត​ទាំង​ឡាយ ឲ្យ​ធ្វើ​ការ​ជា​មួយ​គ្នា ដោយ​មិន​ប្រកាន់​និន្នា​ការ​នយោ​បាយ ជាពិសេស នៅ​ក្រោយ​សម័យ​សង្រ្គាម​លោក​លើក​ទី​១។ លោក​ហ៊ែនរិក ក៏​បាន​ទទួល​ពាន​រង្វាន់​ណូបែល ដូច​លោក​អាញស្ទាញផង​ដែរ​។ លោក​អាញ​ស្ទាញ​ក៏​បាន​មាន​ប្រសាសន៍​អំពី​គាត់​ថា “លោក​ហ៊ែនរិក​ថែម​ទាំង​បាន​លះ​បង់​អាត្មា​ខ្លួន​ឯង ដើម្បី​ការងារ​ផ្សះ​ផ្សា មុន​ពេល​សង្រ្គាម​បញ្ចប់​ទៀង​ផង”។

មនុស្ស​ម្នាក់​ៗ​នៅ​ក្នុង​ពួក​ជំនុំ ក៏​គួរ​តែ​យក​ការងារ​ផ្សះផ្សា ជា​គោល​ដៅ​ផង​ដែរ។ ជា​ការ​ពិត​ណាស់ ការ​ប៉ះ​ទង្គិច​គ្នា​ខ្លះ គឺ​មិន​អាច​ជៀស​រួច​ឡើយ។​ តែ​យើង​ត្រូវ​តែ​មាន​ចំណែក​ចូល​រួម នៅ​ក្នុង​ការ​ដោះ​ស្រាយ ដោយ​សន្តិ​វិធី។ សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ កុំ​ឲ្យ​សេចក្តី​កំហឹង​របស់​អ្នក​នៅ​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ”(អេភេសូរ ៤:២៦)។ ដើម្បី​លូតលាស់​ជា​មួយ​គ្នា សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​ថា “មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ចូរ​បញ្ចេញ​តែ​ពាក្យ​ណា​ដែល​ល្អៗ សំរាប់​នឹង​ស្អាង​ចិត្ត​តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្តល់​ព្រះគុណ​ដល់​អស់​អ្នក​ដែល​ស្តាប់”(ខ.២៩)។…

ការលះបង់ដ៏ក្លាហាន

លោក​ចន ហាភ័រ(John Harper) មិន​បាន​ដឹង​ថា នឹង​មាន​រឿង​អ្វី​កើត​ឡើង នៅ​ពេល​ដែល​គាត់ និង​កូន​ស្រី​របស់​គាត់​អាយុ​៦ឆ្នាំ ឡើង​ជិះ​កប៉ាល់​ទីតានិច។ ប៉ុន្តែ គាត់​គ្រាន់​តែ​ដឹង​ថា : គាត់​ស្រឡាញ់​ព្រះ​យេស៊ូវ ហើយ​មាន​ចិត្ត​ឆេះ​ឆួល​ចង់​ឲ្យ​អ្នក​ដទៃស្គាល់​ព្រះ​អង្គ​ផង​ដែរ។ បន្ទាប់​ពី​កប៉ាល់​ទីតានិច​បុក​ផ្ទាំង​ទឹកកក​ភ្លាម ទឹក​ក៏​បាន​លិច​ចូល​ខាង​ក្នុង។ បុរស​ពោះ​ម៉ាយ ហាភ័រ ក៏បាន​ដាក់​កូន​ស្រី​តូច​របស់​គាត់ ក្នុង​ទូក​សង្រ្គោះ រួច​ចូល​ទៅ​ក្នុង​ភាព​ជ្រួល​ច្របល់ នៅ​លើ​កប៉ាល់​នោះ ដើម្បី​ជួយ​សង្រ្គោះ​ជីវិតមនុស្ស​ឲ្យ​បាន​ច្រើន​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ខណៈ​ពេល​ដែល​គាត់​កំពុង​ចែក​អាវ​សុវត្ថិ​ភាព គាត់​បាន​ស្រែក​ឡើង​ថា “​ស្រ្តី និង​ក្មេង​ៗ និង​អ្នក​ដែល​មិន​ទាន់​បាន​សង្រ្គោះ សូម​ចូល​ទៅ​ក្នុង​ទូក​សង្រ្គោះ​មុនគេ”។ រហូត​ដល់​ដង្ហើម​ចុង​ក្រោយ លោកហាភ័រ​បាន​ចែក​ចាយ​អំពី​ព្រះ​យេស៊ូវ ដល់​នរណា​ក៏​ដោយ ដែល​នៅ​ក្បែរ​គាត់។ គាត់​បាន​ស្ម័គ្រ​ចិត្ត​លះ​បង់​ជីវិត ដើម្បី​ឲ្យ​អ្នកដទៃ​អាច​មាន​ជីវិត​រស់។​

មាន​ព្រះ​មួយ​អង្គ ដែល​បាន​លះ​បង់​ព្រះ​ជន្ម ដោយ​ស្ម័គ្រ​ព្រះ​ទ័យ កាល​ពី​ជាង​២​ពាន់​ឆ្នាំ​មុន ដើម្បី​ឲ្យ​ខ្ញុំ​ និង​អ្នក​អាច​រស់​នៅ មិនគ្រាន់​តែ​នៅ​ក្នុង​ជីវិត​នេះ តែ​នៅ​ក្នុង​ជីវិត​អស់​កល្ប​ផង​ដែរ។ ការជួយសង្រ្គោះមនុស្សជាតិ​ គឺជាបេសកកម្មប្រចំាព្រះជន្មរបស់ព្រះអង្គ។​ មាន​ពេល​មួយ​នោះ ពេល​ដែល​ព្រះ​អង្គ​កំពុង​មាន​បន្ទូល​ជា​មួយ​អ្នក​ដឹក​នាំ​សាសនា ព្រះ​អង្គ​បាន​មាន​បន្ទូល​ម្តងហើយ​ម្តង​ទៀត​ថា ព្រះ​អង្គ​បាន​ស៊ូ​លះ​បង់​ព្រះ​ជន្ម​ព្រះ​អង្គ​(យ៉ូហាន ១០:១១,១៥,១៧,១៨)។ ព្រះ​អង្គ​មិន​គ្រាន់​តែ​បាន​មានបន្ទូល​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ធ្វើ​តាម​បន្ទូល​ព្រះ​អង្គ ដោយ​បាន​សុគត​យ៉ាង​វេទនា នៅ​លើ​ឈើ​ឆ្កាង។ ព្រះ​អង្គ​បាន​យាង​មក ដើម្បី​ឲ្យ​មនុស្ស​ទំាង​អស់​មាន​ជីវិត ហើយ​ឲ្យ​ជីវិត​នោះ​ពេញ​បរិបូរ​ផង​(ខ.១០)។-Estera Pirosca Escobar

ការមានទំនុកចិត្តខុស

ពីរ​បី​ឆ្នាំ​មុន គ្រូ​ពេទ្យ​បាន​និយាយ​អំ​ពី​បញ្ហា​សុខ​ភាព​របស់​ខ្ញុំ យ៉ាង​ម៉ឺងម៉ាត់។ ខ្ញុំ​ក៏​បាន​ចង​ចំា​ពាក្យ​សម្តី​របស់​គាត់ ហើយ​ក៏​បាន​ចាប់​ផ្តើម​ទៅ​កន្លែង​ហាត់​ប្រាណ ហើយ​ផ្លាស់​ប្តូរ​របប​អាហារ​របស់​ខ្ញុំ។ មួយ​រយៈ​ក្រោយ​មក ជាតិ​ខ្លាញ់​របស់​ខ្ញុំ​បាន​ថយ​ចុះ ហើយ​ខ្ញុំ​ក៏​ស្រក​ទម្ងន់ ហើយ​មាន​ជំនឿ​ចិត្ត​កាន់​តែ​ខ្លាំង។ ប៉ុន្តែ បន្ទាប់​មក មាន​រឿង​ដែល​មិន​សូវ​ល្អ​កើត​ឡើង ដោយ​ខ្ញុំ​ចាប់​ផ្តើមកត់​សម្គាល់ អំពី​របប​អាហារ​របស់​អ្នក​ដទៃ ហើយ​ក៏​បាន​ចាប់​ផ្តើម​វិនិច្ឆ័យ​ពួក​គេ។ តើ​វា​មិន​គួរ​ឲ្យ​អស់​សំណើចទេ​ឬ​ នៅ​ពេលដែល​យើង​រក​ឃើញ​ប្រព័ន្ធ​នៃ​ការ​ដាក់​ពិន្ទុ ​ហើយ​ក៏​បាន​ប្រើ​វា ដើម្បី​លើក​ដំកើង​ខ្លួន​ឯង ហើយ​​បន្ទាប​អ្នក​ដទៃ​។ មនុស្សយើង​ហាក់​ដូច​ជា​មាន​សភាវ​គតិ ដែល​ចូល​ចិត្ត​បង្កើត​ស្តង់​ដារ​ដោយ​ខ្លួន​ឯង ដើម្បី​កាត់​សេចក្តី​ថា ខ្លួន​ឯង​ជា​មនុស្ស​ត្រឹម​ត្រូវ។

សាវ័ក​ប៉ុល​បាន​ដាស់​តឿន​ពួក​ជំនុំ​នៅ​ក្រុង​ភីលីព មិន​ឲ្យ​ប្រព្រឹត្ត​យ៉ាង​ដូច​នេះ​ឡើយ។ អ្នក​ខ្លះ​បាន​ទុក​ចិត្ត​លើ​ការ​ប្រព្រឹត្ត​ល្អតាម​សាសនា ឬ​ប្រពៃណី​វប្ប​ធម៌ ហើយ​សាវ័ក​ប៉ុល​ក៏​បាន​ប្រាប់​ពួក​គេ​ថា បើ​ត្រូវ​អួត នោះ​គាត់​មាន​ហេតុ​ផល​ដែល​ត្រូវ​អួតច្រើន​ជាង​ពួក​គេ​ទៅ​ទៀត។ គាត់​ថា “បើ​មាន​អ្នក​ណា​ទៀត​ស្មាន​ថា ខ្លួន​ទុក​ចិត្ត​ខាង​សាច់​ឈាម​បាន នោះ​ខ្ញុំ​ក៏​លើស​ទៅ​ទៀត”(៣:៤)។ តែ​គាត់​ដឹង​ថា សាវតា និង​ការ​ប្រព្រឹត្ត​ល្អ​របស់​គាត់ គឺ​សុទ្ធ​តែ​ជា “សំរាម” បើ​ធៀប​នឹង “ការ​ស្គាល់​ព្រះ​គ្រីស្ទ”(ខ.៨)។ មាន​តែ​ព្រះ​យេស៊ូវ​ទេ ដែល​ស្រឡាញ់​យើង ដោយ​មិន​ប្រកាន់​ថា យើង​ជា​នរណា ហើយ​ក៏​បាន​សង្រ្គោះ និង​ប្រទាន​យើង​ នូវអំណាច ដើម្បី​ផ្លាស់​ប្រែ ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ល្អ​ដូច​ព្រះ​អង្គ។ យើង​មិន​ពឹង​អាង​កម្លាំង​ខ្លួន​ឯង ឬ​ខំ​សន្សំ​ពិន្ទុដែល​គ្មានប្រយោជន៍​ទៀត​ឡើយ។​

អំណួត​គឺ​ជា​អំពើ​បាប តែ​ការ​អួត ដោយ​ផ្អែក​ទៅ​លើ​ការ​មាន​ទំនុក​ចិត្ត​ខុស នឹង​នាំ​មក​នូវ​រឿង​ដ៏​សោក​សៅ។ ដំណឹង​ល្អ​បានត្រាស់​ហៅ​យើង ឲ្យ​ងាក​ចេញ​ពី​ការ​មាន​ទំនុក​ចិត្ត​ខុស…

លើសពីសមត្ថភាពរបស់យើង

ដើមសេដា​នៅ​រដ្ឋអាឡាស្កា បាន​យោល​យោក​ពី​ម្ខាង​ទៅ​ម្ខាង ដោយ​សារ​កម្លាំង​ខ្យល់​ខ្លាំង ក្នុង​ពេល​មាន​ព្យុះ។ អ្នក​ស្រី​រេជី(Regie) ស្រឡាញ់​ដើម​សេដា​មួយ​ដើម​នោះណាស់ ដោយសារ​វា​មិន​គ្រាន់​តែ​បាន​ផ្តល់​ម្លប់ ក្នុង​រដូវ​ក្តៅ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ជួយ​ឲ្យ​ក្រុម​គ្រួសារ​នាង​អាច​រស់​នៅ​ដាច់​ពី​គេ​ផង​ដែរ។ នៅ​ថ្ងៃ​នោះ​ ខ្យល់​ព្យុះ​ដ៏​កាច​សាហាវ កំពុង​តែ​រំលើង​ឫសរបស់​វា។ អ្នក​ស្រី​រេជី និង​កូន​ប្រុស​របស់​គាត់​អាយុ​១៥​ឆ្នាំ ក៏​បាន​រត់​ទៅ​ជួយ​សង្រ្គោះ​វា។ អ្នក​ទាំង​ពីរ​ក៏​បាន​យក​ឈើ​ទល់​វា កុំឲ្យ​ដួល ប៉ុន្តែ ពួក​គេ​មិន​មាន​ភាព​រឹង​មាំ​ល្មម​នឹង​អាច​ជួយ​វា​បាន​ទេ។​​

ព្រះ​អម្ចាស់ គឺ​ជា​កម្លាំង​របស់​ស្តេច​ដាវីឌ ពេល​ដែល​ស្តេច​អង្គ​នេះ​ស្រែក​អំពាវ​រក​ព្រះ​អង្គ នៅ​ក្នុង​ខ្យល់​ព្យុះ​មួយ​ប្រភេទ​ទៀត(ទំនុកដំកើង ២៨:៨)។ ទ្រង់​ប្រហែល​ជា​បាន​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ ក្នុង​អំឡុង​ពេល​ដែល​ជីវិត​ទ្រង់​មាន​ការ​ធ្លាក់​ចុះយ៉ាង​ខ្លាំង។ បុត្រា​ទ្រង់​បាន​បះ​បោរ​នឹង​ទ្រង់ ដើម្បី​ដណ្តើម​រាជ្យ​(២សាំយ៉ូអែល ១៥)។ កាល​នោះ ​ទ្រង់​មាន​អារម្មណ៍​ថា ងាយនឹង​រង​គ្រោះ ហើយ​ខ្សោយ​យ៉ាង​ខ្លាំង បាន​ជា​ទ្រង់​ភ័យ​ខ្លាច​ព្រះ​អម្ចាស់​នៅ​តែ​ស្ងាត់​ស្ងៀម ហើយ​ទ្រង់​ក៏​ខ្លាច​សេចក្តី​ស្លាប់​(ទំនុកដំកើង ២៨:១)។

ទ្រង់​ក៏​បាន​ទូល​ដល់​ព្រះ​ថា “សូម​ស្តាប់​សំឡេង​ដែល​ទូលបង្គំ​ទូលអង្វរ ក្នុង​កាល ដែល​ទូលបង្គំ​អំពាវនាវ​ដល់​ទ្រង់”(ខ.២)។ ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​កម្លាំង​ដល់​ស្តេច​ដាវីឌ ដើម្បី​ឲ្យ​ទ្រង់​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ទោះ​ការ​បាក់​បែក​រវាង​ទ្រង់ និង​បុត្រា​ទ្រង់​មិន​បាន​ផ្សៈ​ផ្សា​ក៏​ដោយ។​

យើង​ពិត​ជា​ចង់​ការពារ​មិន​ឲ្យ​មាន​រឿង​អាក្រក់​កើត​ឡើង! ប៉ុន្តែ​ ជា​ញឹក​ញាប់ យើង​មិន​អាច​ធ្វើ​បាន​ឡើយ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ក្នុង​សេចក្តី​កម្សោយ​របស់​យើង ព្រះ​ទ្រង់​ក៏​បាន​សន្យា​ថា យើង​អាច​អំពាវ​នាវ​រក​ព្រះ​អង្គ សូម​ព្រះ​អង្គ​ធ្វើ​ជា​ថ្ម​ដា​របស់​យើង បាន​គ្រប់​ពេល​វេលា​(ខ.១-២)។ ពេល​ណា​យើង​គ្មាន​កម្លាំង​ នោះ​ព្រះ​អង្គ​ធ្វើ​ជា​អ្នក​គង្វាល​របស់​យើង ហើយ​នឹង​បី​យើងជា​រៀង​រហូត(ខ.៨-៩)។-Anne Cetas

ស្បែកជើងដែលគេឲ្យខ្ចី

ហ្គេប(Gabe)​គឺ​ជា​សិស្ស​ដែល​ជិត​បញ្ចប់​ថ្នាក់​វិទ្យាល័យ។ គាត់​បាន​ភាស​ខ្លួន​ចេញ​ពី​ផ្ទះ​របស់​គាត់ យ៉ាង​វក់​វី ក្នុង​អំឡុង​ពេលភ្លើង​ឆេះ​ព្រៃ នៅ​ឆ្នាំ ២០១៨ ជា​ហេតុ​បណ្តាល​ឲ្យ​គាត់ ខក​ខាន​មិន​បាន​ចូល​រួម​ការ​រត់​ប្រណាំង ក្នុង​ទី​ជន​បទ ក្នុង​រដ្ឋ​របស់​គាត់់ ដែល​គាត់​បាន​ហ្វឹក​ហាត់​ជា​យូរ​ឆ្នំា ដើម្បី​ចូល​ប្រកួត។ ដោយ​សារ​ការ​ខក​ខាន​នេះ គាត់​មិន​មាន​ឱកាស​ចូល​រួម​ការ​ប្រកួត​ប្រចាំរដ្ឋ ដែល​ជា​ព្រឹត្តិ​ការណ៍​សំខាន់​បំផុត នៅ​ក្នុង​អាជីព​ជា​កីឡាករ​រត់​ប្រណាំង ដែល​មាន​រយៈ​ពេល​៤​ឆ្នាំ​កន្លង​មក​នេះ។ ដោយឃើញ​ស្ថាន​ភាព​គាត់​ដូច​នេះ ក្រុម​ប្រឹក្សា​កីឡាករ​ប្រចំា​រដ្ឋ ក៏​ផ្តល់​ឱកាស​ទីពីរ​ដល់​គាត់ ដែល​ក្នុង​នោះ គាត់​ត្រូវ​រត់​ក្នុង​ថេរវេលា ដែល​គេ​បាន​កំណត់ នៅ​លើ​កំណាត់​ផ្លូវ​រត់​ប្រណាំង​របស់​សាលា​ដែល​ជា​គូ​ប្រកួត ដោយ​ពាក់​ស្បែក​ជើង “សម្រាប់​ដើរ” ព្រោះស្បែក​ជើង​សម្រាប់​រត់​របស់​គាត់ ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ នៅ​ក្នុង​ផ្ទះ​របស់​គាត់​។​

ពេល​ដែល​គាត់​បង្ហាញ​ខ្លួន នៅ​ក្នុង​ការ​ប្រកួត គាត់​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​គូ​ប្រកួត​របស់​គាត់ ដែល​បាន​ឲ្យ​គាត់​ខ្ចី​ស្បែក​ជើងកីឡា​ពាក់ ហើយ​ក៏​បាន​រត់​ទន្ទឹម​គាត់ ធ្វើ​យ៉ាង​ណា​ឲ្យ​គាត់​អាច​រត់​បាន​ក្នុង​ថេរវេលា ដែល​រដ្ឋ​បាន​តម្រូវ។​

គូ​ប្រកួត​របស់​គាត់ គ្មាន​កាតព្វ​កិច្ច​អ្វី​ត្រូវ​ជួយ​គាត់​នោះ​ទេ។ តាម​ធម្មតា មនុស្ស​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន តាម​និស្ស័យ​សាច់​ឈាម​របស់​ពួក​គេ​(កាឡាទី ៥:១៣) ដើម្បី​អាច​មាន​ឱកាស​ឈ្នះ​កាន់​តែ​ច្រើន។ ប៉ុន្តែ សាវ័ក​ប៉ុល​បាន​ជំរុញ​យើង ឲ្យ​បង្ហាញ​ចេញ​នូវ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ ក្នុង​ជីវិត​យើង ដើម្បី​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ក្តី​ស្រឡាញ់ និង​បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុរស និង​សេចក្តី​ល្អ​(ខ.១៣,២២)។ ពេល​ណា​យើង​ពឹង​ផ្អែក​លើ​ជំនួយ​ពី​ព្រះ​វិញ្ញាណ ជា​ជាង​ធ្វើ​តាម​សភាវគតិ​របស់​យើង នោះ​យើង​នឹង​កាន់​តែ​មាន​លទ្ធភាព​ស្រឡាញ់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង។​-Kirsten Holmberg

ឧបស័គ្គដែលមិនអាចឆ្លងកាត់បាន

ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​យុវ​ជន ខ្ញុំ​បាន​រៀប​ចំ​ការ​ធ្វើ​ដំណើរ​របស់​សិស្ស​ ទៅ​ធ្វើ​កម្ម​សិក្សា នៅ​ទីលាន​ឆ្លង​កាត់​ឧបសគ្គ។ យើងបាន​ណែនាំ​សិស្ស​ទាំង​ឡាយ​ឲ្យ​ពាក់​គ្រឿង​សុវត្ថិភាព ដើម្បី​ឡើង​ជញ្ជាំង​ដែល​មាន​កម្ពស់​ជិត​៣​ម៉ែត្រ។ អ្នក​ដែល​បាន​ឡើងមុន​គេ ក៏​បាន​លើក​ទឹក​ចិត្ត​អ្នក​ឡើង​ក្រោយ​ៗ ឲ្យ​ទុក​ចិត្ត​លើ​ខ្សែ​ពួរ​សុវត្ថិ​ភាព ហើយ​បន្ត​ឡើង​ទៅ​លើ​ទៀត ដោយ​មិន​មើលក្រោម។ ក្នុង​ចំណោម​សិស្ស​របស់​យើង មាន​សិស្ស​ម្នាក់​បាន​សម្លឹង​មើល​ជញ្ជាំង​ដែល​ជា​ឧបស័គ្គ​នោះ ខណៈ​ពេល​ដែល​យើងបំពាក់​ខ្សែ​ក្រវ៉ាត់​ជុំវិញ​ចង្កេះ​របស់​គាត់។ នាង​ក៏​បាន​និយាយ​ថា នាង​មិន​អាច​ឡើង​ជញ្ជាំង​នោះ​បាន​ទេ។ យើង​ក៏​បាន​បញ្ជាក់ថា ខ្សែ​ពួរ​នោះ​រឹង​មាំ​ណាស់ ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​នាង និង​ស្រែក​អប​អរ​ ​ ពេល​ដែល​នាង​ឡើង​ជញ្ជំាង ហើយ​បោះ​ជំហានឡើង​ទៅ​ដល់​កំពូល​ខាង​លើ។

ពេល​ណា​យើង​ប្រឈម​មុខ​ដាក់​បញ្ហា ដែល​ហាក់​ដូច​ជា​មិន​អាច​ជម្នះ ការ​ភ័យ​ខ្លាច និង​ការ​ខ្វះ​ជំនឿ ​អាច​នាំ​ឲ្យ​យើង​មាន​ការសង្ស័យ។ ប៉ុន្តែ ការធានា អំពី​ព្រះ​ចេស្តា សេចក្តី​ល្អ និង​សេចក្តី​ស្មោះ​ត្រង់ ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះ បង្កើត​ឲ្យ​មាន​ទំនុកចិត្ត​ដ៏​រឹង​មាំ។ ទំនុក​ចិត្ត​នេះ​ក៏​បាន​ជំរុញ​ពួក​បរិសុទ្ធ​នៅ​គ្រា​សញ្ញា​ចាស់ ឲ្យ​មាន​ចិត្ត​ក្លាហាន ដោយ​បង្ហាញ​ថា ការ​មាន​ជំនឿ នោះគឺ​ប្រសើរ​ជាង​ការ​ត្រូវ​ការ​ដឹង​ផែន​ការ​លម្អិត​របស់​ព្រះ​(ហេព្រើរ ១១:១-១៣,៣៩)។ យើង​អាច​ផ្លាស់​ប្តូរ​របៀប​ដែល​យើងប្រឈម​មុខ​ដាក់​បញ្ហា​របស់​យើង ដោយ​ផ្លាស់​ប្តូរ​ទស្សនៈ​ដែល​យើង​មាន ចំពោះ​កាលៈ​ទេសៈ​របស់​យើង ឲ្យ​ស្រប​តាម​បំណងព្រះ​ទ័យ​ព្រះ ដោយ​ដឹង​ថា​បញ្ហា​របស់​យើង មិន​ស្ថិត​ស្ថេរ​ឡើយ​(ខ.១៣-១៦)។

ការ​ផ្តោត​ទៅ​លើ​ផ្លូវ​ដ៏​ពិបាក និង​ចោទ ក្នុង​ជីវិត​យើង អាច​រារាំង​មិន​ឲ្យ​យើង​ជឿថា​ ព្រះ​នឹង​នាំ​យើង​ឆ្លង​កាត់​ដោយ​ជោគ​ជ័យ។ ប៉ុន្តែ ពេល​ណា​យើង​ដឹង​ថា ព្រះ​អង្គ​គង់​នៅ​ជា​មួយ​យើង យើង​អាច​ជម្នះ​ភាព​មិន​ច្បាស់​លាស់​របស់​យើង ដោយ​ជំនឿ ខណៈពេល​ដែល​យើង​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ជួយ​យើង​ជម្នះ​ឧប​ស័គ្គ ដែល​កាល​ពី​មុន…

អាចស៊ូទ្រាំនៅក្នុងភ្លើង

ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​អ៊ែនឌីឡា ប្រទេស​អេស្ប៉ាញ បាន​បំផ្លិច​បំផ្លាញ​ព្រៃ​ឈើ អស់​ជិត​២​ម៉ឺន​ហិចតា។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្នុង​ពេល​នៃ​វិនាស​កម្ម​នោះ  ដើម​សាយ​ប្រេស​មួយ​ក្រុម ជិត​១​ពាន់​ដើម នៅ​តែ​បន្ត​ឈ​នៅ​ក្នុង​ព្រៃ ដោយ​មាន​ស្លឹក​បៃ​តងស្រស់​។​ ដោយសារ​ដើម​ឈើ​ប្រភេទ​នេះ​មាន​សមត្ថ​ភាព​រក្សា​ទុក​ជាតិ​ទឹក​បាន​ល្អ នោះ​ពួក​វា​អាច​ស៊ូទ្រាំ​នឹង​ភ្លើង​ឆេះ​ព្រៃ ដោយ​សុវត្ថិ​ភាព។​

ក្នុង​អំឡុង​ពេល​ដែល​ស្តេច​នេប៊ូក្នេសា គ្រប់​គ្រង​ចក្រ​ភព​បាប៊ីឡូន បុរស​មួយ​ក្រុម​តូច ដែល​ជា​មិត្ត​សំឡាញ់​នឹង​គ្នា បាន​រួច​ជីវិត ​នៅ​ក្នុង​គុក​ភ្លើង​នៃ​សេចក្តី​ក្រោធ​របស់​ស្តេច​អង្គ​នេះ។ បុរស​មួយ​ក្រុម​នោះ មាន​ដូច​ជា លោក​សាដ្រាក់ លោក​មែសាក់ និងលោក​អ័បេឌ-នេកោ។ ពួក​គេ​បាន​បដិសេធ​មិន​ព្រម​ថ្វាយ​បង្គំ​រូប​ព្រះ ដែល​ស្តេច​នេប៊ូក្នេសា​បាន​សាង​សង់ ហើយ​ក៏​បាន​ទូលទ្រង់​ថា “ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​ប្រតិបត្តិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន​ហើយ បពិត្រ​ព្រះករុណា ព្រះអង្គ​នោះ​ក៏​នឹង​ជួយ​ឲ្យ​យើង​រួច​ពី​ព្រះហស្ត​ទ្រង់​ដែរ”(ដានីយ៉ែល ៣:១៧)។​ ស្តេច​ក៏​បាន​ខ្ញាល់​កាន់​តែ​ខ្លាំង ហើយ​ក៏​បាន​ឲ្យ​គេ​ដាក់​ភ្លើង​កាន់​តែ​ក្តៅ​ជាង​មុន​៧​ដង​(ខ.១៩)។

ពួក​ទាហាន​ដែល​បាន​អនុវត្ត​តាម​រាជ​បញ្ជា​ស្តេច ដោយ​បោះ​ពួក​គេ​ចូល​ទៅ​ក្នុង​ភ្លើង ត្រូវ​ភ្លើង​ឆេះ​ស្លាប់ តែ​អ្នក​ដែល​បាន​ឃើញហេតុការណ៍​នោះ ក៏​បាន​មើល​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អ័បេឌ-នេកោ ដើរ​ក្នុង​ភ្លើង “ឥត​មាន​ជាប់​ចំណង ដោយ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ”។ គេ​ក៏​បាន​ឃើញ​ បុគ្គលទី​បួន នៅ​ក្នុង​គុក​ភ្លើង​ជា​មួយ​អ្នក​ទំាង​បី ដែល​មាន​សណ្ឋាន​ដូច “កូន​ព្រះ”(ខ.២៥)។ អ្នក​ប្រាជ្ញ​ព្រះ​គម្ពីរ​ជា​ច្រើន​ជឿ​ថា ហេតុការណ៍​នោះ គឺ​ជាការ​បង្ហាញ​ព្រះ​កាយ​របស់​ព្រះ​យេស៊ូវ មុន​ពេល​ព្រះ​អង្គ​ប្រសូត្រ។​

ព្រះ​យេស៊ូវ​ក៏​គង់​នៅ​ជា​មួយ​យើង​ផង​ដែរ ពេល​ណា​យើង​ជួប​ការ​គំរាម​កំហែង និង​ទុក្ខ​លំបាក។ ពេល​ណា​យើង​ជួប​ការ​បង្ខិតបង្ខំ នោះ​យើង​មិន​ត្រូវ​មាន​ការ​ភ័យ​ខ្លាច​ឡើយ។…

ពេលណាព្រះទ្រង់មានបន្ទូល

អ្នក​ស្រីលីលី(Lily) ជា​អ្នក​បក​ប្រែ​ព្រះ​គម្ពីរ។ មាន​ពេល​មួយ​ គាត់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មួយ ហើយ​ក៏​ត្រូវ​គេ​ឃុំ​ខ្លួន​នៅក្នុង​អាកាស​យាន្ត​ដ្ឋាន។ ពួក​មន្រ្តី​នៅ​អាកាស​យាន្ដ​ដ្ឋាន​ក៏​បាន​ឆែក​មើល​ទូរស័ព្ទ​គាត់ ហើយ​ពេល​ដែល​ពួក​គេ​រក​ឃើញ​ព្រះ​គម្ពីរសញ្ញា​ថ្មី​ជា​សម្លេង នៅ​ក្នុង​ទូរស័ព្ទ​របស់​គាត់ ពួក​គេ​ក៏​បាន​ដក​ហូត​ទូរស័ព្ទ​នោះ ហើយ​ក៏​បាន​សួរ​ចម្លើយ​គាត់​ អស់​រយៈ​ពេល​២​ម៉ោង។ នៅ​ពេល​មួយ​នោះ ពួក​គេ​ក៏​បាន​ប្រាប់​គាត់​ឲ្យ​បើក​កម្ម​វិធី​ក្នុង​ទូរស័ព្ទ​នោះ ហើយ​ក៏​បាន​ប៉ះ​ចំ​បទគម្ពីរ ម៉ាថាយ ៧:១-២ ដែលបានចែងថា “កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​គេ​ផង”។ ទឹក​មុខ​របស់​ពួកមន្រ្តី​ម្នាក់​បាន​ប្រែ​ជា​ស្លេក​ស្លាំង ពេល​ដែល​គាត់​បាន​ឮ​សម្លេង​អាន​ខគម្ពីរ​នេះ​ជា​ភាសា​ខ្លួន។ ក្រោយ​មក គេ​ក៏​បាន​ដោះ​លែងគាត់​ឲ្យ​មាន​សេរីភាព ដោយ​មិន​មាន​ការ​ចាត់​វិធាន​ការ​អ្វី​ទៀត​ដែរ​។

យើង​មិន​ដឹង​ថា មាន​អ្វី​កំពុង​តែ​កើត​ឡើង ក្នុង​ចិត្ត​របស់​មន្រ្តី​ម្នាក់​នោះ នៅ​អាកាស​យាន្ត​ដ្ឋាន​នោះ​ឡើយ តែ​យើង​ដឹង​ថា “ព្រះបន្ទូល​ដែល​ចេញ​ពី​ព្រះ​ឱស​ព្រះ” នឹង​សម្រេច​តាម​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ​(អេសាយ ៥៥:១១)។ លោក​អេសាយ​បាន​ថ្លែងទំនាយ នៃ​ក្តី​សង្ឃឹម ដល់​រាស្រ្ត​របស់​ព្រះ ដែល​កំពុង​ស្ថិត​ក្នុង​ការ​និរទេស ដោយ​ធានា​ពួក​គេ​ថា ​ដែល​ភ្លៀង និង​ហិមៈ​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ ​ស្រោច​ដី​ធ្វើ​ឲ្យ​កើត​ចេញ​ជា​ពន្លក​ឡើង ហើយ​ក៏​ឲ្យ​ពូជ​ពង្រោះ​ដល់​អ្នក​ដែល​ព្រោះ និង​អាហារ​ដល់​អ្នក​ដែល​បរិភោគ​ជា​យ៉ាង​ណា នោះ​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស​ព្រះ​អង្គ ក៏​នឹង​សម្រេច​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ​ផង​ដែរ(ខ.១០-១១)។

យើង​អាច​អាន​ខគម្ពីរ​នេះ ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង។ ពេល​ណា​យើង​ប្រឈម​មុខ​ដាក់​ស្ថាន​ភាព ដែល​មិន​អំណោយ​ផលល្អ ដូច​អ្នក​ស្រី​លីលី នៅ​អាកាស​យាន្ត​ដ្ឋាន នោះ​យើង​អាច​ទុក​ចិត្ត​ថា ព្រះ​ជា​ម្ចាស់​កំពុង​តែ​ធ្វើ​ការ សូម្បី​តែ​នៅ​ពេល​ដែល​យើងមិន​ឃើញ​លទ្ធ​ផល​ចុង​ក្រោយ​ក៏​ដោយ​។-Amy Boucher Pye

ផ្លូវដ៏វែងឆ្ងាយ

ខណៈ​ពេល​ដែល​មិត្ត​រួម​ការងារ​របស់​លោក​បេនយ៉ាមីន(Benjamin) បាន​ឡើង​តំណែង​ជា​បន្ត​បន្ទាប់ គាត់​ក៏​កើត​មាន​ចិត្ត​ច្រណែន​បន្តិច​បន្តួច។ មិត្ត​ភក្តិ​គាត់​ក៏​បាន​សួរ​គាត់​ថា “ហេតុ​អ្វី​ឯង​នៅ​តែមិន​ទាន់​បាន​ឡើង​តំណែង​ជា​អ្នក​គ្រប់​គ្រង? ឯង​សម​នឹង​តួនាទី​នេះ​ណាស់”។ ប៉ុន្តែ លោក​ប៊ែន​ក៏​បាន​សម្រេច​ចិត្ត​ថ្វាយ​អាជីព​របស់​គាត់ ដាច់​ដល់​ព្រះ។​​ បាន​ជា​គាត់​ឆ្លើយ​តប​ថា “បើនេះជា​ផែន​ការ​របស់​ព្រះ នោះ​ខ្ញុំ​នឹង​បន្តធ្វើ​ការងារ ដែល​ខ្ញុំ​មាន​សព្វ​ថ្ងៃ ឲ្យ​បាន​ល្អ”។​

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក លោក​ប៊ែន​ក៏​បាន​ឡើង​តំណែង។ នៅ​ពេល​នោះ បទ​ពិសោធន៍​ដែល​គាត់​មាន​ជា​បន្ថែម​ទៀត បាន​ជួយ​ឲ្យគាត់​ធ្វើ​ការងារ ដោយ​មាន​ទំនុក​ចិត្ត ហើយ​ក៏​បាន​ទទួល​ការ​គោរព​ពី​អ្នក​ក្រោម​បង្គាប់​គាត់​ផង​ដែរ។ ទន្ទឹម​នឹង​នោះ មិត្ត​រួម​ការងារ​របស់​គាត់ នៅ​តែ​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​បំពេញ​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​គ្រប់​គ្រង ដោយ​សារ​ពួក​គេ​បាន​ឡើងតំណែង មុន​ពេល​ដែល​ពួក​គេ​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់។ លោក​ប៊ែន​ក៏​បាន​ដឹង​ថា ព្រះ​ទ្រង់​បាន​នាំ​គាត់ “ទៅ​តាម​ផ្លូវ​វាង” ដើម្បី​ឲ្យ​គាត់​បាន​ត្រៀម​ខ្លួន​សម្រាប់​មុខ​នាទី​នេះ។​

ពេល​ដែល​ព្រះ​ទ្រង់​ដឹក​នាំ​ពួក​អ៊ីស្រាអែល ចេញ​ពី​នគរ​អេស៊ីព្ទ(និក្ខមនំ ១៣:១៧-១៨) ទ្រង់​បាន​ជ្រើស​រើស​យក​ផ្លូវ​វាង ព្រោះ “ផ្លូវ​កាត់” តាម​ទឹក​ដី​កាណាន មាន​ពេញ​ទៅ​ដោយ​គ្រោះ​ថ្នាក់ ដែល​ពួក​គេ​មិន​ទាន់​អាច​ប្រឈម​មុខ។ ការ​ធ្វើ​ដំណើរ ក្នុង​ផ្លូវដែល​ឆ្ងាយ​ជាង ក្នុង​វាល​រហោស្ថាន បាន​នាំ​ឲ្យ​ពួក​គេ​មាន​ពេល​កាន់​តែ​ច្រើន ដើម្បី​ឲ្យ​មាន​ភាព​រឹង​មាំ ផ្នែក​រូប​កាយ ផ្លូវ​ចិត្ត និងផ្លូវ​វិញ្ញាណ សម្រាប់​សឹក​សង្រ្គាម​ដែល​នឹង​កើត​ឡើង​ជា​បន្ត​បន្ទាប់។​

ផ្លូវ​កាត់​មិន​តែង​តែ​ល្អ​ជាង​គេ​នោះ​ឡើយ។ ជួន​កាល​ ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង ក្នុង​ជីវិត​យើង​ ទោះ​ក្នុងអាជីព ឬ​កិច្ចការ​ផ្សេង​ទៀត​ក្តី ដើម្បី​ឲ្យ​យើង​បាន​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ជាង​មុន សម្រាប់​ការ​ធ្វើ​ដំណើរ​ខាង​មុខ​ទៀត។ ពេល​ណាអ្វីៗ​ហាក់​ដូច​ជា​មិន​បាន​កើត​ឡើង ឲ្យ​ទាន់​ចិត្ត​យើង នោះ​យើង​អាច​ទុក​ចិត្ត​ព្រះ​ ដែល​ដឹក​នាំ…

ការវិលត្រឡប់មករកព្រះអង្គវិញ

លោក​វលធ័រ ឌីកសិន(Walter Dixon) នឹង​ត្រូវ​ធ្វើ​ដំណើរ​តាម​នាវា ទៅ​ចូល​រួម​ការ​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​ឧប​ទ្វីប​កូរ៉េ។ ប៉ុន្តែ មុន​នឹង​គាត់​ចេញ​ដំណើរ គាត់​នៅ​សល់​ពេល​តែ​៥ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ទៅ​ក្រេប​ទឹក​ឃ្មំ​ជា​មួយ​ភរិយា​គាត់។ ប្រហែល​ជា​ជិត​មួយឆ្នាំ​ក្រោយ​មក ពួក​កង​ទ័ព​ក៏​បាន​រក​ឃើញ​អាវ​ក្រៅ​របស់​លោក​ឌីកសិន ក្នុង​សមរ​ភូមិ ដោយ​មាន​សំបុត្រ​របស់​ភរិយា​គាត់ នៅក្នុង​ហោប៉ៅ។ ពួក​មន្រ្តី​ទាហាន​ក៏​បាន​ឲ្យ​ដំណឹង​ដល់​ភរិយា​គាត់​ថា ស្វាមី​របស់​គាត់​បាន​បាត់​បង់​ជីវិត នៅ​ពេល​បំពេញ​ភារ​កិច្ច​ហើយ។ តាម​ពិត លោក​ឌីក​សិន​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ​ទេ ហើយ​ក៏​បាន​ជាប់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ឈ្លើយ​សឹក​អស់​រយៈពេល​២​ឆ្នាំ​កន្លះ។ រៀង​រាល់​ពេល​ដែល​គាត់​ភ្ញាក់​ដឹង​ខ្លួន គាត់​តែង​តែ​រៀប​គម្រោង​រត់​គេច​មក​ផ្ទះ​វិញ។ គាត់​បាន​លួច​រត់​អស់​៥ដង តែ​គេ​តែង​តែ​ចាប់​ខ្លួន​គាត់​ត្រឡប់​មក​មន្ទីរ​ឃុំឃាំង​វិញ។ ទី​បំផុត គេក៏​បាន​ដោះ​លែង​គាត់។ តើ​អ្នក​ដឹង​ទេ​ថា គេ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ណា ពេល​ដែល​ឃើញ​គាត់​ត្រឡប់​មក​ផ្ទះ​វិញ។​

រាស្រ្ត​របស់​ព្រះ ក៏​ធ្លាប់​ឆ្លង​កាត់​ជីវិត​ជា​ឈ្លើយ​សឹក​ផង​ដែរ ដោយ​ផ្លាស់​ទៅ​រស់​នៅ​តំបន់​ឆ្ងាយ​ៗ ហើយ​ពួក​គេ​ស្រេក​ឃ្លាន​ចង់​ត្រឡប់​មក​ទឹក​ដី​កំណើត​វិញ។ ដោយ​សារ​ពួក​គេ​បាន​បះ​បោរ​ទាស់​នឹង​ព្រះ នោះ​ពួក​គេ​ត្រូវ​បាន​និរទេស​ទៅ​ទឹក​ដី​របស់​សាសន៍​ដទៃ។ ពួក​គេ​ចង់​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ណាស់ ប៉ុន្តែ ពួក​គេ​គ្មាន​វិធី​រំដោះ​ខ្លួន​ឯង​ឡើយ។ តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ទ្រង់​បាន​សន្យា​ថា ព្រះ​អង្គ​មិន​ដែល​ភ្លេច​ពួក​គេ​ឡើយ។ ព្រះ​អង្គ​មាន​បន្ទូល​ថា ព្រះ​អង្គ​នឹង​ស្អាង​ពួក​គេ​ឡើង​វិញ ព្រោះ​ព្រះ​អង្គ​មានព្រះទ័យ​អាណិត​ពួក​គេ​(សាការី ១០:៦)។ ព្រះ​អង្គ​នឹង​បំពេញ​បំណង​ពួក​គេ ដែល​ចង់​វិល​ត្រឡប់​មក​ទឹក​ដី​កំណើត​វិញ មិន​មែនដោយ​សារ​ការ​ស៊ូទ្រាំ​របស់​ពួក​គេ​ឡើយ ប៉ុន្តែ ដោយ​សារ​សេចក្តី​មេត្តា​របស់​ទ្រង់។ ព្រះ​អង្គ​មាន​បន្ទូល​ថា ព្រះ​អង្គ​នឹង​ហួច​ហៅពួក​គេ ហើយ​ពួក​គេ​នឹង​វិល​ត្រឡប់​មក​វិញ(ខ.៨-៩)។

យើង​អាច​មាន​អារម្មណ៍​ពិបាក​ដូច​ពួក​គេ​ផង​ដែរ ដោយ​សារ​ការ​សម្រេច​ចិត្ត​ខុស ឬ​ដោយ​សារ​បញ្ហា​ ដែល​យើង​មិន​អាចគ្រប់​គ្រង​បាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​ទ្រង់​មិន​ដែល​ភ្លេច​យើង​ឡើង។ ព្រះ​អង្គ​ជ្រាប​អំពី​បំណង​ចិត្ត​របស់​យើង…