Month: September 2019

ថ្នាំបន្សាបដែលនៅក្បែរយើងស្រាប់

មាន​ពេល​មួយ​ខ្ញុំ​បាន​ទៅ​លេង​កោះ​បាហាម៉ា។ អ្នក​នាំ​ផ្លូវ​ម្នាក់​បាន​ដឹក​នាំ​ដំណើរ​កម្សាន្ត​នេះ​ នៅ​ក្នុង​ឧទ្យាន​ជាតិ​មួយ។ ពេល​នោះ ​ខ្ញុំ​ក៏​បាន​សរសេរ​ខ្វៀក​នៅ​លើ​សៀវភៅ​កត់​ត្រា ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​ណែនាំ អំពី​រុក្ខជាតិ​ទាំង​ឡាយ ក្នុង​ព្រៃ​បុរាណ​របស់​កោះ​បាហាម៉ា។​ គាត់​បាន​ប្រាប់​យើង អំពី​ដើម​ឈើ​ដែល​យើង​ត្រូវ​ជៀស​វាង។ គាត់​ថា មាន​ដើម​ឈើ​ពិស​មួយ​ប្រភេទ បញ្ចេញ​រុក្ខ​រស់​ពណ៌​ខ្មៅ ដែល​នាំ​ឲ្យ​មាន​កន្ទួល​រមាស់​ដ៏​ឈឺ​ចាប់។ ប៉ុន្តែ កុំ​បារម្ភ​អី! តាម​ធម្មតា គេ​អាច​រក​ឃើញ​ថ្នាំ​បន្សាប​នៅ​ក្បែរ​ដើម​ឈើនោះ។ គាត់​ថា “គេ​ត្រូវ​ជា​សម្បក​ឈើ​ពណ៌​ក្រហម​របស់​ដើម​ជ័រ​ដែល​នៅ​ក្បែរ​នោះ ហើយ​យក​ទឹក​ដម​របស់​វា​មក​ឈ្លី​ពី​លើ​កន្លែង​កន្ទួល​រមាស់​នោះ។​ កន្ទួល​រមាស់​នឹង​បាត់​ភ្លាម”។

ពេល​ឮ​គាត់​និយាយ​ដូច​នេះ ខ្ញុំ​ស្ទើរ​ជ្រុះ​ខ្មៅ​ដៃ​ពី​ដៃ ដោយ​ការ​ភ្ញាក់​ផ្អើល។ ពី​មុន​មក ខ្ញុំ​មិន​ដែល​នឹក​ស្មាន​ថា ខ្ញុំ​អាច​រក​ឃើញ​រឿង​ប្រៀប​ប្រដូច​អំពី​សេចក្តី​សង្រ្គោះ នៅ​ក្នុង​ព្រៃ​ឡើយ។ ប៉ុន្តែ​ ដើម​ជ័រ​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ព្រះ​យេស៊ូវ។ ព្រះ​អង្គ​ជា​ថ្នាំ សម្រាប់​បន្សាប​ជាតិ​ពុល​នៃ​អំពើ​បាប នៅ​គ្រប់​ពេល។ ព្រះ​លោហិត​របស់​ព្រះ​យេស៊ូវ​នាំ​មក​នូវ​ការ​ប្រោស​ឲ្យ​ជា ដូច​សម្បក​ពណ៌​ក្រហម​នៃ​ដើម​ជ័រ​នោះ។

ហោរា​អេសាយ​ដឹង​ថា មនុស្ស​ជាតិ​ត្រូវ​ការ​ការ​ប្រោស​ឲ្យ​ជា។ មនុស្ស​ទាំង​អស់​សុទ្ធ​តែ​មាន​បាប។ កណ្ឌ​គម្ពីរ​អេសាយ​បាន​សន្យា​ថា ការ​ប្រោស​ឲ្យ​ជា​របស់​យើង គឺ​បាន​មក​ពី “មនុស្ស​ទូទុក្ខ” ដែល​បាន​ទទួល​យក​ជម្ងឺ​របស់​យើង​(អេសាយ ៥៣:៣)។ មនុស្ស​ទូទុក្ខ​នោះ គឺ​ជា​អង្គ​ព្រះ​យេស៊ូវ។ យើង​មាន​ជម្ងឺ ប៉ុន្តែ ព្រះយេស៊ូវ​ស្ម័គ្រ​ព្រះទ័យ​ទទួល​យក​ការ​ឈឺ​ចាប់ និង​របួស​ជំនួស​យើង។ ពេល​ណា​យើង​ទទួល​ជឿ​ទ្រង់ យើង​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា​ពី​ជម្ងឺ​នៃ​អំពើ​បាប(ខ.៥)។ យើង​អាច​ចំណាយ​ពេល​មួយ​ជីវិត ដើម្បី​រៀន​រស់​នៅ​ជា​មនុស្ស​ដែល​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា ដោយ​ទទួល​ស្គាល់​ថា យើង​មាន​បាប ហើយ​បដិសេធ​វា ស្រប​តាមអត្ត​សញ្ញាណ​ថ្មី​របស់​យើង ប៉ុន្តែ…

តើខ្ញុំជានរណា?

លោក​ដេវ(Dave) សប្បាយ​នឹង​ការងារ​របស់​គាត់ ប៉ុន្តែ អស់​រយៈ​ពេល​យូរ​មក​ហើយ ដែល​គាត់​មាន​អារម្មណ៍​ថា មាន​អ្វី​មួយ​កំពុង​តែ​ទាញ​គាត់​ទៅ​រក​ការងារ​ផ្សេង។ ពេល​នេះ គាត់​ហៀប​នឹង​សម្រេច​ក្តី​ស្រមៃ​របស់​គាត់ ហើយ​បោះ​ជំហាន​ចូល​ទៅ​ក្នុងការងារ​បេសក​កម្ម។ ប៉ុន្តែ អ្វី​ដែល​ចម្លែក​នោះ គាត់​ចាប់​ផ្តើម​មាន​ការ​សង្ស័យ​យ៉ាង​ខ្លាំង។

គាត់​ក៏​បាន​ប្រាប់​មិត្ត​ភក្តិ​របស់​គាត់​ថា គាត់​មិន​សម​នឹង​ទទួល​ការងារ​នេះ​ទេ។ ក្រុម​ប្រឹក្សា​បេសកកម្ម​មិន​ទាន់​ស្គាល់​ខ្ញុំ​ច្បាស់​ទេ។ ខ្ញុំ​មិន​មាន​លក្ខណៈ​សម្បត្តិ​ល្អ​គ្រប់​គ្រាន់ សម្រាប់​ការងារ​នេះ​ទេ។ មាន​បុគ្គល​ម្នាក់ ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​លោក​ដេវ។ ពេល​យើង​ឮ​ឈ្មោះ​របស់​លោក​ម៉ូសេ យើង​គិត​អំពី​ការ​ដឹក​នាំ និង​ចំណុច​ខ្លាំង​របស់​គាត់ ព្រម​ក្រឹត្យ​វិន័យ​ទាំង​១០​ប្រការ​។ យើងច្រើន​តែ​ភ្លេច​ថា លោក​ម៉ូសេ​បាន​រត់​គេច​ខ្លួន ទៅ​វាល​រហោ​ស្ថាន បន្ទាប់​ពី​គាត់​បាន​សម្លាប់​មនុស្ស​ម្នាក់។ យើង​មើល​រំលង​រយៈ​ពេល​៤០​ឆ្នាំ ដែល​គាត់​រស់​នៅ​ជា​មនុស្ស​ដែល​រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន។ យើង​ក៏​មើល​រំលង​បញ្ហា​កំហឹង​របស់​គាត់ និង​ការ​ដែលគាត់​មាន​ការ​ស្ទាក់​ស្ទើរ​យ៉ាង​ខ្លំាង នៅ​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​ត្រាស​ហៅ​របស់​ព្រះ។

ពេល​ដែល​ព្រះ​ជា​ម្ចាស់​ចេញ​សេចក្តី​បង្គាប់​ជា​បន្ត​បន្ទាប់​សម្រាប់​គាត់​(និក្ខមនំ ៣:១-១០) គាត់​ចេះ​តែ​និយាយ​ថា គាត់​មិន​ល្អគ្រប់​គ្រាន់​សម្រាប់​ការងារ​ទាំង​នោះ។ គាត់​ថែម​ទាំង​បាន​ចូល​ទៅ​ក្នុង​ការ​ប្រកែក​ដ៏​វែង​មួយ ចំពោះ​ព្រះ ដោយ​សួរ​ទ្រង់​ថា “តើ​គាត់​ជា​នរណា?”(ខ.១១)។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏​បាន​ប្រាប់​គាត់​ថា ទ្រង់ ជា​នរណា។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “អញ​ជា​ព្រះ​ដ៏​ជា​ព្រះ”(ខ.១៤)។​ យើង​មិន​មាន​លទ្ធ​ភាព​ដើម្បី​ពន្យល់ អំពី​ព្រះ​នាម​ដ៏​អាថ៌​កំបាំង​នេះ​ឡើយ ព្រោះ​ព្រះ​ដែល​មនុស្ស​មិន​អាច​ពិពណ៌នា​បាន កំពុង​តែ​រៀប​រាប់​អំពី​ព្រះ​វត្ត​មាន​ដ៏​អស់​កល្ប​របស់​ទ្រង់ ដល់​លោក​ម៉ូសេ​ហើយ។

វា​ជា​រឿង​ធម្មតា​ទេ ដែល​យើង​ទទួល​ស្គាល់​ភាព​កម្សោយ​របស់​យើង។ តែ​បើ​យើង​ប្រើ​វា ជា​លេស ដើម្បី​រារាំង​មិន​ឲ្យ​ព្រះ​ប្រើ​យើង គឺ​មាន​ន័យ​ថា យើង​កំពុង​តែ​ប្រមាថ​ទ្រង់​ហើយ។ គឺ​មិន​ខុស​ពី​ការ​និយាយ​ថា ព្រះ​ជា​ម្ចាស់​មិន​ល្អ​គ្រប់​គ្រាន់ ដើម្បី​ប្រើ​យើង​នោះ​ឡើយ។…

ហាក់ដូចជាគ្មានអ្វីប្លែក

ពេល​ខ្ញុំ​គយ​គន់​ទេស​ភាព​ភ្នំ​ទាប​ៗ​ពណ៌​បៃ​តង ក្នុង​ខេត្ត​លែនខាសៀរ នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អង់គ្លេស ខ្ញុំ​ក៏​បាន​សង្កេត​ឃើញ​របង​ថ្ម ដែល​ហ៊ុម​ព័ទ្ធ​សត្វ​ចៀម​មួយ​ចំនួន ដែល​នៅ​រប៉ាត់​រប៉ាយ នៅ​តំបន់​ភ្នំ​ទៀប​ៗ​នោះ។ ពេល​នោះ ពពក​មូល​ៗ​កំពុង​តែរសាត់​នៅ​លើ​ផ្ទៃ​មេឃ​ភ្លឺ​ស្រឡះ ហើយ​ខ្ញុំ​ក៏​បាន​ដក​ដង្ហើម​ចូល​ឲ្យ​បាន​ជ្រៅ ដោយ​ជក់​ចិត្ត​នឹង​ទស្សនីយ​ភាព​នេះ។​ ពេល​ដែល​ខ្ញុំនិយាយ​សរសើរ​ទេស​ភាព​ដ៏​ស្រស់​ស្អាត​នេះ ឲ្យ​ស្រ្តី​ម្នាក់​ស្តាប់ ដែល​គាត់​កំពុង​តែ​ធ្វើ​ការ នៅ​ក្នុង​មជ្ឈ​មណ្ឌល​លំហែរ​កាយ​មួយ ដែល​ខ្ញុំ​កំពុង​តែ​ចូល​សួរ​សុខ​ទុក្ខ គាត់​ក៏​បាន​ប្រាប់ខ្ញុំ​ថា គាត់​មិន​ដែល​កត់​សំគាល់ អំពី​រឿង​នេះ​ទេ គឺ​មាន​តែ​ភ្ញៀវ​ដែល​មក​កន្លែងគាត់​ប៉ុណ្ណោះ ដែល​និយាយ​ប្រាប់​គាត់​ពី​រឿង​នេះ។ ពួក​គាត់​រស់​នៅ​ទីនេះ​អស់​ជា​ច្រើន​ឆ្នាំ​ហើយ ហើយ​ពួក​គាត់​ជា​កសិករ ទេស​ភាព​ដ៏​ស្រស់​ស្អាត​នោះ គ្រាន់​តែ​ជា​ការិយាល័យ​របស់​គាត់​ប៉ុណ្ណោះ។

រឿង​នេះ​បាន​បង្រៀន​ខ្ញុំ​ថា យើង​ងាយ​នឹង​មើល​រំលង​អំណោយ​ដែល​នៅ​ពី​មុខ​យើង ជា​ពិសេស​សម្រស់ ដែល​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​យើង។ យើង​ក៏​ងាយ​នឹង​មើល​រំលេង​ការ​ដ៏​ប្រសើរ ដែល​ព្រះ​ជាម្ចាស់​បាន​ធ្វើ នៅ​ក្នុង និង​នៅ​ជុំវិញ​ខ្លួន​យើង ជា​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ យើង​ដែល​ជា​អ្នក​ជឿ​ព្រះយេស៊ូវ អាច​សូម​ឲ្យ​ព្រះវិញ្ញាណ​ព្រះ បើក​ភ្នែក​ខាង​វិញ្ញាណ​យើង ដើម្បី​ឲ្យ​យើង​អាច​ដឹង​ថា ទ្រង់​កំពុង​តែ​ធ្វើ​ការ​ទ្រង់។ សាវ័ក​ប៉ុល​បាន​សរសេរ​អំពី​រឿង​នេះ ក្នុង​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ក្រុង​អេភេសូរ។ សាវ័ក​ប៉ុល​ចង់ឲ្យ​ព្រះ​ទ្រង់​ប្រទាន​ពួក​គេ នូវ​ប្រាជ្ញា និង​ការ​បើក​សម្តែង ឲ្យ​បាន​ស្គាល់​ទ្រង់​កាន់​តែ​ច្បាស់​(អេភេសូរ ១:១៧)។ គាត់​បានអធិស្ឋាន​សូម​ឲ្យ​ចិត្ត​ពួក​គេ​បាន​ភ្លឺ​ឡើង ដើម្បី​ឲ្យ​ពួក​គេ​បាន​ស្គាល់​សេចក្តី​សង្ឃឹម​របស់​ព្រះ អនាគត​ដែល​ទ្រង់​បាន​សន្យា និងអំណាច​ចេស្តា​ទ្រង់(ខ.១៨-១៩)។

ព្រះវិញ្ញាណ​នៃ​ព្រះ ដែល​ជា​អំណោយ​ដែល​ទ្រង់​ប្រទាន អាច​ធ្វើ​ឲ្យ​យើង​នឹក​ចាំ អំពី​កិច្ចការ​ដែល​ទ្រង់​ធ្វើ​ក្នុង​យើង និង​តាម​រយៈ​យើង។ មាន​ទីកន្លែង​ជា​ច្រើន ដែល​ហាក់​ដូច​ជា​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់ តែ​ដោយសារ​យើង​មាន​ទ្រង់…

រស់នៅ ដោយដឹងថា ព្រះយេស៊ូវនឹងយាងមកជាឆាប់

ខ្ញុំ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត ពី​បទ​ចម្រៀង​របស់​លោក​ធីម មែកក្រាវ(Tim McGraw) ដែល​ជា​តារា​ចម្រៀង​ជន​បទ។ បទ​ចម្រៀង​នោះ​មាន​ចំណង​ជើង​ថា “ចូរ​រស់​នៅ ដូច​អ្នក​ដែល​ដឹង​ថា ខ្លួន​ជិត​ស្លាប់”។ ក្នុង​បទ​ចម្រៀង​នេះ គាត់​បាន​ពិពណ៌នា អំពី​កិច្ចការ​មួយ​ចំនួន ដែល​បុរស​ម្នាក់​បាន​ធ្វើ បន្ទាប់​ពី​បាន​ទទួល​ដំណឺង​អាក្រក់​ អំពី​សុខ​ភាព​របស់​គាត់។ គាត់​ក៏​បាន​សម្រេច​ចិត្ត​ស្រឡាញ់ និង​អត់​ទោស​ឲ្យ​អ្នក​ដទៃ ឲ្យ​បាន​ល្អ​ជាង​មុន ដោយ​និយាយ​ទៅ​កាន់​ពួក​គេ ដោយ​ពាក្យ​សម្តី​ដែល​ទន់​ភ្លន់​ជាង​មុន។ បទ​ចម្រៀង​នេះ​ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​យើង​រស់​នៅឲ្យ​បាន​ល្អ គឺ​ដូច​អ្នក​ដែល​ដឹង​ថា ជីវិត​ខ្លួន​នឹង​បញ្ចប់​នៅ​ពេល​ឆាប់​ៗ។

បទ​ចម្រៀង​នេះ​បាន​ក្រើន​រំឭក​យើង​ថា ពេល​វេលា​របស់​យើង​មាន​កំណត់។ ការ​អ្វី​ដែល​យើង​អាច​ធ្វើ​នៅ​ថ្ងៃ​នេះ គឺ​មិន​ត្រូវ​រង់​ចំាធ្វើ​វា​នៅ​ថ្ងៃ​ស្អែក​ឡើយ ព្រោះ​ថ្ងៃ​ណា​មួយ យើង​នឹង​លែង​មាន​ពេល​ថ្ងៃ​ស្អែក​ទៀត។​ សម្រាប់​អ្នក​ជឿ​ព្រះយេស៊ូវ នេះ​ជា​រឿង​សំខាន់​ណាស់ ព្រោះ​យើង​ជឿ​ថា ព្រះយេស៊ូវ​អាច​យាង​មក​វិញ នៅ​ពេល​ណា​ក៏​បាន​(អាច​នៅ​ពេល​មួយ​នាទី​ទៀត)។ ព្រះ​យេស៊ូវ​បាន​ជំរុញ​យើង​ឲ្យ​ប្រុង​ប្រៀប​ខ្លួន គឺ​មិន​ត្រូវ​រស់​នៅ ដូច​កូន​ក្រមុំ “ល្ងង់​ខ្លៅ” ទាំង​ប្រាំ​នាក់ ដែល​មិន​បាន​ប្រុង​ប្រៀប​ខ្លួន ពេលដែល​កូន​កម្លោះ​មក​ដល់​(ម៉ាថាយ ២៥:៦-១០)។

បទ​ចម្រៀង​របស់​លោក​មែកក្រាវមាន​អត្ថ​ន័យ​ល្អ​ណាស់ តែ​មិន​បាន​និយាយ​ឲ្យ​ត្រូវ​ទាំង​អស់​ទេ។ ព្រោះ​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេស៊ូវ នឹងនៅតែមាន​ពេល​ថ្ងៃ​ស្អែកជានិច្ច។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ”(យ៉ូហាន ១១:២៥-២៦)។ ជីវិត​ដែល​យើង​មាន​ក្នុង​ទ្រង់ មិន​ចេះ​ចប់​ឡើយ។

ដូច​នេះ ចូរ​យើង​កុំ​រស់​នៅ…

ការ​រស់​នៅ បន្ទាប់​ពី​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់

លោកធីម ចេកសិន(Tim Jackson) ដែល​ជា​អ្នក​ប្រឹក្សា​ផ្លូវ​ចិត្ត បាន​សរសេរ​ថា “ការ​សោក​សង្រេង គឺ​ជា​ការ​ធ្វើ​ដំណើរ ដែល​យើង​នឹង​ត្រូវ​ឆ្លង​កាត់ នៅ​ពេល​ណា​មួយ”។ ក្នុង​សៀវ​ភៅ​នេះ គាត់​បាន​ចែក​ចាយ​បទ​ពិសោធន៍​ដ៏​សោកសៅ​ដែល​គាត់​បាន​ជួប​ផ្ទាល់ ហើយ​ចង្អុល​បង្ហាញ​យើង ឲ្យ​ងាក​ទៅ​រក​ឈើ​ឆ្កាង និង​អំណាច​នៃ​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ការ​សោក​សង្រេង ដោយ​មាន​ក្តី​សង្ឃឹម។ ទន្ទឹម​នឹង​នោះ គាត់​ក៏​បាន​បង្ហាញ​អំពី​ដំណាក់​កាល​នៃ​ការ​សោក​សង្រេង និង​បាន​ក្រើន​រំឭក​យើង ឲ្យ​ពឹង​ផ្អែក​លើ​ព្រះ​អាទិករ និង​ពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ទទួល​ការ​កម្សាន្ត​ចិត្ត។

ការប្រកាន់ខ្ជាប់នូវជំនឿ

លោក​ដេសមុន ដស(Desmond Doss) ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​ចូល​ធ្វើ​ទាហាន ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២ ក្នុង​ផ្នែក​ដែល​មិន​តម្រូវ​ឲ្យ​ប្រយុទ្ធ។ ទោះ​ជំនឿ​របស់​គាត់​បាន​រារាំង​គាត់​មិន​ឲ្យ​កាន់​កំា​ភ្លើង​ក្តី គាត់​នៅ​តែ​អាច​បម្រើ​ការ​ជា​ពេទ្យ​ទាហាន។ នៅ​ក្នុង​សមរ​ភូមិ​ប្រយុទ្ធ​ដ៏​ក្តៅ​គគុកមួយ​នោះ គាត់​បាន​ប្រថុយ​ជីវិត​ចូល​ទៅ​អូស​និង​សែង​ទាហាន​របួស​៧៥​នាក់​ក្នុង​កង​ពល​របស់​គាត់ ចេញ​ពី​កន្លែង​ប្រយុទ្ធ ទៅ​រក​កន្លែង​សុវត្ថិ​ភាព ខណៈ​ពេល​ដែល​សត្រូវ​កំពុង​តែ​បាញ់​សន្ធាប់​មក​លើ​គាត់​ជា​ច្រើន​ដង។ រឿង​របស់​គាត់ ត្រូវ​បាន​គេ​លើក​មក​និយាយ នៅ​ក្នុង​ខ្សែ​វីដេអូ​ឯកសារ ដែល​មាន​ចំណង​ជើង​ថា អ្នក​ប្រឆាំង​ដ៏​មុះ​មុត ហើយ​គេ​ក៏បាន​យក​រឿង​គាត់​ទៅ​ផលិត​ជា​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ មាន​ចំណង​ជើង​ថា ជ្រលង Hacksaw ។​

ក្នុង​ជំនឿ​គ្រីស្ទ​បរិស័ទ​មាន​វីវបុរស​ជា​ច្រើន ដែល​ព្រះ​ទ្រង់​បាន​ត្រាស​ហៅ ដែល​មាន​ដូច​ជា លោក​អ័ប្រាហាំ លោក​ម៉ូសេ ស្តេច​ដាវីឌ ហោរា​អេលីយ៉ា សាវ័ក​ពេត្រុស និង​សាវ័ក​ប៉ុល​ជា​ដើម។ តែ​មាន​វីរបុរស​មួយ​ចំនួន​ដែល​មិន​សូវ​ល្បី​ឈ្មោះ ដូច​ជា លោក​យ៉ូសែប ជា​អ្នក​ស្រុក​អើរីម៉ាថេ និង​លោក​នីកូដេម ដែល​ហ៊ាន​ប្រថុយ​យក​សព​ព្រះយេស៊ូវ​ដែល​ជាប់​ឆ្កាង ទៅ​បញ្ចុះ​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​មិន​ខ្លាច​បាត់​បង់​ឋានៈ​នៅ​ក្នុង​ចំណោម​អ្នក​ដឹក​នាំ​សាសន៍​យូដា​(យ៉ូហាន ១៩:៤០-៤២)។ នេះ​ជា​ទង្វើ​ដ៏​ក្លាហាន ដែល​សិស្ស​ម្នាក់​របស់​ព្រះ​យេស៊ូវ ដែល​មិន​ធ្លាប់​ចេញ​មុខ និង​លោក​នីកូដេម ដែល​ពី​មុន​ហ៊ាន​ទៅ​ជួប​ព្រះយេស៊ូវ តែ​នៅ​ពេល​យប់​ប៉ុណ្ណោះ ដោយ​សារ​ការ​ភ័យ​ខ្លាច​(ខ.៣៨-៣៩)។  អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​ស្ងើច​សរសើរ​ទៀត​នោះ គឺ​ពួក​គេ​បាន​ប្រកាន់​ខ្ជាប់​នូវ​ជំនឿ​របស់​ខ្លួន មុន​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ តើ​ហេតុ​អ្វី?

របៀប​ដែល​ព្រះ​យេស៊ូវ​សុគត និង​ហេតុ​ការណ៍​ដែល​កើត​ឡើង​ជា​បន្ត​បន្ទាប់​(ម៉ាថាយ ២៧:៥០-៥៤) ប្រហែល​ជា​បាន​ពង្រឹង​ជំនឿ​របស់​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ដែល​កំពុង​តែ​មាន​ការ​ភ័យ​ខ្លាច។ ពួក​គេ​ប្រហែល​ជា​បាន​រៀន​ផ្តោត​ទៅ​លើ​ព្រះ ជា​ជាង​ផ្តោត​ទៅ​លើ​ការ​អ្វី​ដែល​មនុស្ស​អាច​ធ្វើ​មក​លើ​ពួក​គេ។ ទោះ​ពួកគេ​បាន​ទទួល​ការ​បណ្តាល​ចិត្ត​យ៉ាង​ណា​ក៏ដោយ ចូរ​យើង​យក​គំរូ​តាម​ពួក​គេ ហើយ​បង្ហាញ​ចេញ​នូវ​សេចក្តី​ក្លាហាន…

កន្លែងជ្រកកោនក្លែងក្លាយ

កាល​ឆ្កែ​របស់​ខ្ញុំ​ឈ្មោះ​រូពើត នៅ​តូច វា​មាន​ការ​ភ័យ​ខ្លាច​ណាស់ មិន​ហ៊ាន​ទៅ​ក្រៅ​ទេ បាន​ជា​ខ្ញុំ​ត្រូវ​អូស​វា ទៅ​សួន​ច្បារ។ ថ្ងៃ​មួយ បន្ទាប់​ពី​ខ្ញុំ​បាន​នាំ​វា​ទៅ​កន្លែង​នោះ​ហើយ ខ្ញុំ​ក៏​បាន​ព្រលែង​វា ដោយ​មិន​បាន​គិត​ឲ្យ​ដិត​ដល់។ វា​ក៏​បាន​ស្ទុះ​បោល​ទៅ​ផ្ទះ​បាត់ គឺ​ទៅ​រក​កន្លែង​ដែល​មាន​សុវត្ថិ​ភាព​របស់​វា។

បទ​ពិសោធន៍​មួយ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បុរស​ម្នាក់​ដែល​ខ្ញុំ​ធ្លាប់​ជួប​នៅ​លើ​យន្ត​ហោះ។ កាល​នោះ គាត់​បាន​ចាប់​ផ្តើម​និយាយ​សុំ​ទោស​ខ្ញុំ ខណៈ​ពេល​ដែល​យើង​ដើរ​តាម​ផ្លូវ ទៅ​កាន់​យន្ត​ហោះ។ គាត់​ថា គាត់​នឹង​ស្រវឹង​ស្រា នៅ​ក្នុង​ជើង​ហោះ​ហើរ​មួយ​នេះ។ គាត់​ថា គាត់​មិន​ចង់​ស្រវឹង​ទេ តែ​គាត់​តែង​តែ​រត់​ទៅ​រក​ស្រា។ គាត់​ក៏​បាន​ស្រវឹង​ស្រា​មែន ហើយ​ខ្ញុំ​អាណឹត​គាត់​ណាស់ ពេល​ដែល​បាន​ឃើញ​ភរិយា​គាត់​ឱប​គាត់ ពេល​គាត់​ចេញ​ពី​យន្ត​ហោះ ហើយ​ក៏​បាន​រុញ​គាត់​ចេញ ពេល​ដែល​មាត់​គាត់​ធំ​ក្លិន​ស្រា។ គាត់​បាន​យក​ស្រា​ធ្វើ​ជា​កន្លែង​ជ្រក​កោន​របស់​គាត់ តែ​វា​មិន​បាន​ផ្តល់​ឲ្យ​គាត់​នូវ​សុវត្ថិភាព​ទាល់​តែ​សោះ។

ព្រះ​យេស៊ូវ​បាន​ចាប់​ផ្តើម​បេសកកម្ម​របស់​ទ្រង់​ ដោយ​មាន​បន្ទូល​ថា “ពេល​វេលា​បាន​សំរេច​ហើយ នគរ​ព្រះ​ជិត​មក​ដល់ ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​ជឿ​ដំណឹង​ល្អ​ចុះ”(ម៉ាកុស ១:១៥)។ “ការ​ប្រែ​ចិត្ត” គឺ​មាន​ន័យ​ថា យើង​ទៅ​តាម​ទិស​ដៅ​ផ្ទុយ​នឹង​លោកិយ។ “នគរ​ព្រះ” គឺ​ជា​ការ​គ្រប់​គ្រង​របស់​ទ្រង់ មក​លើ​ជីវិត​យើង ដោយ​ក្តី​ស្រឡាញ់។ យើង​មិន​ត្រូវ​រត់​ទៅ​រក​កន្លែង​ដែល​មាន​អន្ទាក់​ចាប់​ចង​យើង ឬឲ្យ​ការ​ភ័យ​ខ្លាច និង​ការ​ញៀន​នឹង​អ្វី​មួយ គ្រប់​គ្រង​ជីវិត​យើង​ឡើយ ផ្ទុយ​ទៅ​វិញ យើង​អាច​អនុញ្ញាត​ឲ្យ​ព្រះ​ជា​ម្ចាស់​គ្រប់​គ្រង​យើង ដោយ​ទ្រង់​ដឹក​នាំ​យើង ទៅ​រក​ជីវិត និង​សេរីភាព​ថ្មី​ដោយ​ក្តី​ស្រឡាញ់។​

សព្វ​ថ្ងៃ​នេះ ឆ្កែ​របស់​ខ្ញុំ​បាន​រត់​ចូល​ទៅ​ក្នុង​សួន​ច្បារ យ៉ាង​សប្បាយ​រីក​រាយ…

មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៅក្នុងព្រះនេត្រព្រះ

មាន​ពេល​មួយ ក្រុម​ហ៊ុន​ប្រឹក្សា​យោបល​ផ្នែក​បច្ចេក​វិទ្យា​មួយ​ បាន​ទទួល​ខ្ញុំ​ឲ្យ​ចូល​ធ្វើ​ការ បន្ទាប់​ពី​ខ្ញុំ​រៀន​ចប់​មហា​វិទ្យាល័យ ទោះ​បី​ជា​ខ្ញុំ​មិន​អាច​សរសេរ​កូដ​កំព្យូទ័រ​សូម្បី​តែ​មួយ​បន្ទាត់ ហើយ​មាន​ចំណេះ​ដឹង​តិច​តួច អំពី​ការ​ធ្វើ​ជំនួញ​ក៏​ដោយ។ ក្នុង​អំឡុង​ពេល​នៃ​ការ​សម្ភាស​ចូល​ធ្វើ​ការ​ ខ្ញុំ​ក៏​បាន​ដឹង​ថា ក្រុម​ហ៊ុន​នេះ មិន​បាន​ឲ្យ​តម្លៃ​ខ្លាំង ​ទៅ​លើ​បទ​ពិសោធន៍​ការងារ​ទេ។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​សំខាន់​ជាង សម្រាប់​ពួក​គេ គឺ​លក្ខណៈ​សម្បត្តិ​ផ្ទាល់​ខ្លួន ដែល​មាន​ដូច​ជា សមត្ថ​ភាព​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ដោយ​ភាព​ប៉ិន​ប្រសប់ ការ​វិនិឆ្ឆ័យ​បាន​ល្អ និង​ការ​ធ្វើ​ការ​ងារ​ជា​ក្រុម​បាន​ល្អ។ ក្រុម​ហ៊ុន​នោះ​បាន​សន្និ​ដ្ឋាន​ថា បុគ្គលិក​ថ្មី​អាច​ទទួល​ការ​បង្រៀន​នូវ​ជំនាញ​ដែល​ចាំ​បាច់ ដរាប​ណា ពួក​គេ​ជា​មនុស្ស​ដែល​ក្រុម​ហ៊ុន​កំពុង​ស្វែង​រក។

លោក​ណូអេ​មិន​មាន​ប្រវត្តិ​រូប​ល្អ សម្រាប់​ការងារ​ផ្នែក​សាង​សង់​ទូក​ធំ​នោះ​ទេ និយាយ​ឲ្យ​ខ្លី គាត់​មិន​មែន​ជា​អ្នក​ធ្វើ​ទូក ឬ​ជា​ជាង​ឈើ​ទេ។ លោក​ណូអេ​ជា​កសិករ​ម្នាក់ ដែល​ធ្លាប់​តែ​មាន​ដី​ប្រឡាក់​អាវ​របស់​គាត់ និង​មាន​នង្គ័ល​នៅ​ក្នុង​ដៃ។ តែ​ពេល​ដែល​ព្រះ​ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​កំចាត់​ការ​អាក្រក់​ក្នុង​លោកិយ កាល​សម័យ​នោះ គាត់​ក៏​បាន​សង់​ទូក​ធំ​តាម​បង្គាប់​ទ្រង់ ព្រោះ​គាត់ ​បាន​ដើរ​ដោយ​ស្មោះ​ត្រង់ ជា​មួយ​ព្រះ​អង្គ (លោកុប្បត្តិ ៦:៩)។ ព្រះ​ទ្រង់​ឲ្យ​តម្លៃ ចំពោះ​ចិត្ត​របស់​លោក​ណូអេ ដែល​បើក​ចំហរ​ទទួល​ការ​បង្រៀន ដែល​នេះ​ជា​ចំណុច​ខ្លាំង​របស់​គាត់​ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ពុក​រលួយ ដែល​នៅ​ជុំវិញ​ខ្លួន​គាត់ ​ហើយ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។

ពេល​ដែល​ឱកាស​ធ្វើ​ការ​បម្រើ​ព្រះ ចូល​មក​រក​យើង យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា យើង​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​ការងារ​នោះ​ឡើយ។ តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​ទ្រង់​មិន​ខ្វល់​អំពី​ជំនាញ​របស់​យើង ជា​ទី​មួយ​ឡើយ។ ទ្រង់​ឲ្យ​តម្លៃ ចំពោះ​ចរិយា​សម្បត្តិ​របស់​យើង សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ទ្រង់ និង​ការ​ព្រម​ទុក​ចិត្ត​ទ្រង់។…

តើអ្នកត្រូវការខែលបាំងជុំវិញទេ?

ថ្ងៃ​មួយ ពួក​ជំនុំ​របស់​ខ្ញុំ​បាន​ជួប​ការ​បាត់​បង់​ដ៏​ឈឺ​ចាប់ ពេល​ដែល​លោក​ប៉ុល(Paul) ដែល​ជា​អ្នក​ដឹក​នាំ​ការ​ថ្វាយ​បង្គំ​មានអំណោយ​ទាន បាន​បាត់​បង់​ជីវិត ក្នុង​វ័យ​៣១​ឆ្នំា ក្នុង​គ្រោះ​ថ្នាក់ ពេល​គាត់​ធ្វើ​ដំណើរ​តាម​ទូក។ លោក​ប៉ុល និង​ភរិយា​របស់​គាត់ ​ឈ្មោះ ឌូរ៉ុនដា(DuRhonda) ធ្លាប់​ស្គាល់​ការ​ឈឺ​ចាប់​ជា​ច្រើន​មក​ហើយ ជា​ពិសេស នៅ​ពេល​ដែល​កូន​ៗ​របស់​ពួក​គេ​បាន​ស្លាប់​បាត់​បង់​ជីវិត​ទាំង​ក្មេង​ខ្ចី។ នៅ​ពេល​នេះ គេ​បាន​ជីក​ផ្នូរ​មួយ​ទៀត នៅ​ក្បែរ​ផ្នូរ​តូច​ៗ​របស់​ក្មេង​ទាំង​នោះ។ សោកនាដ​កម្ម​ដ៏​ខ្លោច​ផ្សា​របាន​វាយ​ប្រហារ​មក​លើ​គ្រួសារ​មួយ​នេះ​ម្តង​ហើយ​ម្តង​ទៀត ធ្វើ​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ពួក​គេ​មាន​ការ​ឈឺ​ចាប់​ជា​ពន់​ពេក។

ស្តេច​ដាវីឌ​ក៏​ធ្លាប់​ជួប​វិបិត្ត​ផ្ទាល់​ខ្លួន និង​គ្រួសារ​ផង​ដែរ។ ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង​ជំពូក​៣ ទ្រង់​បាន​បង្ហាញ​អំពី​អារម្មណ៍​សោក​សៅ​ជា​ពន់​ពេក ដោយសារ​ការ​បះ​បោរ​របស់​បុត្រា​ទ្រង់ ព្រះ​នាម​អាប់​សាឡំ។ ទ្រង់​មិន​បាន​នៅ​ប្រយុទ្ធ​តតាំង​នឹង​គេ​ទេ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​រត់​គេច​ពី​ព្រះ​រាជ​វាំង និង​រាជ​បល្ល័ង្ក​របស់​ទ្រង់​(២សាំយ៉ូអែល ១៤:១៣-២៣។ ទោះ “មនុស្ស​ជា​ច្រើន” បាន​គិត​ថា ព្រះ​ជា​ម្ចាស់​បាន​បោះ​បង់​ស្តេច​ដាវីឌ​ចោល​ក្តី(ទំនុកដំកើង ៣:២) ក៏​ទ្រង់​នៅ​តែ​ជឿ​ជាក់​ថា ព្រះ​អម្ចាស់​ជាអ្នក​ការពារ​ទ្រង់​(ខ.៣) ហើយ​ទ្រង់​ក៏​បាន​អំពាវ​នាវ​ដល់​ព្រះ​អម្ចាស់(ខ.៤)។ អ្នក​ស្រី​ឌូរ៉ុនដា​ក៏​បាន​បង្ហាញ​ចេញ​នូវ​ឥរិយាបថ​ដូចនេះ​ផង​ដែរ។ នៅ​ពេល​ដែល​មនុស្ស​រាប់​រយ​នាក់​បាន​មក​ជួប​ជុំ​គ្នា ដើម្បី​នឹក​ចាំ​អំពី​ស្វាមី​របស់​នាង នៅ​ក្នុង​ពិធី​បុណ្យ​សព នាងបាន​លើក​សម្លេង​ដ៏​ស្រទន់​ឡើង ច្រៀង​នូវ​បទ​ដែល​បង្ហាញ​អំពី​ការ​ទុក​ចិត្ត​ព្រះ ទោះ​នាង​កំពុង​តែ​មាន​ការ​សោក​សង្រេង​ក៏​ដោយ​។

ពេល​ដែល​គ្រូ​ពេទ្យ​បាន​ប្រាប់​ដំណឹង​អាក្រក់ អំពី​សុខ​ភាព​យើង ពេល​ដែល​បញ្ហា​ហិរញ្ញ​វត្ថុ​នៅ​តែ​មិន​ធូរ​ស្បើយ ពេល​ដែល​ការ​ប្រឹង​ប្រែង នៅ​ក្នុង​ការ​ផ្សះផ្សា​ទំនាក់​ទំនង​បរាជ័យ ពេល​ដែល​សេចក្តី​ស្លាប់​បាន​បំបែក​មនុស្ស​ជា​ទីស្រឡាញ់​ពី​យើង ចូរ​យើង​ទទួល​កម្លាំង​ពី​ព្រះ​ជា​ម្ចាស់ ហើយ​ពោល​ឡើង​ថា “ឱ​ព្រះអម្ចាស់ ទ្រង់​ជា​ខែល​បាំង​ទូលបង្គំ​ជុំវិញ ក៏​ជា​សិរីល្អ​នៃ​ទូលបង្គំ ហើយ​ជា​អ្នក​លើក​ក្បាល​ទូលបង្គំ​ឡើង​ដែរ”(ខ.៣)។—ARTHUR JACKSON

តើអ្នកត្រូវការការលូតលាស់ទេ?

កាល​ខ្ញុំ​នៅ​ក្មេង មាន​ពេល​មួយ ខ្ញុំ​បាន​ទទួល​ដំណឹង​ថា ខ្ញុំ​នឹង​បាន​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស។ ក្នុង​នាម​ខ្ញុំ​ជា​យុវជន​ម្នាក់ ក្នុង​វ័យ​១៧​ឆ្នាំ ខ្ញុំ​មាន​ចិត្ត​រំភើប​រីក​រាយ​ណាស់ ដែល​បាន​ឮ​គេ​ប្រាប់​ថា ខ្ញុំ​នឹង​បាន​ទៅ​រៀន​នៅ​ប្រទេស​អាឡឺម៉ង់។ ប៉ុន្តែ នៅ​សល់​ពេល​តែ៣​ខែ​ទៀត​ប៉ុណ្ណោះ ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​ហើយ ដែល​ពី​មុន​មក ខ្ញុំ​មិន​ដែល​ធ្លាប់​បាន​ទៅ​រៀន​នៅ​ប្រទេស​អាឡឺម៉ង់​សោះ។

នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​បាន​ខិត​ខំ​រៀន​សូត្រ​ភាសា​អាឡឺម៉ង់​យ៉ាង​វក់​វី អស់​ជា​ច្រើន​ម៉ោង ជា​រៀង​រាល់​ថ្ងៃ ហើយ​ថែម​ទាំង​បាន​សរសេរ​ពាក្យ​នៅ​លើ​ដៃ​ខ្លួន​ឯង ដើម្បី​ទន្ទេញ​ឲ្យ​ចាំ​មាត់​ផង​ដែរ។

ប៉ុន្មាន​ខែ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ចូល​រៀន​ក្នុង​ថ្នាក់​រៀន​មួយ នៅ​ប្រទេស​អាឡឺម៉ង់ ដោយ​ការ​បាក់​ទឹក​ចិត្ត ព្រោះ​ខ្ញុំ​ចេះ​ភាសា​អាឡឺម៉ង់​តិច​ពេក។ នៅ​ថ្ងៃ​នោះ គ្រូ​បង្រៀន​ម្នាក់​បាន​ឲ្យ​យោបល​ប្រកប​ដោយ​ប្រាជ្ញា។ គាត់​ថា “ការ​រៀន​ភាសា គឺ​ដូច​ជា​ការ​ឡើង​ភ្នំ​ខ្សាច់​។ អ្នក​ខំ​ប្រឹង​ឡើង​ទៅ​លើ តែ​ជួន​កាល អ្នក​មាន​អារម្មណ៍​ថា អ្នក​នៅ​កន្លែង​ដដែល។ ប៉ុន្តែ ចូរ​បន្ត​ព្យាយាម​ឡើង​ទៅ​លើ​ទៀត អ្នក​នឹង​ទៅ​ដល់​កំពូល​ភ្នំ​ខ្សាច់​មិន​ខាន”។

ពេល​ខ្លះ ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ពិចារណា​អំពី​អត្ថ​ន័យ​នៃ​ការ​លូត​លាស់​របស់​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ។ សាវ័ក​ប៉ុល​បាន​រំឭក​យើងថា គាត់​បាន​ស្គាល់​អាថ៌​កំបាំង​នៃ​ការ​ស្កប់​ចិត្ត ក្នុង​ស្ថាន​ភាព​ទាំង​អស់។​ សូម្បី​តែ​អ្នក​ដែល​មាន​ជំនឿ​រឹង​មាំ​ដូច​សាវ័ក​ប៉ុល ក៏​សន្តិភាព​ក្នុង​ចិត្ត មិន​កើត​មាន​ភ្លាម​ៗ​ដែរ។ គាត់​ក៏​ត្រូវ​ការ​ការ​លូត​លាស់​ខាង​វិញ្ញាណ ដើម្បី​ឲ្យ​មាន​សន្តិភាព និង​ការ​ស្កប់​ចិត្ត ដោយ​ពឹង​អាង​ជំនួយ​របស់​ព្រះ​គ្រីស្ទ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​អាច​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះ​គ្រីស្ទ​ចម្រើន​កម្លាំង​ដល់​ខ្ញុំ”(ភីលីព ៤:១២-១៣)។

ជីវិត​របស់​មនុស្ស​មាន​បញ្ហា​ប្រឈម​ជា​ច្រើន។ ប៉ុន្តែ ពេល​ណា​យើង​ងាក​មក​រក​ព្រះ ដែល “បាន​ឈ្នះ​លោកិយ”(យ៉ូហាន ១៦:៣៣) យើង​នឹង​មិន​គ្រាន់​តែ​បាន​ដឹង​ថា…