Month: December 2019

ការទូលសូមជំនួយពីព្រះជាម្ចាស់

ពេល​ដែល​ស្វាមី​ខ្ញុំ​ទៅ​ពិនិត្យ​សុខភាព​រក​ឃើញ​ថា មាន​ជម្ងឺ​មហារីក ខ្ញុំ​មិន​ដឹង​ថា ត្រូវ​អធិស្ឋាន​យ៉ាង​ដូច​ម្តេច ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​សូម​ព្រះ​ទ្រង់​ប្រោស​គាត់​ឲ្យ​ជា។ តាម​ទស្សនៈ​របស់​ខ្ញុំ ដែល​មាន​កំណត់ ខ្ញុំ​ដឹង​ថា មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​នេះ កំពុង​តែ​ជួប​បញ្ហា​ធ្ងន់​ៗ​ដូច​នេះ​ផង​ដែរ ដែល​មាន​ដូច​ជា សង្រ្គាម ភាព​អត់​ឃ្លាន ភាព​ក្រីក្រ និង​គ្រោះ​ធម្មជាតិ​ជា​ដើម។ ក្រោយ​មក ថ្ងៃ​មួយ ក្នុង​អំឡុង​ពេល​នៃ​ការ​អធិស្ឋាន​នៅ​ពេល​ព្រឹក ខ្ញុំ​បាន​ឮ​ស្វាមី​ខ្ញុំ​ទូល​សូម​ដោយ​ការ​បន្ទាប​ខ្លួន​ថា “​ឱ​ព្រះ​អម្ចាស់ សូម​ប្រោស​ជម្ងឺ​ទូល​បង្គំ​ឲ្យ​ជា”។

នេះ​ជា​ការ​អធិស្ឋាន​ដ៏​សាមញ្ញ តែ​អស់​ពី​ចិត្ត ដែល​បាន​រំឭក​ខ្ញុំ​ថា ខ្ញុំ​ត្រូវ​ឈប់​ធ្វើ​ឲ្យមា​នភាព​ស្មុគ្រ​ស្មាញ នៅ​ក្នុង​ការ​ទូល​សូម​អ្វី​មួយ​ពី​ព្រះ ដ្បិត​ព្រះ​អង្គ​បាន​ស្តាប់​ឮ​ការ​ទូល​សូម​ដ៏​សុចរិត​របស់​យើង។ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​ទូល​សូម ដោយ​ពាក្យ​ពេចន៍​ដ៏​សាមញ្ញ​ថា “ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​យាង​មក​វិញ ហើយ​ប្រោស​ព្រលឹង​ទូលបង្គំ​ឲ្យ​រួច សូម​ទ្រង់​ជួយ​សង្គ្រោះ​ទូលបង្គំ ដោយ​យល់​ដល់​សេចក្តី​សប្បុរស​នៃ​ទ្រង់”(ទំនុកដំកើង ៦:៤)។

នោះ​ជា​អ្វី​ដែល​ស្តេច​ដាវីឌ​បាន​ពោល​ឡើង ក្នុង​អំឡុង​ពេល​ដែល​មាន​ការ​ភ័ន្ត​ភាំង និង​ភាព​អស់​សង្ឃឹម​ខាង​វិញ្ញាណ។ ទ្រង់​មិន​បាន​ពន្យល់​អំពី​ស្ថាន​ភាព​របស់​ទ្រង់ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ទូល​អង្វរ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់ បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ដែល​ស្រេក​ឃ្លាន​ជំនួយ និង​ការ​ស្អាង​ឡើង​វិញ ពី​ព្រះ​ជា​ម្ចាស់។ គឺដូច​ដែល​ទ្រង់​បាន​សរសេរ​ថា ទ្រង់​បាន​អស់​កម្លាំង ទាំង​ថ្ងូរ​ផង(ខ.៦)។

តែ​ស្តេច​ដាវីឌ​មិន​បាន​បណ្តោយ​ឲ្យ​បញ្ហា​របស់​ទ្រង់ ជា​ពិសេស​អំពើ​បាប​របស់​ទ្រង់ រារាំង​ទ្រង់​មិន​ឲ្យ​ចូល​ទៅ​រក​ព្រះ ​ទូល​ថ្វាយ អំពី​សេចក្តី​ត្រូវ​ការ​របស់​ទ្រង់​ឡើយ។ ហេតុ​នេះ​ហើយ មុន​ពេល​ដែល​ព្រះ​ទ្រង់​ឆ្លើយ​តប ស្តេច​ដាវីឌ​នៅ​តែ​អាច​បន្លឺ​សម្លេង ដោយ​អំណរ​ថា ព្រះ​អម្ចាស់​ឮ​សម្លេង​ទ្រង់​យំ…

ជម្នះការភ័យខ្លាច

ការ​ភ័យ​ខ្លាច​បាន​គ្រប់​គ្រង​ជីវិត​របស់​បុរស​ម្នាក់ អស់​រយៈ​ពេល​៣២​ឆ្នាំ។ គាត់​ខ្លាច​គេ​ចាប់​ខ្លួន​គាត់ ដោយសារ​អំពើ​ឧក្រឹដ្ឋ​ដែល​គាត់​បាន​ប្រព្រឹត្ត  ដូច​នេះ គាត់​ក៏​បាន​លាក់​ខ្លួន​នៅ​ក្នុង​ផ្ទះ​ប្អូន​ស្រី​គាត់ ដោយ​មិន​ចេញ​ទៅ​ណា​សោះ ហើយ​ក៏​មិន​ជួប​អ្នក​ខាង​ក្រៅដែរ។ សូម្បី​តែ​ពិធី​បុណ្យ​សព​របស់​ម្តាយ​គាត់ ក៏​គាត់​មិន​បាន​ចូល​រួម​ដែរ។ ពេល​គាត់​មាន​អាយុ​៦៤​ឆ្នាំ គាត់​ក៏​បាន​ដឹង​ថា តាម​ពិត​គ្មាន​នរណា​ប្តឹង​គាត់ ពី​បទ​ឧក្រឹដ្ឋ​ដែល​គាត់​បាន​ប្រព្រឹត្ត​នោះ​ទេ។​ បុរស​ម្នាក់​នេះ​ក៏​មាន​សេរីភាព នៅ​ក្នុង​ការ​បន្ត​រស់​នៅ​ជា​ធម្មតា​ឡើង​វិញ។ ជា​ការ​ពិត​ណាស់ គាត់​ពិត​ជា​ខ្លាច​គេ​ដាក់​ទោស​គាត់​មែន តែ​គាត់​បាន​អនុញ្ញាត​ឲ្យ​ការ​ភ័យ​ខ្លាច​នេះ គ្រប់​គ្រង​ជីវិតគាត់​អស់​រយៈ​ពេល​៣២​ឆ្នាំ។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពួក​សាសន៍​អ៊ីស្រាអែល​ដែល​ត្រូវ​បាន​ការ​ភ័យ​ខ្លាច​គ្រប​សង្កត់ នៅ​ពេល​ដែល​ពួក​សាសន៍​ភីលីស្ទីន​បបួល​ពួក​គេ​ប្រយុទ្ធ​គ្នា នៅ​ជ្រលង​ភ្នំ​អេឡា។ ការ​គំរាម​កំហែង​គឺ​ពិត​ជា​មាន​មែន។ ពួក​សត្រូវ​មាន​អ្នក​ប្រយុទ្ធ​ដ៏​ខ្លាំង​ពូកែ ​ឈ្មោះ​កូលីយ៉ាត ដែល​មាន​កម្ពស់​ជិត​៣​ម៉ែត្រ ហើយ​អាវ​ក្រោះ​របស់​គាត់​មាន​ទម្ងន់​ប្រហែល​៥៦​គីឡូ(១សាំយ៉ូអែល ១៧:៤-៥)។ អស់​រយៈ​ពេល​៤០​ថ្ងៃ​មក​ហើយ ដែល​កូលីយ៉ាត​បាន​បបួល​កង​ទ័ព​អ៊ីស្រាអែល​ឲ្យ​ចូល​មក​ប្រយុទ្ធ​នឹង​គាត់។ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ហ៊ាន​ចេញ​មុខ​សោះ។ រហូត​ដល់​ពេល​ដែល​ដាវីឌ​បាន​មក​ដល់​សមរភូមិ ទើប​មាន​អ្នក​ហ៊ាន​តតាំង​នឹង​គាត់។​ ដាវីឌ​ក៏​បាន​ឮ​គេ​និយាយ និង​បាន​ឃើញ​ពួក​សាសន៍​អ៊ីស្រាអែល​ត្រូវ​គេ​សើច​ចម្អក​ឲ្យ ហើយ​ក៏​បាន​ស្ម័គ្រ​ចិត្ត​ចេញ​ប្រយុទ្ធ​នឹង​កូលីយ៉ាត។

គេ​រាល់​គ្នា ក្នុង​ជួរ​ទ័ព​អ៊ីស្រាអែល​គិត​ថា ពួក​គេ​មិន​អាច​ប្រយុទ្ធ​នឹង​កូលីយ៉ាត​បាន​ទេ ព្រោះ​វា​មាន​មាឌ​ធំ​ពេក តែ​ដាវីឌ​ដែល​ជា​ក្មេង​គង្វាល​ដឹង​ថា ព្រះ​ជា​ម្ចាស់​ធំ​ជាង​កូលីយ៉ាត។ គឺ​ដូច​ដែល​គាត់​បាន​ពោល​ថា “ព្រះយេហូវ៉ា​ទ្រង់​មិន​ជួយ​សង្គ្រោះ​ដោយសារ​ដាវ​ឬ​លំពែង​ទេ ដ្បិត​ចំបាំង​នេះ​ស្រេច​នៅ​ព្រះយេហូវ៉ា​វិញ”(ខ.៤៧)។

ពេល​ដែល​ការ​ភ័យ​ខ្លាច​គ្រប​សង្កត់​យើង ចូរ​យើង​យក​គំរូ​តាម​ដាវីឌ ហើយ​មើល​ទៅ​ព្រះ ដើម្បី​ឲ្យ​យើង​មាន​ទស្សនៈ​ដ៏​ត្រឹម​ត្រូវ ចំពោះ​បញ្ហា​របស់​យើង។ ការ​គំរាម​កំហែល​ប្រហែល​ជា​មាន​ពិត​មែន តែ​ព្រះ​ដែល​គង់​នៅ​ជា​មួយ​យើង ទ្រង់​ធំ​ជាង​បញ្ហា ដែលកំពុង​ទាស់​ប្រឆាំង​នឹង​យើង។​—ALBERT LEE

បំណុលដែលត្រូវបានលុបចោល

កាល​ពី​ឆ្នាំ​២០០៩ សាលា​ក្រុង​ឡូស អ៊ែនជែលេស បាន​ឈប់​តម្រូវ​ឲ្យ​ក្រុម​គ្រួសារ​ទាំង​ឡាយ​បង់​ប្រាក់ សម្រាប់​រយៈពេល​នៃ​ការ​ជាប់​ឃុំ​ខ្លួន​របស់​កូន​ៗ​របស់​ពួក​គេ។​ ទោះ​ការ​បង់​ប្រាក់​ថ្មី​ៗ មិន​ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​ធ្វើ​ក៏​ដោយ អ្នក​ដែល​ជំពាក់​ប្រាក់​រដ្ឋ មុន​ពេល​គេ​ចាប់​ផ្តើម​អនុវត្ត​ច្បាប់​ថ្មី​នេះ នៅ​តែ​ត្រូវ​សង​បំណុល​ឲ្យ​អស់។ បន្ទាប់​មក នៅ​ឆ្នាំ​២០១៨ សាលា​ក្រុង​ក៏​បាន​សម្រេច​លប់​បំណុល​ទាំង​អស់ ដែល​គេ​បាន​ជំពាក់ សម្រាប់​រយៈពេល​នៃ​ការ​ឃុំ​ខ្លួន​កូន​ៗ​របស់​ពួក​គេ។

សម្រាប់​ក្រុម​គ្រួសារ​ខ្លះ ការ​លុប​បំណុល​បាន​ជួយ​សម្រាល​បន្ទុក​ជា​ច្រើន នៅ​ក្នុង​ការ​រស់​នៅ​ដ៏​ពិបាក ដោយ​មិន​ចាំ​បាច់​ត្រូវ​គេ​រឹប​អូស​ទ្រព្យ​សម្បត្តិ ឬ​កាត់​ប្រាក់​ខែ​ទៀត បាន​សេចក្តី​ថា ពួក​គេ​អាច​មាន​អាហារ​បរិភោគ​ច្រើន​ជាង​មុន។ ដោយ​សារ​តែ​មាន​ទុក្ខ​លំបាក​យ៉ាង​ដូច​នេះ​ហើយ បាន​ជា​ព្រះ​អម្ចាស់​បង្គាប់​ឲ្យ​សាសន៍​អ៊ីសា្រអែល​លុប​បំណុល រៀង​រាល់​៧​ឆ្នាំ(ចោទិយកថា ១៥:២)។ ទ្រង់​មិន​សព្វ​ព្រះ​ទ័យ​ឲ្យ​នរណា​ម្នាក់ រង​ទុក្ខ​ជា​រៀង​រហូត ដោយ​សារ​ការ​ជំពាក់​បំណុល​នោះ​ឡើយ។​

ដោយ​សារ​ក្រឹត្យ​វិន័យ​បាន​ហាម​ឃាត់​ពួក​អ៊ីស្រាអែល​មិន​ឲ្យ​យក​ការ​ប្រាក់ ពី​ជន​រួម​ជាតិ​របស់​ខ្លួន​(និក្ខមនំ ២២:២៥) នោះ​ពួកគេ​ត្រូវ​ឲ្យ​អ្នក​ជិត​ខាង​ខ្លួន​ខ្ចី​លុយ មិន​មែន​ដើម្បី​រក​ប្រាក់​ចំណេញ​នោះ​ទេ តែ​ដើម្បី​ជួយ​អ្នក​ដែល​កំពុង​ជួប​ការ​លំបាក ប្រហែល​ដោយសារ​ការ​ប្រមូល​ផល​មិន​បាន​ល្អ​ជា​ដើម។ ពួក​គេ​ត្រូវ​លប់​បំណុល​ចោល រៀង​រាល់​៧​ឆ្នាំ។ ជា​លទ្ធ​ផល ភាព​ក្រីក្រ​ក៏​បាន​ថយ​ចុះ ក្នុង​ចំណោម​ពួក​បណ្តា​ជន​(ចោទិយកថា ១៥:៤)។

សព្វ​ថ្ងៃ​នេះ អ្នក​ជឿ​ព្រះ​យេស៊ូវ​មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ​វិន័យ​នេះ​ទេ។ តែ​ជួន​កាល ព្រះ​ទ្រង់​អាច​ធ្វើ​ការ​ក្នុង​ចិត្ត​យើង ឲ្យ​លុបបំណុល​ដែល​គេ​ជំពាក់​យើង​ ឬ​អត់​ឱន​ទោស​ឲ្យ​គេ ដើម្បី​ឲ្យ​អ្នក​ដែល​កំពុង​ជួប​ទុក្ខ​លំបាក អាច​មាន​ការ​ចាប់​ផ្តើម​ជា​ថ្មី ក្នុង​នាមជា​សមាជិក​ដ៏​មាន​ប្រយោជន៍​របស់​សង្គម។ ពេល​ណា​យើង​បង្ហាញ​សេចក្តី​មេត្តា និង​សប្បុរស​ធម៌​យ៉ាង​ដូច​នេះ ដល់​អ្នក​ដទៃ គឺ​មាន​ន័យ​ថា យើង​កំពុង​តែ​លើក​ដំកើង​ចរិក​លក្ខណៈ​របស់​ព្រះ​ជា​ម្ចាស់ ហើយ​ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នក​ដទៃ។—KIRSTEN HOLMBERG

តើអ្នកមានប្រភេទនៃជំនឿនោះឬទេ?

វិចិត្រករ ដូក មើឃី(Doug Merkey)បាន​ឆ្លាក់​រូប​ចម្លាក់​ដ៏​ល្អ​ប្រណិត​មួយ ដែល​គាត់​បាន​ដាក់​ចំណង​ជើង​ឲ្យ​ថា ជំនឿ​អស់​ពី​ចិត្ត ។ វា​ជា​រូប​ចម្លាក់​មនុស្ស​ម្នាក់​ធ្វើ​ពី​លង្ហឹន ដែល​កំពុង​តែ​តោង​ឈើ​ឆ្កាង​មួយ​ធ្វើ​ពី​ឈើ​វលណាត់ ដោយ​ចិត្ត​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង។ គាត់​បាន​សរសេរ​ថា “រូប​ចម្លាក់​នេះ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង អំពី​ឥរិយ៉ាបថ​ដ៏​ចាំ​បាច់ និង​ត្រឹម​ត្រូវ ដែល​យើង​ត្រូវ​មាន​ក្នុង​ជីវិត ដោយ​ការ​ពឹង​ផ្អែក​ដ៏​ជិត​ស្និទ្ធ មក​លើ​ព្រះ​គ្រីស្ទ និង​ដំណឹង​ល្អ”។

រូប​ចម្លាក់​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ជំនឿ ដែល​បាន​បង្ហាញ​ចេញ​មក តាម​រយៈ​សកម្ម​ភាព និង​ពាក្យ​សម្តី​របស់​ស្រ្តី​ម្នាក់ ដែលមិន​បាន​បញ្ចេញ​ឈ្មោះ ក្នុង​បទ​គម្ពីរ ម៉ាកុស ៥:២៥-៣៤។ ជីវិត​របស់​នាង​បាន​ជួប​ភាព​ច្របូក​ច្របល់​អស់​រយៈ​ពេល​១២​ឆ្នាំ​មកហើយ​(ខ.២៥)។ “នាង​បាន​ឈឺ​សន្ធឹក នៅ​ដៃ​គ្រូពេទ្យ​ជា​ច្រើន ហើយ​បាន​ចំណាយ​ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មានៗ តែ​មិន​បាន​គ្រាន់​បើ​សោះ ជំងឺ​នោះ​កាន់​តែ​ខ្លាំង​ឡើង​វិញ”(ខ.២៦)។ ប៉ុន្តែ គ្រាន់​តែ​បាន​ដឹង​ថា ព្រះ​យេស៊ូវ​កំពុង​តែ​យាង​មក​តាម​ផ្លូវ នាង​ក៏​បាន​ប្រញាប់​ទៅ​រក​ព្រះ​អង្គ ដោយ​គ្រាន់​តែ​ពាល់​ជាយ​ព្រះ​ពស្ត​របស់​ព្រះ​អង្គ ហើយ​នាង​ក៏​បាន “រួច​ពី​សេចក្តី​វេទនា​របស់​នាង”(ខ.២៧-២៩)។

តើ​អ្នក​មាន​ការ​ទាល់​ច្រក​ឬ​ទេ? តើ​អ្នក​បាន​ចំណាយ​អស់​កម្លាំង និង​ធន​ធាន​ហើយ​ឬ? តើ​អ្នក​មាន​ការ​ថប់​បារម្ភ អស់​សង្ឃឹម វង្វេង និង​ពិបាក​ចិត្ត​ឬ​ទេ? អ្នក​មិន​ចាំ​បាច់​ត្រូវ​អស់​សង្ឃឹម​ឡើយ។ ព្រះ​អម្ចាស់​យេស៊ូវ នៅ​តែ​ឆ្លើយ​តប ចំពោះ​ជំនឿ ដ៏​ស្រេក​ឃ្លាន​របស់​អ្នក គឺ​ប្រភេទ​នៃ​ជំនឿ ដែល​បាន​បង្ហាញ​ចេញ​ក្នុង​ជីវិត​របស់​ស្រ្តី​ដែល​រង​ទុក្ខ ក្នុង​កណ្ឌ​គម្ពីរ​ម៉ាកុស ក៏​ដូច​ជា​បានបង្ហាញ​ក្នុង​អត្ថ​ន័យ​នៃ​រូប​ចម្លាក់​របស់​លោក​មើឃី។ ជំនឿ​ប្រភេទ​នេះ​ក៏​បាន​បង្ហាញ​ចេញ ក្នុង​ពាក្យ​ពេចន៍​នៃ​បទ​ចម្រៀង​ទំនុក​ដំកើង របស់​លោក​ឆាល វេសលី(Charles…

ពន្លឺដែលនាំផ្លូវយើង

មាន​ពេល​មួយ ខ្ញុំ​បាន​ចំណាយ​ពេល​យ៉ាង​យូរ នៅ​ក្បែរ​ការ​តាំង​បង្ហាញ​ចង្កៀង​បុរាណ នៅ​ក្នុង​សារៈ​មន្ទីរ​មួយ។ ពេល​ខ្ញុំ​មើល​ទៅផ្លាក​សញ្ញា​នៅ​ជិត​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា គេ​បាន​យក​ពួក​វា​មក​ពី​ប្រទេស​អ៊ីស្រាអែល។ ចង្កៀង​ទាំង​នោះ​មាន​រាង​មូល​ទ្រវែង ដែល​មាន​ការ​តុប​តែង​ដោយ​ចម្លាក់។ ពួក​វា​មាន​រន្ធ​ពីរ​នៅ​សង្ខាង។ រន្ធ​មួយ​សម្រាប់​ដាក់​ប្រេង និង​មួយ​ទៀត​សម្រាប់​ដាក់​ប្រ​ឆេះ។ តាម​ធម្មតា ជន​ជាតិ​អ៊ីស្រាអែល​បាន​ដាក់​ចង្កៀង​ប្រភេទ​នេះ​នៅ​លើ​ធ្នើ​ជាប់​នឹង​ជញ្ជាំង ហើយ​ពួក​វា​មាន​រូប​រាង​តូច​ល្មម​នឹង​អាច​ដាក់នៅ​ក្នុង​ដៃ​មនុស្ស​ធំ​បាន។

ពន្លឺ​ភ្លើង​ដ៏​តូច​ចេញ​ពី​ចង្កៀង​ប្រភេទ​នេះ ប្រហែល​ជា​បាន​បណ្តាល​ចិត្ត​ស្តេច​ដាវីឌ ឲ្យ​និពន្ធ​បទ​ចម្រៀង​សរសើរ​ដំកើង ដែល​ក្នុង​នោះ​ទ្រង់​បាន​ច្រៀង​ថា “ដ្បិត ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​ជា​ចង្កៀង​នៃ​ទូលបង្គំ ព្រះយេហូវ៉ា​ទ្រង់​បំភ្លឺ ក្នុង​ទី​ងងឹត​នៃ​ទូលបង្គំ”(២សាំយ៉ូអែល ២២:២៩)។ ស្តេច​ដាវីឌ​បាន​បន្លឺ​សម្លេង​ច្រៀង​យ៉ាង​ដូច​នេះ បន្ទាប់​ពី​ព្រះ​ជា​ម្ចាស់​ប្រទាន​ជ័យ​ជម្នះ នៅ​ក្នុង​សង្រ្គាម​។ សត្រូវ​របស់​ទ្រង់ ទំាង​ក្នុង និង​ក្រៅ​ប្រទេស បាន​តាម​សម្លាប់​ទ្រង់។ ដោយ​សារ​ទ្រង់​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​ជាម្ចាស់ នោះទ្រង់​មិន​បាន​លាក់​ខ្លួន​នៅ​ក្នុង​ទីងងឹត​ឡើយ។ ទ្រង់​បាន​ចេញ​ទៅ​តទល់​នឹង​ខ្មាំង​សត្រូវ ដោយ​ទំនុក​ចិត្ត ដែល​បាន​មក​ពី​ព្រះ​វត្ត​មាន​របស់​ព្រះ។ ជំនួយ​របស់​ព្រះ​អង្គ គឺ​ជា​ពន្លឺ ដែល​ជួយ​ឲ្យ​ស្តេច​ដាវីឌ​មើល​ឃើញ​អ្វី​ៗ​ច្បាស់ ហើយ​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ សម្រាប់​ខ្លួន​ទ្រង់ កង​ទ័ព និង​ប្រទេស​ជាតិ​របស់​ទ្រង់។

ភាព​ងងឹត​ដែល​ស្តេច​ដាវីឌ​បាន​និយាយ ក្នុង​បទ​ចម្រៀង​ទ្រង់ ទំនង​ជា​សំដៅ​ទៅ​លើ​ភាព​កម្សោយ បរាជ័យ និង​សេចក្តី​ស្លាប់។ មនុស្ស​ជា​ច្រើន​កំពុង​តែ​រស់​នៅ ដោយ​ការ​ព្រួយ​បារម្ភ​ស្រដៀង​នេះ​ដែរ ដែល​នាំ​ឲ្យ​មាន​ការ​ថប់​បារម្ភ និង​ភាព​តាន​តឹង។ ពេល​ដែល​ភាព​ងងឹត​គ្រប​សង្កត់​មក​លើ​យើង យើង​អាច​រក​ឃើញ​សន្តិ​ភាព ព្រោះ​យើង​ដឹង​ថា​ ព្រះជា​ម្ចាស់​ក៏​គង់​នៅ​ជា​មួយ​យើង​ផង​ដែរ។ ភ្លើង​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​បន្ត​ឆេះ​នៅ​ក្នុង​យើង ដើម្បី​បំភ្លឺ​ផ្លូវ​យើង​ ទាល់​តែ​យើង​បាន​ជួប​ព្រះយេស៊ូវ​មុខ​ទល់​នឹង​មុខ​។—JENNIFER…

ផ្នត់គំនិតដែលចូលចិត្តអរព្រះគុណ

ក្នុង​រដ្ឋ​របស់​ខ្ញុំ នៅ​សហ​រដ្ឋ​អាមេរិក រដូវ​រងា​អាច​នាំ​ឲ្យ​មាន​ការ​ពិបាក​ខ្លាំង ដោយ​សារ​ស៊ីតុណ្ហ​ភាព​ក្រោម​សូន​អង្សា និង​ការ​ធ្លាក់ព្រឹល​មិន​ចេះ​ឈប់។ នៅ​ថ្ងៃ​មួយ ដែល​មាន​អាកាស​ធាតុ​ត្រជាក់​ខ្លាំង ខ្ញុំ​បាន​ចូក​ព្រឹល​នឹង​ប៉ែល​ម្តង​ហើយ​ម្តង​ទៀត ហាក់​ដូច​ជារាប់​ពាន់​ដង​ទៅ​ហើយ។ ពេល​នោះ​អ្នក​រត់​សំបុត្រ​ក៏​បាន​ឈប់​នៅ​មុខ​ផ្ទះ​ខ្ញុំ ហើយ​សួរ​សុខ​ទុក្ខ​ខ្ញុំ។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា​ ខ្ញុំ​ស្អប់​រដូវ​រងា ហើយ​មាន​ការ​ធុញ​ថប់​នឹង​ព្រឹល​ដែល​ធ្លាក់​ច្រើន​ពេក។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ពោល​សរសើរ អំពី​ការងារ​របស់​គាត់ ដែល​ប្រាកដ​ជា​ពិបាក​ណាស់​ហើយ ក្នុង​អំឡុង​ពេល​ដែល​មាន​អាកាស​ធាតុ​អាក្រក់​យ៉ាង​នេះ។ គាត់​ក៏​បាន​ឆ្លើយ​តប​ថា គាត់​មាន​ការពិបាក​មែន តែ​អរ​ព្រះគុណ​ព្រះ​អង្គ ដែល​យ៉ាង​ហោច​ណាស់​គាត់​នៅ​មាន​ការងារ​ធ្វើ ខណៈ​ពេល​ដែល​មនុស្ស​ជា​ច្រើន​កំពុង​តែ​គ្មាន​ការងារ​ធ្វើ។ ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​ខ្ញុំ​នៅ​អាច​ធ្វើ​ការងារ។​

ខ្ញុំ​ទទួល​ស្គាល់​ថា ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ដឹង​ថា គាត់​បាន​ប្រកាន់​ខ្ជាប់​នូវ​ចិត្ត​ដែល​ដឹង​គុណ​ព្រះ។ យើង​ពិត​ជា​ងាយ​នឹង​មើល​រំលង​អ្វី​ៗ ដែល​យើង​មាន ហើយ​យើង​ត្រូវ​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ព្រះ​ពរ​របស់​ព្រះ​អង្គ ពេល​ដែល​កាលៈ​ទេសៈ​នៃ​ជីវិត​យើង​ប្រែ​ជា​អាប់​អួរ។

សាវ័ក​ប៉ុល​បាន​បង្គាប់​គ្រីស្ទ​បរិស័ទ​នៅ​ទីក្រុង​កូល៉ុស​ថា “ចូរ​ឲ្យ​សេចក្តី​មេត្រី​របស់​ព្រះគ្រីស្ទ​ត្រួត​ត្រា​នៅ​ក្នុង​ចិត្ត ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្តី​នោះ​ឯង ឲ្យ​មាន​រូបកាយ​តែ​១ ហើយ​ត្រូវ​ដឹង​គុណ​ផង”(កូល៉ុស ៣:១៥)។ គាត់​ក៏​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​ថែស្សាឡូនិច​ផង​ដែរ​​ថា “ចូរ​អរ​ព្រះគុណ​ក្នុង​គ្រប់​ការ​ទាំង​អស់ ពី​ព្រោះ​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ដូច្នោះ ដោយ​នូវ​ព្រះគ្រីស្ទយេស៊ូវ”(១ថែស្សាឡូនិច ៥:១៨)។

សូម្បី​តែ​ក្នុង​ពេល​ដែល​យើង​មាន​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់ យើង​នៅ​តែ​អាច​ស្គាល់​សន្តិ​ភាព​របស់​ព្រះ និង​អនុញ្ញាត​ឲ្យ​សន្តិភាព​ទ្រង់​គ្រប់​គ្រង​ចិត្ត​យើង។ ពេល​យើង​មាន​សន្តិ​ភាព​នោះ យើង​នឹង​នឹក​ចាំ អំពី​អ្វី​ៗ​ទាំង​អស់ ដែល​យើង​បាន​ទទួល ក្នុង​ព្រះ​គ្រីស្ទ ជា​ហេតុ​ដែល​នាំ​ឲ្យ​យើង​អរ​ព្រះ​គុណ​ព្រះ​អង្គ អស់​ពី​ចិត្ត។ —BILL CROWDER

កុំភ្លេចអ្នកឲ្យ

មុន​ពេល​ដែល​ថ្ងៃ​ណូអែល​មក​ដល់ ស្រ្តី​ម្នាក់​មាន​បញ្ហា​ជា​មួយ​កូន​ៗ​របស់​គាត់ ដោយ​សារ​ពួក​គេ​មិន​មាន​ការ​ដឹង​គុណ។ គាត់​ដឹង​ថា កូន​របស់​គាត់​ងាយ​នឹង​មាន​ផ្នត់​គំនិត​បែប​នេះ ប៉ុន្តែ គាត់​ក៏​ចង់​ឲ្យ​ពួក​គេ​មាន​ការ​ផ្លាស់​ប្តូរ​ចិត្ត​គំនិត​ឲ្យ​បាន​ល្អ។ ដូច​នេះ គាត់ក៏​បាន​យក​បូរ​ពណ៌​ក្រហម​មក​បិទ​ពី​លើ​កុង​តាក់​ភ្លើង ទ្វារ​ទូចាន និង​ទូទឹកកក ម៉ាស៊ីន​បោក​ខោអាវ និង​ម៉ាស៊ីន​សម្ងួត​ខោ​អាវ និង​ក្បាល​រូប៊ីណេ។​ បូរ​នីមួយ​ៗ​មាន​ភ្ជាប់​ក្រដាស់​តូច​ៗ​មួយ​សន្លឹក ដែល​មាន​សរសេរ​អក្សរ​ពី​លើ​ថា “យើង​ងាយ​នឹង​មើល​រំលេង​អំណោយ​មួយ​ចំនួន ដែល​ព្រះ​ប្រទាន​យើង ដូច​នេះ ម៉ាក់​ក៏​បាន​យក​បូរ​មក​ចង​ពី​លើ​វា។ ព្រះ​អង្គ​ល្អ​ចំពោះ​ក្រុម​គ្រួសារ​យើង​ណាស់​។ ដូច​នេះ ចូរ​យើង​កុំ​ភ្លេច​ឲ្យ​សោះ​ថា​ អំណោយ​ទាំង​នោះ​មក​ពី​ណា”។

ក្នុង​បទ​គម្ពីរ​ចោទិយកថា ជំពូក៦ យើង​ឃើញ​ថា អនាគត​របស់​ប្រជាជាតិ​អ៊ីស្រាអែល គឺ​បាន​រាប់​បញ្ចូល​ការ​ចូល​កាន់​កាប់​ទឹក​ដីដែល​មាន​ស្រាប់។ ដូច​នេះ ពួក​គេ​នឹង​ផ្លាស់​​ទៅចូល​រស់​នៅ ក្នុង​ទីក្រុង​ធំ​ៗ ដែល​មាន​ភាព​សម្បូរ​សប្បាយ ដែល​ពួក​គេ​មិន​បាន​កសាង​(ខ.១០) និង​ចូល​ទៅ​ក្នុង​ផ្ទះ​ជា​ច្រើន ដែល​មាន​របស់​ល្អ​ៗ ដែល​ពួក​គេ​បាន​រក ហើយ​បាន​ទទួល​ផល​ពី​អណ្តូង​ទឹក និង​ចំការ​ទំពាំង​បាយ​ជូរ និង​ដើម​អូលីវ ដែល​ពួក​គេ​មិន​បាន​ជីក ឬ​ដាំ(ខ.១១)។ ពួក​គេ​អាច​ដឹង​យ៉ាង​ងាយ​ថា ព្រះ​ពរ​ទាំង​អស់​នេះ មាន​ប្រភព​តែ​មួយ​ប៉ុណ្ណោះ គឺ “ព្រះ​អម្ចាស់ ដែល​ជា​ព្រះ​របស់​ពួក​គេ”(ខ.១០)។ ហើយ​ខណៈ​ពេល​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​របស់​ទាំង​នេះ ដោយ​សេចក្តី​ស្រឡាញ់ លោក​ម៉ូសេ​ចង់​ឲ្យ​ពួក​គេ​មាន​ការ​ប្រុង​ប្រយ័ត្ន គឺ​មិន​ត្រូវ​ភ្លេច​ប្រភព​នៃ​អំណោយ​ទាំង​នោះ​ឡើយ(ខ.១២)។

ក្នុង​រដូវ​កាល​ខ្លះ នៃ​ជីវិត​យើង យើង​ងាយ​នឹង​ភ្លេច​ប្រភព​នៃ​ព្រះ​ពរ។ ប៉ុន្តែ ចូរ​យើង​កុំ​មើល​រំលង​សេចក្តី​ល្អ​របស់​ព្រះ ដែល​ជាប្រភព​នៃ​ព្រះពរ​ទាំង​អស់​ដែល​យើង​បាន​ទទួល​នោះ​ឡើយ។—JOHN BLASÉ

អំណោយមកពីស្ថានលើ

រឿង​បុរាណ​មួយ​បាន​ដំណាល​ថា មាន​បុរស​ម្នាក់​ឈ្មោះ​នីកូឡាស(Nicholas កើត​នៅ​គ.ស ២៧០) បាន​ឮ​គេ​និយាយ​ថា ​បុរសជា​ឪពុក​ម្នាក់​មាន​ភាព​ទាល់​ក្រ​យ៉ាង​ខ្លាំង បាន​ជា​មិន​អាច​ផ្គត់​ផ្គង់​អាហារ​ដល់​កូន​ស្រី​របស់​ខ្លួន​ទាំង​បី​នាក់ ហើយ​រឹត​តែ​គ្មាន​លុយ​សម្រាប់​មង្គល​ការ​របស់​ពួក​គេ នៅ​ពេល​អនាគត​ទៀត។ លោក​នីកូឡាស​ចង់​ជួយ​បុរស​ជា​ឪពុក​នោះ តែ​គាត់​មិន​ចង់​ឲ្យ​គេ​ដឹង​ថា គាត់​ជា​អ្នក​ជួយ​ទេ។ គាត់​ក៏​បាន​បោះ​មាស​មួយ​ថង់​ចូល​តាម​បង្អូច​ផ្ទះ​បុរស​នោះ ដែល​បើក​ចំហរ ហើយ​ថង់​មាស​នោះ​ក៏​បាន​ធ្លាក់ចូល​ទៅ​ក្នុង​ស្រោម​ជើង ឬ​ស្បែក​ជើង​ដែល​បុរស​នោះ​បាន​សម្ងួត​នៅ​លើ​កម្រាល​ឥដ្ឋ​នៅ​មុខ​ឡ​កំដៅ​ក្នុង​ផ្ទះ។ គេ​ក៏​បាន​ហៅសប្បុរស​ជន​រូប​នេះ​ថា សេន នីកូឡាស់ ដែល​ក្រោយ​មក​គេ​ក៏​បាន​ប្រើ​ឈ្មោះ​គាត់ ដើម្បី​និពន្ធ​រឿង​ប្រឌិត អំពី​លោក​សាន់តា ក្លូស ឬ​តាណូអែល។​

ពេល​ដែល​ខ្ញុំ​ស្តាប់​រឿង ដែល​និយាយ​អំពី​អំណោយ ដែល​ធ្លាក់​ចុះ​ពី​លើ​មក ខ្ញុំ​ក៏​បាន​គិត​អំពី​ព្រះ​វរបិតា ដែល​មាន​សេចក្តី​ស្រឡាញ់ និង​ក្តី​អាណឹត​ចំពោះ​មនុស្ស​ទាំង​អស់ បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់ ធ្វើ​ជា​អំណោយ​ដ៏​ល្អ​អស្ចារ្យ​បំផុត តាម​រយៈ​ការ​ប្រសូត្រ​ដោយ​ការ​អស្ចារ្យ។ យោង​តាម​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ម៉ាថាយ ព្រះយេស៊ូវ​បាន​សម្រេច​បទ​ទំនាយ​សញ្ញា​ចាស់ ដែល​បាន​ចែង​ថា​ ស្រ្តី​ព្រហ្មចារី​ម្នាក់​នឹង​មាន​ផ្ទៃ​ពោះ ហើយ​ប្រសូត្រ​បាន​បុត្រា​មួយ​អង្គ ដែល​គេ​នឹង​ហៅ​ទ្រង់​ថា អេម៉ាញូអែល ដែល​មាន​ន័យ​ថា “ព្រះ​គង់​ជា​មួយ​យើង​ខ្ញុំ”(១:២៣)។

បើ​អំណោយ​របស់​លោក​នីកូឡាស​ល្អ​យ៉ាង​នេះ​ហើយ តើ​អំណោយ​របស់​ព្រះ​យេស៊ូវ​មាន​ភាព​អស្ចារ្យ​ជាង​អម្បាល​ម្មាន។ ទ្រង់​បាន​យាង​ចុះ​ពី​ស្ថាន​សួគ៌ មក​ប្រសូត្រ​ជា​មនុស្ស ទ្រង់​បាន​សុគត ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ហើយ​ទ្រង់​ជា​ព្រះ​ដែល​គង់​នៅជា​មួយ​យើង។ ទ្រង់​ប្រទាន​ការ​កម្សាន្ត​ចិត្ត ពេល​ដែល​យើង​មាន​ការ​ឈឺ​ចាប់ និង​ពិបាក​ចិត្ត។ ទ្រង់​លើក​ទឹក​ចិត្ត​យើង ពេល​ដែល​យើង​បាក់​ទឹក​ចិត្ត។ ទ្រង់​បង្ហាញ​សេចក្តី​ពិត​ដល់​យើង ដើម្បី​កុំ​ឲ្យ​យើង​ចាញ់​ការ​បោក​បញ្ឆោត។—AMY BOUCHER PYE

អំពើសប្បុរសដោយចេទនា

មាន​ពេល​មួយ​ចេស៊ីកា(Jessica) បាន​ឡើង​ជិះ​យន្ត​ហោះ​ជា​មួយ​កូន​តូច​ៗ​របស់​ខ្លួន។ ស្រ្តី​ជា​ម្តាយ​ដ៏​វ័យ​ក្មេង​ម្នាក់​នេះ​បានព្យាយាម​លួង​កូន​ស្រី​របស់​ខ្លួន ដែល​មាន​អាយុ​បី​ឆ្នាំ យ៉ាង​លំបាក​លំបិន ពេល​ដែល​វា​យំទធាក់​ជើង​ឥត​ឈប់។​ បន្ទាប់​មក កូនប្រុស​ដែល​មាន​អាយុ​៤​ខែ​ក៏​បាន​ចាប់​ផ្តើម​ស្រែក​យំ​ផង​ដែរ ដោយ​ការ​ស្រេក​ឃ្លាន។​

អ្នក​ដំណើរ​ដែល​អង្គុយ​ជាប់​កៅ​អី​គាត់ ក៏​បាន​ប្រញាប់​ជួយ​ពរ​ទារក​របស់​នាង ខណៈ​ពេល​ដែល​នាង​ដាក់​ខ្សែ​ក្រវ៉ាត់​ឲ្យ​កូន​បង។ បន្ទាប់​មក អ្នក​ដំណើរ​រូប​នោះ ក៏​បាន​ប្រាប់​នាង​ថា គាត់​ក៏​ធ្លាប់​ធ្វើ​ជាឪពុក ក្នុង​វ័យ​ក្មេង​ផង​ដែរ។ គាត់​ក៏​បាន​ចាប់​ផ្តើម​នាំ​កូន​ស្រីរបស់​នាង​ផាត់​ពណ៌​ពី​លើ​រូប​គំនូរ នៅ​ពេល​ដែល​នាង​កំពុង​បំបៅ​ដោះ​កូន​។ ហើយ​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ ក្នុង​ជើង​ហោះ​ហើរ​បន្ទាប់ បុរស​ដដែល​នេះ​ក៏​បាន​ស្ម័គ្រ​ចិត្ត​ជួយ​នាង​ទៀត បើ​សិន​ជា​នាង​ត្រូវ​ការ។

ចេស៊ីកា​ក៏​បាន​រំឭក​ថា ថ្ងៃ​នោះ ព្រះ​ហស្ត​របស់​ព្រះ​ជា​ម្ចាស់​បាន​ពាល់​នាង។ ទ្រង់​អាច​ឲ្យ​នាង​និង​កូន​អង្គុយ​នៅ​ក្បែរ​អ្នក​ផ្សេង តែ​ទ្រង់​បាន​ឲ្យ​ពួក​នាង​អង្គុយ​នៅ​ក្បែរ​បុរស​ដែល​ចិត្ត​ល្អ​បំផុត ដែល​នាង​ធ្លាប់​ជួប។​

បទ​គម្ពីរ ២​សាំយ៉ូអែល ជំពូក​៩ បាន​និយាយ​អំពី​គំរូ​នៃ​អំពើ​សប្បុរស​មួយ​ទៀត។ ខ្ញុំ​បាន​ហៅ​អំពើ​សប្បុរស​នោះ​ថា ភាព​សប្បុរសដោយ​ចេតនា ។ បន្ទាប់​ពី​ស្តេច​សូល និង​យ៉ូណាថាន ដែល​ជា​បុត្រា​ទ្រង់​សុគត អ្នក​ខ្លះ​បាន​រំពឹង​ថា ស្តេច​ដាវីឌ​មុខ​ជា​នឹង​សម្លាប់សំណល់​នៃ​ពូជ​ពង្ស​របស់​ស្តេច​សូល ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ដណ្តើម​រាជ្យ​ទ្រង់។ តែ​ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​សួរ​គេ​ថា “តើ​មាន​ពូជ​ពង្សរបស់​សូល​ណា​មួយ​សល់​នៅ​ឬ​ទេ ដើម្បី​ឲ្យ​យើង​បាន​សំដែង​សេចក្តី​ករុណា​នៃ​ព្រះ​ដល់​អ្នក​នោះ(២សាំយ៉ូអែល ៩:៣)។ គេ​ក៏បាន​នាំ​មភីបូសែត ជា​បុត្រា​នៃ​យ៉ូណាថាន ចូល​មក​គាល់​ស្តេច​ដាវីឌ ហើយ​ស្តេច​ដាវីឌ​ក៏​បាន​ឲ្យ​គាត់​ទទួល​មរដក​របស់​គាត់ ហើយ​ក៏​បាន​អញ្ជើញ​គាត់ ឲ្យ​បរិភោគ​អាហារ​នៅ​តុ​របស់​ទ្រង់​ចាប់​តាំង​ពី​ពេល​នោះ​មក ទុក​ដូច​ជា​បុត្រ​បង្កើត​របស់​ទ្រង់​ (ខ.១១)។

ក្នុង​នាម​យើង ដែល​ជា​អ្នក​ទទួល​សេចក្តី​សប្បុរស​ដ៏​ធំ​ធេង​របស់​ព្រះ​ជា​ម្ចាស់ ចូរ​យើង​ស្វែង​រក​ឱកាស បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុរស​ដោយ​ចេតនា ដល់​អ្នក​ដទៃ​ផង​ដែរ​(កាឡាទី ៦:១០)។—CINDY…

រួចផុតពីការចោទប្រកាន់

មាន​ប្តី​ប្រពន្ធ​មួយ​គូរ​បាន​បើក​ឡាន​កុង​តៃន័រ កាត់​តាម​តំបន់​ដ៏​ស្ងួត​ហួត​ហែង នៅ​ភាគ​ខាង​ជើង​នៃ​រដ្ឋ​កាលីហ្វូញ៉ា។ ពេល​កំពុង​ធ្វើ​ដំណើរ ពួកគេ​ក៏​បាន​ដឹង​ថា កង់​ឡាន​របស់​ពួក​គេ​បាន​ផ្ទុះ​អស់​មួយ​គ្រាប់ ហើយ​ពួក​គេ​ក៏​បាន​ឮ​សម្លេង​ដែក​កកិត​នឹង​ផ្លូវ​ថ្នល់។ ដែក​នោះ​បាន​កកិត​នឹង​ថ្នល់​ចេញ​ផ្កា​ភ្លើង ហើយ​ក៏​បាន​ក្លាយ​ជា​ដើម​ហេតុ​នៃ​ភ្លើង​ឆេះ​ព្រៃ នៅ​រដ្ឋ​កាលីហ្វូញ៉ា កាល​ពី​ឆ្នាំ​២០១៨ គឺ​ភ្លើង​ឆេះ​ព្រៃ ដែល​បាន​ដុត​បំផ្លាញ​ព្រៃ​ឈើ​អស់​ជិត ៩៣០០ហិចតា ហើយ​បាន​បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​នាក់​បាត់​បង់​ជីវិត។​

ពេល​ដែល​អ្នក​រួច​ជីវិត ពី​ភ្លើង​ឆេះ​ព្រៃ​នោះ បាន​ឮ​ដំណឹង​ថា ប្តី​ប្រពន្ធ​មួយ​គូរ​នេះ​បាន​សោក​សង្រេង ពួក​គេ​ក៏​បាន​បង្កើត​ទំព័រ​ហ្វេស​ប៊ុក​មួយ ដើម្បី​បង្ហាញ “ព្រះ​គុណ និង​សេចក្តី​សប្បុរស … សម្រាប់​អ្នក​ទាំង​ពីរ​ដែល​កំពុង​តែ​មាន​ក្តី​អាម៉ាស់ និង​ភាព​អស់​សង្ឃឹម”។ មាន​ស្រ្តី​ម្នាក់​បាន​សរសេរ​សារ​មួយ​ថា “ក្នុង​នាម​ខ្ញុំ​ជា​ជន​រង​គ្រោះ​ដែល​បាន​បាត់​បង់​ផ្ទះ​សម្បែង ដោយ​សារ​ភ្លើង​ឆេះព្រៃ​នេះ ខ្ញុំ​ចង់​ឲ្យ​អ្នក​ដឹង​ថា ក្រុម​គ្រួសារ​ខ្ញុំ​មិន​បាន​បន្ទោស​អ្នក​ទេ ហើយ​ក្រុម​គ្រួសារ​ដទៃ​ទៀត​ដែល​បាត់​បង់​បង់​ផ្ទះ​ដូច​ខ្ញុំ​ដែរ ក៏​មិន​ស្តី​បន្ទោស​អ្នក​ដែរ … ​វា​ជា​ឧបទេវហេតុ​ទេ​។ ខ្ញុំ​សង្ឃឹម​ថា សារ​ដ៏​សប្បុរស​នេះ នឹង​បាន​ជួយ​កាត់​បន្ថយ​បន្ទុក​ដែល​អ្នក​មាន​នៅ​ក្នុង​ចិត្ត។ យើង​នឹង​ឆ្លង​កាត់​រឿង​នេះ​ទាំង​អស់​គ្នា​ណា”។

ការ​ថ្កោល​ទោស ឬ​ការ​ភ័យ​ខ្លាច ដោយ​សារ​យើង​បាន​ធ្វើ​អ្វី​មួយ ដែល​មិន​អាច​ប៉ះ​ប៉ូវ​បាន​ អាច​បំផ្លាញ​ព្រលឹង​របស់​យើង។ តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា “ដ្បិត​បើ​សិន​ជា​ចិត្ត​យើង​ចោទ​ប្រកាន់​ខ្លួន នោះ​ព្រះ​ទ្រង់​ធំ​ជាង​ចិត្ត​យើង​ទៅ​ទៀត ហើយ​ក៏​ជ្រាប​គ្រប់​ទាំង​អស់​ផង”(១យ៉ូហាន ៣:២០)។ ទោះ​យើង​មាន​ភាព​អាម៉ាស់ ដែល​បាន​លាក់​ទុក​ក៏​ដោយ ក៏​ព្រះ​ទ្រង់​នៅ​តែ​ធំ​ជាង​ភាព​អាម៉ាស់​នោះ។ ព្រះ​យេស៊ូវ​បាន​ត្រាស់​ហៅ​យើង ឲ្យ​មាន​ការ​ប្រែ​ចិត្ត ដែល​នាំ​ឲ្យ​មាន​ការ​ប្រោស​ឲ្យ​ជា ឬ​ដោះ​ចេញ​ភាព​អាម៉ាស់ ដែល​កំពុង​តែ​ស៊ី​បំផ្លាញ​យើង។ បន្ទាប់​មក ពេល​ដែល​យើង​ទទួល​ការ​ប្រោស​លោះ​ពី​ព្រះ​អង្គ…