ការទូលសូមជំនួយពីព្រះជាម្ចាស់
ពេលដែលស្វាមីខ្ញុំទៅពិនិត្យសុខភាពរកឃើញថា មានជម្ងឺមហារីក ខ្ញុំមិនដឹងថា ត្រូវអធិស្ឋានយ៉ាងដូចម្តេច ឲ្យបានត្រឹមត្រូវ ដើម្បីសូមព្រះទ្រង់ប្រោសគាត់ឲ្យជា។ តាមទស្សនៈរបស់ខ្ញុំ ដែលមានកំណត់ ខ្ញុំដឹងថា មនុស្សជាច្រើនក្នុងពិភពលោកនេះ កំពុងតែជួបបញ្ហាធ្ងន់ៗដូចនេះផងដែរ ដែលមានដូចជា សង្រ្គាម ភាពអត់ឃ្លាន ភាពក្រីក្រ និងគ្រោះធម្មជាតិជាដើម។ ក្រោយមក ថ្ងៃមួយ ក្នុងអំឡុងពេលនៃការអធិស្ឋាននៅពេលព្រឹក ខ្ញុំបានឮស្វាមីខ្ញុំទូលសូមដោយការបន្ទាបខ្លួនថា “ឱព្រះអម្ចាស់ សូមប្រោសជម្ងឺទូលបង្គំឲ្យជា”។
នេះជាការអធិស្ឋានដ៏សាមញ្ញ តែអស់ពីចិត្ត ដែលបានរំឭកខ្ញុំថា ខ្ញុំត្រូវឈប់ធ្វើឲ្យមានភាពស្មុគ្រស្មាញ នៅក្នុងការទូលសូមអ្វីមួយពីព្រះ ដ្បិតព្រះអង្គបានស្តាប់ឮការទូលសូមដ៏សុចរិតរបស់យើង។ គឺដូចដែលស្តេចដាវីឌបានទូលសូម ដោយពាក្យពេចន៍ដ៏សាមញ្ញថា “ឱព្រះយេហូវ៉ាអើយ សូមទ្រង់យាងមកវិញ ហើយប្រោសព្រលឹងទូលបង្គំឲ្យរួច សូមទ្រង់ជួយសង្គ្រោះទូលបង្គំ ដោយយល់ដល់សេចក្តីសប្បុរសនៃទ្រង់”(ទំនុកដំកើង ៦:៤)។
នោះជាអ្វីដែលស្តេចដាវីឌបានពោលឡើង ក្នុងអំឡុងពេលដែលមានការភ័ន្តភាំង និងភាពអស់សង្ឃឹមខាងវិញ្ញាណ។ ទ្រង់មិនបានពន្យល់អំពីស្ថានភាពរបស់ទ្រង់ ក្នុងបទគម្ពីរទំនុកដំកើងនេះ ឲ្យបានគ្រប់ជ្រុងជ្រោយទេ។ ទោះជាយ៉ាងណាក៏ដោយ ការទូលអង្វរដ៏ស្មោះត្រង់របស់ទ្រង់ បានបង្ហាញចេញនូវចិត្តដែលស្រេកឃ្លានជំនួយ និងការស្អាងឡើងវិញ ពីព្រះជាម្ចាស់។ គឺដូចដែលទ្រង់បានសរសេរថា ទ្រង់បានអស់កម្លាំង ទាំងថ្ងូរផង(ខ.៦)។
តែស្តេចដាវីឌមិនបានបណ្តោយឲ្យបញ្ហារបស់ទ្រង់ ជាពិសេសអំពើបាបរបស់ទ្រង់ រារាំងទ្រង់មិនឲ្យចូលទៅរកព្រះ ទូលថ្វាយ អំពីសេចក្តីត្រូវការរបស់ទ្រង់ឡើយ។ ហេតុនេះហើយ មុនពេលដែលព្រះទ្រង់ឆ្លើយតប ស្តេចដាវីឌនៅតែអាចបន្លឺសម្លេង ដោយអំណរថា ព្រះអម្ចាស់ឮសម្លេងទ្រង់យំ…
ជម្នះការភ័យខ្លាច
ការភ័យខ្លាចបានគ្រប់គ្រងជីវិតរបស់បុរសម្នាក់ អស់រយៈពេល៣២ឆ្នាំ។ គាត់ខ្លាចគេចាប់ខ្លួនគាត់ ដោយសារអំពើឧក្រឹដ្ឋដែលគាត់បានប្រព្រឹត្ត ដូចនេះ គាត់ក៏បានលាក់ខ្លួននៅក្នុងផ្ទះប្អូនស្រីគាត់ ដោយមិនចេញទៅណាសោះ ហើយក៏មិនជួបអ្នកខាងក្រៅដែរ។ សូម្បីតែពិធីបុណ្យសពរបស់ម្តាយគាត់ ក៏គាត់មិនបានចូលរួមដែរ។ ពេលគាត់មានអាយុ៦៤ឆ្នាំ គាត់ក៏បានដឹងថា តាមពិតគ្មាននរណាប្តឹងគាត់ ពីបទឧក្រឹដ្ឋដែលគាត់បានប្រព្រឹត្តនោះទេ។ បុរសម្នាក់នេះក៏មានសេរីភាព នៅក្នុងការបន្តរស់នៅជាធម្មតាឡើងវិញ។ ជាការពិតណាស់ គាត់ពិតជាខ្លាចគេដាក់ទោសគាត់មែន តែគាត់បានអនុញ្ញាតឲ្យការភ័យខ្លាចនេះ គ្រប់គ្រងជីវិតគាត់អស់រយៈពេល៣២ឆ្នាំ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីពួកសាសន៍អ៊ីស្រាអែលដែលត្រូវបានការភ័យខ្លាចគ្របសង្កត់ នៅពេលដែលពួកសាសន៍ភីលីស្ទីនបបួលពួកគេប្រយុទ្ធគ្នា នៅជ្រលងភ្នំអេឡា។ ការគំរាមកំហែងគឺពិតជាមានមែន។ ពួកសត្រូវមានអ្នកប្រយុទ្ធដ៏ខ្លាំងពូកែ ឈ្មោះកូលីយ៉ាត ដែលមានកម្ពស់ជិត៣ម៉ែត្រ ហើយអាវក្រោះរបស់គាត់មានទម្ងន់ប្រហែល៥៦គីឡូ(១សាំយ៉ូអែល ១៧:៤-៥)។ អស់រយៈពេល៤០ថ្ងៃមកហើយ ដែលកូលីយ៉ាតបានបបួលកងទ័ពអ៊ីស្រាអែលឲ្យចូលមកប្រយុទ្ធនឹងគាត់។ ប៉ុន្តែ គ្មាននរណាម្នាក់ហ៊ានចេញមុខសោះ។ រហូតដល់ពេលដែលដាវីឌបានមកដល់សមរភូមិ ទើបមានអ្នកហ៊ានតតាំងនឹងគាត់។ ដាវីឌក៏បានឮគេនិយាយ និងបានឃើញពួកសាសន៍អ៊ីស្រាអែលត្រូវគេសើចចម្អកឲ្យ ហើយក៏បានស្ម័គ្រចិត្តចេញប្រយុទ្ធនឹងកូលីយ៉ាត។
គេរាល់គ្នា ក្នុងជួរទ័ពអ៊ីស្រាអែលគិតថា ពួកគេមិនអាចប្រយុទ្ធនឹងកូលីយ៉ាតបានទេ ព្រោះវាមានមាឌធំពេក តែដាវីឌដែលជាក្មេងគង្វាលដឹងថា ព្រះជាម្ចាស់ធំជាងកូលីយ៉ាត។ គឺដូចដែលគាត់បានពោលថា “ព្រះយេហូវ៉ាទ្រង់មិនជួយសង្គ្រោះដោយសារដាវឬលំពែងទេ ដ្បិតចំបាំងនេះស្រេចនៅព្រះយេហូវ៉ាវិញ”(ខ.៤៧)។
ពេលដែលការភ័យខ្លាចគ្របសង្កត់យើង ចូរយើងយកគំរូតាមដាវីឌ ហើយមើលទៅព្រះ ដើម្បីឲ្យយើងមានទស្សនៈដ៏ត្រឹមត្រូវ ចំពោះបញ្ហារបស់យើង។ ការគំរាមកំហែលប្រហែលជាមានពិតមែន តែព្រះដែលគង់នៅជាមួយយើង ទ្រង់ធំជាងបញ្ហា ដែលកំពុងទាស់ប្រឆាំងនឹងយើង។—ALBERT LEE
បំណុលដែលត្រូវបានលុបចោល
កាលពីឆ្នាំ២០០៩ សាលាក្រុងឡូស អ៊ែនជែលេស បានឈប់តម្រូវឲ្យក្រុមគ្រួសារទាំងឡាយបង់ប្រាក់ សម្រាប់រយៈពេលនៃការជាប់ឃុំខ្លួនរបស់កូនៗរបស់ពួកគេ។ ទោះការបង់ប្រាក់ថ្មីៗ មិនត្រូវបានគេតម្រូវឲ្យធ្វើក៏ដោយ អ្នកដែលជំពាក់ប្រាក់រដ្ឋ មុនពេលគេចាប់ផ្តើមអនុវត្តច្បាប់ថ្មីនេះ នៅតែត្រូវសងបំណុលឲ្យអស់។ បន្ទាប់មក នៅឆ្នាំ២០១៨ សាលាក្រុងក៏បានសម្រេចលប់បំណុលទាំងអស់ ដែលគេបានជំពាក់ សម្រាប់រយៈពេលនៃការឃុំខ្លួនកូនៗរបស់ពួកគេ។
សម្រាប់ក្រុមគ្រួសារខ្លះ ការលុបបំណុលបានជួយសម្រាលបន្ទុកជាច្រើន នៅក្នុងការរស់នៅដ៏ពិបាក ដោយមិនចាំបាច់ត្រូវគេរឹបអូសទ្រព្យសម្បត្តិ ឬកាត់ប្រាក់ខែទៀត បានសេចក្តីថា ពួកគេអាចមានអាហារបរិភោគច្រើនជាងមុន។ ដោយសារតែមានទុក្ខលំបាកយ៉ាងដូចនេះហើយ បានជាព្រះអម្ចាស់បង្គាប់ឲ្យសាសន៍អ៊ីសា្រអែលលុបបំណុល រៀងរាល់៧ឆ្នាំ(ចោទិយកថា ១៥:២)។ ទ្រង់មិនសព្វព្រះទ័យឲ្យនរណាម្នាក់ រងទុក្ខជារៀងរហូត ដោយសារការជំពាក់បំណុលនោះឡើយ។
ដោយសារក្រឹត្យវិន័យបានហាមឃាត់ពួកអ៊ីស្រាអែលមិនឲ្យយកការប្រាក់ ពីជនរួមជាតិរបស់ខ្លួន(និក្ខមនំ ២២:២៥) នោះពួកគេត្រូវឲ្យអ្នកជិតខាងខ្លួនខ្ចីលុយ មិនមែនដើម្បីរកប្រាក់ចំណេញនោះទេ តែដើម្បីជួយអ្នកដែលកំពុងជួបការលំបាក ប្រហែលដោយសារការប្រមូលផលមិនបានល្អជាដើម។ ពួកគេត្រូវលប់បំណុលចោល រៀងរាល់៧ឆ្នាំ។ ជាលទ្ធផល ភាពក្រីក្រក៏បានថយចុះ ក្នុងចំណោមពួកបណ្តាជន(ចោទិយកថា ១៥:៤)។
សព្វថ្ងៃនេះ អ្នកជឿព្រះយេស៊ូវមិនស្ថិតនៅក្រោមក្រឹត្យវិន័យនេះទេ។ តែជួនកាល ព្រះទ្រង់អាចធ្វើការក្នុងចិត្តយើង ឲ្យលុបបំណុលដែលគេជំពាក់យើង ឬអត់ឱនទោសឲ្យគេ ដើម្បីឲ្យអ្នកដែលកំពុងជួបទុក្ខលំបាក អាចមានការចាប់ផ្តើមជាថ្មី ក្នុងនាមជាសមាជិកដ៏មានប្រយោជន៍របស់សង្គម។ ពេលណាយើងបង្ហាញសេចក្តីមេត្តា និងសប្បុរសធម៌យ៉ាងដូចនេះ ដល់អ្នកដទៃ គឺមានន័យថា យើងកំពុងតែលើកដំកើងចរិកលក្ខណៈរបស់ព្រះជាម្ចាស់ ហើយផ្តល់ក្តីសង្ឃឹមដល់អ្នកដទៃ។—KIRSTEN HOLMBERG
តើអ្នកមានប្រភេទនៃជំនឿនោះឬទេ?
វិចិត្រករ ដូក មើឃី(Doug Merkey)បានឆ្លាក់រូបចម្លាក់ដ៏ល្អប្រណិតមួយ ដែលគាត់បានដាក់ចំណងជើងឲ្យថា ជំនឿអស់ពីចិត្ត ។ វាជារូបចម្លាក់មនុស្សម្នាក់ធ្វើពីលង្ហឹន ដែលកំពុងតែតោងឈើឆ្កាងមួយធ្វើពីឈើវលណាត់ ដោយចិត្តស្រេកឃ្លានយ៉ាងខ្លាំង។ គាត់បានសរសេរថា “រូបចម្លាក់នេះ គឺជាការឆ្លុះបញ្ចាំង អំពីឥរិយ៉ាបថដ៏ចាំបាច់ និងត្រឹមត្រូវ ដែលយើងត្រូវមានក្នុងជីវិត ដោយការពឹងផ្អែកដ៏ជិតស្និទ្ធ មកលើព្រះគ្រីស្ទ និងដំណឹងល្អ”។
រូបចម្លាក់នេះក៏បានធ្វើឲ្យខ្ញុំនឹកចាំ អំពីជំនឿ ដែលបានបង្ហាញចេញមក តាមរយៈសកម្មភាព និងពាក្យសម្តីរបស់ស្រ្តីម្នាក់ ដែលមិនបានបញ្ចេញឈ្មោះ ក្នុងបទគម្ពីរ ម៉ាកុស ៥:២៥-៣៤។ ជីវិតរបស់នាងបានជួបភាពច្របូកច្របល់អស់រយៈពេល១២ឆ្នាំមកហើយ(ខ.២៥)។ “នាងបានឈឺសន្ធឹក នៅដៃគ្រូពេទ្យជាច្រើន ហើយបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានៗ តែមិនបានគ្រាន់បើសោះ ជំងឺនោះកាន់តែខ្លាំងឡើងវិញ”(ខ.២៦)។ ប៉ុន្តែ គ្រាន់តែបានដឹងថា ព្រះយេស៊ូវកំពុងតែយាងមកតាមផ្លូវ នាងក៏បានប្រញាប់ទៅរកព្រះអង្គ ដោយគ្រាន់តែពាល់ជាយព្រះពស្តរបស់ព្រះអង្គ ហើយនាងក៏បាន “រួចពីសេចក្តីវេទនារបស់នាង”(ខ.២៧-២៩)។
តើអ្នកមានការទាល់ច្រកឬទេ? តើអ្នកបានចំណាយអស់កម្លាំង និងធនធានហើយឬ? តើអ្នកមានការថប់បារម្ភ អស់សង្ឃឹម វង្វេង និងពិបាកចិត្តឬទេ? អ្នកមិនចាំបាច់ត្រូវអស់សង្ឃឹមឡើយ។ ព្រះអម្ចាស់យេស៊ូវ នៅតែឆ្លើយតប ចំពោះជំនឿ ដ៏ស្រេកឃ្លានរបស់អ្នក គឺប្រភេទនៃជំនឿ ដែលបានបង្ហាញចេញក្នុងជីវិតរបស់ស្រ្តីដែលរងទុក្ខ ក្នុងកណ្ឌគម្ពីរម៉ាកុស ក៏ដូចជាបានបង្ហាញក្នុងអត្ថន័យនៃរូបចម្លាក់របស់លោកមើឃី។ ជំនឿប្រភេទនេះក៏បានបង្ហាញចេញ ក្នុងពាក្យពេចន៍នៃបទចម្រៀងទំនុកដំកើង របស់លោកឆាល វេសលី(Charles…
ពន្លឺដែលនាំផ្លូវយើង
មានពេលមួយ ខ្ញុំបានចំណាយពេលយ៉ាងយូរ នៅក្បែរការតាំងបង្ហាញចង្កៀងបុរាណ នៅក្នុងសារៈមន្ទីរមួយ។ ពេលខ្ញុំមើលទៅផ្លាកសញ្ញានៅជិតនោះ ខ្ញុំក៏បានដឹងថា គេបានយកពួកវាមកពីប្រទេសអ៊ីស្រាអែល។ ចង្កៀងទាំងនោះមានរាងមូលទ្រវែង ដែលមានការតុបតែងដោយចម្លាក់។ ពួកវាមានរន្ធពីរនៅសង្ខាង។ រន្ធមួយសម្រាប់ដាក់ប្រេង និងមួយទៀតសម្រាប់ដាក់ប្រឆេះ។ តាមធម្មតា ជនជាតិអ៊ីស្រាអែលបានដាក់ចង្កៀងប្រភេទនេះនៅលើធ្នើជាប់នឹងជញ្ជាំង ហើយពួកវាមានរូបរាងតូចល្មមនឹងអាចដាក់នៅក្នុងដៃមនុស្សធំបាន។
ពន្លឺភ្លើងដ៏តូចចេញពីចង្កៀងប្រភេទនេះ ប្រហែលជាបានបណ្តាលចិត្តស្តេចដាវីឌ ឲ្យនិពន្ធបទចម្រៀងសរសើរដំកើង ដែលក្នុងនោះទ្រង់បានច្រៀងថា “ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់ជាចង្កៀងនៃទូលបង្គំ ព្រះយេហូវ៉ាទ្រង់បំភ្លឺ ក្នុងទីងងឹតនៃទូលបង្គំ”(២សាំយ៉ូអែល ២២:២៩)។ ស្តេចដាវីឌបានបន្លឺសម្លេងច្រៀងយ៉ាងដូចនេះ បន្ទាប់ពីព្រះជាម្ចាស់ប្រទានជ័យជម្នះ នៅក្នុងសង្រ្គាម។ សត្រូវរបស់ទ្រង់ ទំាងក្នុង និងក្រៅប្រទេស បានតាមសម្លាប់ទ្រង់។ ដោយសារទ្រង់មានទំនាក់ទំនងជាមួយព្រះជាម្ចាស់ នោះទ្រង់មិនបានលាក់ខ្លួននៅក្នុងទីងងឹតឡើយ។ ទ្រង់បានចេញទៅតទល់នឹងខ្មាំងសត្រូវ ដោយទំនុកចិត្ត ដែលបានមកពីព្រះវត្តមានរបស់ព្រះ។ ជំនួយរបស់ព្រះអង្គ គឺជាពន្លឺ ដែលជួយឲ្យស្តេចដាវីឌមើលឃើញអ្វីៗច្បាស់ ហើយអាចធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ សម្រាប់ខ្លួនទ្រង់ កងទ័ព និងប្រទេសជាតិរបស់ទ្រង់។
ភាពងងឹតដែលស្តេចដាវីឌបាននិយាយ ក្នុងបទចម្រៀងទ្រង់ ទំនងជាសំដៅទៅលើភាពកម្សោយ បរាជ័យ និងសេចក្តីស្លាប់។ មនុស្សជាច្រើនកំពុងតែរស់នៅ ដោយការព្រួយបារម្ភស្រដៀងនេះដែរ ដែលនាំឲ្យមានការថប់បារម្ភ និងភាពតានតឹង។ ពេលដែលភាពងងឹតគ្របសង្កត់មកលើយើង យើងអាចរកឃើញសន្តិភាព ព្រោះយើងដឹងថា ព្រះជាម្ចាស់ក៏គង់នៅជាមួយយើងផងដែរ។ ភ្លើងរបស់ព្រះវិញ្ញាណបរិសុទ្ធបានបន្តឆេះនៅក្នុងយើង ដើម្បីបំភ្លឺផ្លូវយើង ទាល់តែយើងបានជួបព្រះយេស៊ូវមុខទល់នឹងមុខ។—JENNIFER…
ផ្នត់គំនិតដែលចូលចិត្តអរព្រះគុណ
ក្នុងរដ្ឋរបស់ខ្ញុំ នៅសហរដ្ឋអាមេរិក រដូវរងាអាចនាំឲ្យមានការពិបាកខ្លាំង ដោយសារស៊ីតុណ្ហភាពក្រោមសូនអង្សា និងការធ្លាក់ព្រឹលមិនចេះឈប់។ នៅថ្ងៃមួយ ដែលមានអាកាសធាតុត្រជាក់ខ្លាំង ខ្ញុំបានចូកព្រឹលនឹងប៉ែលម្តងហើយម្តងទៀត ហាក់ដូចជារាប់ពាន់ដងទៅហើយ។ ពេលនោះអ្នករត់សំបុត្រក៏បានឈប់នៅមុខផ្ទះខ្ញុំ ហើយសួរសុខទុក្ខខ្ញុំ។ ខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំស្អប់រដូវរងា ហើយមានការធុញថប់នឹងព្រឹលដែលធ្លាក់ច្រើនពេក។ បន្ទាប់មក ខ្ញុំក៏បានពោលសរសើរ អំពីការងាររបស់គាត់ ដែលប្រាកដជាពិបាកណាស់ហើយ ក្នុងអំឡុងពេលដែលមានអាកាសធាតុអាក្រក់យ៉ាងនេះ។ គាត់ក៏បានឆ្លើយតបថា គាត់មានការពិបាកមែន តែអរព្រះគុណព្រះអង្គ ដែលយ៉ាងហោចណាស់គាត់នៅមានការងារធ្វើ ខណៈពេលដែលមនុស្សជាច្រើនកំពុងតែគ្មានការងារធ្វើ។ ខ្ញុំអរព្រះគុណព្រះអង្គ ដែលខ្ញុំនៅអាចធ្វើការងារ។
ខ្ញុំទទួលស្គាល់ថា ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលបានដឹងថា គាត់បានប្រកាន់ខ្ជាប់នូវចិត្តដែលដឹងគុណព្រះ។ យើងពិតជាងាយនឹងមើលរំលងអ្វីៗ ដែលយើងមាន ហើយយើងត្រូវអរព្រះគុណព្រះអង្គ សម្រាប់ព្រះពររបស់ព្រះអង្គ ពេលដែលកាលៈទេសៈនៃជីវិតយើងប្រែជាអាប់អួរ។
សាវ័កប៉ុលបានបង្គាប់គ្រីស្ទបរិស័ទនៅទីក្រុងកូល៉ុសថា “ចូរឲ្យសេចក្តីមេត្រីរបស់ព្រះគ្រីស្ទត្រួតត្រានៅក្នុងចិត្ត ដែលទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្តីនោះឯង ឲ្យមានរូបកាយតែ១ ហើយត្រូវដឹងគុណផង”(កូល៉ុស ៣:១៥)។ គាត់ក៏បានសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅទីក្រុងថែស្សាឡូនិចផងដែរថា “ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ”(១ថែស្សាឡូនិច ៥:១៨)។
សូម្បីតែក្នុងពេលដែលយើងមានទុក្ខលំបាក និងការឈឺចាប់ យើងនៅតែអាចស្គាល់សន្តិភាពរបស់ព្រះ និងអនុញ្ញាតឲ្យសន្តិភាពទ្រង់គ្រប់គ្រងចិត្តយើង។ ពេលយើងមានសន្តិភាពនោះ យើងនឹងនឹកចាំ អំពីអ្វីៗទាំងអស់ ដែលយើងបានទទួល ក្នុងព្រះគ្រីស្ទ ជាហេតុដែលនាំឲ្យយើងអរព្រះគុណព្រះអង្គ អស់ពីចិត្ត។ —BILL CROWDER
កុំភ្លេចអ្នកឲ្យ
មុនពេលដែលថ្ងៃណូអែលមកដល់ ស្រ្តីម្នាក់មានបញ្ហាជាមួយកូនៗរបស់គាត់ ដោយសារពួកគេមិនមានការដឹងគុណ។ គាត់ដឹងថា កូនរបស់គាត់ងាយនឹងមានផ្នត់គំនិតបែបនេះ ប៉ុន្តែ គាត់ក៏ចង់ឲ្យពួកគេមានការផ្លាស់ប្តូរចិត្តគំនិតឲ្យបានល្អ។ ដូចនេះ គាត់ក៏បានយកបូរពណ៌ក្រហមមកបិទពីលើកុងតាក់ភ្លើង ទ្វារទូចាន និងទូទឹកកក ម៉ាស៊ីនបោកខោអាវ និងម៉ាស៊ីនសម្ងួតខោអាវ និងក្បាលរូប៊ីណេ។ បូរនីមួយៗមានភ្ជាប់ក្រដាស់តូចៗមួយសន្លឹក ដែលមានសរសេរអក្សរពីលើថា “យើងងាយនឹងមើលរំលេងអំណោយមួយចំនួន ដែលព្រះប្រទានយើង ដូចនេះ ម៉ាក់ក៏បានយកបូរមកចងពីលើវា។ ព្រះអង្គល្អចំពោះក្រុមគ្រួសារយើងណាស់។ ដូចនេះ ចូរយើងកុំភ្លេចឲ្យសោះថា អំណោយទាំងនោះមកពីណា”។
ក្នុងបទគម្ពីរចោទិយកថា ជំពូក៦ យើងឃើញថា អនាគតរបស់ប្រជាជាតិអ៊ីស្រាអែល គឺបានរាប់បញ្ចូលការចូលកាន់កាប់ទឹកដីដែលមានស្រាប់។ ដូចនេះ ពួកគេនឹងផ្លាស់ទៅចូលរស់នៅ ក្នុងទីក្រុងធំៗ ដែលមានភាពសម្បូរសប្បាយ ដែលពួកគេមិនបានកសាង(ខ.១០) និងចូលទៅក្នុងផ្ទះជាច្រើន ដែលមានរបស់ល្អៗ ដែលពួកគេបានរក ហើយបានទទួលផលពីអណ្តូងទឹក និងចំការទំពាំងបាយជូរ និងដើមអូលីវ ដែលពួកគេមិនបានជីក ឬដាំ(ខ.១១)។ ពួកគេអាចដឹងយ៉ាងងាយថា ព្រះពរទាំងអស់នេះ មានប្រភពតែមួយប៉ុណ្ណោះ គឺ “ព្រះអម្ចាស់ ដែលជាព្រះរបស់ពួកគេ”(ខ.១០)។ ហើយខណៈពេលដែលព្រះជាម្ចាស់បានប្រទានរបស់ទាំងនេះ ដោយសេចក្តីស្រឡាញ់ លោកម៉ូសេចង់ឲ្យពួកគេមានការប្រុងប្រយ័ត្ន គឺមិនត្រូវភ្លេចប្រភពនៃអំណោយទាំងនោះឡើយ(ខ.១២)។
ក្នុងរដូវកាលខ្លះ នៃជីវិតយើង យើងងាយនឹងភ្លេចប្រភពនៃព្រះពរ។ ប៉ុន្តែ ចូរយើងកុំមើលរំលងសេចក្តីល្អរបស់ព្រះ ដែលជាប្រភពនៃព្រះពរទាំងអស់ដែលយើងបានទទួលនោះឡើយ។—JOHN BLASÉ
អំណោយមកពីស្ថានលើ
រឿងបុរាណមួយបានដំណាលថា មានបុរសម្នាក់ឈ្មោះនីកូឡាស(Nicholas កើតនៅគ.ស ២៧០) បានឮគេនិយាយថា បុរសជាឪពុកម្នាក់មានភាពទាល់ក្រយ៉ាងខ្លាំង បានជាមិនអាចផ្គត់ផ្គង់អាហារដល់កូនស្រីរបស់ខ្លួនទាំងបីនាក់ ហើយរឹតតែគ្មានលុយសម្រាប់មង្គលការរបស់ពួកគេ នៅពេលអនាគតទៀត។ លោកនីកូឡាសចង់ជួយបុរសជាឪពុកនោះ តែគាត់មិនចង់ឲ្យគេដឹងថា គាត់ជាអ្នកជួយទេ។ គាត់ក៏បានបោះមាសមួយថង់ចូលតាមបង្អូចផ្ទះបុរសនោះ ដែលបើកចំហរ ហើយថង់មាសនោះក៏បានធ្លាក់ចូលទៅក្នុងស្រោមជើង ឬស្បែកជើងដែលបុរសនោះបានសម្ងួតនៅលើកម្រាលឥដ្ឋនៅមុខឡកំដៅក្នុងផ្ទះ។ គេក៏បានហៅសប្បុរសជនរូបនេះថា សេន នីកូឡាស់ ដែលក្រោយមកគេក៏បានប្រើឈ្មោះគាត់ ដើម្បីនិពន្ធរឿងប្រឌិត អំពីលោកសាន់តា ក្លូស ឬតាណូអែល។
ពេលដែលខ្ញុំស្តាប់រឿង ដែលនិយាយអំពីអំណោយ ដែលធ្លាក់ចុះពីលើមក ខ្ញុំក៏បានគិតអំពីព្រះវរបិតា ដែលមានសេចក្តីស្រឡាញ់ និងក្តីអាណឹតចំពោះមនុស្សទាំងអស់ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់ ធ្វើជាអំណោយដ៏ល្អអស្ចារ្យបំផុត តាមរយៈការប្រសូត្រដោយការអស្ចារ្យ។ យោងតាមកណ្ឌគម្ពីរដំណឹងល្អម៉ាថាយ ព្រះយេស៊ូវបានសម្រេចបទទំនាយសញ្ញាចាស់ ដែលបានចែងថា ស្រ្តីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយប្រសូត្របានបុត្រាមួយអង្គ ដែលគេនឹងហៅទ្រង់ថា អេម៉ាញូអែល ដែលមានន័យថា “ព្រះគង់ជាមួយយើងខ្ញុំ”(១:២៣)។
បើអំណោយរបស់លោកនីកូឡាសល្អយ៉ាងនេះហើយ តើអំណោយរបស់ព្រះយេស៊ូវមានភាពអស្ចារ្យជាងអម្បាលម្មាន។ ទ្រង់បានយាងចុះពីស្ថានសួគ៌ មកប្រសូត្រជាមនុស្ស ទ្រង់បានសុគត ហើយមានព្រះជន្មរស់ឡើងវិញ ហើយទ្រង់ជាព្រះដែលគង់នៅជាមួយយើង។ ទ្រង់ប្រទានការកម្សាន្តចិត្ត ពេលដែលយើងមានការឈឺចាប់ និងពិបាកចិត្ត។ ទ្រង់លើកទឹកចិត្តយើង ពេលដែលយើងបាក់ទឹកចិត្ត។ ទ្រង់បង្ហាញសេចក្តីពិតដល់យើង ដើម្បីកុំឲ្យយើងចាញ់ការបោកបញ្ឆោត។—AMY BOUCHER PYE
អំពើសប្បុរសដោយចេទនា
មានពេលមួយចេស៊ីកា(Jessica) បានឡើងជិះយន្តហោះជាមួយកូនតូចៗរបស់ខ្លួន។ ស្រ្តីជាម្តាយដ៏វ័យក្មេងម្នាក់នេះបានព្យាយាមលួងកូនស្រីរបស់ខ្លួន ដែលមានអាយុបីឆ្នាំ យ៉ាងលំបាកលំបិន ពេលដែលវាយំទធាក់ជើងឥតឈប់។ បន្ទាប់មក កូនប្រុសដែលមានអាយុ៤ខែក៏បានចាប់ផ្តើមស្រែកយំផងដែរ ដោយការស្រេកឃ្លាន។
អ្នកដំណើរដែលអង្គុយជាប់កៅអីគាត់ ក៏បានប្រញាប់ជួយពរទារករបស់នាង ខណៈពេលដែលនាងដាក់ខ្សែក្រវ៉ាត់ឲ្យកូនបង។ បន្ទាប់មក អ្នកដំណើររូបនោះ ក៏បានប្រាប់នាងថា គាត់ក៏ធ្លាប់ធ្វើជាឪពុក ក្នុងវ័យក្មេងផងដែរ។ គាត់ក៏បានចាប់ផ្តើមនាំកូនស្រីរបស់នាងផាត់ពណ៌ពីលើរូបគំនូរ នៅពេលដែលនាងកំពុងបំបៅដោះកូន។ ហើយនៅក្នុងការធ្វើដំណើរ ក្នុងជើងហោះហើរបន្ទាប់ បុរសដដែលនេះក៏បានស្ម័គ្រចិត្តជួយនាងទៀត បើសិនជានាងត្រូវការ។
ចេស៊ីកាក៏បានរំឭកថា ថ្ងៃនោះ ព្រះហស្តរបស់ព្រះជាម្ចាស់បានពាល់នាង។ ទ្រង់អាចឲ្យនាងនិងកូនអង្គុយនៅក្បែរអ្នកផ្សេង តែទ្រង់បានឲ្យពួកនាងអង្គុយនៅក្បែរបុរសដែលចិត្តល្អបំផុត ដែលនាងធ្លាប់ជួប។
បទគម្ពីរ ២សាំយ៉ូអែល ជំពូក៩ បាននិយាយអំពីគំរូនៃអំពើសប្បុរសមួយទៀត។ ខ្ញុំបានហៅអំពើសប្បុរសនោះថា ភាពសប្បុរសដោយចេតនា ។ បន្ទាប់ពីស្តេចសូល និងយ៉ូណាថាន ដែលជាបុត្រាទ្រង់សុគត អ្នកខ្លះបានរំពឹងថា ស្តេចដាវីឌមុខជានឹងសម្លាប់សំណល់នៃពូជពង្សរបស់ស្តេចសូល ដើម្បីកុំឲ្យមានអ្នកដណ្តើមរាជ្យទ្រង់។ តែផ្ទុយទៅវិញ ទ្រង់បានសួរគេថា “តើមានពូជពង្សរបស់សូលណាមួយសល់នៅឬទេ ដើម្បីឲ្យយើងបានសំដែងសេចក្តីករុណានៃព្រះដល់អ្នកនោះ(២សាំយ៉ូអែល ៩:៣)។ គេក៏បាននាំមភីបូសែត ជាបុត្រានៃយ៉ូណាថាន ចូលមកគាល់ស្តេចដាវីឌ ហើយស្តេចដាវីឌក៏បានឲ្យគាត់ទទួលមរដករបស់គាត់ ហើយក៏បានអញ្ជើញគាត់ ឲ្យបរិភោគអាហារនៅតុរបស់ទ្រង់ចាប់តាំងពីពេលនោះមក ទុកដូចជាបុត្របង្កើតរបស់ទ្រង់ (ខ.១១)។
ក្នុងនាមយើង ដែលជាអ្នកទទួលសេចក្តីសប្បុរសដ៏ធំធេងរបស់ព្រះជាម្ចាស់ ចូរយើងស្វែងរកឱកាស បង្ហាញចេញនូវសេចក្តីសប្បុរសដោយចេតនា ដល់អ្នកដទៃផងដែរ(កាឡាទី ៦:១០)។—CINDY…
រួចផុតពីការចោទប្រកាន់
មានប្តីប្រពន្ធមួយគូរបានបើកឡានកុងតៃន័រ កាត់តាមតំបន់ដ៏ស្ងួតហួតហែង នៅភាគខាងជើងនៃរដ្ឋកាលីហ្វូញ៉ា។ ពេលកំពុងធ្វើដំណើរ ពួកគេក៏បានដឹងថា កង់ឡានរបស់ពួកគេបានផ្ទុះអស់មួយគ្រាប់ ហើយពួកគេក៏បានឮសម្លេងដែកកកិតនឹងផ្លូវថ្នល់។ ដែកនោះបានកកិតនឹងថ្នល់ចេញផ្កាភ្លើង ហើយក៏បានក្លាយជាដើមហេតុនៃភ្លើងឆេះព្រៃ នៅរដ្ឋកាលីហ្វូញ៉ា កាលពីឆ្នាំ២០១៨ គឺភ្លើងឆេះព្រៃ ដែលបានដុតបំផ្លាញព្រៃឈើអស់ជិត ៩៣០០ហិចតា ហើយបានបណ្តាលឲ្យមនុស្សមួយចំនួននាក់បាត់បង់ជីវិត។
ពេលដែលអ្នករួចជីវិត ពីភ្លើងឆេះព្រៃនោះ បានឮដំណឹងថា ប្តីប្រពន្ធមួយគូរនេះបានសោកសង្រេង ពួកគេក៏បានបង្កើតទំព័រហ្វេសប៊ុកមួយ ដើម្បីបង្ហាញ “ព្រះគុណ និងសេចក្តីសប្បុរស … សម្រាប់អ្នកទាំងពីរដែលកំពុងតែមានក្តីអាម៉ាស់ និងភាពអស់សង្ឃឹម”។ មានស្រ្តីម្នាក់បានសរសេរសារមួយថា “ក្នុងនាមខ្ញុំជាជនរងគ្រោះដែលបានបាត់បង់ផ្ទះសម្បែង ដោយសារភ្លើងឆេះព្រៃនេះ ខ្ញុំចង់ឲ្យអ្នកដឹងថា ក្រុមគ្រួសារខ្ញុំមិនបានបន្ទោសអ្នកទេ ហើយក្រុមគ្រួសារដទៃទៀតដែលបាត់បង់បង់ផ្ទះដូចខ្ញុំដែរ ក៏មិនស្តីបន្ទោសអ្នកដែរ … វាជាឧបទេវហេតុទេ។ ខ្ញុំសង្ឃឹមថា សារដ៏សប្បុរសនេះ នឹងបានជួយកាត់បន្ថយបន្ទុកដែលអ្នកមាននៅក្នុងចិត្ត។ យើងនឹងឆ្លងកាត់រឿងនេះទាំងអស់គ្នាណា”។
ការថ្កោលទោស ឬការភ័យខ្លាច ដោយសារយើងបានធ្វើអ្វីមួយ ដែលមិនអាចប៉ះប៉ូវបាន អាចបំផ្លាញព្រលឹងរបស់យើង។ តែអរព្រះគុណព្រះអង្គ ដែលព្រះគម្ពីរបានបង្ហាញថា “ដ្បិតបើសិនជាចិត្តយើងចោទប្រកាន់ខ្លួន នោះព្រះទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង”(១យ៉ូហាន ៣:២០)។ ទោះយើងមានភាពអាម៉ាស់ ដែលបានលាក់ទុកក៏ដោយ ក៏ព្រះទ្រង់នៅតែធំជាងភាពអាម៉ាស់នោះ។ ព្រះយេស៊ូវបានត្រាស់ហៅយើង ឲ្យមានការប្រែចិត្ត ដែលនាំឲ្យមានការប្រោសឲ្យជា ឬដោះចេញភាពអាម៉ាស់ ដែលកំពុងតែស៊ីបំផ្លាញយើង។ បន្ទាប់មក ពេលដែលយើងទទួលការប្រោសលោះពីព្រះអង្គ…