Month: April 2020

មានសេរីភាពពិតប្រាកដ

ខ្សែ​ភាព​យន្ត​មាន​ចំណង​ជើង​ថា អាមីស្តាត និយាយ​អំពី​រឿង​របស់​ទាសករ​មក​ពី​តំបន់​អាហ្វ្រិក​ខាង​លិច ក្នុង​ឆ្នាំ១៨៣៩ ដែល​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​តាម​សំពៅ ហើយ​ពួក​គេ​ក៏​បាន​សម្លាប់​កាពីទែន​របស់​នា​វា និង​ពួក​នាវិក​មួយ​ចំនួន​។ ទី​បំផុត ពួក​គេ​ក៏​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក ហើយ​បន្ទាប់​មក ក៏​បាន​ទទួល​ការ​ជំនុំ​ជម្រះ​ទោស។ នៅ​ក្នុង​ឈុត​ដែល​មិន​អាច​បំភ្លេច​បាន គេ​ឃើញ​លោក​ស៊ីនគេ(Cinqué) ដែល​ជា​អ្នក​ដឹក​នាំ​របស់​ពួក​ទាសករ បាន​អង្វរ​សុំ​សេរីភាព​។ គាត់​និយាយ​ពាក្យ​តែ​បី​ម៉ាត់​ជា​ភាសា​អង់​គ្លេស ដែល​ប្រែ​មក​ថា “សូម​ឲ្យ​យើង​ខ្ញុំ​មាន​សេរីភាព”។ ទោះ​គាត់​និយាយ​ភាសា​អង់​គ្លេស​មិន​ត្រូវ​ទំាង​ស្រុង តែ​បុរស​ដែល​ជាប់​ច្រវ៉ាក់​ម្នាក់​នេះ បាន​ធ្វើ​ឲ្យ​បន្ទប់​សាវនាការ​ទាំង​មូលមាន​ភាព​ស្ងប់​ស្ងាត់។ ពួក​គេ​ក៏​ទទួល​បាន​នូវ​យុត្តិធម៌ ហើយ​ត្រូវ​គេ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​។

សព្វ​ថ្ងៃ​នេះ មនុស្ស​ភាគ​ច្រើន​មិន​ស្ថិត​នៅ​ក្នុង​ការ​ជាប់​ចំណង​ខាង​រូប​កាយ​នោះ​ទេ តែ​ពួក​គេ​នៅ​តែ​មិន​ទាន់​បានស្គាល់​ការ​រំដោះ​ពិត​ប្រាកដ ឲ្យ​រួច​ពី​ចំណង​នៃ​អំពើ​បាប​ ដែល​ជា​ចំណង​ខាង​វិញ្ញាណ។ ​ ក្នុងបទ​គម្ពីរ​យ៉ូហាន ៨:៣៦ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​កម្សាន្ត​ចិត្ត​ថា​ “បើ​ព្រះ​រាជ​បុត្រា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច នោះ​នឹង​បាន​រួច​ជា​ពិត”។ ព្រះយេស៊ូវ​បាន​ចង្អុល​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​អង្គ​ជា​ប្រភព ​នៃ​សេរីភាព​ពិត​ប្រាកដ ព្រោះ​ព្រះ​អង្គ​ប្រទាន​ការ​អត់​ទោស​បាប ដល់​អ្នក​ណា​ដែល​ជឿ​ព្រះ​អង្គ។ អ្នក​ខ្លះ​បាន​អះ​អាង​ថា ពួក​គេ​មិន​ជាប់​ចំណង​អ្វី​ទេ​(ខ.៣៣) តែ​ពាក្យ​សម្តី អាកប្ប​កិរិយា សកម្ម​ភាព​ដែល​ពួក​គេ​បាន​ធ្វើ ដាក់​ព្រះ​យេស៊ូវ បាន​បង្ហាញ​ថា​ ពួក​គេ​មិន​ទាន់​បាន​រួច​ពី​ចំណង​នៃអំពើ​បាប​នៅ​ឡើយ​ទេ។​

ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​ឲ្យ​មនុស្ស​ទំាង​អស់​ទទួល​ការ​រំដោះ​ពិត​ប្រាកដ​ពី​ព្រះ​អង្គ។ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​រំដោះ ​ពួក​គេ ឲ្យ​មាន​សេរីភាព ឲ្យ​រួច​ពី​អំពើ​បាប ការ​មិន​ជឿ និង​ការ​ភ័យ​ខ្លាច។ ពួក​គេ​ត្រូវ​តែ​បើក​ចិត្ត​ទទួល​សេរីភាព​នោះ។ សេរី​ភាព​ប្រភេទ​នេះ គឺ​សម្រាប់​អស់​អ្នក​ដែល​បាន​ជឿ​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​បានយាង​ចុះ​មក​ក្នុង​​លោកិយ​នេះ ដើម្បី​កាត់​ផ្តាច់​ចំណង​នៃ​អំពើ​បាប តាម​រយៈ​ការ​សុគត…

ព្រះអង្គគង់នៅជិតបង្កើយ

រៀង​រាល់​ថ្ងៃ នៅ​ការិយា​ល័យ​ប្រៃ​សណីយ៍ ក្នុង​ទីក្រុង​យេរូសាឡិម បុគ្គ​លិក​ប្រៃសណីយ៍​បាន​រៀប​ចំ​សំបុត្រ​ជា​ច្រើន​គំនរ​ដែល​មិន​ទាន់​បាន​ផ្ញើ ក្នុង​គោល​បំណង​ដើម្បី​នាំ​សំបុត្រ​ទាំង​នោះ​ទៅ​រក​អ្នក​ទទួល​ទំាង​ឡាយ។ មាន​សំបុត្រ​ជាច្រើន ត្រូវ​បាន​គេ​យក​ទៅ​ដាក់ ក្នុង​ប្រអប់​ដែល​មាន​ផ្លាក​ពិសេស​បិទ​ពី​លើ​ថា “សំបុត្រ​ផ្ញើរ​ទៅ​ព្រះ”។​

ជា​រៀង​រាល់​ឆ្នាំ មាន​សំបុត្រ​ប្រភេទ​នេះ​ប្រហែល​១​ពាន់​ច្បាប់ បាន​មក​ដល់​ទីក្រុង​យេរូសាឡិម ដែល​ផ្ញើ​ទៅ​អាស័យដ្ឋាន​របស់​ព្រះ​ជា​ម្ចាស់ ឬ​ព្រះ​យេស៊ូវ។ ដោយ​មិន​ដឹង​ថា ត្រូវ​ធ្វើ​ដូច​ម្តេច ចំពោះ​សំបុត្រ​ទាំង​នោះ បុគ្គលិក​ប្រៃ​សណីយ៍​ម្នាក់ ក៏​បាន​ចាប់​ផ្តើម​យក​សំបុត្រ​ទាំង​នោះ ទៅ​កំផែង​ខាង​លិច​របស់​ទីក្រុង​យេរូសាឡិម ដោយ​សៀត​ពួក​វា​ចូលទៅ​ក្នុង​គម្លាត​ថ្ម​ជ្រុង​របស់​កំផែង​នោះ ជា​មួយ​នឹង​ក្រដាស់​សំណូម​ពរ​អធិស្ឋាន​ដទៃ​ទៀត។ ភាគ​ច្រើន​នៃ​សំបុត្រ​ទាំង​នោះ គឺ​ជា​ការ​ទូល​សូម​ការងារ ប្តី​ឬ​ប្រពន្ធ ឬ​សូម​ឲ្យ​មាន​សុខ​ភាព​ល្អ​។ សំបុត្រ​ខ្លះ មាន​ការ​ទូល​សូម​ការ​អត់​ទោស​បាប ឬ​គ្រាន់​តែ​អរ​ព្រះ​គុណ​ព្រះ។ មាន​បុរស​ម្នាក់​បាន​ទូល​សូម​ឲ្យ​គាត់​អាច​ជួប​ភរិយា​គាត់ នៅ​ក្នុង​សុបិន្ត ព្រោះ​គាត់​នឹក​នាង​ខ្លាំង​ណាស់។ អ្នក​ផ្ញើរ​ម្នាក់​ៗ​ជឿ​ថា ព្រះ​ជា​ម្ចាស់​នឹង​ស្តាប់​ពាក្យ​អធិស្ឋាន​ទាំង​នោះ ឲ្យ​តែ​ពាក្យ​អធិស្ឋាន​ទាំងនោះ​បាន​ឮ​ដល់​ព្រះ​កាណ៍​ព្រះ​អង្គ។​

ពួក​អ៊ីស្រា​អែល​បាន​រៀន​មេរៀន​ជា​ច្រើន ខណៈ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ កាត់​តាម​វាល​រហោ​ស្ថាន។ ក្នុង​ចំណោម​មេរៀន​ទាំង​នោះ ពួក​គេ​បាន​ទទួល​ការ​បង្រៀន​ថា ព្រះ​របស់​ពួក​គេ មិន​ដូច​ព្រះ​ដទៃ​ទៀត ដែល​គេ​បាន​ស្គាល់ នៅ​សម័យ​នោះ ដែល​នៅ​ឆ្ងាយ ថ្លង់​ស្តាប់​មិន​ឮ មាន​វត្ត​មាន​តែ​នៅ​កន្លែង​ខ្លះ ហើយ​ត្រូវ​ធ្វើ​ដំណើរ​ធម្ម​យាត្រា​ដ៏​វែង​ឆ្ងាយ ដើម្បី​ទៅ​ជួប។ តែ​ព្រះ​របស់​ពួក​អ៊ីស្រាអែល ទ្រង់​តែង​តែ​គង់​នៅ​ជិត ក្នុង​កាល​ដែល​ពួកគេ​អំពាវនាវ​រក​ទ្រង់​នោះ(ចោទិយកថា ៤:៧)។ សព្វ​ថ្ងៃ​នេះ អ្នក​ដែល​នៅ​ក្រៅ​ប្រទេស​អ៊ីស្រាអែល ក៏​អាច​ប្រកាស់​ដូច​នេះ​ផង​ដែរ។ នេះ​ជា​ដំណឹង​ដ៏​អស្ចារ្យ​ណាស់!​

ព្រះ​ជា​ម្ចាស់​មិន​គ្រាន់​តែ​មាន​វត្ត​មាន​នៅ​ទីក្រុង​យេរូសាឡិម​ប៉ុណ្ណោះ​ឡើយ។ ព្រះ​អង្គ​គង់​នៅ​ក្បែរ​យើង​ជា​និច្ច ទោះយើង​នៅ​ទីណា​ក៏​ដោយ។…

ចូរយើងច្រៀងសរសើរដំកើង

រៀង​រាល់​ថ្ងៃ នៅ​ម៉ោង​៣:១៦ រសៀល នាឡិការ នៅ​ក្នុង​ទូរស័ព្ទ​របស់​ស៊ែលលី(Shelley) តែង​តែ​រោទ៍​ឡើង ហើយ​នាង​ក៏​បាន​ឈប់​សម្រាក​មួយ​ភ្លែត ដើម្បី​សរសើរ​ដំកើង​ព្រះ។ នាង​បាន​អរ​ព្រះ​គុណ​ព្រះ និង​ទទួល​ស្គាល់​សេចក្តី​ល្អ​របស់​ព្រះ​អង្គ។ ទោះ​នាង​បាន​ប្រកប​ជា​មួយ​ព្រះ​ជាម្ចាស់ ពេញ​មួយ​ថ្ងៃ​ហើយ​ក្តៅ នាង​នៅ​តែ​ចូល​ចិត្ត​ការ​ឈប់​សម្រាក​មួយ​ភ្លែត ដើម្បី​សរសើរ​ដំកើង​ព្រះ ព្រោះ​ការ​នេះ​បាន​ជួយ​ឲ្យ​នាង​អរសប្បាយ​នឹង​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ។​

វា​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​នាង ដែល​មាន​ពេញ​ដោយ​អំណរ ដែល​បាន​បណ្តាល​ចិត្ត​ខ្ញុំ ឲ្យ​សម្រេច​ចិត្ត​ញែក​ពេល​វេលា​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​អរ​ព្រះ​គុណ​ព្រះ​គ្រីស្ទ សម្រាប់​ការ​លះ​បង់​របស់​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង និង​អធិស្ឋាន​ឲ្យ​អ្នក​ដែល​មិន​ទាន់​បាន​សង្រ្គោះ។ ខ្ញុំ​ឆ្ងល់​ថា តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង នៅ​ពេល​ដែល​គ្រីស្ទ​បរិស័ទ​ទាំង​អស់​រំលែក​ពេល​បន្តិច ដើម្បី​សរសើរ​ដំកើង​ព្រះ​អង្គ តាម​របៀប​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ និង​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ ជា​រៀង​រាល់​ថ្ងៃ​។

ពេល​ដែល​ខ្ញុំ​បាន​អាន​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ៦៧ ខ្ញុំ​ក៏​បាន​គិត​ដល់​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត នៃ​ការ​ថ្វាយ​បង្គំ​របស់​មនុស្ស​ជា​ច្រើន ដែល​លាត​សន្ធឹង​រហូត​ដល់​ចុង​បំផុត​នៃ​ផែន​ដី។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​ទូល​អង្វរ​សូមព្រះ​គុណ​របស់​ព្រះ ដោយ​ប្រកាស់​ថា គាត់​ចង់​លើក​ដំកើង​ព្រះ​នាម​ព្រះ​អង្គ ឲ្យ​បាន​ខ្ពស់​ឡើង ក្នុង​គ្រប់​ទាំង​ជាតិសាសន៍​(ខ.១-២)។ គាត់​បាន​បន្លឺ​សម្លេង​ច្រៀង​ថា “សូម​ឲ្យ​ជន​ទាំងឡាយ​សរសើរ​ដល់​ទ្រង់ ឲ្យ​ជន​ទាំង​អស់​សរសើរ​ដល់​ទ្រង់”(ខ.៣)។ គាត់​ក៏​បាន​សរសើរ​ដំកើង​ការ​គ្រប់​គ្រង និង​ការ​ដឹក​នាំ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ​(ខ.៤)។ ក្នុង​នាម​គាត់​ជា​ស្មរ​បន្ទាល់​ដ៏​រស់ នៃ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ និង​ព្រះ​ពរ​ដ៏​បរិបូរ​របស់​ព្រះ អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​ដឹក​នាំ​រាស្រ្ត​ព្រះ​អង្គ​ចូល​ទៅ​ក្នុង​ការ​សរសើរ​ដំកើង​ដ៏​មាន​អំណរ​(ខ.៥-៦)។

សេចក្តី​ស្មោះ​ត្រង់​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ​ជា​ម្ចាស់ ចំពោះ​កូន​ស្ងួន​ភ្ងា​របស់​ព្រះ​អង្គ បាន​បណ្តាល​ចិត្ត​យើង ឲ្យ​ទទួល​ស្គាល់​ព្រះ​អង្គ។ ពេល​យើង​ទទួល​ស្គាល់​ព្រះ​អង្គ អ្នក​ដទៃ​ក៏​អាច​ចូល​រួម​ជា​មួយ​យើង នៅ​ក្នុង​ការ​ទុក​ចិត្ត កោត​ខ្លាច​ និង​ដើរ​តាម​ព្រះ​អង្គ ហើយ​ប្រកាស់​ថា…

Covid-19 និងការពិនិត្យសុខភាពខាងវិញ្ញាណ

ក្នុង​អំឡុង​ពេល​នៃ​រដូវ​កាល​បុណ្យ​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ក្រៅ​ពី​ការ​អធិស្ឋាន ការ​តម​អត់ និង​ធ្វើអំណោយ​ដល់​អ្នក​ដទៃ ពេល​នេះ​ក៏​ជា​ពេល​ដែល​យើង​ត្រូវ​ពិនិត្យ​មើល​ខុស​ភាព​របស់​វិញ្ញាណ​យើង​ផង​ដែរ។​

ខណៈ​ពេល​ដែល​ខ្ញុំ​ឆែក​មើល​វិញ្ញាណ​ខ្លួន​ឯង ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​កំពុង​តែ​មាន​ការ​ភ័យ​ខ្លាច​ប៉ុណ្ណា ចំពោះ​ការ​រាត​ត្បាត​នៃ​វីរូស Covid-19។ វា​បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ នៅ​ក្នុង​របៀប​ដែល​យើង​ធ្វើ​ការ​ងារ ជួប​ជុំ​គ្នា និង​ទំនាក់ទំនង​គ្នា​ក្នុង​សង្គម។​

វា​ក៏​បាន​នាំឲ្យ​យើង​មាន​ឱកាស​បង្ហាញ​ចេញ​នូវ​លក្ខណៈ​សម្បតិ្ត​ដែល​ល្អ​បំផុត ឬ​អាក្រក់​បំផុត​របស់​យើង​ផង​ដែរ។ អ្នក​ខ្លះ​បាន​ស្ម័គ្រ​ចិត្ត​ចែក​រំលែក​ម៉ាស់ និង​ទឹក​លាង​ដៃ ដល់​អ្នក​ដទៃ។ ខណៈ​ពេល​ដែល​អ្នក​ខ្លះ​ទៀត…

ឆ្លងទឹកធំ

ខ្សែ​ភាព​យន្ត​ដែល​មាន​ចំណង​ជើង​ថា រដ្ឋ​ចូន​ជា​រដ្ឋ​សេរី  និយាយ​អំពី​រឿង​របស់​មនុស្ស​មួយ​ចំនួន នៅ​សម័យសង្រ្គាម​ស៊ីវិល​អាមេរិក។ អ្នក​ទាំង​នោះ​មាន​ដូច​ជា លោក​ញូតុន ណៃ(Newton Knight) និង​ពួក​ទាហាន​រត់ចោល​ជួរ​មួយ​ចំនួន​របស់​រដ្ឋ​សហព័ន្ធ និង​ពួក​ទាសករ ដែល​បាន​ចូល​ដៃ​ជា​មួយ​កង​ទ័ព​របស់​រដ្ឋ​សហភាព ហើយ​បន្ទាប់​មក ពួក​គេ​ក៏​បាន​ប្រឆាំង​ពួក​ម្ចាស់​ទាសករ បន្ទាប់​ពី​សង្រ្គាម​ចប់។ មនុស្ស​ជា​ច្រើន​បាន​លើក​ដំកើង​លោក​ណៃ ជា​វីរ​បុរស ប៉ុន្តែ តាម​ពិត មុន​ពេល​គាត់​ក្លាយ​ជា​អ្នក​ក្លាហាន មាន​ទាសករ​ពីរ​នាក់​បាន​ជួយ​សង្រ្គោះ​ជីវិត​គាត់ បន្ទាប់​ពី​គាត់​បាន​រត់​ចោល​ជួរ​ទ័ព។ ពួក​គេ​បាន​សែង​គាត់ ចូល​ក្នុង​តំបន់​ព្រៃ​លិច​ទឹក ដែល​នៅ​ដាច់​ពី​គេ ហើយ​ក៏​បាន​ជួយ​ព្យាបាល​របួស​ជើង ដែល​គាត់​ទទួល​រង ក្នុង​ពេល​រត់​ចោល​ជួរ​ទ័ព​របស់​រដ្ឋ​សហព័ន្ធ។ បើ​សិន​ជា​ពួក​គេ​ទុក​គាត់​ចោល គាត់​មុខ​ជា​ស្លាប់​មិន​ខាន។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​ប្រជា​ជាតិ​យូដា ដែល​ធ្លាក់​ចូល​ក្នុង​ស្ថាន​ភាព​ដូច​មនុស្ស​ត្រូវ​របួស និង​អស់​សង្ឃឹម ក្នុង​ការ​ប្រឈម​មុខ​ដាក់​ខ្មាំង​សត្រូវ។ នគរ​អ៊ីស្រាអែល​ត្រូវ​ចក្រ​ភព​អាស៊ើរ​វាយ​យក ហើយ​លោក​អេសាយ​ក៏​បាន​ថ្លែង​ទំនាយ​ថា ថ្ងៃ​ណា​មួយ​ពួក​យូដា ក៏​នឹង​ត្រូវ​ពួក​បាប៊ីឡូន​ចូល​កាន់​កាប់​ផង​ដែរ។ ដូច​នេះ ពួក​គេ​ត្រូវ​ការ​ជំនួយ​មក​ពី​ព្រះ ដែល​នឹង​ជួយ​សង្រ្គោះ ដោយ​មិន​បោះ​បង់​ពួក​គេ​ចោល​ឡើយ។ សូម​យើង​ស្រមៃ​ថា តើ​ពួក​គេ​មាន​សង្ឃឹម​ប៉ុណ្ណា ពេល​ដែល​បាន​ឮ​ព្រះ​អម្ចាស់​មាន​បន្ទូល​ធានា​ថា “កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ”(អេសាយ ៤៣:៥)។ ទោះ​ពួក​គេ​ជួប​គ្រោះ​ភ័យ ឬ​បញ្ហា​អ្វី​ក៏​ដោយ ព្រះ​អង្គ​នៅ​តែ​គង់​នៅ​ជា​មួយ​ជា​និច្ច។ ព្រះ​អង្គ​នឹង​ឆ្លង​ទឹក​ធំ​ជា​មួយ​ពួកគេ ដោយ​នាំ​ពួក​គេ​ទៅ​ដល់​ត្រើយ​សុវត្ថិ​ភាព​(ខ.២)។ ព្រះ​អង្គ​ក៏​នឹង “លុយ​កាត់​ភ្លើង” ជា​មួយ​ពួក​គេ ដោយ​មិន​ឲ្យ​ពួកគេ​រលាក​ឡើយ(ខ.២)។

ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល ព្រះ​ជា​ម្ចាស់​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​រាស្រ្ត​ព្រះ​អង្គ…

បទចម្រៀងរបស់ព្រះវរបិតា

លោក​ឌែនឌី(Dandy) ចូល​ចិត្ត​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ដោយ​ច្រៀង​ចម្រៀង​ឲ្យ​ពួក​គេ​ស្តាប់។ ថ្ងៃ​មួយ ពេល​យើង​កំពុង​ញាំ​អាហារ​ថ្ងៃ​ត្រង់ នៅ​ភោជនី​ដ្ឋាន​ដែល​គាត់​ចូល​ចិត្ត គាត់​ក៏​បាន​កត់​សម្គាល់​ឃើញ​ថា អ្នក​រត់​តុ កំពុង​តែ​មានការ​ហត់​នឿយ​យ៉ាង​ខ្លាំង។ គាត​ក៏​បាន​សួរ​នាង​ពីរ​បី​សំណួរ ហើយ​បន្ទាប់​មក គាត់​ក៏​បាន​ចាប់​ផ្តើម​ច្រៀង​ចម្រៀង​មួយ​បទ យ៉ាង​ពិរោះ ដើម្បី​លើក​ទឹក​ចិត្ត​នាង។ ខណៈ​ពេល​ដែល​នាង​កំពុង​តែ​កត់​មុខ​ម្ហូប​ដែល​យើង​បាន​កម្មុង នាង​ក៏​បាន​និយាយ ដោយ​ទឹក​មុខ​ញញឹម​ស្រ​ស់ថា “លោក​ចិត្ត​ល្អ​មែន ថ្ងៃ​នេះ លោក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់។ ខ្ញុំ​អរ​គុណ​លោក​ខ្លាំង​ណាស់”​។

ពេល​យើង​បើក​កណ្ឌ​គម្ពីរ​សេផានា យើង​រក​ឃើញ​ថា ព្រះ​ជា​ម្ចាស់​ចូល​ចិត្ត​ច្រៀង។ លោក​ហោរា​បាន​ប្រើ​ពាក្យ​ពេចន៍​របស់​គាត់ យ៉ាង​ប៉ិន​ប្រសប់ ដើម្បី​ពិពណ៌នា​ថា ព្រះ​ជា​ម្ចាស់​ជា​តន្រ្តី​ករ​ដែល​ចូល​ចិត្ត​ច្រៀង​ឲ្យ​កូន​ៗ​របស់​ព្រះ​អង្គ​ស្តាប់ ក៏​ដូច​ជា​ច្រៀង​ជា​មួយ​ពួក​គេ។ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ថា “ទ្រង់​នឹង​មាន​សេចក្តី​រីករាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សំរាក​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង”(៣:១៧)។ ព្រះ​ជា​ម្ចាស់​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​រៀង​រហូត ជា​មួយ​អ្នក​ដែល​បាន​ផ្លាស់​ប្រែ ដោយសារ​សេចក្តី​មេត្តា​របស់ព្រះ​អង្គ។ ប៉ុន្តែ ជាង​នេះ​ទៅ​ទៀត ព្រះ​អង្គ​ក៏​បាន​អញ្ជើញ​រាស្រ្ត​ព្រះ​អង្គ​ឲ្យ “​អរ​សប្បាយ ហើយ​រីករាយ​ឲ្យ​អស់​អំពី​ចិត្ត​”ជា​មួយ​ព្រះ​អង្គ​(ខ.១៤)។

យើង​អាច​ស្រមៃ​ថា ថ្ងៃ​ណា​មួយ​យើង​នឹង​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​អង្គ និង​អស់​អ្នក​ដែល​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ ជាព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្រ្គោះ។​ ពេល​នោះ យើង​នឹង​បាន​ឮ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌​ច្រៀង​ឲ្យ​យើង​ស្តាប់ ក៏​ដូច​ជា​ច្រៀង​ជា​មួយ​យើង ហើយ​បាន​ពិសោធន៍​នឹង​សេចក្តី​ស្រឡាញ់ ការ​សព្វ​ព្រះទ័យ និង​ការ​ទទួល​ស្គាល់​ពី​ព្រះ​អង្គ។​—Estera Pirosca Escobar

រត់សំដៅទៅរកបញ្ហាប្រឈម

មាន​ពេល​មួយ ថម(Tom) បាន​ដេញ​តាម​យុវជន​ពីរ​នាក់ ដែល​កំពុង​តែ​លួច​កង់​របស់​មិត្ត​ភក្តិ​គាត់ ដែល​ជា​អ្នក​ក្រីក្រ​។ គាត់​មិន​មាន​ផែន​ការ​អ្វី​ទេ។ គាត់​គ្រាន់​តែ​ដឹង​ថា មិត្ត​ភក្តិ​គាត់​ត្រូវ​ការ​កង់​នោះ​មក​វិញ។ គាត់​មាន​ការ​ភ្ញាក់​ផ្អើលណាស់ ពេល​ដែល​បាន​ឃើញ​ចោរ​ទាំង​បីរ​នោះ​មើល​មក​គាត់ ហើយ​ក៏​បាន​ផ្តួល​កង់​នោះ រួច​ដើរ​ចេញ​ទៅ​បាត់។ ពេល​នោះ ថម​មាន​អារម្មណ៍​ធូរ​ស្បើយ និង​ស្ងើច​ចំពោះ​ខ្លួន​ឯង ខណៈ​ពេល​ដែល​គាត់​លើក​កង់​នោះ​បញ្ឈរ ហើយ​ក៏​បាន​ត្រឡប់​មក​វិញ។ គឺ​នៅ​ពេល​នោះ​ហើយ ដែល​គាត់​បាន​ឃើញ​ចេហ្វ(Jeff) ដែល​ជា​មិត្ត​ភក្តិ​របស់​គាត់ ដែល​មាន​សាច់​ដុំ​ធំកង់​ៗ កំពុង​តែ​តាម​ពី​ក្រោយ​គាត់​យ៉ាង​ប្រកិត។ តាម​ពិត គេ​ខ្លាច​មិត្ត​ភក្តិ​របស់​គាត់​ ដែល​កំពុង​តែ​ឈរ​ពីក្រោយ​ខ្នង​គាត់​សោះ។​​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​អ្នក​បម្រើ​របស់​លោក​អេលីសេ នៅ​ពេល​ដែល​ទីក្រុង​របស់​គាត់​កំពុង​តែ​ស្ថិត​ក្នុង​ការ​លោម​ព័ទ្ធ​របស់​កង​ទ័ព​សត្រូវ។ គាត់​ក៏​បាន​រត់​ទៅ​ជម្រាប​លោក​អេលីសេ​ថា “វរហើយ ចៅហ្វាយ​ខ្ញុំ​អើយ តើ​យើង​នឹង​ធ្វើ​ដូច​ម្តេច?” លោកអេលីសេក៏បានលើកទឹកចិត្តគាត់ថា “កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត”។ ព្រះយេហូវ៉ា​ទ្រង់​ក៏​ប្រោស​ភ្នែក​អ្នក​បំរើ​នោះ ហើយ​វា​ក៏​មើល​ទៅ​ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពល​សេះ និង​រទេះ​ចំបាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំវិញ​អេលីសេ(២ពង្សាវតាក្សត្រ​ ៦:១៥,១៧)។

បើ​អ្នក​ខិត​ខំ​ដើរ​តាម​ព្រះយេស៊ូវ អ្នក​អាច​ជួប​ស្ថាន​ភាព​ដ៏​គ្រោះ​ថ្នាក់ នៅ​ពេល​ខ្លះ។ អ្នក​ប្រហែល​ជា​ប្រឈម​មុខ​នឹងការ​បាត់​បង់​កេរ្តិ៍​ឈ្មោះ ហើយ​ក៏​ប្រហែល​ជា​បាត់​បង់​សន្តិ​សុខ​ផ្ទាល់​ខ្លួន​ផង​ដែរ ដោយ​សារ​អ្នក​បាន​ប្តេជ្ញា​ចិត្ត​ថា នឹងធ្វើ​តែ​អ្វី​ដែល​ត្រឹម​ត្រូវ។ អ្នក​ប្រហែល​ជា​គេង​មិន​គ្រប់ ដោយ​ឆ្ងល់​ថា​ តើ​បញ្ហា​របស់​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា? សូម​ចាំថា មិន​មែន​មាន​តែ​អ្នក​ទេ ដែល​ជួប​បញ្ហា​នេះ។ អ្នក​មិន​ចាំ​បាច់​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខ្លាំង​ជាង ឬ​ឆ្លាត​ជាង​បញ្ហា​ប្រឈម ដែល​នៅ​ពី​មុខ​អ្នក​ឡើយ។ ព្រះ​យេស៊ូវ​គង់​នៅ​ជា​មួយ​អ្នក​ស្រាប់​ហើយ…

តាមការរៀបចំរបស់ព្រះជាម្ចាស់

មាន​ពេល​មួយ ខ្ញុំ​មាន​ការ​តប់​ប្រម៉ល់​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ក្រោក​ពី​គេង​ទាំង​យប់ ដើរ​ចុះ​ឡើង​ៗ ហើយ​ក៏​បាន​អធិស្ឋាន​។ និយាយ​ដោយ​ស្មោះ​ត្រង់ ឥរិយាបថ​នៃ​ការ​អធិស្ឋាន​របស់​ខ្ញុំ នៅ​ពេល​នោះ គឺ​មិន​មាន​ការ​ចុះ​ចូល​ចំពោះ​ព្រះ​ទេ តែ​ខ្ញុំ​បែរ​ជា​ទូល​សួរ​ព្រះ​អង្គ នូវ​សំណួរ​ជា​ច្រើន ហើយ​ខ្ញុំ​ក៏​មាន​កំហឹង​ផង​ដែរ។ ខ្ញុំ​មិន​បាន​ធូរ​ស្បើយ​ក្នុង​អារម្មណ៍​សោះ។ ដូច​នេះ ខ្ញុំ​ក៏​បាន​អង្គុយ​ចុះ ហើយ​សម្លឹង​មើល​ទៅ​ផ្ទៃ​មេឃ​ពេល​យប់ តាម​មាត់​បង្អួច​ធំ​មួយ។ ពេល​នោះ ស្រាប់​តែ​មាន​អ្វី​មួយ​នាំ​ចិត្ត​ខ្ញុំ​ឲ្យ​ផ្តោត​ទៅ​លើ​បណ្តុំ​ផ្កាយ​អូរ៉ាយអិន ដែល​មាន​ផ្កាយ​បី​ដួង​ធំ​ៗ ដែល​ត្រូវ​បានរៀប​ចំ​មក​ឲ្យ​នៅ​ជា​ជួរ​យ៉ាង​ល្អ​ឥត​ខ្ចោះ ដែល​យើង​ច្រើន​តែ​អាច​មើល​ឃើញ​ពួក​វា នៅ​ពេល​យប់ ដែល​មាន​ផ្ទៃ​មេឃ​ស្រឡះ​។ ខ្ញុំ​បាន​ស្វែង​យល់​អំពី​តារា​សាស្រ្ត​ខ្លះ គឺ​ល្មម​នឹង​អាច​ដឹង​ថា ផ្កាយ​ទាំង​បី​ដួង​នោះ​មាន​គំលាត​ពី​គ្នា ចម្ងាយរាប់​រយ​ឆ្នាំ​ពន្លឺ(១ឆ្នាំពន្លឺ គឺស្មើនឹង៩.៤៦ ទ្រីលាន គីឡូម៉ែត្រ)។

ខ្ញុំ​ក៏​បាន​ដឹង​ផង​ដែរ​ថា កាល​ណា​ខ្ញុំ​កាន់​តែ​ចូល​ទៅ​ជិត​ផ្កាយ​ទាំង​នោះ នោះ​ខ្ញុំ​នឹង​សង្កត​ឃើញ​ថា ពួក​វា​ក៏​ហាក់​ដូច​ជាកាន់​តែ​នៅ​ខុស​ជួរ។ តែ​តាម​ការ​គិត​របស់​ខ្ញុំ​ពី​ចម្ងាយ ខ្ញុំ​សង្កេត​ឃើញ​ថា ពួក​វា​ហាក់​ដូច​ជា​ត្រូវ​បាន​ព្រះ​ទ្រង់​ដាក់​ឲ្យ​ចំទី​តាំង នៅ​ក្នុង​លំហរ​អវកាស់ យ៉ាង​ប្រុង​ប្រយ័ត្ន។ នៅ​ពេល​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​បាន​គិត​អំពី​ខ្លួន​ឯង​ខ្លាំង​ពេក បាន​ជា​មិន​អាច​មាន​ទស្សនៈ ដែល​ស្រប​នឹង​ព្រះ​ជា​ម្ចាស់។ បើ​យើង​ស្វែង​យល់​ឲ្យ​ទូលំ​ទូលាយ​ជាង​នេះ យើង​នឹង​បាន​ដឹង​ថា ព្រះ​អង្គ​បាន​រៀប​ចំ​អ្វី​ៗ​ទាំង​អស់ ឲ្យ​មាន​របៀប​រៀប​រយ យ៉ាង​ឥត​ខ្ចោះ។

សាវ័ក​ប៉ុល​បាន​បន្លឺ​សម្លេង​ច្រៀង​ទំនុក​សរសើរ បន្ទាប់​ពី​គាត់​បាន​បញ្ចប់​ការ​និយាយ​សង្ខេប អំពី​បំណង​ព្រះ​ទ័យ​ព្រះ​ (រ៉ូម ១១:៣៣-៣៦)​។ ពាក្យ​ពេចន៍​របស់​គាត់​ក្នុង​បទ​គម្ពីរ​នេះ បាន​នាំ​យើង​ឲ្យ​គយ​គន់​ព្រះ​នៃ​យើង ដែល​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់ ហើយ​ផ្លូវ​របស់​ព្រះ​អង្គ ក៏​លើស​ពី​សមត្ថ​ភាព…

សត្វក្ងានដែលកំសត់បំផុត

មាន​ពេល​មួយ ខ្ញុំ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គេ​យក​បាល់​មួយ​មក​ចោល នៅ​កន្លែង​ចត​ឡាន?  ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ចូល​ទៅ​ជិត​វា ខ្ញុំ​ក៏​បាន​ដឹង​ថា វត្ថុ​មូល​ៗ​ពណ៌​ប្រផេះ​នោះ មិន​មែន​ជា​បាល់​ទេ។ តាម​ពិត វា​ជា​សត្វក្ងាន​ព្រៃ កាណាដា កំសត់​បំផុត ដែល​ខ្ញុំ​ធ្លាប់​ឃើញ។​

ជា​ញឹក​ញាប់ សត្វ​ក្ងាន​ព្រៃ​ច្រើន​តែ​មក​ជួប​ជុំ​គ្នា នៅ​ទីធ្លា ក្បែរ​កន្លែង​ធ្វើ​ការ​របស់​ខ្ញុំ នៅ​ក្នុង​រដូវ​ផ្កា​រីក និង​រដូវ​ស្លឹក​ឈើជ្រុះ​។ ប៉ុន្តែ ថ្ងៃ​នេះ​ ខ្ញុំ​ឃើញ​តែ​មួយ​ក្បាល​ទេ។ វា​បាន​បត់​ក​ទៅ​ក្រោយ ដោយ​បង្កប់​ក្បាល​វា​នៅ​ពីក្រោម​ស្លាប។ ខ្ញុំ​ក៏បាន​គិត​ក្នុង​ចិត្ត​ថា តើ​មិត្ត​ភក្តិ​របស់​ឯង​ទៅ​ណា​អស់​ហើយ?  សត្វ​ដ៏​កំសត់​នេះ នៅ​តែ​ម្នាក់​ឯង។ មើល​ទៅ​វា ដូច​ឯកោ​ណាស់។ ខ្ញុំ​ចង់​តែ​ឱប​វា​ទេ។(កំណត់សំគាល់: សូម​កុំ​សាក​ល្បង​ឱប​វា​អី ប្រយ័ត្ន​គ្រោះ​ថ្នាក់)

ខ្ញុំ​កម្រ​បាន​ឃើញ​សត្វ​ក្ងាន ដែល​មាន​ភាព​ឯកោ​យ៉ាង​នេះ​ណាស់។ គេ​បាន​កត់​សំគាល់​ឃើញ​ថា តាម​ធម្មតា សត្វ​ក្ងាន​ព្រៃ​ទៅ​ណា​មក​ណា​ជា​ក្រុម ដោយ​ពួក​វា​ហើរ​នៅ​លើ​មេឃ​ទំាង​ហ្វូងៗ ដែល​មើល​ពី​ចម្ងាយ​មាន​រាង​ដូច​អក្សរ​V។ ពួក​វា​បាន​កើត​មក​សម្រាប់​នៅ​ជា​ក្រុម។​

ក្នុង​នាម​យើង​ជា​មនុស្ស យើង​ក៏​បាន​កើត​មក សម្រាប់​រស់​នៅ​ជា​សហគមន៍​ផង​ដែរ​(មើល លោកុប្បត្តិ ២:១៨)។ ហើយ​ក្នុង​បទ​គម្ពីរ​សាស្តា ៤:១០ ស្តេច​សាឡូម៉ូន​បាន​ពិពណ៌នា​ថា យើង​ងាយ​នឹង​មាន​គ្រោះ​ថ្នាក់​ប៉ុណ្ណា ពេល​ដែល​យើង​នៅ​តែ​ឯង។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “វរហើយ អ្នក​ណា​ដែល​ដួល​ក្នុង​កាល​ដែល​នៅ​តែ​ម្នាក់​ឯង ឥត​មាន​គ្នា​នឹង​ជួយ​ជ្រោង​ឡើង​វិញ”។ ទ្រង់​ក៏​បាន​មាន​បន្ទូល​បន្ថែម​ទៀត​ថា “ហើយ​បើ​មាន​ខ្មាំង​ណា​មក ដែល​មាន​កំឡាំង​ជាង នោះ​២​នាក់​នឹង​អាច​ទប់​ទល់​បាន ឯ​ពួរ​៣​ធ្លុង​មិន​ងាយ​ដាច់​ទេ”(ខ.១២)។…

ពិភពនៃការផ្គត់ផ្គង់

ថ្ងៃ​មួយ នៅ​ម៉ោង​២​យប់ អ្នក​ស្រី​ណាឌា(Nadia) ដែល​ជា​អ្នក​នេសាទ​ឈ្លើង​សមុទ្រ ដើរ​ចូល​ទៅ​ក្នុង​ឡូ​នេសាទ​មួយ ដែល​ព័ទ្ធ​ជុំវិញ ដោយ​ខ្សែ​ពួរ នៅ​កន្លែង​ទឹក​រាក់​ក្នុង​សមុទ្រ នៅ​ក្បែរ​ភូមិ​របស់​នាង នៅ​ប្រទេស​ម៉ាដា​កាស្កា ដើម្បី​ប្រមូល “ផល” នេសាទ​របស់​នាង។ ការ​ឆាប់​ក្រោក​ពី​ដំណេក​យ៉ាង​នេះ គឺ​មិន​ពិបាក​សម្រាប់​នាង​ទេ។ នាង​ថា ការ​រស់​នៅ​របស់​នាង មាន​ការ​ពិបាក​យ៉ាង​ខ្លាំង មុន​ពេល​នាង​ចាប់​ផ្តើម​ការ​នេសាទ​ប្រភេទ​នេះ។ កាល​នោះ នាង​មិន​មាន​ប្រភព​នៃ​ប្រាក់​ចំណូល​ទាល់​តែ​សោះ។ តែ​ពេល​នេះ ក្នុង​នាម​ជា​សមាជិក​នៃ​កម្ម​វិធី​ការពារ​សត្វ​សមុទ្រ ដែលមាន​ឈ្មោះ​ថា វេឡុនដ្រេក(Velondriake ដែល​មាន​ន័យ​ថា “ការ​រស់​នៅ​ជា​មួយ​សមុទ្រ”) នាង​បាន​សង្កេត​ឃើញ​ថា​ ប្រាក់​ចំណូល​របស់​នាង​មាន​ការ​កើន​ឡើង និង​មាន​ភាព​នឹង​នរ។ នាង​បាន​និយាយ​បន្ថែម​ទៀត​ថា “យើង​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ដែល​បាន​ប្រទាន​គម្រោង​មួយ​នេះ”។

វា​ជា​ការ​ត្រឹម​ត្រូវ​ណាស់ ដែល​នាង​បាន​អរ​ព្រះ​គុណ​ព្រះ​អង្គ ព្រោះ​ព្រះ​អង្គ​បាន​ផ្គត់​ផ្គង់​តម្រូវ​ការ​នៃ​គម្រោង​របស់​ពួកគេ​មួយ​ផ្នែក​ធំ តាម​រយៈ​សត្វ​និង​រុក្ខ​ជាតិ​ក្នុង​សមុទ្រ​ដែល​ជា​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ។​  អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ក៏​បាន​សរសើរ​ដំកើង​ព្រះ​ដ៏​ផ្គត់​ផ្គង់​ផង​ដែរ​ថា “ទ្រង់​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សំរាប់​សត្វ ហើយ​បន្លែ​សំរាប់​មនុស្ស ដើម្បី​ឲ្យ​ទាំង​២​បាន​អាហារ​ពី​ផែនដី​មក… នុ៎ះ​ន៍ សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ នៅ​ក្នុង​ទឹក​នោះ​មាន​របស់​រវើក​ឥត​គណនា ជា​សត្វ​ទាំង​តូច​ទាំង​ធំ”(ទំនុកដំកើង ១០៤:១៤,២៥)។

វា​ពិត​ជា​អស្ចារ្យ​ណាស់ ដែល​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ ក៏​បាន​ផ្គត់​ផ្គង់​តម្រូវ​ការ​យើង​ផង​ដែរ។ ឧទាហរណ៍ សត្វ​ឈ្លើង​សមុទ្រ​ដ៏​តូច​ទៀប បាន​ជួយ​ឲ្យ​ជីវ​ចម្រុះ​ក្នុង​សមុទ្រ មាន​ច្រវាក់​នៃ​ចំណី​អាហារ​ដែល​មាន​ផាសុខ​ភាព​។ ការ​ប្រមូល​ផល​ឈ្លើង​សមុទ្រ​យ៉ាង​ប្រុង​ប្រយ័ត្ន ក៏​បាន​នាំ​ឲ្យ​អ្នក​ស្រីណាឌា និង​អ្នក​ជិត​ខាង​របស់​នាង មាន​ប្រាក់​ចំណូល​សម​រម្យ។​

នៅ​ក្នុង​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​ជា​ម្ចាស់ ​គឺ​គ្មាន​អ្វី​ដែល​បាន​កើត​ឡើង​ដោយ​ចៃដន្យ​ឡើយ។…