ប្រភេទ  |  នំម៉ាណាប្រចាំថ្ងៃ

ការស្តាប់តាមការព្យាករណ៍

នៅ​ពេល​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​១៩៣៨ លោក​ឆាល ភាស(Charles Pierce) ដែល​ជា​អ្នក​ព្យាករណ៍​ឧត្តុនិយម បាន​ដាស់​តឿន​មន្ទីរ​ឧត្តុនិយម​របស់​សហ​រដ្ឋ​អាមេរិក អំពី​ខ្យល់​ព្យុះ​សង្ឃរា​មួយ កំពុង​តែ​បោះ​ពួយ​ទៅ​ទិស​ខាង​ជើង ឆ្ពោះ​ទៅ​រក​រដ្ឋ​ញូអ៊ីងគ្លិន។ ប៉ុន្តែ ប្រធាន​មន្ទីរ​ឧត្តុ​និយម​បាន​សើច​ចម្អក​ឲ្យ​ការ​ព្យាករណ៍​របស់​គាត់ ដោយហេតុ​ផល​ថា ខ្យល់​ព្យុះ​តំបន់​ត្រូពិច មិន​អាច​បក់​មក​ទិស​ខាង​ជើង បាន​ចម្ងាយ​ឆ្ងាយ​យ៉ាង​នេះ​ឡើយ។

ពីរ​ម៉ោង​ក្រោយ​មក ខ្យល់​ព្យុះ​សង្ឃរា​រដ្ឋញូអ៊ីងគ្លិន​នៅ​ឆ្នាំ​១៩៣៨ បាន​បក់​មក​ដល់​កោះ​ឡងអាយលិន។ នៅ​ម៉ោង​៤រសៀល វា​ក៏​បាន​មក​ដល់​រដ្ឋ​ញូអ៊ីងគ្លិន ដោយ​គ្រវែង​នាវា​ទៅ​លើ​គោក ខណៈ​ពេល​ដែល​ផ្ទះ​ជា​ច្រើន​ខ្នង​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ។ មនុស្ស​ជាង​៦​រយ​នាក់​បាន​បាត់​បង់​ជីវិត។ ជន​រង​គ្រោះ​ទាំង​នោះ​ទំនង​ជា​អាច​រួច​ជីវិត ក្នុង​គ្រោះ​មហន្ត​រាយ​នេះ បើ​សិន​ជា​មន្ទីរ​ឧត្តុនិយម​បាន​ប្រកាស់ ឲ្យ​ពួក​គេ​ដឹង​អំពី​ការ​ព្យាករណ៍​របស់​លោក​ភាស ដែល​បាន​ផ្អែក​ទៅ​លើទិន្ន​ន័យ​ដ៏​ច្បាស់​លាស់ និង​ផែនទី​លម្អិត។​

ព្រះគម្ពីរ​ក៏​បាន​ចែង​អំពី​ភាព​ចាំ​បាច់​នៃ​ការ​ស្តាប់​តាម​ការ​ដាស់​តឿន ឬ​ការ​ព្រ​មាន​ផង​ដែរ។ នៅ​សម័យ​ដែល​លោក​យេរេមា​រស់​នៅ ព្រះ​ជា​ម្ចាស់បាន​ដាស់​តឿន​រាស្រ្ត​របស់​ព្រះ​អង្គ ប្រឆាំង​នឹង​ពួក​ហោរា​ក្លែង​ក្លាយ។ ព្រះ​អង្គ​បាន​ប្រាប់ពួក​គេ​ថា “កុំ​ឲ្យ​ស្តាប់​តាម​ពាក្យ​របស់​ហោរា ដែល​គេ​ទាយ​ប្រាប់​ឯង​រាល់​គ្នា​ឲ្យ​សោះ គេ​នាំ​ឯង​រាល់​គ្នា​ឲ្យ​វង្វេង​ទេ គេ​សំដែង​ចេញ​តែ​ពី​ការ​ដែល​គេ​នឹក​ឃើញ​ក្នុង​ចិត្ត​ខ្លួន​គេ មិន​មែន​ជា​សេចក្តី​ដែល​ចេញ​ពី​ព្រះឱស្ឋ នៃ​ព្រះយេហូវ៉ា​ឡើយ”(យេរេមា ២៣:១៦)។  ហើយ​ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល​ទៀត​ថា “​បើ​គេ​បាន​គ្រាន់​តែ​ឈរ​នៅ​ក្នុង​ពួក​ប្រឹក្សា​របស់​អញ នោះ​គេ​នឹង​បាន​ប្រាប់​ឲ្យ​រាស្ត្រ​អញ​ស្តាប់​ពាក្យ​របស់​អញ​ហើយ ព្រម​ទាំង​បំបែរ​គេ​ចេញ​ពី​ផ្លូវ​អាក្រក់ និង​ពី​អំពើ​ដ៏​លាមក​ដែល​ប្រព្រឹត្ត​រៀង​ខ្លួន​ផង”(ខ.២២)។

នៅ​សម័យ​នេះ​ ក៏​សម្បូរ “ហោរា​ក្លែង​ក្លាយ”ផង​ដែរ។ ពួក​គេ​ជា “អ្នក​ជំនាញ” ខាង​បង្រៀន ឬ​ថ្លែង​ព្រះ​បន្ទូល ដោយ​មិន​បាន​អើពើរ​ចំពោះ​ព្រះ​ជា​ម្ចាស់ ឬ​កាច់​មួល​ព្រះ​បន្ទូល​ព្រះ​អង្គ ដើម្បី​បំពេញ​បំណង​ខ្លួន​ឯង។…

បានទទួលការយកចិត្តទុកដាក់

អ្នក​ស្រី​ដេប៊ី(Debbie) ជា​ម្ចាស់​សេវា​កម្ម​សម្អាត​ផ្ទះ ដែល​តែង​តែ​ស្វែង​រក​អតិថិ​ជន​បន្ថែម ដើម្បី​ពង្រីក​អាជីវ​កម្ម​របស់​គាត់។ មាន​ពេល​មួយ គាត់​បាន​និយាយ​តាម​ទូរស័ព្ទ ជា​មួយ​ស្រ្តី​ម្នាក់ ដែល​កំពុង​ឆ្លង​កាត់​ការ​ព្យាបាល​ជម្ងឺ​មហា​រីក ហើយ​ក៏​បាន​ប្រាប់​គាត់​ថា នាង​គ្មាន​លទ្ធ​ភាព​បង់​ប្រាក់​ឲ្យ​គាត់​ទេ។ ភ្លាម​ៗ​នោះ អ្នក​ស្រី​ដេប៊ីក៏​បាន​សម្រេច​ចិត្ត​ថា គាត់​នឹង​ផ្តល់​សេវាកម្ម​សម្អាត​ផ្ទះ​ដោយ​ឥត​គិត​ថ្លៃ ដល់​ស្រ្តី​ទាំង​ឡាយ​ណា​ដែល​កំពុង​ឆ្លង​កាត់​ការ​ព្យាបាល​ជម្ងឺ​មហារីក​។ ដូច​នេះ នៅ​ឆ្នំា​២០០៥ គាត់​ក៏​បាន​បង្កើត​អង្គការ​មិន​រក​ប្រាក់​ចំណេញ​មួយ ដើម្បី​ផ្តល់​សេវ៉ា​កម្ម​សម្អាត​ផ្ទះ ដោយ​ឥត​គិត​ថ្លៃ ដល់​ស្រ្តី​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ព្យាបាល​ជម្ងឺ​មហារីក។ គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា វា​ជា​លើក​ទីមួយ​ហើយ ដែល​គាត់​ពិត​ជា​ជឿ​ថា គាត់​អាច​ឈ្នះ​ជម្ងឺ​មហារីក។​

យើង​មាន​កម្លាំង​ចិត្ត នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​បញ្ហា ពេល​ណា​យើង​ដឹង​ថា អ្នក​ដទៃ​យក​ចិត្ត​ទុក​ដាក់ និង​គំាទ្រ​យើង​។ ការ​ដឹង​ថា ព្រះ​ជា​ម្ចាស់​គង់​នៅ​ជា​មួយ​យើង និង​ទ្រទ្រង់​យើង អាច​នាំ​ឲ្យ​វិញ្ញាណ​យើង​មាន​ក្តី​សង្ឃឹម។ បទគម្ពីរ​ទំនុក​ដំកើង ជំពូក៤៦ ជា​បទ​គម្ពីរ​ដ៏​ពេញ​និយម សម្រាប់​អ្នក​ដែល​កំពុង​ឆ្លង​កាត់​ទុក្ខ​លំបាក ព្រោះ​បទ​គម្ពីរ​នេះ​បាន​រំឭក​យើង​ថា “ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន … ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ(ខ.១,១១)។

ការ​រំឭក​ខ្លួន​យើង អំពី​ព្រះ​បន្ទូល​សន្យា និង​ព្រះ​វត្ត​មាន​របស់​ព្រះ ដែល​គង់​នៅ​ជា​មួយ​យើង អាច​ជួយ​ឲ្យ​ចិត្ត​យើង​មាន​កម្លាំង​ជា​ថ្មី ហើយ​នាំ​ឲ្យ​យើង​មាន​ចិត្ត​ក្លាហាន និង​ទំនុក​ចិត្ត នៅ​ក្នុង​ការ​ឆ្លង​កាត់​ពេល​ដ៏​ពិបាក។ —Anne Cetas

ព្រះអង្គអាចជួយយើងបាន

មាន​ពេល​មួយ លោក​ចូ(Joe)បាន “​ឈប់សម្រាក”ពី​ការងារ អស់​រយៈ​ពេល​៨​សប្តាហ៍ ក្នុង​នាម​ជា​អ្នក​ថែ​បំប៉ន​ជន​មាន​វិបត្តិ នៅ​ព្រះ​វិហារ​មួយ ក្នុង​ទីក្រុង​ញូយ៉ក។ តែ​ការ​ឈប់​សម្រាក​នោះ មិន​មែន​ជា​ពេល​វិស្សម​កាល​របស់​គាត់​ទេ។ គាត់​ថា “ពេល​នោះ​ជា​ពេល​ដែល​គាត់​ត្រូវ​រស់​នៅ​ក្នុង​ចំណោម​ជន​អនាថា និង​ក្លាយ​ជា​ជន​អនាថា ដូច​ពួក​គេ ព្រម​ទំាង​​នឹក​ចាំ​ពី​អារម្មណ៍ នៅ​ពេល​ដែល​មាន​ការ​អត់​ឃ្លាន អស់​កម្លាំង និង​ត្រូវ​គេ​បំភ្លេច​ចោល”។ ការងារ​របស់​លោក​ចូ នៅ​តាម​ចិញ្ចើម​ថ្នល់ បាន​ចាប់​ផ្តើម​ជា​លើក​ទីមួយ កាល​ពី​៩​ឆ្នាំ​មុន ​គឺ​នៅ​ពេល​ដែល​គាត់​បាន​ចាក​ចេញ​ពី​ទីក្រុង​ភីទស្បឺក ដោយ​គ្មាន​ការងារ ឬ​កន្លែង​ស្នាក់​នៅ។ គាត់​បាន​រស់​នៅ​តាម​ចិញ្ចើម​ថ្នល់ ដោយ​មាន​អាហារ​បន្តិច​បន្តួច និង​គេង​មិន​គ្រប់​គ្រាន់។ ព្រះ​ជា​ម្ចាស់​បាន​អនុញ្ញាត​ឲ្យ​គាត់​ឆ្លង​កាត់​ការ​លំបាក​ទាំង​អស់​នេះ ដើម្បី​រៀប​ចំ​ខ្លួន​គាត់ សម្រាប់​ការងារ​បម្រើ​ដល់​ជន​ទុរ​គត អស់​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ។​

កាល​ព្រះ​យេស៊ូវ​យាង​ចុះ​មក​ផែន​ដី​នេះ​ ព្រះ​អង្គ​ក៏​បាន​សម្រេច​ព្រះ​ទ័យ​ឆ្លង​កាត់​ទុក្ខ​លំបាក ដូច​មនុស្ស​ដែល​ព្រះ​អង្គបាន​យាង​មក​សង្រ្គោះ​។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ដែល​កូន​ចៅ​បាន​ប្រកប​ដោយ​សាច់​ឈាម​ព្រម​គ្នា នោះ​ទ្រង់​ក៏​ទទួល​ចំណែក​ជា​សាច់​ឈាម​ដូច្នោះ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​បំផ្លាញ​អា​នោះ ដែល​មាន​អំណាច​លើ​សេចក្តី​ស្លាប់ គឺ​ជា​អារក្ស ដោយ​ទ្រង់​សុគត”(ហេព្រើរ ២:១៤)។ ចាប់​តាំង​ពី​ពេល​ព្រះ​អង្គ​ប្រសូត្រ​ដល់​ពេល​សុគត ព្រះ​អង្គ​បាន​ឆ្លង​កាត់​ទុក្ខ​លំបាក​គ្រប់​យ៉ាង ដែល​មនុស្ស​ធ្លាប់​ជួប តែ​ព្រះ​អង្គ​មិន​ដែល​ធ្វើ​អំពើ​បាប​ឡើយ​(៤:១៥)។ ដោយ​សារ​ព្រះ​អង្គ​បាន​ឈ្នះ​អំពើ​បាប នោះ​ព្រះ​អង្គ​អាច​ជួយ​យើង ពេល​ណា​យើង​ជួប​ការ​ល្បួង​ឲ្យ​ធ្វើ​អំពើ​បាប។​

ហើយ​ព្រះ​យេស៊ូវ​តែង​តែ​ស្គាល់​ទុក្ខ​លំបាក ដែល​យើង​មាន​នៅ​លើ​ផែនដី​។ ព្រះ​ដែល​បាន​សង្រ្គោះ​យើង តែង​តែ​គង់​នៅ​ជាប់​ជា​មួយ​យើង ហើយ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​ជា​និច្ច។ ទោះ​ជីវិត​យើង​ជួប​រឿង​អ្វី​ក៏​ដោយ យើង​នៅ​តែ​អាច​ទុក​ចិត្ត​ថា ព្រះ​ដែល​បាន​សង្រ្គោះ​យើង ឲ្យ​រួច​ពី​អារក្ស ដែល​ជា​ខ្មំាង​សត្រូវ​របស់​យើង​(២:១៤) តែង​តែ​ត្រៀមខ្លួន​ជា​ស្រេច…

ស្រេកឃ្លានរកព្រះ

មាន​អ្នក​ជឿ​ថ្មី​ម្នាក់ មាន​ចិត្ត​ចង់​អាន​ព្រះ​គម្ពីរ​ណាស់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​បាន​ពិការ​ភ្នែក​ទាំង​សង្ខាង និង​បាត់​បង់​ដៃ​ទាំង​ពីរ នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់ កាល​ពី​ពេល​កន្លង​ទៅ។  ពេល​ដែល​គាត់​ឮ​ថា មាន​ស្រ្តី​ម្នាក់​អាន​អក្សរផុស​សម្រាប់​ជន​ពិការ​ភ្នែក ដោយ​ប្រើ​បបូរ​មាត់​របស់​នាង​ស្ទាប​អក្សរ​នោះ គាត់​ក៏​បាន​ព្យាយាម​ធ្វើ​តាម​នាង តែ​គាត់​ក៏បាន​ដឹង​ថា ចុង​សរសៃ​ប្រសាទ នៅ​លើ​បបូរ​មាត់​គាត់​ក៏​បាន​ខូច​អស់​ផង​ដែរ។ ក្រោយ​មក គាត់​មាន​ពេញ​ដោយ​អំណរ ពេល​ដែល​គាត់​បាន​រក​ឃើញ​ថា គាត់​អាច​ស្ទាប​អក្សរ​ផុស ដោយ​ប្រើ​អណ្តាត​របស់​គាត់! គាត់​បាន​រក​ឃើញវិធី​អាន​ព្រះ​គម្ពីរ ដោយ​អំណរ។​

ក្តី​អំណរ​ក៏​ជា​អារម្មណ៍​ដែល​ហោរា​យេរេមា​មាន ពេល​ដែល​គាត់​បាន​ទទួល​ព្រះ​បន្ទូល​ព្រះ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ទូល​បង្គំ​បាន​ឃើញ​ព្រះ​បន្ទូល​ទ្រង់ ទូល​បង្គំ​ក៏​បាន​ទទួល​ទាន​លេប​ចូល​អស់​ហើយ ព្រះ​បន្ទូល​របស់​ទ្រង់​ជា​សេចក្តី​អំណរ ហើយ​ជា​ទី​រីក​រាយ​ចិត្ត​ដល់​ទូល​បង្គំ” (យេរេមា ១៥:១៦)។ ខុស​ពី​ជន​ជាតិ​យូដា ដែល​ស្អប់​ខ្ពើមព្រះ​បន្ទូល​ព្រះ​អង្គ(៨:៩) លោក​យេរេមា​បាន​ស្តាប់​បង្គាប់ និង​អរ​សប្បាយ​នៅ​ក្នុង​ព្រះ​បន្ទូល​ព្រះ​អង្គ​ជា​និច្ច។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ការ​ស្តាប់​បង្គាប់​របស់​គាត់ បាន​នាំ​ឲ្យ​ប្រជាជន​របស់​គាត់​បដិសេធ​គាត់ និង​បៀត​បៀន​គាត់​យ៉ាង​អយុត្តិ​ធម៌​(១៥:១៧)។

ក្នុង​ចំណោម​យើង ប្រហែល​ជា​មាន​អ្នក​ខ្លះ ដែល​ធ្លាប់​ជួប​រឿង​ស្រដៀង​នេះ។ យើង​ធ្លាប់​អាន​ព្រះ​គម្ពីរ​ប៊ីប​ដោយអំណរ ប៉ុន្តែ​ អ្នក​ដទៃ​បាន​ធ្វើ​ទុក​បុក​ម្មេញ និង​បដិសេធ​យើង ដោយ​សារ​យើង​ស្តាប់​បង្គាប់​ព្រះ​អង្គ។ ស្ថិត​ក្នុង​ពេល​បែប​នោះ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ភ័ន្ត​ភាំង តែ​យើង​អាច​ថ្វាយ​អារម្មណ៍​ភ័ន្ត​ភាំង​នេះ​ដល់​ព្រះ​ជា​ម្ចាស់ តាម​គំរូលោក​យេរមា។ ព្រះ​អង្គ​បាន​ឆ្លើយ​តប​ចំពោះ​លោក​យេរេមា ដោយ​មាន​ព្រះ​បន្ទូល​សន្យា​ចំពោះ​គាត់​ឡើង​វិញ គឺ​ដូច​គ្រា​ដំបូង​ដែល​ព្រះ​អង្គ​ត្រាស់​ហៅ​គាត់​ឲ្យ​ធ្វើ​ជា​ហោរា(ខ.១៩-២១ និង មើល ១:១៨-១៩)។ ព្រះ​ជា​ម្ចាស់​បាន​រំឭក​គាត់​ថា ព្រះ​អង្គ​មិន​ដែល​បោះ​បង់​ចោល​រាស្រ្ត​របស់​ព្រះ​អង្គ​ឡើយ។ យើង​ក៏​អាច​មាន​ទំនុក​ចិត្ត​ដូច​នេះ​ផង​ដែរ។ ព្រះ​អង្គ​ស្មោះ​ត្រង់…

ចេញពីភាពកម្សត់ ចូលទៅក្នុងការសរសើរដំកើង

នៅ​ក្នុង​កម្ម​វិធី​ចែក​អាវ​ធំ ​ឬ​អាវ​រងា​សម្រាប់​កុមារ គេ​សង្កេត​ឃើញ​ក្មេង​ៗ​មាន​ការ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​រើស​យក​អាវ​រងា​ដែល​មាន​ពណ៌ និង​ទំហំ​ដែល​ពួក​គេ​ចូល​ចិត្ត ដោយ​ការ​ដឹង​គុណ។ អ្នក​រៀប​ចំ​កម្ម​វិធី​នេះ​បាន​មាន​ប្រសាសន៍​ថា អាវ​ធំ​ថ្មី​ៗ​បាន​ធ្វើ​ឲ្យ​ក្មេងៗ​មាន​ជំនឿ​ចិត្ត ហើយ​ទទួល​បាន​នូវ​ការ​ទទួល​ស្គាល់​កាន់​តែ​ច្រើន​ពី​មិត្ត​ភក្តិ និង​កាន់​តែ​មាន​ចិត្ត​ចង់​ទៅ​រៀន ក្នុង​រដូវ​រងា។

សាវ័ក​ប៉ុល​ហាក់​ដូច​ជា​ត្រូវ​ការ​អាវ​រងា​ផង​ដែរ ពេល​ដែល​គាត់​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​លោក​ធីម៉ូថេ​ថា “ដល់​កាល​ណា​អ្នក​ទៅ​ឯ​ខ្ញុំ នោះ​សូម​យក​អាវ​ធំ ដែល​ខ្ញុំ​ផ្ញើ​ទុក​នឹង​អ្នក​កាប៉ុស នៅ​ក្រុង​ទ្រអាស​ទៅ​ផង”(២ធីម៉ូថេ ៤:១៣)។ កាលនោះ សាវ័ក​ប៉ុល​កំពុង​តែ​ជាប់​គុក​ដ៏​រងា​របស់​ពួក​រ៉ូម៉ាំង ដូច​នេះ គាត់​ត្រូវ​ការ​ភាព​កក់​ក្តៅ និង​មនុស្ស​នៅ​ក្បែរ​គាត់​ផង​ដែរ។ ពេល​ដែល​គាត់​ត្រូវ​ពួក​រ៉ូម៉ាំង​កាត់​ទោស គាត់​បាន​ពោល​ទំនួញ​ថា “កាល​ខ្ញុំ​បាន​ដោះ​សារ​ជា​មុន​ដំបូង នោះ​គ្មាន​អ្នក​ណា​ឈរ​ជា​មួយ​នឹង​ខ្ញុំ​សោះ គេ​លះ​ចោល​ខ្ញុំ​ទាំង​អស់​គ្នា តែ​សូម​កុំ​ឲ្យ​ព្រះ​រាប់​សេចក្តី​នោះ ជា​ទោស​ដល់​គេ​ឡើយ”(ខ.១៦)។ ពាក្យ​សម្តី​របស់​គាត់​បាន​ចាក់​ដោត​ចិត្ត​យើង​ណាស់ ព្រោះ​គាត់​បាន​បង្ហាញ​ចេញ​នូវ​ការ​ឈឺ​ចាប់ ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ក្នុង​នាម​ជា​បេសក​ជន​ឈាន​មុខ​ម្នាក់។​

ប៉ុន្តែ នៅ​ចុង​បញ្ចប់​នៃ​សំបុត្រ​ចុង​ក្រោយ​របស់​គាត់ គាត់​ក៏​បាន​និយាយ​បូក​សរុប​កិច្ចការ​ដ៏​គួរ​ឲ្យ​ស្ងប់​ស្ងែង ដែល​គាត់​បាន​ធ្វើ​ថ្វាយ​ព្រះ ដោយ​ឈប់​និយាយ​អំពី​ភាព​កម្សត់​របស់​គាត់ ហើយ​ងាក​មក​សរសើរ​ដំកើង​ព្រះ។ គឺ​ដូច​ដែល​គាត់បាន​និយាយ​បន្ថែម​ទៀត​ថា “ព្រះអម្ចាស់​ទ្រង់​បាន​គង់​ជា​មួយ​នឹង​ខ្ញុំ​វិញ ព្រម​ទាំង​ចំរើន​កំឡាំង​ផង ដើម្បី​ឲ្យ​ដំណឹង​ល្អ​បាន​ផ្សាយ​ទៅ​សព្វ​គ្រប់ ឲ្យ​អស់​ទាំង​សាសន៍​បាន​ដឹង​ដោយសារ​ខ្ញុំ ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​មាត់​សិង្ហ​ដែរ” (ខ.១៧)។ ពាក្យ​សម្តី​នេះ​ពិត​ជា​កម្សាន្ត​ចិត្ត​យើង​ណាស់។

បើ​សិន​ជា​អ្នក​កំពុង​តែ​ជួប​វិបត្តិ ដោយ​ខ្វះ​ខោអាវ​ដ៏​កក់​ក្តៅ ឬ​មិន​មាន​មិត្ត​ជិត​ស្និទ្ធ​ណា​មក​ជួយ សូម​នឹក​ចំា​ព្រះ​ជា​ម្ចាស់ ។ យើង​អាច​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ចម្រើន​កម្លាំង ផ្គត់​ផ្គង់​តម្រូវ​ការ និង​រំដោះ​យើង​ឲ្យ​រួច ដោយ​ព្រះ​ទ័យ​ស្មោះ​ត្រង់។ តើ​ហេតុ​អ្វី? គឺ​ដើម្បី​សិរីល្អ​របស់​ព្រះ​អង្គ និង…

ពាក្យសម្តីដែលប្រោសឲ្យជា

តាម​ការ​សិក្សា​ថ្មី​ៗ​នេះ បាន​ឲ្យ​ដឹង​ថា ពាក្យ​លើក​ទឹក​ចិត្ត​ពី​អ្នក​ថែ​បំប៉ន​សុខ​ភាព អាច​ជួយ​អ្នក​ជំងឺឲ្យ​ឆាប់​ជា​សះ​ស្បើយ។ នៅ​ក្នុង​ការ​ពិសោធន៍​ដ៏​សាមញ្ញ​មួយ គេ​បាន​ឲ្យ​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​ឡាយ​ទទួល​សារធាតុ​ដែល​ធ្វើ​ឲ្យ​ស្បែក​រមាស់ បន្ទាប់​មក គេ​ក៏​បាន​ធ្វើ​ការ​ប្រៀប​ធៀប​រវាង​អ្នក​ដែល​បាន​ទទួល​ការ​ធានា​ពី​គ្រូ​ពេទ្យ និង​អ្នក​ដែល​មិន​បាន​ទទួល​ការ​ធានា។ នៅ​ចុង​បញ្ចប់ គេ​ក៏​បាន​រក​ឃើញ​ថា អ្នក​ជម្ងឺ​ដែល​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​គ្រូ​ពេទ្យ​ មាន​អាការៈ​រមាស់​តិច​ជាង​អ្នក​ជម្ងឺ​ដែល​មិន​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត។​

អ្នក​និពន្ធ​បទ​គម្ពីរ​សុភាសិត​បាន​ដឹង​ថា ពាក្យ​លើក​ទឹក​ចិត្ត​មាន​សារៈ​សំខាន់​យ៉ាង​ណា ចំពោះ​យើង​ម្នាក់​ៗ។ គឺដូច​ដែល​គាត់​បាន​សរសេរ​ថា “ពាក្យ​សំដី​ពីរោះ នោះ​ធៀប​ដូច​ជា​សំណុំ​ឃ្មុំ ក៏​ផ្អែម​ដល់​ព្រលឹង ហើយ​ជា​ថ្នាំ​ផ្សះ​ដល់​ឆ្អឹង​ផង”(សុភាសិត ១៦:២៤)។ ពាក្យ​សម្តី​មិន​គ្រាន់​តែ​មាន​ឥទ្ធិ​ពល​ជា​វិជ្ជមាន​មក​លើ​សុខ​ភាព​របស់​យើង​ប៉ុណ្ណោះ​ទេ។ ព្រោះ​ពេល​ណា​យើង​ធ្វើ​តាម​ការ​បង្រៀន​ប្រកប​ដោយ​ប្រាជ្ញា នោះ​យើង​ក៏​នឹង​ទំនង​ជា​មាន​ការ​រីក​ចម្រើន នៅ​ក្នុង​ការ​ប្រឹង​ប្រែង​របស់​យើង​ផង​ដែរ​(ខ.២០)។  ដូច​នេះ ការ​លើក​ទឹក​ចិត្ត​ក៏​បាន​នាំ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​បញ្ហា នៅ​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​នៅ​ពេល​អនា​គត។​

យើង​ប្រហែល​ជា​មិន​ទាន់​បាន​ដឹង​ច្បាស់ អំពី​របៀប ឬ​មូល​ហេតុ​ដែល​ប្រាជ្ញា និង​ការ​លើក​ទឹក​ចិត្ត នាំ​ឲ្យ​យើង​មាន​កម្លាំង និង​ការ​ប្រោស​ឲ្យ​ជា ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​នោះ​ឡើយ។ តែ​ការ​លើក​ទឹក​ចិត្ត និង​ការ​ណែ​នាំ​របស់​ឪពុក​ម្តាយ​ គ្រូ​បង្វឹក និង​មិត្ត​រួម​ការងារ ហាក់​ដូច​ជា​ជួយ​យើង ឲ្យ​អត់​ទ្រាំ​នឹង​ទុក្ខ​លំបាក ហើយ​នាំ​យើង​ទៅ​រក​ជោគ​ជ័យ។ ស្រដៀងគ្នា​នេះ​ដែរ ព្រះ​គម្ពីរ​ក៏​មាន​ការ​លើក​ទឹក​ចិត្ត​សម្រាប់​យើង ពេល​ដែល​យើង​ជួប​ទុក្ខ​លំបាក ដោយ​ចម្រើន​កម្លាំង​យើង ​ឲ្យ​អាច​ស៊ូទ្រាំ​នឹង​កាលៈទេសៈ​ដែល​ពិបាក​បំផុត។ ឱ​ព្រះ​អម្ចាស់ សូម​ជួយ​យើង​ខ្ញុំ​ឲ្យ​បាន​ទទួល​កម្លាំង ពី​ប្រាជ្ញា​របស់​ព្រះ​អង្គ ហើយ​ប្រទាន​ការ​ប្រោស​ឲ្យ​ជា និង​ក្តី​សង្ឃឹម តាម​រយៈ “ពាក្យ​សម្តី​ប្រកប​ដោយ​ព្រះ​គុណ” ដល់​អ្នក​ដែល​ព្រះ​អង្គ​បាន​ដាក់​ក្នុង​ជីវិត​យើង​ខ្ញុំ។​—Kirsten Holmberg

ការស្វែងរកព្រះជាម្ចាស់

យើង​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត ពេល​ដែល​យើង​ឃើញ​គេ​បង្ហាញ​ចេញ​នូវ​ចិត្ត​ឆេះ​ឆួល និង​ប្តូរ​ផ្តាច់ នៅ​ក្នុង​ការ​ដេញ​តាម​ក្តី​ស្រមៃ​របស់​ខ្លួន។ ឧទាហរណ៍ : យុវតី​ម្នាក់​ដែល​ខ្ញុំ​បាន​ស្គាល់ បាន​បញ្ចប់​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្នុង​រយៈ​ពេល​តែ​៣​ឆ្នាំ ដែល​នោះ​ជា​កិច្ចការ​ដែល​ទាម​ទា​ឲ្យ​មាន​ការ​ប្តេជ្ញា​ចិត្ត​ទាំង​ស្រុង។ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​ចង់​បាន​រថយន្ត​មួយ​ប្រភេទ ដូច​នេះ​គាត់​ក៏​បា​នខិត​ខំ​ដុត​នំ​លក់ ទាល់​តែ​គាត់​សម្រេច​គោល​ដៅ។ មនុស្ស​ម្នាក់​ទៀត ដែល​ធ្វើ​ការ​ក្នុង​ផ្នែក​លក់ បាន​ព្យាយាម​ជួប​អតិថិ​ជន​ឲ្យ​បាន​១​រយ​នាក់ ជា​រៀង​រាល់​សប្តាហ៍។​

ការ​ព្យាយាម​ស្វែង​រក​អ្វី ដែល​មាន​តម្លៃ​នៅ​លើ​ផែនដី អាច​ជា​រឿង​ល្អ តែ​មាន​ការ​ស្វែង​រក​មួយ​ប្រភេទ​ទៀត ដែល​សំខាន់​ជាង​នេះ ដែល​យើង​ត្រូវ​តែ​យក​មក​គិត។​

កាល​ស្តេច​ដាវីឌ​កំពុង​តែ​ជួប​ភាព​អស់​សង្ឃឹម នៅ​ក្នុង​វាល​រហោ​ស្ថាន ទ្រង់​បាន​សរសេរ​ថា “ឱ​ព្រះអង្គ​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​នឹង​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត”(ទំនុកដំកើង ៦៣:១)។ ខណៈ​ពេល​ដែល​ស្តេច​ដាវីឌ​ស្រែក​រកព្រះ​អម្ចាស់ ព្រះ​អង្គ​ក៏​បាន​យាង​ចូល​មក​ជិត​ក្សត្រ​អង្គ​នេះ​ដែល​កំពុង​នឿយ​ព្រួយ។ មាន​តែ​ព្រះ​វត្ត​មាន​របស់​ព្រះ​ជា​ម្ចាស់​ទេ ដែល​អាច​ចម្អែត​ការ​ស្រេក​ឃ្លាន​ខាង​វិញ្ញាណ ដែល​ស្តេច​ដាវីឌ​មាន​ចំពោះ​ព្រះ​អង្គ។

ស្តេច​ដាវីឌ​ក៏​បាន​នឹក​ចាំ អំពី​ពេល​ដែល​ទ្រង់​បាន​ជួប​ជា​មួយ​ព្រះ​ជា​ម្ចាស់ ក្នុង “ទី​បរិសុទ្ធ”(ខ.២) និង​បាន​ពិសោធ​នឹងក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ដែល​វិសេស​លើស​អ្វី​ៗ​ទាំង​អស់(ខ.៣) ហើយ​សរសើរ​ដំកើង​ព្រះ​អង្គ ​ជា​រៀង​រាល់​ថ្ងៃ ដោយរក​បាន​ភាព​ស្កប់​ចិត្ត​ក្នុង​ព្រះ​អង្គ ដូច​បាន​សោយ​ម្ហូប​អាហារ​ដ៏​បរិបូរ និង​ស្កប់​ស្កល់​(ខ.៤-៥)។

សូម្បី​តែ​នៅ​ពេល​យប់ ទ្រង់​ក៏​បាន​ជញ្ជឹង​គិត​អំពី​ភាព​ធំ​ប្រសើរ​របស់​ព្រះ ដោយ​ទទួល​ស្គាល់​ជំនួយ និង​ការ​ការ​ពារ​របស់​ព្រះ​អង្គ(ខ.៦-៧)។

នៅ​ថ្ងៃ​នេះ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​បណ្តាល​ចិត្ត​យើង ឲ្យ​ស្វែង​រក​ព្រះ​ជា​ម្ចាស់ ឲ្យ​អស់​ពី​ចិត្ត។ កាល​ណា​យើង​បាន​តោង​ព្រះ​អង្គ​ឲ្យ​ជាប់​ហើយ ព្រះ​អង្គ​នឹង​លើក​យើង​ឡើង ដោយ​ព្រះ​ហស្ត​ស្តាំ​ដ៏​មាន​ចេស្តា និង​សេចក្តី​ស្រឡាញ់។ តាម​រយៈ​ការ​ដឹក​នាំ​របស់​ព្រះ​វិញ្ញាណ ចូរ​យើង​ចូល​ទៅ​ជិត​ព្រះ​ដែល​បាន​បង្កើត​អ្វី​ៗ​គ្រប់​យ៉ាង។…

ទុក្ខសោកប្រែជាអំណរ

លោក​ជីម(Jim) និង​លោក​ជេមី ដាច់ឆ័រ(Jamie Dutcher) គឺ​ជា​អ្នក​ផលិត​ខ្សែ​ភាព​យន្ត ដែល​មាន​ឈ្មោះ​ល្បី ដោយ​សារ​ពួក​គេ​មាន​ការ​យល់​ដឹង អំពី​សត្វ​ឆ្កែ​ចចក។ ពួក​គេ​បាន​ពិពណ៌នា​ថា ពេល​ណា​ឆ្កែ​ចចក​សប្បាយ​ចិត្ត ពួក​វា​គ្រវី​កន្ទុយ ហើយ​ប្រលែង​គ្នា​លេង។ ប៉ុន្តែ បន្ទាប់ពី​សមាជិក​ណា​មួយ របស់​ហ្វូង​ចចក​ងាប់ ពួក​វា​ក៏​បាន​កាន់​ទុក​អស់​ជា​ច្រើន​សប្តាហ៍។ ពួក​វា​នាំ​គ្នា​ទៅ​កន្លែង​ដែល​សមាជិក​នោះ​ស្លាប់ ដោយ​បង្ហាញ​ចេញ​នូវ​ការ​សោក​សង្រេង ដោយ​ទម្លាក់​កន្ទុយ​ចុះ ហើយ​ស្រែក​លូយ៉ាង​ស្រងេះ​ស្រង៉ោច​។

ការ​សោក​សង្រេង គឺ​ជា​អារម្មណ៍​ដែល​មាន​អំណាច​ណាស់ ដែល​យើង​រាល់​គ្នា​សុទ្ធ​តែ​ឆ្លង​កាត់ ជា​ពិសេស នៅ​ពេល​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ ឬ​បាត់​បង់​ក្តី​សង្ឃឹម។ នាង​ម៉ារា ម៉ាក់ដាឡា មាន​ការ​សោក​សង្រេង​យ៉ាង​ខ្លាំង នៅពេល​ដែល​ព្រះ​យេស៊ូវ​សុគត។​ នាង​ស្ថិត​ក្នុង​ចំណោម​អ្នក​គាំ​ទ្រ​ព្រះ​យេស៊ូវ ហើយ​បាន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះ​អង្គ និង​ពួក​សិស្ស​(លូកា ៨:១-៣)។ ប៉ុន្តែ ការ​សុគត​របស់​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង បាន​នាំ​ឲ្យ​នាង​សោក​សង្រេង។ អ្វី​ដែល​នាង​អាច​ធ្វើ​ថ្វាយ​ព្រះ​យេស៊ូវ​នៅ​ពេល​នោះ គឺ​ការ​បញ្ចប់​ការ​ចាក់​ប្រេង​ក្រអូប​ពី​លើ​ព្រះ​សព​របស់​ព្រះ​អង្គ សម្រាប់​ការ​បញ្ចុះ​សព ជា​កិច្ច​ការ​ដែល​ត្រូវ​បាន​បង្អាក់ ដោយ​សារ​ថ្ងៃ​បុណ្យ​ឈប់​សម្រាក។ ប៉ុន្តែ សូម​យើង​ស្រមៃ​ថា នាង​ម៉ារា​មាន​អារម្មណ៍​ដូច​ម្តេច ពេល​ដែល​បាន​ទៅ​ដល់​ផ្នូរ មិន​ឃើញ​ព្រះ​សព តែ​បាន​ឃើញ​ព្រះ​អង្គ​សង្រ្គោះ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ពី​ដំបូង​នាង​មិន​ស្គាល់​បុរស​ដែល​ឈរ​នៅ​ពី​មុខ​នាង​ទេ តែ​ពេល​ដែល​នាង​បាន​ឮ​សម្លេង​ព្រះ​អង្គ​មាន​បន្ទូល​ហៅ​ឈ្មោះ​នាង នាង​ក៏​បាន​ដឹង​ថា បុរស​នោះ​ជា​ព្រះ​យេស៊ូវ! ភ្លាម​នោះ ការ​សោក​សង្រេង​ក៏​បាន​ប្រែ​ក្លាយ​ជា​ក្តី​អំណរ។ ពេល​នេះ នាង​ម៉ារា​មាន​ដំណឹង​ដ៏​រីក​រាយ ដើម្បី​ចែក​រំលែក​ប្រាប់​គេ​ថា នាង​បាន​ឃើញ​ព្រះ​អម្ចាស់​ហើយ​(យ៉ូហាន ២០:១៨)។

ព្រះ​យេស៊ូវ​បាន​យាង​ចូល​ក្នុង​លោកិយ​ដ៏​ងងឹត…

វាំងននរហែក

ពេល​ដែល​យន្ត​ហោះ​ធ្វើ​ដំណើរ ចូល​ដល់​ល្បឿន​មធ្យម​របស់​វា អ្នក​បម្រើ​នៅ​លើ​យន្ត​ហោះ​ក៏​បាន​បើក​វាំង​នន ដែល​បាន​បាំង​បន្ទប់​អ្នក​ដំណើរ​ថ្នាក់​ជាន់​ខ្ពស់ ហើយខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង រវាង​តំបន់​ផ្សេង​ៗ​នៅ​ក្នុងយន្ត​ហោះ។ អ្នក​ដំណើរ​ខ្លះ​ត្រូវ​ឡើង​ជិះ​យន្ត​ហោះ​មុន​គេ ដោយ​អរ​សប្បាយ​នឹង​កៅ​អី​ដែល​ល្អ​ជាង​គេ ដែល​មាន​កន្លែង​ទ្រ​ជើង និង​សេវ៉ា​កម្ម​ផ្ទាល់​ខ្លួន ដោយ​សារ​ពួក​គេ​មាន​លទ្ធ​ភាព​បង់​ប្រាក់​ច្រើន​ជាង ដើម្បី​ឲ្យ​បាន​កន្លែង​អង្គុយល្អ​ជាង។ វាំង​នន​នោះ​ក៏​បាន​រំឭក​ខ្ញុំ​ផង​ដែរ អំពី​ការ​បែង​ចែក​រវាង​ខ្ញុំ និង​ពួក​គេ។​

ក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្ស​ជាតិ​ទាំង​មូល យើង​ក៏​អាច​រក​ឃើញ​ការ​បែង​ចែក​ទី​កន្លែង សម្រាប់​ក្រុម​មនុស្ស​ផ្សេង​គ្នា​ផងដែរ​។ ជាក់​ស្តែង​ការ​បែង​ចែក​ទី​កន្លែង ក្នុង​ព្រះ​វិហារ​របស់​ព្រះ នៅ​ទីក្រុង​យេរូសាឡិម ត្រូវ​បាន​អនុវត្ត​ផង​ដែរ ​តែ​មិន​មែន​ដោយ​សារ​ក្រុម​មួយ​មាន​លទ្ធ​ភាព​បង់​ប្រាក់​ច្រើន​ជាង​ក្រុម​មួយ​ទៀត​នោះ​ឡើយ​។​  អស់​អ្នក​ដែល​មិន​មែន​ជា​ជន​ជាតិ​យូដា ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ថ្វាយ​បង្គំ​ព្រះ​តែ​នៅ​ក្នុង​ទីធ្លា​ខាង​ក្រៅ​ប៉ុណ្ណោះ។ បន្ទាប់​មក ​គឺ​ទីធ្លា​សម្រាប់​ស្រ្តី ដែលនៅ​ជិត​ទីធ្លា​ដែល​គេ​បាន​រៀប​ចំ​សម្រាប់​តែ​ប្រុស​ៗ។  ជា​ចុង​ក្រោយ ទី​បរិសុទ្ធ​បំផុត​គឺ​ជា​កន្លែង​ដែល​ព្រះ​ជា​ម្ចាស់​បង្ហាញ​ព្រះ​អង្គ​ទ្រង់ តាម​របៀប​ពិសេស​ខុស​ពី​កន្លែង​ផ្សេង។ កន្លែង​នោះ​ត្រូវ​បាន​បិទ​បាំង​ដោយ​វាំង​នន​មួយ សម្រាប់​ឲ្យ​សង្ឃ​តែ​ម្នាក់​ចូល​ទៅ​ក្នុង​នោះ មួយ​ឆ្នាំ​ម្តង ដោយ​មាន​ការ​ញែក​ជា​បរិសុទ្ធ​ជា​មុន​(ហេព្រើរ ៩:១-១០)។

ប៉ុន្តែ អ្វី​ដែល​អស្ចារ្យ​នោះ​គឺ ការ​បែង​ចែក​នោះ​លែង​មាន​ទៀត​ហើយ។ ព្រះ​យេស៊ូវ​បាន​លប់​បំបាត់​រនាំង​ណាក៏​ដោយ​ ដែល​អាច​រារាំង​មនុស្ស​មិន​ឲ្យ​ចូល​ទៅ​រក​ព្រះ ជា​ពិសេស​អំពើ​បាប ដែល​ជា​រនាំង​ធំ​បំផុត​(១០:១៧)។ វាំង​នន​នៅ​ព្រះ​វិហារ​យេរូសាឡិម​បាន​រហែក​ជា​ពីរ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​សុគត​(ម៉ាថាយ ២៧:៥០-៥១) ​ គឺ​ជា​សញ្ញា​បញ្ជាក់​ថា ព្រះ​កាយ​របស់​ព្រះ​អង្គ​ដែល​បាន​ជាប់​ឆ្កាង បាន​ដក​រនាំង​ទាំង​អស់ ដែល​បាន​រារាំង​មនុស្ស​មិន​ឲ្យ​ចូល​ព្រះ​វត្ត​មាន​ព្រះ។ គ្មាន​រនាំង​ណា ដែល​ចំា​បាច់​ត្រូវ​រារាំង​អ្នក​ជឿ​ទាំង​អស់ មិន​ឲ្យ​ពិសោធ​នឹង​សិរីល្អ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ដ៏​រស់​ទៀត​ឡើយ។ —Lisa M. Samra

ការឈរយ៉ាងមាំមួន

អេទ្រាន(Adrian) និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទទួល​រង​ការ​បៀត​បៀន ដោយ​សារ​ពួក​គេ​ជឿ​ព្រះ​យេស៊ូវ នៅ​ក្នុង​ប្រទេស​ដែល​ពួក​គេ​រស់​នៅ។​ តែ​ក្នុង​ពេល​ដ៏​ពិបាក​នោះ ពួក​គេ​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទដល់​អ្នក​ដទៃ។ មាន​ពេល​មួយ គាត់​បាន​ឈរ​នៅ​ក្នុង​ទីធ្លា​ព្រះវិហារ​របស់​គាត់ ​ដែល​ដិត​ដាម​ទៅ​ដោយ​ស្នាម​គ្រាប់​កំាភ្លើង​ជា​ច្រើន​គ្រាប់ ដោយសារ​ពួក​ភារវករ​បាន​ប្រើ​ប្រាស់​ទីកន្លែង​នោះ ជា​កន្លែង​ហ្វឹក​ហាត់។ គាត់​ក៏​បាន​ប្រកាស់​ប្រាប់​គេ​ថា “ថ្ងៃ​នេះ​ជា​ថ្ងៃ​សុក្រ​ដ៏​ប្រសើរ ជា​ថ្ងៃ​ដែល​យើង​នឹក​ចាំ​ថា ព្រះ​យេស៊ូវ​បាន​រង​ទុក្ខ​ជំនួយ​យើង នៅ​លើ​ឈើ​ឆ្កាង”។ ហើយ​គាត់​ក៏​បាន​បន្ត​រង​ទុក្ខ​វេទនា ហើយ​អ្នក​ជឿ​ទាំង​ឡាយ​អាច​យល់ អំពី​បញ្ហា​នេះ។ ប៉ុន្តែ ក្រុម​គ្រួសារ​គាត់​បាន​សម្រេច​ចិត្ត​បន្ត​រស់​នៅ​ទី​នោះ​។ ពួក​គេ​និយាយ​ថា “យើង​បន្ត​រស់​នៅ​ទីនេះ យើង​នៅ​តែ​ឈរ​ឲ្យ​មាំ​មួន”។

គ្រីស្ទ​បរិស័ទ​ទំាង​នេះ បាន​យក​គំរូ​តាម​អស់​អ្នក​ដែល​បាន​ឈរ​មើល​ព្រះ​យេស៊ូវ​សុគត​នៅ​លើ​ឈើ​ឆ្កាង​(ម៉ាកុស ១៥:៤០)។ ស្រ្តី​ទាំង​នោះ​មាន​ដូច​ជា ម៉ារា​ពី​ស្រុក​ម៉ាក់ដាឡា​១ និង​ម៉ារា ជា​ម្តាយ​យ៉ាកុប​តូច និង​យ៉ូសេ​១ ហើយ​និង​សាឡូមេ​១ ក៏​មាន​ស្ត្រី​ឯ​ទៀត​ជា​ច្រើន ដែល​សុទ្ធ​តែ​ហ៊ាន​ឈរ​នៅ​ទីនោះ ព្រោះ​តាម​ធម្មតា មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ​របស់​បុគ្គល​ដែល​ជា​សត្រូវ​របស់​រដ្ឋ អាច​ត្រូវ​គេ​សើច​ចម្អក និង​ដាក់​ទោស។ តែ​ស្រ្តី​ទាំង​នេះ​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ​យេស៊ូវ ដោយ​បន្ត​ឈរ​នៅ​ទីនោះ នៅ​ក្បែរ​ព្រះ​អង្គ។ ពួក​គេ​បាន​ដើរ​តាម​ព្រះ​អង្គ និង​ផ្គត់​ផ្គង់​តម្រូវ​ការ​របស់​ព្រះ​អង្គ នៅ​ស្រុក​កាលីឡេ​រួច​មក​ហើយ​ (ខ.៤១) តែ​ពួក​គេ​នៅ​តែ​បន្ត​ឈរ នៅ​ក្បែរ​ព្រះ​អង្គ នៅ​ពេល​ដែល​ព្រះ​អង្គ​មាន​តម្រូវ​ការ​ដ៏​ជ្រាល​ជ្រៅ​បំផុត។

នៅ​ថ្ងៃ​នេះ ពេល​ដែល​យើង​នឹក​ចាំ អំពី​អំណោយ​ដ៏​អស្ចារ្យ​បំផុត​របស់​ព្រះ​អង្គ​សង្រ្គោះ និង​ការ​សុគត​របស់​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង ចូរ​យើង​ចំណាយ​ពេល​ពិចារ​ណា ​អំពី​របៀប​ដែល​យើង​អាច​ឈរ​ឲ្យ​មាំ​មួន ថ្វាយ​ព្រះ​យេស៊ូវ ខណៈពេល​ដែល​យើង​ប្រឈម​មុខ​ដាក់​ទុក្ខ​លំបាក​ជា​ច្រើន​ប្រភេទ​(មើល​យ៉ាកុប ១:២-៤)។ ចូរ​យើង​គិត​អំពី​បង​ប្អូន​រួម​ជំនឿ​នៅ​ទូទាំង​ពិភព​លោក…